CGCC ចូលរួមកម្មវិធីបណ្តុះបណ្តាលដែលរៀបចំដោយ KODIT នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រោមកិច្ចសហប្រតិបត្តិការរវាងមូលនិធិធានាឥណទានកូរ៉េ (KODIT) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) លោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការ នៃ CGCC រួមជាមួយលោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការនៃ CGCC និងក្រុមការងារ CGCC ចំនួនបួនរូបផ្សេងទៀត រួមជាមួយតំណាង ១រូប មកពីអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ តំណាង ១រូប មកពី អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលដែលរៀបចំដោយ KODIT នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

កម្មវិធីបណ្តុះបណ្តាលនេះផ្តោតលើទិដ្ឋភាពទូទៅរបស់ KODIT ការស៊ើបអង្កេតឥណទាន ការស៊ើបអង្កេតនៅនឹងកន្លែងផ្ទាល់ ការគ្រប់គ្រងហានិភ័យសំណង ការចែករំលែកអំពីព័ត៌មានឥណទាន កម្មវិធីគាំទ្រធុរកិច្ចបង្កើតថ្មី (Startup) របស់ KODIT ប្រព័ន្ធគ្រប់គ្រងហានិភ័យ និងការអភិវឌ្ឍហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម។ កម្មវិធីបណ្តុះបណ្តាលនេះបានផ្តល់ឱកាសល្អមួយសម្រាប់ក្រុមការងារ CGCC និងអ្នកចូលរួមផ្សេងទៀតដើម្បីស្វែងយល់អំពីបទពិសោធន៍ ចំណេះដឹងថ្មីៗ និង ការអនុវត្តល្អៗ រួមនឹងយន្តការធានាឥណទានឆ្នៃប្រឌិតថ្មីៗ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការធានាឥណទានរបស់ CGCC ជាពិសេស ការបង្គើនសមត្ថភាពវិភាគឥណទានសម្រាប់ប្រតិបត្តិការធានាឥណទាន ការគ្រប់គ្រងហានិភ័យ និងបង្កើតគម្រោងឥណទានក្នុងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ៕