CGCC

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន

នៅថ្ងៃសុក្រ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន។ ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចទទួលបានសេវាធានាឥណទានពី CGCC សម្រាប់គម្រោងដែលធនាគារ ARDB កំពុងអនុវត្ត និងត្រៀមនឹងអនុវត្តនាថ្ងៃអនាគត។ សេវាធានាឥណទាននេះនឹងផ្តល់លទ្ធភាពដល់ធនាគារក្នុងការបញ្ចេញឥណទានបានច្រើនជាងមុនជូនអតិថិជនដែលមានស្ថានភាពអាជីវកម្មល្អ ប៉ុន្តែមិនមានទ្រព្យធានាគ្រប់គ្រាន់ ដូច្នេះយន្តការនេះជាកតាលីករក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។

CGCC ចូលរួមវេទិកាសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន-កូរ៉េខាងត្បូងឆ្នាំ២០២៤ និងចូលសំដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Jamkrindo

នៅថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី គណៈប្រតិភូ CGCC រួមមាន លោក ណូ លីដា អគ្គនាយករង និងលោកស្រី វង្ស សូវីណា បុគ្គលិកជំនាញជាន់ខ្ពស់ផ្នែកអភិវឌ្ឍផលិតផល បានចូលរួមវេទិកាសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន-កូរ៉េខាងត្បូងឆ្នាំ២០២៤ ក្រោមប្រធានបទ “Financial Companies; Pivotal Enablers and Executers of Sustainable Finance in ASEAN”។

ឆ្លៀតក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ CGCC ក៏បានចូលសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Ivan Soeparno, សមាជិកក្រុមប្រឹក្សាភិបាល និងប្រធាននាយកដ្ឋានធនធានមនុស្ស គ្រប់គ្រងទូទៅ និងហានិភ័យ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Jamkrindo ដែលជាសាជីវកម្មធានាឥណទានរបស់រដ្ឋ ក្នុងប្រទេសឥណ្ឌូនេស៊ី និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន PT Bahana Pembinaan Usaha Indonesia (Indonesia Financial Group)។ កិច្ចប្រជុំនេះបានផ្តល់ឱកាសដល់ គណៈប្រតិភូ CGCC និងអ្នកចូលរួមផ្សេងទៀត ក្នុងការសិក្សាស្វែងយល់ពីបទពិសោធន៏ ឧត្តមានុវត្តល្អ និងយន្តការនៃការធានាឥណទានថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃការធានាឥណទានរបស់ CGCC ។

ឯកសារ​ទស្សន​ទាន​សម្រាប់​អនុវត្ត​កំណែ​ទម្រង់​កសិកម្ម​

​កាលពី​ថ្ងៃអង្គារ​ ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​ដឹកនាំ​ក្រុម​ការងារ​ ​និង​មន្ត្រី​ជំនាញ​ ​ជួបពិភាក្សា​ជាមួយ​អ្នកឯកទេស​ផ្នែក​ធនធានធម្មជាតិ​ ​និង​កសិកម្ម​ ​និង​ជា​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​ដើម្បី​រៀបចំ​ឯកសារ​ទស្សន​ទាន​សម្រាប់​រៀបចំ​គម្រោង​ “​ពន្លឿន​ការ​កែ​ទម្រង់​វិ​ស័​យ​កសិកម្ម​” ​ហើយ​កិច្ចពិភាក្សា​នោះ​ក៏មាន​ការចូលរួម​ពី​មន្ត្រី​នៃ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (C​G​CC) ​ផង​ដែរ​ ​ដោយ​ប្រើប្រាស់​ហិរញ្ញប្បទាន​សម្បទាន​ពី​ ​A​D​B ​ចំនួន​ ១​០​០​លាន​ដុល្លារ​។​

​លោក​ ​មាស​ ​ពិសិដ្ឋ​ ​អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​រៀបចំ​ឯកសារ​ទស្សន​ទាន​សម្រាប់​ការរៀបចំ​គម្រោង​ពន្លឿន​ការ​កែ​ទម្រង់​វិ​ស័យ​កសិកម្ម​។​ ​កំណែ​ទម្រង់​នេះ​មាន​គោលបំណង​រួមចំណែក​ដល់​ការ​សម្រេច​បាន​នូវ​គោល​នយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​ ​និង​ក្រសួង​កសិកម្ម​ ​តាមរយៈ​ការ​ប្រមូល​ ​និង​ពង្រឹង​សមត្ថភាព​សហគមន៍​កសិកម្ម​ទំនើប​ទាំង​ផ្នែក​ផលិតកម្ម​ ​និង​ការ​តភ្ជាប់​ទី​ផ្សារ​។​

វាក៏​នឹង​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ ​និង​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ​ការ​រក្សា​បាន​តុល្យភាព​រវាង​តម្រូវ​ការ​និង​ការ​ផ្គត់ផ្គង់​ ​ទាំង​ទី​ផ្សារ​ក្នុងស្រុក​ ​ទី​ផ្សារ​នាំចេញ​ ​ការ​គាំទ្រ​បច្ចេកទេស​និង​មធ្យោបាយ​ដល់​មន្ត្រី​កសិកម្ម​ឃុំ​ ​ដែល​ត្រូវ​បាន​ជ្រើសរើស​បម្រើ​សេវា​បច្ចេកទេស​ ​និង​ទី​ផ្សារ​ដល់​សហគមន៍​ជនបទ​។​

​លោក​បាន​បន្ត​ថា​ ​គម្រោង​នេះ​ ​ត្រូវ​អនុវត្តន៍​ក្នុងរយៈពេល​៦​ឆ្នាំ​ ​ចាប់ពី​ឆ្នាំ​២​០​២​៦​ ​តទៅ​ ​ដោយ​ប្រើប្រាស់​ហិរញ្ញប្បទាន​សម្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ចំនួន​ ​១​០​០​លាន​ដុល្លារ​អាមេរិក​ ​ក្រោម​ការ​គ្រប់គ្រង​ ​និង​អនុវត្ត​របស់​​​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ដោយ​សហការ​ជាមួយ​ក្រសួង​និង​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ទៀត​។​

លោក​បាន​លើកឡើង​ទៀត​ថា​ ​គម្រោង​នេះ​នឹង​គ្រោង​អនុវត្ត​នៅ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី​៤​ ​រួម​មាន​ខេត្ត​ពោធិ៍សាត់​ ​បាត់​ដំបង​ ​ប៉ៃលិន​ ​និង​ខេត្ត​បន្ទាយ​មានជ័យ​ ​ដោយ​ផ្តោត​លើ​កសិផល​ដែល​មាន​តម្លៃ​ខ្ពស់​មួយ​ចំនួន​ដូចជា​ ​អង្ករ​ក្រអូប​ ​ស្វាយ​ ​មៀន​ប៉ៃលិន​ ​ស្វាយចន្ទី​ ​និង​ជលផល​ជាដើម​ ​ដើម្បី​ឱ្យ​ស្រប​នឹង​គោលការណ៍​របស់​ ​Rice​-​Fish​ ​Economic​ ​corridor​ផង​ដែរ​។​

​កាលពី​ថ្ងៃចន្ទ​ ​ក្នុង​ពិធី​ទិវា​មច្ឆជាតិ​” ​លើក​ទី​១​៩​ ​ដែល​បាន​រៀបចំ​ឡើង​នៅ​ស្រុក​ព្រៃ​ឈរ​ ​ខេត្ត​កំពង់ចាម​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​មានប្រសាសន៍ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ប្តេជ្ញា​ធ្វើ​ទំនើបកម្ម​វិ​ស័យ​កសិកម្ម​ ​ដោយសារ​វា​មាន​សារៈសំខាន់​ក្នុង​ការធានា​សន្តិសុខ​ស្បៀង​ ​និង​ ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​លោក​បាន​បន្ត​ថា​ ​ដើម្បី​លើកស្ទួយ​វិ​ស័យនេះ​ ​ទាមទារ​ឱ្យ​មាន​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ ​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​នៃ​យន្ត​ការ​ ​ក៏ដូចជា​ការ​បង្កើន​សមត្ថភាព​ប្រព័ន្ធ​ធារាសាស្ត្រ​ ​ដើម្បី​បង្កើន​ផលិតភាព​ ​និង​ពិពិធ​កម្ម​ដំណាំ​ ​និង​ទី​ផ្សារ​​​ដែល​មាន​សក្តានុពល​។​

​លោក​បាន​បន្ថែម​ថា​៖​ ​«​វិ​ស័យ​កសិកម្ម​សព្វថ្ងៃ​ខុស​ពី​ ​៣​០​ ​ឬ​ ​៤​០​ ​ឆ្នាំមុន​ ​ដោយសារ​បច្ចុប្បន្ន​កម្លាំង​ពលកម្ម​សម្រាប់​កសិកម្ម​បាន​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ ​៣​៦​ ​ភាគរយ​ដោយសារ​ពួកគេ​ភាគច្រើន​ងាក​មក​ធ្វើការ​ក្នុង​វិ​ស័យ​ឧស្សាហកម្ម​។​ ​ខណៈ​ដែល​ចំនួន​ប្រជាជន​កើន​ឡើង​មាន​អ្នក​ហូប​ច្រើន​ ​អ្នក​ផលិត​ថយ​។​ ​នោះ​ជា​ស្ថានភាព​នៅ​ពេលនេះ​ ​ហើយ​នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​ត្រូវតែ​ដាក់​គោល​នយោបាយ​គ្រប់គ្រាន់​ដើម្បី​ជំរុញ​ឲ្យ​មាន​ទំនើបកម្ម​ក្នុង​វិ​ស័​យ​កសិកម្ម​»​។​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​ក្រសួង​កសិកម្ម​បាន​នឹង​កំពុង​រៀបចំ​សហគមន៍​កសិកម្ម​ទំនើប​នៅ​តាម​ខេត្ត​ ​ដើម្បី​រួមគ្នា​ថែរក្សា​ ​អភិវឌ្ឍ​ ​និង​បង្កើន​ប្រាក់ចំណូល​។​

​គួរ​កត់​សម្គាល់​ថា​ ​កាលពី​ខែ​សីហា​ ​ឆ្នាំមុន​ ​រដ្ឋាភិបាល​បាន​បម្រុង​ថវិកា​រ​ប្រមាណ​ ​១​០​០​លាន​ដុល្លារ​សម្រាប់​ជំរុញ​វិ​ស័​យ​កសិកម្ម​របស់​ប្រទេស​។​

​លោក​បាន​បន្ត​ថា​៖​ ​«​យើង​បាន​ត្រៀម​ថវិកា​ ​១​០​០​លាន​ដុល្លារ​ដើម្បី​អន្តរាគមន៍​លើ​ផលិតផល​កសិកម្ម​ដូចជា​ ​ស្រូវ​ ​អង្ករ​ ​និង​បន្លែ​»​។​

​លោក​បណ្ឌិត​ ​ជ័យ​ ​តិច​ ​អ្នកជំនាញ​អភិវឌ្ឍន៍សង្គម​ ​និង​សេដ្ឋកិច្ច​ ​បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​ថា​ ​កំណែ​ទម្រង់​វិវិ​ស័យ​កសិកម្ម​ ​ក៏ដូចជា​ការ​ពង្រាយ​មន្ត្រី​កសិកម្ម​នៅ​គ្រប់​ឃុំ​ទូទាំង​ប្រទេស​ ​និង​ការ​បង្កើត​សហគមន៍​កសិកម្ម​ទំនើប​ ​ពិតជា​បាន​រួមចំណែក​លើក​ក​ម្ពស់វិ​ស័យ​កសិកម្ម​នៅ​កម្ពុជា​។​

​លោក​បាន​បន្ថែម​“​កសិកម្ម​ ​គឺជា​វិ​ស័​យ​សំខាន់​មួយ​ក្នុង​ប្រទេស​កម្ពុជា​ ​ក្នុងចំណោម​វិ​ស័​យ​សំខាន់​ៗ​ចំនួន​បី​ ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​រួម​មាន​ ​ឧស្សាហកម្ម​ ​សេវាកម្ម​ ​និង​កសិកម្ម​។​ ​ផ្អែកលើ​តួលេខ​សេដ្ឋកិច្ច​ ​យើង​ឃើញ​ថា​វិ​ស័​យ​កសិកម្ម​បាន​រួមចំណែក​ដល់ទៅ​២​២​ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា​»​។​

​លោក​បាន​បន្ត​ទៀត​ថា​ ​ក្រៅពី​ពង្រាយ​មន្ត្រី​កសិកម្ម​នៅ​តាម​ឃុំ​ ​និង​ពង្រីក​សហគមន៍​កសិកម្ម​ទំនើប​ ​រាជរដ្ឋាភិបាល​ត្រូវ​ពង្រឹង​ជំនាញ​កសិកម្ម​បន្ថែម​ទៀត​ដល់​កសិករ​ ​ជាពិសេស​ការ​ធ្វើ​កសិកម្ម​បែប​ទំនើប​ ​ដើម្បី​តាមទាន់​បរិ​បទ​ក្នុង​តំបន់​ ​និង​ពិភពលោក​។​

 

Credit to: Khmer Times, Published on 04 July 2024

 

CGCC ចូលរួមគាំទ្រ និងផ្សព្វផ្សាយយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីស្នាមញញឹមកុមារកម្ពុជា និងបន្តនិរន្តរភាពនៃដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា

ក្រោមគំនិតផ្តួចផ្ដើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោក​​ Wong Keet Loong អគ្គនាយក CGCC ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ CGCC បានចូលរួមគាំទ្រ និងផ្សព្វផ្សាយយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីស្នាមញញឹមកុមារកម្ពុជា និងបន្តនិរន្តរភាពនៃដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
មន្ទីរពេទ្យគន្ធបុប្ផាជាមន្ទីរពេទ្យដែលព្យាបាលកុមារ ប្រកបដោយគុណភាព ដើម្បីសង្រ្គោះជីវិតកុមារទាំងអស់នៅកម្ពុជា ដោយមិនគិតថ្លៃ។ ការបរិច្ចាគ ១ម៉ឺនរៀល របស់អ្នកទាំងអស់គ្នានឹងអាចបន្ត នូវនិរន្តរភាពរបស់មន្ទីរពេទ្យក្នុងការពិនិត្យ និងព្យាបាលសម្រាប់កុមារគ្រប់រូប។ ចូលរួមបរិច្ចាគថ្ងៃនេះ ដើម្បីអនាគតកុមារកម្ពុជា! លោកអ្នកអាចចូលរួមក្នុងយុទ្ធនាការនេះ តាមរយៈការស្កែន QR Code ដែលមានក្នុងរូបភាព។

កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ត្រូវបានដាក់ឱ្យដំណើរការដោយអង្គការ UNIDO រដ្ឋបាលជលផល និងសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជំរុញកំណើនក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤  សាជីវកម្មធានាឥណទានកម្ពុជា (CGCC)  រដ្ឋបាលជលផល (FiA) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានដាក់ឲ្យដំណើរការកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ក្រោមគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) គាំទ្រថវិកាដោយ សហភាពអឺរ៉ុប (EU) ដែលមានគោលដៅជំរុញកំណើនក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា ឱ្យមានភាពប្រកួតប្រជែង និងមានគុណតម្លៃបន្ថែម តាមរយៈការររួមបញ្ចូលនូវមូលនិធិគម្រោង កម្ចីដែលមានការធានាតាមរយៈគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផលរបស់ CGCC និងសហវិនិយោគផ្ទាល់ពីសហគ្រាស ប្រកបដោយបរិយាបន្ន និងចីរភាព។

កម្មវិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ក៏ដូចជាគណៈអធិបតីអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិប្រហែល ១០០រូបផងដែរ។

កម្មវិធី ISF មានគោលដៅគាំទ្រសហគ្រាសជលផលក្រោយប្រមូលផល និងដៃគូអាជីវកម្មបង្កើនផលិតភាពផលិតកម្ម ការអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារ និងលើកកម្ពស់គុណភាពផលិតផលដើម្បីឈានចូលទីផ្សារថ្មី។

សេចក្ដីប្រកាសព័ត៌មានពីកម្មវិធី៖ https://shorturl.at/dfbMl

ស្វែងយល់បន្ថែមពីគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផល (PFGS) របស់គម្រោង ISF: https://shorturl.at/PINko

កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) នឹងជួយពង្រីកទុនវិនិយោគម្ចាស់អាជីវកម្មកែច្នៃជលផល រហូតដល់៩ដងនៃទុនដើម

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា តាមរយៈការដាក់ឱ្យដំណើរ​ការនៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) នឹងជួយដល់ម្ចាស់អាជីវកម្មកែច្នៃផលិតផលជលផលមានលទ្ធភាពពង្រីកទុនវិនិយោគរបស់ខ្លួនរហូតដល់៩នៃដើមទុនដែលមានបច្ចុប្បន្ន ដើម្បីជំរុញឱ្យការផលិតកាន់តែមានស្តង់ដារគុណភាព។

លោក ឌិត ទីណា ថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីដាក់ឱ្យដំណើរការ នៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (Investment Support Facility-ISF) នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។

លោកបានគូសបញ្ជាក់ថា តាមរយៈគម្រោងនេះ សហគ្រាសកែច្នៃ ​នឹងទទួលបានកម្ចី៥ដងលើទុនសរុបដែលខ្លួនមានបច្ចុប្បន្ន ដើម្បីយកទៅពង្រីកអាជីវកម្ម។ ពោលគឺប្រសិនបើសហគ្រាសមួយបច្ចុប្បន្នមានទុន៥ពាន់ដុល្លារ នឹងអាចខ្ចីបានរហូត២ម៉ឺន៥ពាន់ដុល្លារ ហើយគម្រោងនឹងជួយបន្ថែមប្រមាណ៤០%ពីលើនេះ ដែលនឹងធ្វើឱ្យម្ចាស់អាជីវកម្មអាចទទួលបានការវិនិយោគ​ទុនបន្ថែមរហូតដល់​៤៥០០០ដុល្លារ។ហេតុដូច្នេះហើយ ម្ចាស់អាជីវកម្មដែលមានដើមទុនដើម​៥ពាន់ដុល្លារ និងអាចពង្រីករហូត៥ម៉ឺនដុល្លារ។

លោកបានពន្យល់ថា សហគ្រាសដែលនឹងទទួលបានការគាំទ្រ គឺតម្រូវឱ្យសហគ្រាសនីមួយៗត្រូវមានទុនផ្ទាល់ខ្លួន១០% ពោលគឺជាសហគ្រាសដែលមានទីតាំងសម្រាប់ប្រកបអាជីវកម្មខ្លួនឯងស្រាប់ និងបានដំណើរការអាជីវកម្ម ហើយចង់ពង្រីកអាជីវកម្មបន្ថែម។

លោកបានបញ្ជាក់ថា កម្ចីនេះ​នឹងត្រូវបានធានាដោយ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) រហូតដល់៨០%។ ​លោកសុទិដ្ឋនិយមថា ការដាក់ដំណើរការនូវគម្រោងនេះ គឺជាការដាក់ចេញចំទិសដៅ ឆ្លើយតបទៅនឹងអ្វីដែលម្ចាស់សហគ្រាស់បានជួបប្រទះ ក្នុងការកែច្នៃផលិតផលជលផល​ ព្រមទាំងបានជះផលជាវិជ្ជមានដល់អ្នកទទួលផល​ផងដែរ។

លោកបានថ្លែងថា «អ៊ីចឹងគឺជាឱកាសមួយដ៏ធំណាស់សម្រាប់ឱ្យអ្នកដែលមានគំនិត អ្នកដែលតស៊ូ ខំប្រឹងប្រែង គឺអាចទៅដល់ការស្រម៉ៃរបស់ខ្លួនហើយចាប់យកភាពជោគជ័យ។ អ៊ីចឹងការរៀបចំគឺការគិតគូរល្អិត ហើយកម្ចីក៏មិនមែនជាកម្ចីដែលការប្រាក់ខ្ពស់។»

សូមជម្រាបថា កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ត្រូវបានដាក់ឱ្យដំណើរការដោយអង្គការ UNIDO រដ្ឋបាលជលផល និងសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជំរុញកំណើនក្នុងវិស័យជលផលក្រោយប្រមូលផល​។ តាមរយៈកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព​ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) គាំទ្រថវិកាដោយ សហភាពអឺរ៉ុប (EU) សាជីវកម្មធានាឥណទានកម្ពុជា (CGCC) រដ្ឋបាលជលផល (FiA) និងអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) រួមគ្នាសម្ភោធដាក់ឲ្យដំណើរការកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដែលមានគោលដៅជំរុញកំណើន ក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា។

CGCC មានតួនាទីជាអង្គភាពគ្រប់គ្រង ISF ដោយធ្វើការជាមួយធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា។

​លោកបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ CGCC មានប្រសាសន៍ថា «ISF ពិតជាមានសារៈសំខាន់ និងអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះវិស័យជលផលនៅកម្ពុជា។ តាមរយៈគម្រោងនេះ ប្រតិបត្តិករពាក់ព័ន្ធ ក្នុងវិស័យជលផលក្រោយប្រមូលផល នឹងមានលទ្ធភាពទទួលបាននូវការគាំទ្រជំនួយបច្ចេកទេស ការសាងសមត្ថភាព និងជំនួយហិរញ្ញប្បទាន ដែលរួមមាន ជំនួយឥតសំណង និងឥណទានដែលមានការធានា ក្នុងលក្ខខណ្ឌអនុគ្រោះជាច្រើន។ គម្រោង ISF នឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម ដែលជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា តាមរយៈការធ្វើទំនើបកម្ម ការបង្កើនផលិតភាពនៃវិស័យកសិកម្ម ជាមួយការរក្សាបាននូវគុណភាពនៃផលិតផលកសិកម្ម និងកសាងបាននូវភាពធន់នៃវិស័យនេះ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពស្បៀង ក៏ដូចជាការបង្កើនបាននូវតម្លៃបន្ថែមកាន់តែខ្ពស់ និងភាពប្រកួតប្រជែង ទាំងតម្លៃ និងគុណភាព»។ ​

​លោក ដឺជេន តេហ្សេរ៉ា នាយកផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកសិពាណិជ្ជកម្មរបស់អង្គការ UNIDO លើកឡើងថា «អង្គការ UNIDO ពិតជាមានមោទនភាពក្នុងការដាក់ចេញនូវកម្មវិធី ISF សម្រាប់បម្រើឱ្យវិស័យនេះ។ តាមរយៈបទពិសោធន៍ដ៏រឹងមាំរបស់ UNIDO លើការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ យើងមានជំនឿយ៉ាងមុតមាំថាគម្រូកម្មវិធី ISFនេះ ពិតជាអាចរួមចំណែកបង្កើនគុណតម្លៃ និងបរិមាណនៃផល ផលិតផលជលផលដែលប្រកបដោយគុណភាព និងសុវត្ថិភាព ជួយឱ្យសហគ្រាសកែច្នៃផល ផលិតផលជលផលទទួលបានជោគជ័យនៅក្នុងទីផ្សារសកល»

Credit to: Fresh News, Published on 29 May 2024

សេចក្តីប្រកាសព័ត៌មាន កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ត្រូវបានដាក់ឱ្យដំណើរការដោយ អង្គការ UNIDO រដ្ឋបាលជលផល និងសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជំរុញកំណើនក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា

CGCC ចូលរួមសិក្ខាសាលា ស្តីអំពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com” រៀបចំដោយក្រសួងពាណិជ្ជកម្ម

នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោក Wong Keet Loong អគ្គនាយក CGCC បានដឹកនាំសហការីចូលរួមសិក្ខាសាលា ស្តីអំពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមហ៊ុន Alibaba ដើម្បីជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ និងផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទាញយកប្រយោជន៍ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។

តាមរយៈសិក្ខាសាលានេះ លោកអគ្គនាយក CGCC បានធ្វើបទបង្ហាញអំពីការចូលរួមរបស់ CGCC ពាក់ព័ន្ធនឹងយន្តការធានាឥណទាន ដើម្បីសម្រួលការទទួលបានហិរញ្ញប្បទាន និងការគាំទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យម ដែលលោកបានគូសបញ្ជាក់អំពីគម្រោងធានាឥណទាន និងកម្មវិធីកសាងសមត្ថភាសហគ្រិននានា ដែលសំដៅដល់ការអភិវឌ្ឍសមត្ថភាពរបស់សហគ្រិនរយៈពេលវែង។

សិក្ខាសាលានេះ គឺជាសកម្មភាពឆ្លុះបញ្ចាំងពីភាពជាដៃគូ និងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា និងសំដៅជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ការប្រតិបត្តិការតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

CGCC ចាប់ផ្តើមដំណើរការកម្មវិធីកសាងសមត្ថភាពសហគ្រិន​​វគ្គទី១នៃឆ្នាំ២០២៤ ​ដល់សហគ្រិន២០រូប​

(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយនឹងធនាគារ អេស៊ីលីដា បានរៀបចំនូវកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅថា Entrepreneurship Program Initiative of CGCC (EPIC) វគ្គទី១ នៃឆ្នាំ២០២៤ ស្តីអំពី «គន្លឹះក្នុងការរៀបចំផែនការអាជីវកម្ម និងយុទ្ធសាស្រ្តទទួលបានហិរញ្ញប្បទានផ្លូវការ»

កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC នេះ បានរៀបចំឡើង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅឯមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ដោយមានការចូលរួមពីសិក្ខាកាមចំនួន២០រូប ដែលជាម្ចាស់អាជីវកម្មសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម មកពីរាជធានីភ្នំពេញ និងខេត្តក្រុងចំនួន៥។

EPIC គឺជាកម្មវិធីបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមរយៈពេលវែងមួយរបស់ CGCC ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីឆ្នាំ២០២៤តទៅ និងផ្តោតលើការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព ការធានាឥណទាន និងការប្រើប្រាស់កម្ចីប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

តាមរយៈ EPIC វគ្គទី១ នៃឆ្នាំ២០២៤នេះ សិក្ខាកាមទាំងអស់បានស្វែងយល់លើប្រធានបទបណ្តុះបណ្តាលគោលស្តីអំពី «គន្លឹះក្នុងការរៀបចំផែនការអាជីវកម្ម និងយុទ្ធសាស្រ្តទទួលបានហិរញ្ញប្បទានផ្លូវការ» ដែលប្រធានបទនេះផ្តល់ឱ្យសិក្ខាកាមបានស្វែងយល់ពីសារៈសំខាន់នៃផែនការអាជីវកម្ម និងជាពិសេសសម្រាប់ដាក់ស្នើកម្ចីទៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញវត្ថុ និងទទួលបានឱកាសអនុវត្តជាក់ស្តែងលើការរៀបចំផែនការអាជីវកម្ម នៅក្នុងថ្នាក់រៀនផ្ទាល់ផងដែរ។

បន្ថែមពីនេះ សិក្ខាកាមក៏ទទួលបាននូវព័ត៌មានទាក់ទងនឹងយន្តការធានាឥណទានរបស់ CGCC ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ SMEs និងផលិតផលឥណទានដែលមានការធានា និងនីតិវិធីនៃការអនុម័តកម្ចីរបស់ធនាគារ អេស៊ីលីដាផងដែរ។

ការកសាងសមត្ថភាពសហគ្រិនគឺជាការងារអាទិភាពមួយរបស់CGCC ក្នុងបេសកកម្មបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនជាអាទិភាពមួយរបស់ CGCC ដែលនឹងនាំមកនូវប្រធានបទពាក់ព័ន្ធ ដោយផ្អែកលើស្ថានភាពជាក់ស្តែងតាមរយៈវគ្គបណ្តុះបណ្តាលនីមួយៗ នាពេលបន្តបន្ទាប់ ក្រោមកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ/គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលមានឆន្ទៈក្នុងការផ្តល់នូវការអភិវឌ្ឍសមត្ថភាពរយៈពេលវែងជូនដល់សហគ្រាសខ្នាតតូច និងមធ្យម។

សហគ្រិនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមវគ្គបណ្តុះបណ្តាល EPIC វគ្គបន្ទាប់ៗទៀត សូមតាមដានការចែករំលែកនៅលើទំព័រហ្វេសប៊ុករបស់ CGCC ៖ https://www.facebook.com/officialcgcc ៕

Credit to: Fresh News Plus, Published on 28 May 2024

CGCC ចាប់ផ្តើមដំណើរការកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC វគ្គទី១ នៃឆ្នាំ២០២៤ ផ្តល់ការបណ្តុះបណ្តាលដល់សហគ្រិន២០រូប

នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅឯមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយនឹងធនាគារ អេស៊ីលីដា បានរៀបចំនូវកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅថា Entrepreneurship Program Initiative of CGCC (EPIC) វគ្គទី១ នៃឆ្នាំ២០២៤ ស្តីអំពី “គន្លឹះក្នុងការរៀបចំផែនការអាជីវកម្ម និងយុទ្ធសាស្រ្តទទួលបានហិរញ្ញប្បទានផ្លូវការ” ក្រោមការចូលរួមពីសិក្ខាកាមចំនួន២០រូប ដែលជាម្ចាស់អាជីវកម្មសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម មកពីរាជធានីភ្នំពេញ និងខេត្តក្រុងចំនួន៥។

EPIC គឺជាកម្មវិធីបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមរយៈពេលវែងមួយរបស់ CGCC ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីឆ្នាំ២០២៤តទៅ និងផ្តោតលើការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព ការធានាឥណទាន និងការប្រើប្រាស់កម្ចីប្រកបដោយការប្រសិទ្ធភាព និងការទទួលខុសត្រូវ។

តាមរយៈ EPIC វគ្គទី១ នៃឆ្នាំ២០២៤នេះ សិក្ខាកាមទាំងអស់បានស្វែងយល់លើប្រធានបទបណ្តុះបណ្តាលគោលស្តីអំពី “គន្លឹះក្នុងការរៀបចំផែនការអាជីវកម្ម និងយុទ្ធសាស្រ្តទទួលបានហិរញ្ញប្បទានផ្លូវការ” ដែលប្រធានបទនេះផ្តល់ឱ្យសិក្ខាកាមបានស្វែងយល់ពីសារៈសំខាន់នៃផែនការអាជីវកម្ម និងជាពិសេសសម្រាប់ដាក់ស្នើកម្ចីទៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញវត្ថុ និងទទួលបានឱកាសអនុវត្តជាក់ស្តែងលើការរៀបចំផែនការអាជីវកម្ម នៅក្នុងថ្នាក់រៀនផ្ទាល់ផងដែរ។ បន្ថែមពីនេះ សិក្ខាកាមក៏ទទួលបាននូវព័ត៌មានទាក់ទងនឹងយន្តការធានាឥណទានរបស់ CGCC ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ SMEs និងផលិតផលឥណទានដែលមានការធានា និងនីតិវិធីនៃការអនុម័តកម្ចីរបស់ធនាគារ អេស៊ីលីដាផងដែរ។

ការកសាងសមត្ថភាពសហគ្រិនគឺជាការងារអាទិភាពមួយរបស់ CGCC ក្នុងបេសកកម្មបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនជាអាទិភាពមួយរបស់ CGCC ដែលនឹងនាំមកនូវប្រធានបទពាក់ព័ន្ធ ដោយផ្អែកលើស្ថានភាពជាក់ស្តែងតាមរយៈវគ្គបណ្តុះបណ្តាលនីមួយៗ នាពេលបន្តបន្ទាប់ ក្រោមកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ/គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលមានឆន្ទៈក្នុងការផ្តល់នូវការអភិវឌ្ឍសមត្ថភាពរយៈពេលវែងជូនដល់សហគ្រាសខ្នាតតូច និងមធ្យម។

សម្រាប់ម្ចាស់អាជីវកម្មដែលមានចំណាប់អារម្មណ៍ចង់ចូលរួមវគ្គបណ្តុះបណ្តាលរបស់ EPIC នាវគ្គក្រោយៗ សូមរង់ចាំការចែករំលែកនៅលើទំព័រហ្វេសប៊ុកបស់ CGCC៖ https://www.facebook.com/officialcgcc​៕