កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ត្រូវបានដាក់ឱ្យដំណើរការដោយអង្គការ UNIDO រដ្ឋបាលជលផល និងសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជំរុញកំណើនក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា
ខែឧសភា 30, 2024ព្រឹត្តិការណ៍ និងសកម្មភាព
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) រដ្ឋបាលជលផល (FiA) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានដាក់ឲ្យដំណើរការកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ក្រោមគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) គាំទ្រថវិកាដោយ សហភាពអឺរ៉ុប (EU) ដែលមានគោលដៅជំរុញកំណើនក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា ឱ្យមានភាពប្រកួតប្រជែង និងមានគុណតម្លៃបន្ថែម តាមរយៈការររួមបញ្ចូលនូវមូលនិធិគម្រោង កម្ចីដែលមានការធានាតាមរយៈគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផលរបស់ CGCC និងសហវិនិយោគផ្ទាល់ពីសហគ្រាស ប្រកបដោយបរិយាបន្ន និងចីរភាព។
កម្មវិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ក៏ដូចជាគណៈអធិបតីអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិប្រហែល ១០០រូបផងដែរ។
កម្មវិធី ISF មានគោលដៅគាំទ្រសហគ្រាសជលផលក្រោយប្រមូលផល និងដៃគូអាជីវកម្មបង្កើនផលិតភាពផលិតកម្ម ការអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារ និងលើកកម្ពស់គុណភាពផលិតផលដើម្បីឈានចូលទីផ្សារថ្មី។
សេចក្ដីប្រកាសព័ត៌មានពីកម្មវិធី៖ https://shorturl.at/dfbMl
ស្វែងយល់បន្ថែមពីគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផល (PFGS) របស់គម្រោង ISF: https://shorturl.at/PINko