សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន
ខែកក្កដា 19, 2024ព្រឹត្តិការណ៍ និងសកម្មភាព
នៅថ្ងៃសុក្រ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន។ ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចទទួលបានសេវាធានាឥណទានពី CGCC សម្រាប់គម្រោងដែលធនាគារ ARDB កំពុងអនុវត្ត និងត្រៀមនឹងអនុវត្តនាថ្ងៃអនាគត។ សេវាធានាឥណទាននេះនឹងផ្តល់លទ្ធភាពដល់ធនាគារក្នុងការបញ្ចេញឥណទានបានច្រើនជាងមុនជូនអតិថិជនដែលមានស្ថានភាពអាជីវកម្មល្អ ប៉ុន្តែមិនមានទ្រព្យធានាគ្រប់គ្រាន់ ដូច្នេះយន្តការនេះជាកតាលីករក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។