ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការស្តីពីគម្រោងធានាឥណទានបោះដុំ និងគម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច។ គំនិតផ្តួចផ្តើមនេះបង្កើតឡើងក្នុងគោលបំណងបង្កើនការផ្តល់កម្ចីដល់អាជីវកម្មនៅកម្ពុជា។ កិច្ចសហការជាយុទ្ធសាស្រ្តមួយនេះ មានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្មធំៗ ទៅលើការពង្រីកអាជីវកម្ម និងជួយសម្រួលប្រតិបត្តិការផ្សេងៗឱ្យកាន់តែប្រសើរ។
ស្របពេលដែលប្រទេសកម្ពុជាកំពុងបន្តអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ ស្ថាបនា តាមរយៈគម្រោងធានាឥណទានដែលទើបដាក់ចេញនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាទាំងមូល។ កិច្ចសហការមួយនេះនឹងធានាបានថា អាជីវកម្មគ្រប់ប្រភេទ មិនថាខ្នាតតូច មធ្យម ឬធំ ឬមានទ្រព្យធានាប៉ុណ្ណានោះទេ ពួកគេនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុចាំបាច់ដែលពួកគេត្រូវការដើម្បីរីកចម្រើន និងរួមចំណែកដល់ពាណិជ្ជកម្មនៅកម្ពុជា។

លោក ណូ លីដា អគ្គនាយក CGCC បានមានប្រសាសន៍ថា៖ “៥ឆ្នាំមុន ធនាគារស្ថាបនា និងសាជីវកម្មធានាឥណទានកម្ពុជា បានចាប់ផ្តើមរួមសហការគ្នា ក្នុងគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ដើម្បីគាំទ្រអាជីវកម្មឱ្យទទួលបានហិរញ្ញប្បទានចាំបាច់ ក្នុងអំឡុងពេលដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩។ ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង២ បានចូលរួមគាំទ្រដល់ការស្តារឡើងវិញ និងអភិវឌ្ឍអាជីវកម្មជាច្រើន។ តាមរយៈនេះ ស្ថាប័នទាំង២ ក៏បានបង្កើតមូលដ្ឋានគ្រឹះរឹងមាំមួយ សម្រាប់ការស្វែងយល់គ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យប្រសើរឡើងនូវគម្រោងធានាឥណទាន។”
លោកបានបន្ថែមថា ៖ “ការចុះហត្ថលេខាលើគម្រោងធានាឥណទានបោះដុំ (WGS) និងគម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច (ESGS) នៅក្នុងថ្ងៃនេះ បង្ហាញឱ្យឃើញពីឆន្ទៈរួមគ្នារបស់ស្ថាប័នទាំង២ ក្នុងការពង្រឹងភាពជាដៃគូ ដើម្បីបង្កើនឥទ្ធិពលនៃការធានាឥណទាន។ គម្រោង WGS និង ESGS នឹងគាំទ្រធនាគារស្ថាបនា ក្នុងការគ្រប់គ្រងអ៊ិចស្ពូស័រ និងជួយធនាគារឱ្យមានលទ្ធភាពច្រើនជាងមុន ក្នុងការផ្តល់ហិរញ្ញប្បទានចាំបាច់ជូនដល់សហគ្រាសធុនតូច និងមធ្យម ដែលមានសក្តានុពល ជាពិសេស ក្នុងអំឡុងពេលដែលស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា។”

លោក ហែន ហ្គី. ម៉ូលដឺ ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «តាមរយៈកិច្ចសហការរវាងធនាគារ ស្ថាបនា និងសាជីវកម្មធានាឥណទានកម្ពុជា លើគម្រោងធានាឥណទានបោះដុំ និង គម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច អនុញ្ញាតឱ្យយើងពង្រីកបណ្តាញឥណទានតាមរយៈបណ្តាញសាខាទូទាំងប្រទេសរបស់យើងទៅកាន់ទីផ្សារកាន់តែទូលំទូលាយ។» លោកបានបន្ថែមថា ការណ៍នេះនឹងជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងបញ្ចេញសក្តានុពលសហគ្រិនភាពរបស់ប្រជាជនកម្ពុជា។
លោកបានបន្ថែមថា៖ «កិច្ចសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា ធានាថាការផ្តល់ប្រាក់កម្ចីរបស់យើងស្របតាមអាទិភាពនៃការអភិវឌ្ឍជាតិរបស់កម្ពុជា ជំរុញកំណើននៅក្នុងតំបន់ដែលជាគន្លឹះនៃវិបុលភាពរយៈពេលវែង និងការលើកកម្ពស់ជីវភាពសម្រាប់គ្រួសារកម្ពុជា។»

អំពី CGCC
CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ផលិតផល និងសេវាកម្មចម្បងរបស់ CGCC រួមមាន ការធានាកម្ចីក្នុងវិស័យធនាគារ, ការធានាសញ្ញាបណ្ណក្នុងវិស័យមូលបត្រ, និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅកាត់ថា (EPIC)។ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ CGCC បានអនុម័តការធានាលើកម្ចីអាជីវកម្មសរុបចំនួន ៥.០២៧ គណនី ដែលស្មើនឹងទឹកប្រាក់ប្រមាណ ៣០៥ លានដុល្លារអាមេរិក។ សម្រាប់ព័ត៌មានអំពីគម្រោង WGS និង ESGS សូមចូលទៅកាន់គេហទំព័រ www.cgcc.com.kh ឬទំនាក់ទំនង CGCC តាមរយៈលេខទូរស័ព្ទ៖ 023 722 123។
អំពី ធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង 3,500 នាក់។ ធនាគារ មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាចំនួន175 ស្ថាបនាព្រីមារណ៍ ចំនួន4 និងម៉ាស៊ីនអេធីអឹមជាង 280កន្លែង។ យើងផ្តល់ជូននូវ សេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគារចល័ត សេវាធនាគារអេឡិចត្រូនិច ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT វីសា B2B Connect, VISA Direct, បាគង សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។
ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃវិស័យសហគ្រាស ធុនតូច និងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយក្នុងការទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway, S2Biz, Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។
ថ្មីៗនេះ ធនាគារ ស្ថាបនា បានទទួលវិញ្ញាបនបត្រកម្រិតមាសក្នុងការអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជន។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ៕
បន្ថែមពីលើនេះ ធនាគារ ក៏ត្រូវបានជ្រើសរើស និងទទួលពានរង្វាន់ឆ្នើម 2នោះគឺ “Most Innovative Mobile Banking App – Cambodia 2024” ពីស្ថាប័ន International Finance និង “Best Retail Banking – Cambodia 2024” ពី Global Retail Banking Rankings ។ ពានរង្វាន់នេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ធនាគារ ស្ថាបនា ក្នុងការផ្តល់ជូនអតិថិជន និងប្រជាជនកម្ពុជានូវបទពិសោធធនាគារចល័តប្រកបដោយភាពច្នៃប្រឌិត និងល្អបំផុត។
ហើយក្នុងឆ្នាំ 2024 ធនាគារ ស្ថាបនា ក៏ទទួលបាននូវពានរង្វាន់ឆ្នើមចំនួន 3 សម្រាប់ឆ្នាំ2024 ពីក្រុមហ៊ុន VISA រួមមាន ពានរង្វាន់ “Leadership in Consumer Debit Payment Volume”, “Leadership in Total Merchant Sales Volume Growth” និងពានរង្វាន់ “Leadership in Active Net New Acceptance Location”។ ទន្ទឹមនឹងនេះផងដែរ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន 3 ពីក្រុមហ៊ុនម៉ាស្ទ័រកាតរួមមាន ពានរង្វាន់ “Leadership in Credit Growth 2024”, “Leadership in Debit Growth 2024” និងពានរង្វាន់ “Leadership in Credit Volume 2024”។ ការទទួលបានពានរង្វាន់នេះ បានបង្ហាញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់ធនាគារក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតជូនអតិថិជននៅកម្ពុជា។