CGCC

CGCC ចូលរួមកម្មវិធី Bilbao Bootcamp II: Scaling and Building Investible Territorial Solutions through Localization Blueprint នៅទីក្រុងទីក្រុង Bilbao ប្រទេសអេស្ប៉ាញ

តបតាមការអញ្ជើញរបស់មូលនិធិរួមអង្គការសហប្រជាជាតិសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (UN Joint SDG Fund) និងសម្ព័ន្ធ Local2030 លោក ណូ លីដា អគ្គនាយក CGCC បានអញ្ជើញចូលរួមកម្មវិធី Bilbao Bootcamp II: Scaling and Building Investible Territorial Solutions through Localization Blueprint ដែលសហការរៀបចំដោយរាជរដ្ឋាភិបាលអេស្ប៉ាញ រដ្ឋបាលប្រចាំតំបន់ Basque មូលនិធិរួម UN Joint SDG Fund និងសម្ព័ន្ធ Local2030 នៅសាកលវិទ្យាល័យ Deusto ទីក្រុង Bilbao ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

កម្មវិធីនេះមានគោលបំណងគាំទ្រប្រទេសចូលរួមថ្មីចំនួន១២ រួមទាំងកម្ពុជា ក្នុងការរៀបចំដំណោះស្រាយហិរញ្ញប្បទានគ្រប់ជ្រុងជ្រោយ សម្រាប់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ព្រមទាំងពង្រឹងប្រព័ន្ធហិរញ្ញវត្ថុ ស្ថាប័ន និងអភិបាលកិច្ច ដែលជាមូលដ្ឋានសម្រាប់និរន្តរភាពរយៈពេលវែង។ ទន្ទឹមនឹងនេះ កម្មវិធីក៏បានស្វាគមន៍ការចូលរួមពីតំបន់ដែលមានទីផ្សារហិរញ្ញវត្ថុឈានមុខ ដើម្បីជំរុញការរៀនសូត្រពីគ្នាទៅវិញទៅមក និងពង្រីកឱកាសវិនិយោគបន្ថែមទៀត។

របៀបវារៈនៃកម្មវិធីរួមមាន ការធ្វើបទបង្ហាញខ្លី (Spark Talk) កិច្ចពិភាក្សាតុមូលថ្នាក់ដឹកនាំ (Leadership Roundtable) សិក្ខាសាលាបច្ចេកទេសបែបអនុវត្តជាក់ស្តែង (Hands-on Technical Design Workshops) និងវគ្គផ្គូរផ្គងឱកាសវិនិយោគ (Investment Matchmaking Sessions)។

ក្នុងឱកាសនោះ លោក ណូ លីដា បានចូលរួមកិច្ចពិភាក្សាតុមូលថ្នាក់ដឹកនាំក្រោមប្រធានបទ «ការទាក់ទាញទុនវិនិយោគឯកជន៖ ការកាត់បន្ថយហានិភ័យ និងគំរូអាជីវកម្មប្រកបដោយនិរន្តរភាព» (Unlocking Private Capital: De-risking and Sustainable Business Models)។ កិច្ចពិភាក្សានេះបានស្វែងយល់អំពីរបៀបដែលគំនិតផ្តួចផ្តើមអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋានអាចប្រែក្លាយពីគម្រោងដែលត្រូវបានចាត់ទុកថាមានហានិភ័យ ទៅជាឱកាសវិនិយោគដែលមានសក្តានុពល តាមរយៈការរួមបញ្ចូលយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យប្រកបដោយប្រសិទ្ធភាព និងគំរូអាជីវកម្មប្រកបដោយនិរន្តរភាព។

ជាមួយគ្នានេះ កិច្ចពិភាក្សាក៏បានពិនិត្យទៅលើតួនាទីរបស់អភិបាលកិច្ច ការសម្របសម្រួលគោលនយោបាយ ប្រព័ន្ធទិន្នន័យ និងអន្តរាគមន៍នៅដំណាក់កាលដំបូង ក្នុងការកាត់បន្ថយភាពមិនច្បាស់លាស់នៃការវិនិយោគ ខណៈដែលវិធីសាស្ត្រផ្អែកលើគោលការណ៍ ESG និងគំរូភាពជាដៃគូ អាចជួយទាក់ទាញ និងរក្សាការវិនិយោគឯកជនក្នុងរយៈពេលវែង។ កិច្ចពិភាក្សានេះក៏បានគូសបញ្ជាក់ពីទំនាក់ទំនងរវាងការយល់ឃើញអំពីហានិភ័យ និងការបង្កើតតម្លៃ ដោយផ្តោតលើការបង្កើតភាពស៊ីសង្វាក់គ្នានៃផលប្រយោជន៍ ការពង្រឹងស្ថាប័នដែលមានភាពជឿទុកចិត្ត និងការអភិវឌ្ឍគំរូអាជីវកម្មដែលអាចអនុវត្តបាន ដើម្បីជំរុញការទាក់ទាញទុនវិនិយោគឯកជន និងគាំទ្រដល់ការវិនិយោគប្រកបដោយនិរន្តរភាពនៅថ្នាក់មូលដ្ឋាន។

CGCC រៀបចំកិច្ចប្រជុំស្តីពីគម្រោងធានាឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម នៃសមាគមអ្នកផលិតចំណីអាហារកម្ពុជា

នាព្រឹកថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០២៦ លោក ណូ លីដា អគ្គនាយក CGCC បានស្វាគមន៍ សមាជិក និងអ្នកតំណាងនៃសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងបានដឹកនាំកិច្ចប្រជុំស្តីពីគម្រោងធានាឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលរៀបចំឡើងនៅការិយាល័យ CGCC។

តាមរយៈកិច្ចប្រជុំមួយនេះ CGCC បានធ្វើបទបង្ហាញស្តីពីគម្រោងធានាឥណទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម ជាពិសេសសម្រាប់ អ្នកផលិតចំណីអាហារកម្ពុជា ជូនទៅកាន់សមាជិក សមាជិកានៃសមាគម និងបានបើកកិច្ចពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងប្រមូលធាតុចូល ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីតម្រូវការនៃម្ចាស់អាជីវកម្ម ក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់ពង្រឹង និងពង្រីកអាជីវកម្ម​។

តាមរយៈកិច្ចប្រជុំមួយនេះ CGCC សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់អាជីវកម្មដែលបានចូលរួម នឹងបានស្វែងយល់កាន់តែលម្អិតអំពីគម្រោងធានាឥណទាន ព្រមទាំងអាចរៀបចំខ្លួនដើម្បីទទួលបានហិរញ្ញប្បទានចាំបាច់សម្រាប់អាជីវកម្ម តាមរយៈការធានាឥណទានដែលផ្តល់ឱ្យដោយ CGCC ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឱ្យបានកាន់តែប្រកបដោយប្រសិទ្ធភាព។

 

 

 

១ម៉ឺនរៀល ១ម៉ឺននាក់ ដើម្បីទារក និងកុមារកម្ពុជា!

នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោក ណូ លីដា​ អគ្គនាយក CGCC  បានដឹកនាំបុគ្គលិក CGCC ចូលរួមពិធីដើរកម្សាន្ត ២៧០០ជំហាន ដើម្បីកុមារកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

តាមរយៈពិធីនេះ CGCC មានកិត្តិយសដែលបានចូលរួមចំណែកកៀរគរថវិកាពីថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ CGCC ដើម្បីប្រគល់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា។

គួរបញ្ជាក់ផងដែរថា ពិធីនេះត្រូវបានប្រារព្ធឡើងក្នុងគោលបំណងបំផុសចលនាផ្សព្វផ្សាយ និងកៀរគរថវិកាបរិច្ចាគពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលស្ថិតនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមបរិច្ចាគថវិកា​តាមលទ្ធភាព ដើម្បីចូលរួមទ្រទ្រង់ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាចំណែកដ៏សំខាន់មួយក្នុងការសង្គ្រោះអាយុជីវិតទារក និងកុមារកម្ពុជា ជាច្រើនរូប ដែលកំពុងមានតម្រូវការទទួលការព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផា។

 

 

CGCC និងធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីគម្រោងធានាឥណទានបោះដុំ និងគម្រោងធានាឥណទានជំរុញសេដ្ឋកិច្ច

នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យ សាជីវកម្មធានាឥណទានកម្ពុជា (CGCC), CGCC និងធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីគម្រោងធានាឥណទានបោះដុំ (Wholesale Guarantee Scheme – WGS) និងគម្រោងធានាឥណទានជំរុញសេដ្ឋកិច្ច (Economic Stimulus Guarantee Scheme – ESGS)  ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោក ណូ លីដា អគ្គនាយក CGCC និងបណ្ឌិត លឹម អូន នាយកប្រតិបត្តិធនាគារ ឈីហ្វ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងនៃស្ថាប័នទាំងពីរ។

តាមរយៈភាពជាដៃគូនេះ ធនាគារ ឈីហ្វ បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ដែលនឹងអាចពង្រីកការផ្តល់ហិរញ្ញប្បទានក្រោមការធានារបស់ CGCC ទៅកាន់អាជីវកម្មសក្តានុពល ជាពិសេស SMEs និង MSMEs ដែលប្រឈមនឹងបញ្ហាកង្វះទ្រព្យធានាសម្រាប់ការស្នើសុំកម្ចីពីធនាគារ។

គម្រោង WGS និង ESGS នឹងចូលរួមចំណែកគាំទ្រធនាគារ ឈីហ្វ ក្នុងការពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានសម្រាប់អាជីវកម្មដែលប្រឈមនឹងបញ្ហាកង្វះទ្រព្យធានា ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យឯកជន និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។

 

វគ្គបណ្តុះបណ្តាលស្តីពី “Cybersecurity Awareness and Scam Prevention”

កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ CGCC បានសហការជាមួយនឹងវិទ្យាស្ថាន សាន់រ៉ាយស៍ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “Cybersecurity Awareness and Scam Prevention” ជូនទៅកាន់បុគ្គលិកគ្រប់រូបនៃ CGCC។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ បុគ្គលិកគ្រប់រូបរបស់ CGCC បានស្វែងយល់កាន់តែច្បាស់ថែមមួយកម្រិតទៀត អំពីសារៈសំខាន់នៃសន្តិសុខសាយប័រ និងវិធីការពារខ្លួនដ៏មានប្រសិទ្ធភាពអំពីការឆបោកតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងជាធាតុចូលមួយដ៏មានសារៈសំខាន់សម្រាប់ប្រតិបត្តិការនៃការបំពេញភារកិច្ចផ្ទាល់ខ្លួនជាប្រចាំរបស់បុគ្គលិក CGCC គ្រប់រូប ដើម្បីបំពេញបេសកកម្មចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុក្នុងសម័យឌីជីថលផងដែរ។

 

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរបស់ LCGC ស្តីពីការផ្លាស់ប្តូរចំណេះដឹងបច្ចេកទេស និងបទពិសោធពី CGCC ក្នុងប្រតិបត្តិការធានាឥណទាន

CGCC មានក្តីសោមនស្សស្វាគមន៍យ៉ាងកក់ក្តៅ នូវដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកពី Lao Credit Guarantee Sole Company Limited (LCGC) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្រាប់ការសិក្សាស្តីពីការផ្លាស់ប្តូរចំណេះដឹងបច្ចេកទេស និងបទពិសោធន៍ពី CGCC ក្នុងប្រតិបត្តិការធានាឥណទាន។

ទស្សនកិច្ចនេះជាផ្នែកមួយនៃការប្តេជ្ញារបស់ LCGC ក្នុងការពង្រឹងសមត្ថភាពប្រតិបត្តិការរបស់ខ្លួន តាមរយៈការសិក្សាពីបទពិសោធន៍របស់ CGCC ក្នុងការអនុវត្តគម្រោងធានាឥណទាននៅកម្ពុជា។ គួរបញ្ជាក់ផងដែរថា ទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និង LCGC ដែលជាជំហានសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរចំណេះដឹងរវាងស្ថាប័នទាំងពីរ។

ទស្សនកិច្ចសិក្សានេះជាវេទិកាដ៏មានអត្ថន័យសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមករវាងស្ថាប័នទាំងពីរ និងបញ្ជាក់បន្ថែមពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងការអភិវឌ្ឍវិស័យធានាឥណទាន។ CGCC និង LCGC បន្តប្តេជ្ញាចិត្តរួមគ្នា ក្នុងការចែករំលែកចំណេះដឹងរវាងគ្នានិងគ្នា ដើម្បីគាំទ្រដល់ការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការសម្រាប់សហគ្រាសខ្នាតមីក្រូ តូច មធ្យម និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្នកាន់តែទូលំទូលាយ៕

 

 

  

បេសកកម្មមនុស្សធម៌លើកទី៣ របស់ CGCC ដើម្បីគាំទ្រ និងផ្ដល់ជំនួយដល់ស្ត្រីមានផ្ទៃពោះ និងអ្នកម្តាយដែលងាយរងគ្រោះ

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារ CGCC ក្រោមការដឹកនាំរបស់លោក ណូ លីដា អគ្គនាយករបស់ CGCC បានរៀបចំបេសកកម្មមនុស្សធម៌លើកទី៣ របស់ CGCC – ដើម្បីគាំទ្រ និងផ្ដល់ជំនួយដល់ស្ត្រីមានផ្ទៃពោះ និងអ្នកម្តាយដែលងាយរងគ្រោះចំនួន ១៦០នាក់ នៅក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

តាមរយៈបេសកកម្មមនុស្សធម៌នេះ CGCC បានផ្តល់កញ្ចប់ថែទាំចាំបាច់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដល់ស្ត្រីមានផ្ទៃពោះ ដើម្បីសម្រួលដល់បញ្ហាប្រឈមក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ និងលើកកម្ពស់សុខុមាលភាពរបស់ម្តាយ និងទារកផងដែរ។ សម្ភារៈឧបត្ថម្ភរួមមាន អាហារូបត្ថម្ភ សម្ភារៈថែទាំមាតា និងជំនួយហិរញ្ញវត្ថុផងដែរ។

គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ CGCC ចំពោះទំនួលខុសត្រូវសង្គម និងសុខុមាលភាពសហគមន៍ ជាពិសេសសម្រាប់ស្ត្រី និងគ្រួសារដែលត្រូវការការថែទាំ និងការគាំទ្របន្ថែមជាចាំបាច់ ក្នុងអំឡុងពេលមានផ្ទៃពោះ  និងក្រោយពេលសម្រាល។

 

 

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង CGCC និង LCGC

នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យ CGCC មានការចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា រវាង CGCC និង Lao Credit Guarantee Sole Company Limited (LCGC) ដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងស្ថាប័នធានាឥណទានទាំងពីរ ក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍសេវាធានាឥណទាន និងភាពរីកចម្រើនប្រកបដោយស្ថេរភាពរបស់សហគ្រាសធុន មីក្រូ តូច និងមធ្យម (MSMEs) ក្នុងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

 

 

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក ណូ លីដា អគ្គនាយក CGCC និងលោក Wong Keet Loong អគ្គនាយក LCGC ក្រោមវត្តមានជាសាក្សីពីថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម, ក្រសួងហិរញ្ញវត្ថុ, និងធនាគារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ព្រមទាំងថ្នាក់គ្រប់គ្រង និងក្រុមការងាររបស់ CGCC សរុបប្រមាណ ៣០រូប។

ក្នុងនាមជាស្ថាប័នធានាឥណទានដែលបង្កើតឡើងដោយរដ្ឋាភិបាល ស្ថាប័នទាំងពីរមានទិសដៅរួមក្នុងការកាត់បន្ថយឧបសគ្គ និងគម្លាតក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលជាវិស័យសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅទូទាំងតំបន់។

 

CGCC ចូលរួមកិច្ចពិភាក្សាតុមូល “ជំហានសំខាន់ៗក្នុងការត្រៀមខ្លួនដើម្បីទទួលបានកម្ចីធនាគារ”

កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោកស្រីលឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការរបស់ CGCC បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៃកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ “ជំហានសំខាន់ៗក្នុងការត្រៀមខ្លួនដើម្បីទទួលបានកម្ចីធនាគារ” ដែលត្រូវបានរៀបចំឡើងក្នុងកម្មវិធីពិព័រណ៍ផលិតផលខ្មែរ២០២៦ រៀបចំឡើងដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)​នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

កិច្ចពិភាក្សានេះរៀបចំឡើងក្នុងគោលបំណង ផ្តល់ចំណេះដឹងអំពីលក្ខខណ្ឌសំខាន់ៗ ដែលធនាគារត្រូវ និងណែនាំពីរបៀបរៀបចំឯកសារ ការត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានកម្ចី  ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យមានទំនុកចិត្ត និងចែករំលែកបទពិសោធន៍លើការស្នើសុំ និងប្រើប្រាស់កម្ចី។

ក្នុងកិច្ចពិភាក្សានេះ លោកស្រី លឹម ចាន់ធីតា បានធ្វើបទបង្ហាញស្តីពីគម្រោងធានាឥណទានរបស់ CGCC ក៏ណែនាំពីរបៀបទទួលបានកម្ចីដែលមានការធានា និងលើកឡើងពីតួនាទីដ៏សំខាន់របស់ CGCC ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈយន្តការធានាឥណទាន។ លើសពីនេះលោកស្រីក៏បានចែករំលែកការយល់ដឹងបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដែលអាចជួយកាត់បន្ថយបន្ទុក ការទាមទារនូវទ្រព្យធានាសម្រាប់អាជីវកម្ម ដើម្បីបង្កើនឱកាសក្នុងការទទួលបានកម្ចីពីធនាគារផងដែរ។

 

CGCC ចូលរួមក្នុងសន្និសីទ ACSIC លើកទី ៣៨ ក្រោមប្រធានបទ “Strengthening Global Credit Guarantee Ecosystem Through Cooperation, Innovation and Resilience” នៅទីក្រុង ម៉ុមបៃ ប្រទេសឥណ្ឌា

កាលពីថ្ងៃទី២២ ដល់ទី២៥ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ CGCC អមដំណើរដោយថ្នាក់ដឹកនាំ និងបុគ្គលិករបស់​ CGCC និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានអញ្ជើញចូលរួមក្នុងសន្និសីទ The Asian Credit Supplementation Institution Confederation (ACSIC) លើកទី ៣៨ ក្រោមប្រធានបទ “Strengthening Global Credit Guarantee Ecosystem Through Cooperation, Innovation and Resilience” នៅទីក្រុង ម៉ុមបៃ ប្រទេសឥណ្ឌា ដែលសន្និសីទនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូចំនួនប្រមាណ ១០០រូប មកពី ២០ស្ថាប័នជុំវិញពិភពលោក។

សន្និសីទនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្កើតជាវេទិកាសម្រាប់អ្នកជំនាញមកពីគ្រប់ស្ថាប័នដែលជាសមាជិកនៃ ACSIC បានចូលរួមផ្តល់មតិយោបល់ទៅវិញទៅមក និងការប្រមូលធាតុចូល ក្នុងកិច្ចសន្ទនា
ជាសកល អំពីប្រព័ន្ធធានាឥណទាន ព្រមទាំងជាឱកាសសម្រាប់អ្នកចូលរួមគ្រប់រូបបានសិក្សាស្វែងយល់បន្ថែមអំពីការរៀបចំយន្តការនៃការផ្តល់ និងទទួលបានហិរញ្ញប្បទាន ការគ្រប់គ្រងហានិភ័យ ការប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយលក្ខណៈនវានុវត្តន៍ក្នុងការគ្រប់គ្រង និងរៀបចំប្រព័ន្ធធានាឥណទានឱ្យកាន់តែប្រសើរ។ ជាពិសេសនោះគឺជា វេទិកានៃការផ្សារភ្ជាប់គ្នារវាងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុជាច្រើនរូបមកពីបណ្តាជាប្រទេសជាសមាជិក ក្នុងការបង្កើនទំនាក់ទំនង ដើម្បីកិច្ចសហប្រតិបត្តិការអនាគតរួមគ្នា​ សម្រាប់ការចូលរួមពង្រឹងប្រព័ន្ធធានាឥណទានជាសកលឱ្យកាន់តែប្រសើរ។

CGCC ក្នុងនាមជាសមាជិកមួយរបស់ ACSIC មានក្តីសោមនស្សដែលបានចូលរួមនូវវេទិកាអន្តរជាតិនេះ ដើម្បីបន្តសិក្សាស្វែងយល់អំពីប្រព័ន្ធធានាឥណទានជាសកល ក្នុងគោលដៅធានាឱ្យបាននូវការបង្កើនលទ្ធភាពទទួលបាននូវហិរញ្ញប្បទាន សម្រាប់ម្ចាស់អាជីវកម្ម
ធុនមីក្រូ តូច និងមធ្យម ដើម្បីជាផ្នែកមួយនៃការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន៕