តើសញ្ញាបណ្ណជាអ្វី? ចុះបើសញ្ញាបណ្ណមានការធានា?
សញ្ញាបណ្ណគឺជាបណ្ណបំណុលដែលផ្តល់ការប្រាក់ និងមានឥណប្រតិទានចាប់ពី១ឆ្នាំឡើងទៅ។ សញ្ញាបណ្ណគឺជាឧបករណ៍ហិរញ្ញប្បទានមួយប្រភេទ ដែលគេសង្កេតឃើញមាន ៣ប្រភេទគឺ សញ្ញាបណ្ណធម្មតា សញ្ញាបណ្ណមានវត្ថុធានា និងសញ្ញាបណ្ណមានការធានា។ សញ្ញាបណ្ណត្រូវបានគេរៀបចំឱ្យមានលក្ខណៈងាយស្រួលក្នុងការជួញដូរ និងជាទូទៅបោះផ្សាយដោយក្រុមហ៊ុន រដ្ឋាភិបាលនិងអ្នកបោះផ្សាយសម្រាប់គោលបំណងពិសេស។ សញ្ញាបណ្ណក៏ជាទ្រព្យមួយប្រភេទ ដែលអ្នកវិនិយោគជាច្រើនដូចជា ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនបរធនបាល និងធនាគារកណ្តាលជាដើមតែងមាននៅក្នុងផលបត្រវិនិយោគរបស់ពួកគេ។
ខណៈដែលការប្រាក់របស់សញ្ញាបណ្ណមានច្រើនប្រភេទ នៅកម្ពុជាយើងសង្កេតឃើញមានសញ្ញាបណ្ណដែលមានការប្រាក់ថេរ និងអណ្តែតនៅលើទីផ្សារ។ សញ្ញាបណ្ណការប្រាក់ថេរផ្តល់នូវការទូទាត់ការប្រាក់ក្នុងចំនួនដូចៗគ្នាក្នុងរយៈពេលទៀងទាត់មួយ ដែលអាចជារៀងរាល់ខែ ត្រីមាស ឆមាស ឬឆ្នាំ។ ចំណែកសញ្ញាបណ្ណការប្រាក់អណ្តែតវិញផ្តល់នូវការប្រាក់ទីផ្សារយោង (MRR) ណាមួយបូកជាមួយនឹងគម្លាតការប្រាក់អ្នកបោះផ្សាយ (issuer-specific spread) ដែលជាគម្លាតឥណទាន (credit spread)។ សញ្ញាបណ្ណអាចបោះផ្សាយជារូបិយបណ្ណច្រើនប្រភេទ។ សញ្ញាបណ្ណដែលទូទាត់ការប្រាក់និងប្រាក់ដើមជារូបិយបណ្ណតែមួយហៅថាសញ្ញាបណ្ណរូបិយបណ្ណទោល (single currency)។ សញ្ញាបណ្ណដែលទូទាត់ការប្រាក់ជារូបិយបណ្ណមួយ ហើយទូទាត់ប្រាក់ដើមជារូបិយបណ្ណមួយផ្សេងទៀត ហៅថាសញ្ញាបណ្ណរូបិយបណ្ណទ្វេ (dual currency)។ នៅកម្ពុជា សញ្ញាបណ្ណត្រូវចារឹកជាប្រាក់រៀល តែអាចទូទាត់ជាប្រាក់ដុល្លារបាន។
សញ្ញាបណ្ណមានការធានាមានការប្រាក់និងប្រាក់ដើមត្រូវបានធានាថាទូទាត់សងដោយភាគីទីបីណាមួយ នៅពេលអ្នកបោះផ្សាយខកខានមិនបានសងបំណុល។ ភាគីទីបីដែលជាបុគ្គលធានា គឺអាចជារដ្ឋាភិបាល ក្រុមហ៊ុនឯកជន ក្រុមហ៊ុនធានារ៉ាប់រង ឬក្រុមហ៊ុនមេរបស់អ្នកបោះផ្សាយនោះ។ បុគ្គលធានាផ្តល់ការធានាដល់អ្នកវិនិយោគលើសញ្ញាបណ្ណលើហានិភ័យឥណទានរបស់អ្នកបោះផ្សាយ នៅពេលអ្នកបោះផ្សាយខកខានក្នុងការបំពេញកាតព្វកិច្ចសងទាន់ពេលវេលានូវការប្រាក់ និង/ឬប្រាក់ដើមនៅក្នុងរយៈកាលរបស់សញ្ញាបណ្ណ។ សំណងនេះអាចបង្កើនទំនុកចិត្តរបស់វិនិយោគិន និងអាចធ្វើឱ្យសញ្ញាបណ្ណមានការធានា មានការប្រាក់ទាប ប៉ុន្តែអ្នកបោះផ្សាយត្រូវបង់កម្រៃធានា ដែលអត្រានៃកម្រៃនោះស្ថិតលើស្ថានភាពហានិភ័យរបស់ពួកគេផ្ទាល់។ ជាមួយនឹងការធានានេះ សញ្ញាបណ្ណដែលត្រូវបោះផ្សាយនឹងទទួលបានចំណាត់ថ្នាក់ឥណទានស្មើនឹងចំណាត់ថ្នាក់ឥណទានរបស់បុគ្គលធានា។ ហេតុនេះ ការធានាសញ្ញាបណ្ណផ្តល់ជម្រើសវិនិយោគមួយដែលមានសុវត្ថិភាពជាងដល់អ្នកវិនិយោគ ហើយផ្តល់ជម្រើសហិរញ្ញប្បទានដែលមានចំណាយការប្រាក់ទាបជាងដល់អ្នកបោះផ្សាយ។
ទោះជាយ៉ាងណា ការធានាសញ្ញាបណ្ណនឹងទាមទារនូវលក្ខខណ្ឌ (covenant) តម្រូវ និងកញ្ចប់ធានា/វត្ថុធានា (security package) ពីអ្នកបោះផ្សាយ ផ្អែកតាមការសិក្សាវាយតម្លៃ។ បុគ្គលធានាវាយតម្លៃអ្នកបោះផ្សាយជាចម្បងលើស្ថានភាពហិរញ្ញវត្ថុ អភិបាលកិច្ចសាជីវកម្ម និងផែនការធុរកិច្ចអនាគតជាដើម។ បុគ្គលធានាក៏ចុះត្រួតពិនិត្យការបំពេញកាតព្វកិច្ចតាមច្បាប់ ដោយធ្វើការជួបផ្ទាល់នៅទីតាំងរបស់អ្នកបោះផ្សាយ ដើម្បីសិក្សាលម្អិតលើស្ថានភាពហិរញ្ញវត្ថុ ប្រតិបត្តិការ គតិយុត្ត ពន្ធដារ និងផ្នែកផ្សេងៗទៀត។ បន្ទាប់ពីបញ្ចប់ដំណើរការនេះ បុគ្គលធានាអាចធ្វើការសន្និដ្ឋានបានថាតើអាចផ្តល់ការធានា សញ្ញាបណ្ណឬយ៉ាងណា ហើយត្រូវកំណត់លក្ខខណ្ឌតម្រូវនិងកញ្ចប់ធានា/វត្ថុធានាយ៉ាងណាខ្លះ។ លក្ខខណ្ឌតម្រូវគឺជាលក្ខខណ្ឌគតិយុត្តនៃកិច្ចសន្យាដែលអ្នកបោះផ្សាយត្រូវអនុលោមតាម ហើយជាទូទៅគឺពាក់ព័ន្ធនឹងការកំណត់ផ្នែកហិរញ្ញវត្ថុដែលអាចជា ការកម្រិតលើអនុបាតលីវើរ៉េច កម្រិតអប្បបរមានៃអនុបាតលទ្ធភាពសងបំណុល និងអនុបាតប្រុងប្រយ័ត្នផ្សេងទៀតដូចជា អនុបាតសន្ទនិយភាព អនុបាតសាធនភាព អនុបាតឥណទានមិនដំណើរការនិងអនុបាតផ្សេងទៀតកំណត់ដោយធនាគារកណ្តាល ប្រសិនបើអ្នកបោះផ្សាយគឺជាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ចំពោះកញ្ចប់ធានាឬវត្ថុធានាគឺជាទ្រព្យដែលមានគុណភាពនិងតម្លៃដែលគាំទ្រដល់ការជំពាក់របស់អ្នកបោះផ្សាយ ដែលអាចជាប្រាក់បញ្ញើនៅធនាគារ អចលនវត្ថុ ការធានាផ្ទាល់ខ្លួន មូលនិធិរក្សាទុកដោយឡែកជាដើម។ ជាងនេះទៅទៀត ការធានាសញ្ញាបណ្ណក៏តម្រូវឱ្យមានឯកសារគតិយុត្តមួយចំនួន ដែលក្នុងនោះចែងពីលក្ខខណ្ឌនិងការកំណត់អំពីការធានានិងការទាមទារសងត្រឡប់។
ខណៈដែលបុគ្គលធានាផ្តល់ការសន្យាលើទំនួលខុសត្រូវនៃបំណុលជំនួសឱ្យអ្នកបោះផ្សាយ បុគ្គលធានាក៏អាចស្វែងរកបុគ្គលធានាផ្សេងទៀតដើម្បីបែងចែកហានិភ័យផងដែរ។ ការធានាបន្តនេះអនុញ្ញាតឱ្យបុគ្គលធានាទាំងពីរទទួលបានចំណែកអ៊ិចស្ប៉ូស័រទៅតាមកម្រិតហានិភ័យទទួលយកបានរបស់ខ្លួន។ នៅកម្ពុជា សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គឺជាអង្គភាពដំបូងនិងតែមួយដែលបានទទួលស្គាល់ជាបុគ្គលធានាសញ្ញាបណ្ណដោយនិយ័តករមូលបត្រកម្ពុជា។ ការធានាសញ្ញាបណ្ណរបស់ CGCC រួមមានការធានាទាំងស្រុងដោយ CGCC និងការធានាបន្ត។ ចំពោះការធានាទាំងស្រុង CGCC ធ្វើការធានាដោយឥតលក្ខខណ្ឌនិងមិនអាចលុបបានលើទំហំសញ្ញាបណ្ណបោះផ្សាយ ១០០ភាគរយ និងលើការប្រាក់។ នៅពាក់កណ្តាលឆ្នាំ២០២៤ CGCC បានបោះជំហានដ៏សំខាន់មួយក្នុងការជំរុញបេសកកម្មធានាសញ្ញាបណ្ណ ដោយបានផ្តួចផ្តើមកិច្ចសហប្រតិបត្តិការជាមួយ Private Infrastructure and Development Group (PIDG) និង GuarantCo Ltd ដែលជាបុត្រសម្ព័ន្ធរបស់ PIDG ។ ស្ថាប័នទាំងបីបានព្រមព្រៀងធ្វើប្រតិបត្តិការធានាបន្តលើសញ្ញាបណ្ណបោះផ្សាយនៅកម្ពុជាដើម្បីគាំទ្រការអភិវឌ្ឍន៍ទីផ្សារសញ្ញាបណ្ណក្នុងស្រុក។
ដោយហេតុថា ការធានាសញ្ញាបណ្ណរបស់ CGCC នឹងផ្តល់ដល់សញ្ញបណ្ណបោះផ្សាយក្នុងទំហំទាបបំផុតត្រឹម ៨ពាន់លានរៀល (ប្រមាណ ២លានដុល្លារអាមេរិក) សហគ្រាសនិងសាជីវកម្មដែលត្រូវការទុនអាចពិចារណាបោះផ្សាយសញ្ញាបណ្ណ ជាជម្រើសបន្ថែមលើកម្ចីពីធនាគារ។ សហគ្រាសនិងសាជីវកម្ម ជាមួយទីប្រឹក្សាហិញ្ញវត្ថុ ឬក្រុមហ៊ុនមូលបត្រដែលធានាទិញសញ្ញាបណ្ណ អាចរៀបចំរយៈកាលរបស់សញ្ញាបណ្ណ អត្រាការប្រាក់ ការសងប្រាក់ដើម និងលក្ខខណ្ឌផ្សេងទៀត ទៅតាមការដែលខ្លួនចង់បាន។ ជាមួយគ្នានេះដែរ CGCC មិនបានកំណត់ការធានាសញ្ញាបណ្ណទៅត្រឹមវិស័យណាមួយនោះទេ ដូច្នេះរាល់សំណើពីអ្នកមានបំណងបោះផ្សាយនឹងត្រូវបើកទូលាយក្នុងការទទួលយកមកសិក្សាវាយតម្លៃ៕

អាននិងទាញយកជា PDF: https://www.cgcc.com.kh/wp-content/uploads/2025/06/Understanding-Bond-Guarantee.pdf













