
CGCC ចូលរួមចែករំលែកអំពីហិរញ្ញប្បទានបៃតង និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ពង្រឹងការអនុវត្តឧស្សាហកម្មបៃតងដែលឆ្លើយតបនឹងយេនឌ័រអោយកាន់តែប្រសើរឡើង” នៅឯខេត្តកំពត
ខែមករា 31, 2025ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅឯខេត្តកំពត លោកស្រី ពិន ម៉ានីកា ប្រធានការិយាល័យផ្នែកទីផ្សារ និងអភិវឌ្ឍអាជីវកម្មរបស់ CGCC បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ពង្រឹងការអនុវត្តឧស្សាហកម្មបៃតង ដែលឆ្លើយតបនឹងយេនឌ័រឱ្យកាន់តែប្រសើរឡើង” នៅថ្នាក់ជាតិ ដែលជាគម្រោងសហការរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងក្រសួងកិច្ចការនារី (MoWA) និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) និងក្រោមការគាំទ្រពី ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចរបស់សហពន្ធ័អាល្លឺម៉ង់ (BMZ) ក្នុងគោលបំណង ពង្រឹងការចូលរួម និងសមត្ថភាពពីក្រសួងស្ថាប័នពាក់ពន្ធ័ ក្នុងការរៀបចំ និងអនុវត្តគោលនយោបាយសេដ្ឋកិច្ចបៃតង និងឧស្សាហកម្មបៃតងដែលឆ្លើយតបនឹងយេនឌ័រ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោកស្រី ពិន ម៉ានីកា បានចែករំលែកក្នុងនាមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងវគ្គទី៥ ដែលផ្តោតលើ ការវិនិយោគសំខាន់ៗនៅក្នុងឧស្សាហកម្មបៃតងដែលឆ្លើយតបនឹងយេនឌ័រ ដោយលោកស្រីបានចែករំលែកអំពីយន្តការធានាឥណទានរបស់ CGCC ដើម្បីគាំទ្រដល់ហិរញ្ញប្បទានបៃតង និងបរិយាបន្នហិរញ្ញវត្ថុ។
សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះបានទទួលនូវជំនាញសំខាន់ៗ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចបៃតងដែលប្រកាន់យកយេនឌ័រ និងជំរុញការផ្លាស់ប្តូរចំណេះដឹង។ CGCC ក៏មានមោទនភាពផងដែរ ដែលបានចូលរួមចែករំលែកនូវសារៈសំខាន់នៃយន្តការធានាឥណទាន សម្រាប់ការចូលរួមអភិវឌ្ឍគោលនយោបាយសេដ្ឋកិច្ចបៃតង និងឧស្សាហកម្មបៃតងដ៏មានសារៈសំខាន់ ដើម្បីការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព៕