CGCC

អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា៖ វិស័យស្រូវអង្ករ ត្រូវបានចាត់ទុកជាវិស័យអាទិភាព សម្រាប់ការជួយធានាឥណទាន

(ភ្នំពេញ)៖ លោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានថ្លែងអះអាងថា វិស័យស្រូវអង្ករ ត្រូវបានចាត់ទុកជាវិស័យអាទិភាព សម្រាប់ការធានាឥណទានរបស់ CGCC។

លោកបានបញ្ជាក់ថា ដោយគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ CGCC បានធានាឥណទាននៅក្នុងវិស័យស្រូវអង្ករចំនួន ១៣៧ គណនី គិតជាទំហំទឹកប្រាក់ជាង ៣០លានដុល្លារ និងបានដាក់ចេញនូវគម្រោងជាក់លាក់ចំពោះការនាំចេញស្រូវអង្ករកម្ពុជា។

លោកបញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំ២០២៥នេះ CGCC បង្កើតទំហំធានាឥណទាននៅក្នុងវិស័យស្រូវអង្កររហូតដល់ ៥០លានដុល្លារ។

ការលើកឡើងរបស់លោក ណូ លីដា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ដែលរៀបចំដោយក្រសួងកសិកម្ម និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៕

សូមស្តាប់ការពន្យល់របស់លោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា

Credit to: Fresh News, Published on 15 January 2025

 

CGCCនិងសភាពាណិជ្ជកម្មកម្ពុជា (CCC) សហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរលើកកម្ពស់សមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុរបស់ សហគ្រាសធុនតូច និងមធ្យម” នៅឯខេត្តព្រះសីហនុ

នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរលើកកម្ពស់សមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុរបស់ សហគ្រាសធុនតូច និងមធ្យម” នៅឯខេត្តព្រះសីហនុ  ក្រោមកិច្ចសហការចូលរួមពី សភាពាណិជ្ជកម្មមណ្ឌលខេត្តព្រះសីហនុ ដែលក្នុងនោះមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួន និងបណ្តាសហគ្រិនដែលជាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម នៅក្នុងខេត្តព្រះសីហនុ ប្រមាណ ៣០រូប។

វគ្គបណ្តុះបណ្តាលនេះទទួលបានការអញ្ជើញចូលរួមជាអធិបតីពី លោកឧកញ៉ា​ តាន់ តាត់  ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តព្រះសីហនុ លោកណូ លីដា អគ្គនាយករង CGCC ​លោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍អាជីវកម្ម នៃ​ CGCC និងព្រមទាំងមានការធ្វើបទបង្ហាញពីលោកសែ គឹមវាសនា បុគ្គលិកជំនាញជាន់ខ្ពស់ផ្នែកទីផ្សារ និងទំនាក់ទំនង​ នៃ​ CGCC  និងអ្នកតំណាងនៃ ធនាគារ ABA និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ផងដែរ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សហគ្រិននៃអាជីវកម្មខ្នាតតូចនិងមធ្យម បានយល់ដឹងអំពីអត្ថប្រយោជន៍នៃការធានាឥណទាន និងជាពិសេសបានយល់ពីការត្រៀមខ្លួនទទួលបានកម្ចីរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថ យល់ដឹងពីរបៀបប្រើប្រាស់កម្ចីប្រកបដោយការទទួលខុសត្រូវ និងត្រឹមត្រូវ និងទទួលបានឱកាសអនុវត្តផ្ទាល់ និងទទួលបានមតិយោបល់កែលម្អពីគ្រូបង្គោល/អ្នកជំនាញតាមរយៈក្រុមពិភាក្សា លើប្រធានបទការត្រៀមខ្លួនដើម្បីទទួលបានកម្ចី។

CGCC ចូលរួមក្នុងកិច្ចពិភាក្សាលើ ហិរញ្ញវត្ថុសម្រាប់អាជីវកម្មធុនតូច និងមធ្យម

នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នៅការិយាល័យសហគ្រិនខ្មែរ លោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្មនៃ CGCC  បានចូលរួមជាវាគ្មិនកិត្តិយសមួយរូបក្នុងកិច្ចពិភាក្សាលើប្រធានបទ “ហិរញ្ញវត្ថុសម្រាប់អាជីវកម្មធុនតូច និងមធ្យម” ដែលត្រូវបានរៀបចំឡើងនៅក្នុងជំនួបលើកចុងក្រោយ នៃកម្មវិធី​ហិរញ្ញវត្ថុសម្រាប់អាជីវកម្ម រដូវកាលទី២ ដោយសហគ្រិនខ្មែរ។

តាមរយៈកិច្ចពិភាក្សានេះ លោក យុន ផន បានចែករំលែកអំពីយន្តការធានាឥណទាន និងអត្ថប្រយោជន៍សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការពីគ្រឹះស្ថានហិរញ្ញវត្ថុ តាមរយៈសេវាកម្ម និងផលិតផលរបស់ CGCC ដែលរួមមាន ការធានាលើកម្ចីអាជីវកម្ម ការធានាសញ្ញាប័ណ្ណ និងកម្មវិធីកសាងសមត្ថភាពសម្រាប់សហគ្រិនរបស់ CGCC ដើម្បីជួយអភិវឌ្ឍអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា។

សហគ្រិនដែលជាម្ចាស់អាជីវកម្មទាំងអស់ មិនត្រឹមតែបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការស្វែងយល់ពីការចែករំលែករបស់វាគ្មិនកិត្តិយស ទៅលើទិដ្ឋភាព និងនិន្នាការនៃហិរញ្ញប្បទានសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា​ រួមទាំងបញ្ហាប្រឈម និងដំណោះស្រាយប៉ុណ្ណោះទេ តែថែមទាំងមានឱកាសបានលើកឡើងនូវសំណួរនានាដែលពួកគាត់បាននិងកំពុងជួបប្រទះ ដើម្បីទទួលបានអនុសាសន៍ពីវាគ្មិនយកទៅកែលម្អលើប្រតិបត្តិការអាជីវកម្ម និងពង្រីកចំណេះដឹងហិរញ្ញវត្ថុ ដែលជាមូលដ្ឋានគ្រឹះក្នុងការបង្កើនលទ្ធភាពអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន សម្រាប់ការទទួលបានហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះនានា៕

 

CGCC ចូលរួមចែករំលែកអំពីហិរញ្ញប្បទានបៃតង និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ពង្រឹងការអនុវត្តឧស្សាហកម្មបៃតងដែលឆ្លើយតបនឹងយេនឌ័រអោយកាន់តែប្រសើរឡើង”

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅឯមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាពស្រ្តី លោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងកិច្ចសហប្រតិបត្តិការរបស់ CGCC បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ពង្រឹងការអនុវត្តឧស្សាហកម្មបៃតង ដែលឆ្លើយតបនឹងយេនឌ័រឱ្យកាន់តែប្រសើរឡើង” នៅថ្នាក់ជាតិ ដែលជាគម្រោងសហការរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងក្រសួងកិច្ចការនារី (MoWA) និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) និងក្រោមការគាំទ្រពី ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចរបស់សហពន្ធ័អាល្លឺម៉ង់ (BMZ)  ក្នុងគោលបំណង ពង្រឹងការចូលរួម និងសមត្ថភាពពីក្រសួងស្ថាប័នពាក់ពន្ធ័ ក្នុងការរៀបចំ និងអនុវត្តគោលនយោបាយសេដ្ឋកិច្ចបៃតង និងឧស្សាហកម្មបៃតងដែលឆ្លើយតបនឹងយេនឌ័រ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោកស្រី សាន សុខរីណា បានចែករំលែកក្នុងនាមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងវគ្គទី៥ ដែលផ្តោតលើ ការវិនិយោគសំខាន់ៗនៅក្នុងឧស្សាហកម្មបៃតងដែលឆ្លើយតបនឹងយេនឌ័រ  ដោយលោកស្រីបានចែករំលែកអំពីយន្តការធានាឥណទានរបស់ CGCC ដើម្បីគាំទ្រដល់ហិរញ្ញប្បទានបៃតង និងបរិយាបន្នហិរញ្ញវត្ថុ។

សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះបានទទួលនូវជំនាញសំខាន់ៗ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចបៃតងដែលប្រកាន់យកយេនឌ័រ និងជំរុញការផ្លាស់ប្តូរចំណេះដឹង។ CGCC ក៏​មាន​មោទនភាព​ផងដែរ ដែលបាន​ចូលរួមចែករំលែកនូវសារៈសំខាន់នៃយន្តការធានាឥណទាន សម្រាប់ការចូលរួមអភិវឌ្ឍគោលនយោបាយសេដ្ឋកិច្ចបៃតង និងឧស្សាហកម្មបៃតងដ៏មានសារៈសំខាន់ ដើម្បីការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព៕

CGCC ចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធី លុយខ្ញុំ ជីវិតខ្ញុំ របស់វិទ្យុស្រ្តីកម្ពុជា គាំទ្រដោយសមាគមធនាគារនៅកម្ពុជា

នាថ្ងៃទី១៩​ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី ពិន ម៉ានីកា ប្រធានការិយាល័យទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្មនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងកម្មវិធី លុយខ្ញុំ ជីវិតខ្ញុំ ដែលផលិតដោយ វិទ្យុស្ត្រី គាំទ្រដោយ សមាគមធនាគារនៅកម្ពុជា (ABC) ដែលប្រធានបទនៃកម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជនទាក់ទងនឹងCGCC, លក្ខខណ្ឌ និងនីតិវិធីដើម្បីទទួលបានការធានា និងជាពិសេសគឺអត្ថប្រយោជន៍​នៃយន្តការធានាឥណទានសម្រាប់អាជីវកម្ម។ 

 

តាមរយៈកម្មវិធីនេះ លោកស្រីម៉ានីកា បានចូលរួមចែករំលែកអំពីតួនាទី ផលិតផល និងសេវាកម្មរបស់ CGCC ដើម្បីបញ្ជ្រាបឱ្យសាធារណជនបានស្គាល់អំពី CGCC កាន់តែច្បាស់ និងអាចឱ្យម្ចាស់អាជីវកម្មអាចទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់សេវាធានាឥណទាន តាមរយៈការស្នើសុំកម្ចីទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុធនាគារ/មីក្រូហិរញ្ញវត្ថុ ដែលជាដៃគូរបស់ CGCC ក្នុងករណីខ្វះឬមិនមានទ្រព្យធានាគ្រប់គ្រាន់។ មិនតែប៉ុណ្ណោះ លោកស្រីក៏បានលើកយកករណីជោគជ័យ នៃសហគ្រិនស្រ្តីមួយរូប ដែលបានស្នើកម្ចីពីគ្រឹះស្ថានធនាគារដៃគូរបស់ CGCC ដែលមានការធានាពី CGCC ដែលបានជួយពង្រីកលទ្ធភាពទទួលបានកម្ចី ក្នុងការប្រើប្រាស់ចាំបាច់។ បន្ថែមពីលើនេះ លោកស្រីក៏បានចែករំលែកអំពីការចូលរួមរបស់ CGCC លើការកសាងសមត្ថភាព និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម ដែលជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពនានារបស់ CGCC។

ជាអនុសាសន៍និងសំណូមពរ ដល់សហគ្រាស និងម្ចាស់អាជីវកម្ម (SMEs) លោកស្រីបានលើកទឹកចិត្តឱ្យពួកគាត់គួរតែត្រៀមខ្លួនអោយបានល្អ ក្នុងការទទួលកម្ចីផ្លូវការ តាមរយៈការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងតាមស្តង់ដារ ដើម្បីអាចអភិវឌ្ឍខ្លួនឱ្យបានវែងឆ្ងាយទៅជាក្រុមហ៊ុនអាជីវកម្មស្តង់ដារ និងសំណូមពរដល់គ្រឹះស្ថានហិរញ្ញវត្ថុដៃគូរបស់ CGCC ឱ្យបន្តផ្សព្វផ្សាយបន្ថែមដល់បុគ្គលិក និងសាខាទាំងអស់ អំពីសេវាធានាឥណទានរបស់CGCC ដែលអាចជួយសម្រួលតម្រូវការទ្រព្យធានា និងជំរុញលទ្ធភាពទទួលបានកម្ចីផ្លូវការរបស់ SME៕

 

CGCC ចូលរួមកម្មវិធីកិច្ចសន្ទនាកាហ្វេថ្ងៃសុក្រ (Friday Coffee Talk)

នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤  លោក ណូ លីដា អគ្គនាយក CGCC និងសហការី បានចូលរួមកម្មវិធីកិច្ចសន្ទនាកាហ្វេថ្ងៃសុក្រ (Friday Coffee Talk) ដែលរៀបចំដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដោយធ្វើការជជែកពិភាក្សាទៅលើប្រធានបទស្ដីពី “ការទទួលបានមូលធនតាមរយៈសញ្ញាបណ្ណមានការធានាពី​ CGCC” ដោយមាន លោក​ ណូ លីដា ជាវាគ្មិនកិត្តិយសមួយរូប និងវាគ្មិនកិត្តិយស២រូបទៀត គឺលោក អ៊ីវ គីមសួរ អគ្គនាយកនៃក្រុមហ៊ុន APM (Cambodia) និងលោក សេង ចាន់ធឿន នាយកប្រតិបត្តិនៃ ក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប (RGS)។

ការជជែកពិភាក្សា បានផ្ដោតសំខាន់ទៅលើការត្រៀមខ្លួនបែបណាដើម្បីធ្វើឱ្យអាជីវកម្មមានស្តង់ដារ​ សារៈសំខាន់នៃការទទួលបានមូលធនតាមរយៈ​សញ្ញាបណ្ណ ការស្វែងយល់អំពីសាជីវកម្មធានាឥណទានកម្ពុជា នីតិវិធីក្នុងការទទួលបានការធានាពីសាជីវកម្មធានាឥណទានកម្ពុជា និងបញ្ហាមួយចំនួនទៀតដែលបានលើកឡើងដោយអ្នកចូលរួមដែលជាម្ចាស់អាជីវកម្ម៕

កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តកោះកុង

កាលពីថ្ងៃទី០៩ ខែធ្នូ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយ លោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍអាជីវកម្ម បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តគម្រោងធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC រួមមាន៖

– នៅខេត្តកំពង់ស្ពឺ រួមមាន ធនាគារកាណាឌីយ៉ា ធនាគារព្រីនស៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC
– នៅខេត្តព្រះសីហនុ រួមមាន ធនាគារ FTB ធនាគារ ABA និងធនាគារព្រីនស៍
– នៅកោះកុង រួមមាន ធនាគារអេស៊ីលីដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC និងធនាគារ ABA

កិច្ចពិភាក្សាជាមួយ PFIs របស់ CGCC នៅខេត្តទាំងបី ដែលជាខេត្តមានសក្តានុពលនៃអាជីវកម្មរបស់សហគ្រាសខ្នាតតូចនិងមធ្យមនេះ គឺជាឱកាសមួយដ៏ពិសេសសម្រាប់ទាំង CGCC និង PFIs ក្នុងការស្វែងយល់អំពីអត្ថប្រយោជន៍នៃការធានាឥណទាន និងឱកាសដែល PFIs អាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានសក្តានុពល និងមានតម្រូវការកម្ចី តែប្រឈមនឹងបញ្ហាខ្វះទ្រព្យធានា៕  

កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) វគ្គទី៣ នៃឆ្នាំ២០២៤

ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានរៀបចំកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) វគ្គទី៣ នៃឆ្នាំ២០២៤ ស្តីអំពី “ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs)” ដែលមានការចូលរួមពីសិក្ខាកាមដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមសរុបប្រមាណ៥០រូប ក្នុងនោះមាន ​៦៥% ជាសហគ្រិនស្រ្តី និងរួមទាំងនិស្សិតប្រមាណ១០រូប នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)។

កម្មវិធី EPIC វគ្គទី៣នៃឆ្នាំ ២០២៤នេះ ត្រូវបានចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ សម្រាប់ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួមជូនដល់សិក្ខាកាម គ្រូបណ្តុះបណ្តាល និងវាគ្មិនកិត្តិយសទាំងអស់ ពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត (ក្រុមទី៦) នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងក្រោមចូលរួមជាគណអធិបតីពីសំណាក់ លោកជំទាវ យូ បូរី អនុប្រធានសមាគមស្រ្តីកម្ពុជា, លោក ណូ លីដា អគ្គនាយក CGCC, លោកស្រី ហង់ ជួ​ន ណារីតា នាយិកានាយកដ្ឋានសេវាកម្មធនាគារផ្នែកសាជីវកម្ម នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, លោក ពា វណ្ណឆាយ នាយកផ្នែកសហគ្រាសធុនតូចនិងមធ្យម នៃនាយកដ្ឋានធនាគារសាជីវកម្ម នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងគណៈគ្រប់គ្រង នៃCGCC និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

តាមរយៈ EPIC វគ្គទី៣ នៃឆ្នាំ២០២៤នេះ សិក្ខាកាមទាំងអស់បានស្វែងយល់អំពី “ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs)” ដែលត្រូវបានចែករំលែកដោយ លោកស្រី សែម ស្រីតូច នាយិកាប្រតិបត្តិ និងស្ថាបនិកសហគ្រាស អ៊ីភីអិល ផូលីនែត និងជាប្រធានសមាគមទឹកឃ្មុំកម្ពុជាដែលលោកស្រីបានចែករំលែកនូវឧបករណ៍ឌីជីថល ដើម្បីសម្រួលដល់ប្រតិបត្តិការអាជីវកម្ម, របៀបប្រើប្រាស់ឧបករណ៍ឌីជីថល ដើម្បីបង្កើនការលក់ ការគ្រប់គ្រងផ្នែកលក់និងអាជីវកម្ម ទំនាក់ទំនងអតិថិជន ការផ្សព្វផ្សាយផលិតផលឬសេវាកម្ម ការការពារការគំរាមកំហែងសន្តិសុខសាយប័រ និងចែករំលែកអំពីវិធីសាស្រ្តក្នុងការសម្របខ្លួនទៅនឹងនិន្នាការទីផ្សារនាពេលអនាគត និងឌីជីថលនីយកម្ម ដើម្បីរក្សាការប្រកួតប្រជែង និងនិរន្តរភាពនៃអាជីវកម្ម។  សិក្ខាកាមទាំងអស់ ក៏បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងផ្ទាល់ខ្លួន ពីគ្នាទៅវិញទៅមក តាមរយៈវេទិកាពិភាក្សាជាក្រុមទៅលើប្រធានបទជុំវិញសារៈសំខាន់នៃការប្រើប្រាស់ឧបករណ៍ និងប្រព័ន្ធឌីជីថល បញ្ហាប្រឈមក្នុងការផ្លាស់ប្តូរទៅរកការប្រើប្រាស់ប្រព័ន្ធឌីជីថល និងសំណូមពរឬសំណើនានា។

បន្ថែមពីនេះ សិក្ខាកាមក៏ទទួលបានស្វែងយល់អំពី “យន្តការធានាឥណទាន ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់   សហគ្រាសធុនតូច និងមធ្យម”  តាមរយៈបទបង្ហាញដោយ លោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការនៃ CGCC។ ស្របជាមួយនឹងយន្តការធានាឥណទាន លោក ប៉ូច ពិសាល ប្រធានផ្នែកទំនាក់ទំនងអតិថិជន ផ្នែកសហគ្រាសធុនតូច និងមធ្យម នៃ ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ក៏បានចែករំលែកអំពី “ដំណើរការវាយតម្លៃឥណទាន និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អាជីវកម្ម និងជាពិសេសការគាំទ្រដល់សហគ្រិនស្រ្តីផងដែរ”។

ការកសាងសមត្ថភាពសហគ្រិន គឺជាការងារអាទិភាពមួយរបស់ CGCC ក្នុងបេសកកម្មបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែល នឹងនាំមកនូវប្រធានបទពាក់ព័ន្ធការប្រតិ​បត្តិនិងគ្រប់គ្រងអាជីវកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ/គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕

 

កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) វគ្គទី៣ នៃឆ្នាំ២០២៤ ផ្តោតលើ ប្រតិបត្តិការអាជីវកម្ម ក្នុងយុគសម័យឌីជីថល សម្រាប់ MSMEs

(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានរៀបចំកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) វគ្គទី៣ នៃឆ្នាំ២០២៤ ស្តីអំពី «ប្រតិបត្តិការអាជីវកម្ម ក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs)» ដែលមានការចូលរួមពីសិក្ខាកាម ដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមសរុបប្រមាណ៥០រូប ក្នុងនោះមាន ៦៥% ជាសហគ្រិនស្រ្តី និងរួមទាំងនិស្សិតប្រមាណ១០រូប នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)។

កម្មវិធី EPIC វគ្គទី៣នៃឆ្នាំ ២០២៤នេះ ត្រូវបានចូលរួមជាកិត្តិយស សម្រាប់ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួម ជូនដល់សិក្ខាកាម គ្រូបណ្តុះបណ្តាល និងវាគ្មិនកិត្តិយសទាំងអស់ ពីសំណាក់បណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត (ក្រុមទី៦) នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងក្រោមចូលរួមជាគណអធិបតីពីសំណាក់ លោកស្រី យូ បូរី អនុប្រធានសមាគមស្រ្តីកម្ពុជា, លោក ណូ លីដា អគ្គនាយក CGCC, លោកស្រី ហង់ ជួន ណារីតា នាយិកានាយកដ្ឋានសេវាកម្មធនាគារផ្នែកសាជីវកម្មនៃ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, លោក ពា វណ្ណឆាយ នាយកផ្នែកសហគ្រាសធុនតូចនិងមធ្យម នៃនាយកដ្ឋានធនាគារសាជីវកម្ម នៃធនាគារជេត្រាស់ រ៉ូយ៉ាល់ និងគណៈគ្រប់គ្រង នៃCGCC និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

តាមរយៈ EPIC វគ្គទី៣ នៃឆ្នាំ២០២៤នេះ សិក្ខាកាមទាំងអស់បានស្វែងយល់អំពី «ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs)» ដែលត្រូវបានចែករំលែកដោយ លោកស្រី សែម ស្រីតូច នាយិកាប្រតិបត្តិ និងស្ថាបនិកសហគ្រាស អ៊ីភីអិល ផូលីនែត និងជាប្រធានសមាគមទឹកឃ្មុំកម្ពុជាដែលលោកស្រីបានចែករំលែកនូវឧបករណ៍ឌីជីថល ដើម្បីសម្រួលដល់ប្រតិបត្តិការអាជីវកម្ម, របៀបប្រើប្រាស់ឧបករណ៍ឌីជីថល ដើម្បីបង្កើនការលក់ ការគ្រប់គ្រងផ្នែកលក់និងអាជីវកម្ម ទំនាក់ទំនងអតិថិជន ការផ្សព្វផ្សាយផលិតផលឬសេវាកម្ម ការការពារការគំរាមកំហែងសន្តិសុខសាយប័រ និងចែករំលែកអំពីវិធីសាស្រ្តក្នុងការសម្របខ្លួនទៅនឹងនិន្នាការទីផ្សារនាពេលអនាគត និងឌីជីថលនីយកម្ម ដើម្បីរក្សាការប្រកួតប្រជែង និងនិរន្តរភាពនៃអាជីវកម្ម។

សិក្ខាកាមទាំងអស់ ក៏បានចែករំលែកនូវបទពិសោធន៍ ជាក់ស្តែងផ្ទាល់ខ្លួន ពីគ្នាទៅវិញទៅមក តាមរយៈវេទិកាពិភាក្សាជាក្រុម ទៅលើប្រធានបទជុំវិញសារៈសំខាន់នៃការប្រើប្រាស់ឧបករណ៍ និងប្រព័ន្ធឌីជីថល បញ្ហាប្រឈមក្នុងការផ្លាស់ប្តូរ ទៅរកការប្រើប្រាស់ប្រព័ន្ធឌីជីថល និងសំណូមពរឬសំណើនានា។

បន្ថែមពីនេះ សិក្ខាកាមក៏ទទួលបានស្វែងយល់អំពី «យន្តការធានាឥណទាន ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ សហគ្រាសធុនតូច និងមធ្យម» តាមរយៈបទបង្ហាញដោយ លោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការនៃ CGCC។ ស្របជាមួយនឹងយន្តការធានាឥណទាន លោក ប៉ូច ពិសាល ប្រធានផ្នែកទំនាក់ទំនងអតិថិជន ផ្នែកសហគ្រាសធុនតូច និងមធ្យម នៃ ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ក៏បានចែករំលែកអំពី «ដំណើរការវាយតម្លៃឥណទាន និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អាជីវកម្ម និងជាពិសេសការគាំទ្រដល់សហគ្រិនស្រ្តីផងដែរ»

ការកសាងសមត្ថភាពសហគ្រិន គឺជាការងារអាទិភាពមួយរបស់ CGCC ក្នុងបេសកកម្មបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែល នឹងនាំមកនូវប្រធានបទពាក់ព័ន្ធការប្រតិបត្តិ និងគ្រប់គ្រងអាជីវកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ/គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕

Credit to: Fresh News, published on 10 December 2024

 

កម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២៤ របស់បុគ្គលិក CGCC នៅកោះស្ដេច ខេត្តកោះកុង

ដើម្បីរឹតចំណងសាមគ្គីភាព បង្កើនផលិតភាពការងារ និងថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ ក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកគាំទ្រដល់ប្រតិបត្តិការនៃការធានាឥណទាន CGCC បានរៀបចំកម្មវិធីវិបស្សនា​ អមជាមួយវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព” ព្រមទាំងសកម្មភាពរឹតចំណងសាមគ្គីក្រុមការងារ (Team Building) ប្រចាំឆ្នាំ២០២៤ នៅកោះស្ដេច ខេត្តកោះកុង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។

តាមរយៈកម្មវិធីនេះ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ CGCC មានឱកាសបានស្វែងយល់ពីគ្នាទៅវិញទៅមក បង្កើតទំនាក់ទំនងល្អប្រសើរជាមួយគ្នា និងបានផ្លាស់ប្តូរបទពិសោធន៍ការងារ ក៍ដូចជាបានជួយបង្កើននូវសមត្ថភាព និងចំណេះដឹងបន្ថែមអំពីគោលគំនិត និងការអនុវត្តស្តីពីជំនាញទំនាក់ទំនងដែលប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើន​លទ្ធភាពការងារជាក្រុម ក៍ដូចជារួមចំណែកដល់ប្រតិបត្តិការ និងការអភិវឌ្ឍរបស់ CGCC ដ៏មានប្រសិទ្ធផលស្របតាមចក្ខុវិស័យក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាផងដែរ៕