
កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តកោះកុង
ខែធ្នូ 16, 2024ព្រឹត្តិការណ៍ និងសកម្មភាព
កាលពីថ្ងៃទី០៩ ខែធ្នូ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយ លោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍអាជីវកម្ម បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តគម្រោងធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC រួមមាន៖
– នៅខេត្តកំពង់ស្ពឺ រួមមាន ធនាគារកាណាឌីយ៉ា ធនាគារព្រីនស៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC
– នៅខេត្តព្រះសីហនុ រួមមាន ធនាគារ FTB ធនាគារ ABA និងធនាគារព្រីនស៍
– នៅកោះកុង រួមមាន ធនាគារអេស៊ីលីដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC និងធនាគារ ABA
កិច្ចពិភាក្សាជាមួយ PFIs របស់ CGCC នៅខេត្តទាំងបី ដែលជាខេត្តមានសក្តានុពលនៃអាជីវកម្មរបស់សហគ្រាសខ្នាតតូចនិងមធ្យមនេះ គឺជាឱកាសមួយដ៏ពិសេសសម្រាប់ទាំង CGCC និង PFIs ក្នុងការស្វែងយល់អំពីអត្ថប្រយោជន៍នៃការធានាឥណទាន និងឱកាសដែល PFIs អាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានសក្តានុពល និងមានតម្រូវការកម្ចី តែប្រឈមនឹងបញ្ហាខ្វះទ្រព្យធានា៕