CGCC

CGCC ចូលរួមកិច្ចពិភាក្សាតុមូល “ជំហានសំខាន់ៗក្នុងការត្រៀមខ្លួនដើម្បីទទួលបានកម្ចីធនាគារ”

កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោកស្រីលឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការរបស់ CGCC បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៃកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ “ជំហានសំខាន់ៗក្នុងការត្រៀមខ្លួនដើម្បីទទួលបានកម្ចីធនាគារ” ដែលត្រូវបានរៀបចំឡើងក្នុងកម្មវិធីពិព័រណ៍ផលិតផលខ្មែរ២០២៦ រៀបចំឡើងដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)​នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

កិច្ចពិភាក្សានេះរៀបចំឡើងក្នុងគោលបំណង ផ្តល់ចំណេះដឹងអំពីលក្ខខណ្ឌសំខាន់ៗ ដែលធនាគារត្រូវ និងណែនាំពីរបៀបរៀបចំឯកសារ ការត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានកម្ចី  ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យមានទំនុកចិត្ត និងចែករំលែកបទពិសោធន៍លើការស្នើសុំ និងប្រើប្រាស់កម្ចី។

ក្នុងកិច្ចពិភាក្សានេះ លោកស្រី លឹម ចាន់ធីតា បានធ្វើបទបង្ហាញស្តីពីគម្រោងធានាឥណទានរបស់ CGCC ក៏ណែនាំពីរបៀបទទួលបានកម្ចីដែលមានការធានា និងលើកឡើងពីតួនាទីដ៏សំខាន់របស់ CGCC ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈយន្តការធានាឥណទាន។ លើសពីនេះលោកស្រីក៏បានចែករំលែកការយល់ដឹងបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដែលអាចជួយកាត់បន្ថយបន្ទុក ការទាមទារនូវទ្រព្យធានាសម្រាប់អាជីវកម្ម ដើម្បីបង្កើនឱកាសក្នុងការទទួលបានកម្ចីពីធនាគារផងដែរ។

 

CGCC ចូលរួមក្នុងសន្និសីទ ACSIC លើកទី ៣៨ ក្រោមប្រធានបទ “Strengthening Global Credit Guarantee Ecosystem Through Cooperation, Innovation and Resilience” នៅទីក្រុង ម៉ុមបៃ ប្រទេសឥណ្ឌា

កាលពីថ្ងៃទី២២ ដល់ទី២៥ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ CGCC អមដំណើរដោយថ្នាក់ដឹកនាំ និងបុគ្គលិករបស់​ CGCC និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានអញ្ជើញចូលរួមក្នុងសន្និសីទ The Asian Credit Supplementation Institution Confederation (ACSIC) លើកទី ៣៨ ក្រោមប្រធានបទ “Strengthening Global Credit Guarantee Ecosystem Through Cooperation, Innovation and Resilience” នៅទីក្រុង ម៉ុមបៃ ប្រទេសឥណ្ឌា ដែលសន្និសីទនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូចំនួនប្រមាណ ១០០រូប មកពី ២០ស្ថាប័នជុំវិញពិភពលោក។

សន្និសីទនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្កើតជាវេទិកាសម្រាប់អ្នកជំនាញមកពីគ្រប់ស្ថាប័នដែលជាសមាជិកនៃ ACSIC បានចូលរួមផ្តល់មតិយោបល់ទៅវិញទៅមក និងការប្រមូលធាតុចូល ក្នុងកិច្ចសន្ទនា
ជាសកល អំពីប្រព័ន្ធធានាឥណទាន ព្រមទាំងជាឱកាសសម្រាប់អ្នកចូលរួមគ្រប់រូបបានសិក្សាស្វែងយល់បន្ថែមអំពីការរៀបចំយន្តការនៃការផ្តល់ និងទទួលបានហិរញ្ញប្បទាន ការគ្រប់គ្រងហានិភ័យ ការប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយលក្ខណៈនវានុវត្តន៍ក្នុងការគ្រប់គ្រង និងរៀបចំប្រព័ន្ធធានាឥណទានឱ្យកាន់តែប្រសើរ។ ជាពិសេសនោះគឺជា វេទិកានៃការផ្សារភ្ជាប់គ្នារវាងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុជាច្រើនរូបមកពីបណ្តាជាប្រទេសជាសមាជិក ក្នុងការបង្កើនទំនាក់ទំនង ដើម្បីកិច្ចសហប្រតិបត្តិការអនាគតរួមគ្នា​ សម្រាប់ការចូលរួមពង្រឹងប្រព័ន្ធធានាឥណទានជាសកលឱ្យកាន់តែប្រសើរ។

CGCC ក្នុងនាមជាសមាជិកមួយរបស់ ACSIC មានក្តីសោមនស្សដែលបានចូលរួមនូវវេទិកាអន្តរជាតិនេះ ដើម្បីបន្តសិក្សាស្វែងយល់អំពីប្រព័ន្ធធានាឥណទានជាសកល ក្នុងគោលដៅធានាឱ្យបាននូវការបង្កើនលទ្ធភាពទទួលបាននូវហិរញ្ញប្បទាន សម្រាប់ម្ចាស់អាជីវកម្ម
ធុនមីក្រូ តូច និងមធ្យម ដើម្បីជាផ្នែកមួយនៃការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន៕

 

CGCC ចូលរួមក្នុងកម្មវិធីពិព័រណ៍ការងារ AUPP Career Fair Spring 2026 នៅសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP)

កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ តបតាមការអញ្ជើញ ក្រុមការងារ CGCC បានចូលរួមក្នុងកម្មវិធីពិព័រណ៍ការងារ AUPP Career Fair Spring 2026 ដែលបានរៀបចំឡើងដោយ សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) នៅឯទីតាំងសាកលវិទ្យាល័យផ្ទាល់ ដែលក្នុងកម្មវិធីនេះ CGCC បានចូលរួមដាក់តាំងបង្ហាញ និងផ្តល់នូវព័ត៌មានទូទៅអំពី CGCC និងការធានាឥណទានទៅកាន់សិស្ស និស្សិត និងអ្នកចូលរួមទូទៅឱ្យបានស្គាល់ និងបានយល់ដឹងបន្ថែម ព្រមទាំងបានបង្ហាញអំពីឱកាសការងារដែលមាននៅ CGCC សម្រាប់សិស្ស និស្សិតគ្រប់រូប ដែលមានបំណងចង់អភិវឌ្ឍសមត្ថភាព និងចំណេះដឹង។

កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងផ្តល់ជាវេទិកាសម្រាប់សិស្ស និស្សិត និងអ្នកចូលរួមទូទៅ អាចស្វែងយល់បន្ថែមអំពីឱកាសទីផ្សារការងារដែលកំពុងតែមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងសម្រាប់អ្នកចូលរួមគ្រប់រូបអាចទទួលបាននូវឱកាសក្នុងការស្វែងរកក្តីស្រមៃបំពេញការងារវិជ្ជាជីវៈរបស់ខ្លួននៅតាមស្ថាប័ននានា ដែលបានចូលរួមដាក់បង្ហាញក្នុងកម្មវិធីនេះផងដែរ។

 

កម្មវិធីចែករំលែក Special Talk ក្រោមប្រធានបទ “Recent Trends in East and Southeast Asian Economies and Implications on Financial Markets”

នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ CGCC បានរៀបចំកម្មវិធីចែករំលែក Special Talk ក្រោមប្រធានបទ “Recent Trends in East and Southeast Asian Economies and Implications on Financial Markets” ដោយលោក Richard Yarrow ដែលជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចមួយរូប សម្រាប់បុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ CGCC។

កម្មវិធីចែករំលែកនេះ បានផ្តល់ឱកាសដល់បុគ្គលិកគ្រប់រូបនៃ CGCC បានស្វែងយល់បន្ថែមអំពីការវិវឌ្ឍនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ព្រមទាំងជាវេទិកាមួយសម្រាប់បុគ្គលិកគ្រប់រូបបានចូលរួមផ្លាស់ប្តូរមតិយោបល់ និងការយល់ឃើញរវាងគ្នាទៅវិញទៅមក ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងដើម្បីជាធាតុចូលសម្រាប់ការបំពេញប្រតិបត្តិការការងារក្នុងវិស័យសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ។ ។

CGCC សូមថ្លែងអំណរគុណលោក Richard Yarrow ដែលបានចំណាយពេលដ៏មានតម្លៃ ចូលរួមជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីចែករំលែកសម្រាប់បុគ្គលិកគ្រប់រូបរបស់ CGCC នាឱកាសនេះ។


 

ជួបជាមួយម្ចាស់សិប្បកម្មកែច្នៃត្រីខ្នាតតូច ប៉ុន្តែមានក្តីស្រមៃធំ

ខេត្តសៀមរាប៖ នាងខ្ញុំឈ្មោះ គឹម សុភ័ស្ស ជាម្ចាស់សិប្បកម្មស្ពតឡៃហ្វូត។ សព្វថ្ងៃ នាងខ្ញុំផលិតត្រីងៀត ផ្អក កង្កែបបោក និងផលិតផលបន្ទាប់បន្សំកែច្នៃដូចជា ស្បែកត្រី និងឆ្អឹងត្រីបំពងជាដើម។ ពីដើមឡើយ ប្រតិបត្តិការអាជីវកម្មរបស់នាងខ្ញុំ ជាមុខរបរបែបគ្រួសារតជំនាន់ពីម្ដាយ ប៉ុន្ដែក្នុងឆ្នាំ២០១៩ នាងខ្ញុំនិងស្វាមី បានចាប់ផ្ដើមផ្ដោតលើការអភិវឌ្ឍ និងពង្រឹងស្ដង់ដាផលិតផល។ សព្វថ្ងៃនេះ សិប្បកម្មនាងខ្ញុំមានបុគ្គលិកពេញម៉ោងចំនួន ៣នាក់ និងបុគ្គលិកក្រៅម៉ោងចំនួន ២នាក់។

ការចាប់ផ្ដើមអាជីវកម្មរបស់នាងខ្ញុំ ពីដំបូងមានភាពលំបាក ដោយប្រព្រឹត្តទៅតាមលក្ខណៈប្រពៃណី ដែលបន្សល់ពីម្ដាយ។ ការផលិតរបស់ពួកខ្ញុំ មិនអាចបំពេញតម្រូវការទីផ្សារបានឡើយ ព្រោះយើងពឹងផ្អែកច្រើនលើលក្ខខណ្ឌធម្មជាតិ ហើយផលិតបានតែក្នុងរដូវប្រាំងប៉ុណ្ណោះ។ បន្ថែមពីនេះ យើងមិនមានចំណេះដឹងគ្រប់គ្រាន់ពីសុវត្ថិភាព និងស្ដង់ដាចំណីអាហារនោះទេ ព្រមទាំងខ្វះបច្ចេកវិទ្យា និងម៉ាស៊ីនទំនើបក្នុងការសម្រួលសង្វាក់ផលិតកម្មរបស់យើង។ កាលនោះបរិមាណផលិតរបស់សិប្បកម្មនាងខ្ញុំគឺមានកម្រិតតិចតួចបំផុត ហើយខ្ញុំក៏មិនមានទំនុកចិត្ត ក្នុងការទទួលការបញ្ជាទិញក្នុងបរិមាណច្រើនៗឡើយ។

ក្នុងឆ្នាំ២០២៤ ខ្ញុំទទួលបានព័ត៌មានពីគម្រោងកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ពីមិត្តភក្ដិរបស់ខ្ញុំ។ បន្ទាប់មក ខ្ញុំក៏បានខិតខំស្វែងរកព័ត៌មានបន្ថែម និងដាក់ពាក្យស្នើសុំការគាំទ្រក្រោមគម្រោងនេះ។ ជាលទ្ធផល នាងខ្ញុំទទួលបានការគាំទ្រក្នុងការពង្រឹងសមត្ថភាពកែច្នៃផលិតផលឱ្យមានស្ដង់ដា និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធនៃខ្សែសង្វាក់ផលិតកម្មរបស់ខ្ញុំ។

នៅក្នុងគម្រោងនេះ នាងខ្ញុំទទួលបានការគាំទ្រផ្នែកសម្ភារៈដូចជា ផ្ទះសម្ងួតសូឡា និងទូក្លាសេ។ ទន្ទឹមនឹងនេះ ខ្ញុំទទួលបានវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពផ្នែកផលិតកម្ម សុវត្ថិភាពចំណីអាហារ និងការបញ្ជាក់ការអនុលោមតាមលក្ខខណ្ឌតម្រូវនៃនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) សម្របសម្រួលដោយអង្គការ UNIDO។ មួយផ្នែកទៀត នាងខ្ញុំទទួលបានកម្ចីមានការធានាពី CGCC តាមរយៈធនាគារដៃគូរបស់ CGCC ក្រោមគម្រោង ISF នេះ ដើម្បីជាទុនក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ទៅតាមបទដ្ឋាន និងស្ដង់ដាអគារ សម្រាប់សិប្បកម្ម ព្រមទាំងការទិញឧបករណ៍ប្រើប្រាស់មួយចំនួនបន្ថែមទៀត។

ក្រោយពីទទួលបានការគាំទ្រពីគម្រោង និងកម្ចីមានការធានាពី CGCC ផលចំណេញនៃអាជីវកម្មរបស់ខ្ញុំ បានកើនឡើងប្រមាណ ២០%។ ជាក់ស្ដែង ពីមុននាងខ្ញុំអាចផលិតបានពីចន្លោះ ២០ ទៅ ៣០គីឡូក្រាម (ត្រីស្រស់) ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។  រីឯបច្ចុប្បន្ន នាងខ្ញុំអាចផលិតបានដល់ទៅចន្លោះ ពី១០០ ទៅ១៥០គីឡូក្រាមក្នុងមួយថ្ងៃ ឬលើសពីនេះ តាមតម្រូវការបញ្ជាទិញជាក់ស្ដែង។ ជាមធ្យម ទិន្នផលត្រីងៀតស្ងួតនាងខ្ញុំអាចផលិតបានចន្លោះពី៥០ ទៅ ៧០គីឡូក្រាមក្នុងមួយថ្ងៃ ផ្ទុយពីមុនដែលនាងខ្ញុំអាចផលិតបានក្រោម ១០គីឡូក្រាមប៉ុណ្ណោះ។

នាងខ្ញុំ ពិតជាមានមោទនភាពចំពោះការរីកចម្រើនមួយនេះ ពីព្រោះវាមិនត្រឹមតែបង្កើនចំណូលសម្រាប់អាជីវកម្មរបស់នាងខ្ញុំទេ តែវាក៏បានបង្កើតការងារដល់បុគ្គលិក, បង្កើនចំណូលដល់អ្នកនេសាទ និងចិញ្ចឹមត្រី ព្រមទាំងអ្នកលក់គ្រឿងទេសផងដែរ។

បន្ថែមពីនេះ នាងខ្ញុំមានភាពជឿជាក់ចំពោះផលិតផលរបស់ខ្ញុំ ដោយសារបច្ចុប្បន្ន ត្រីងៀតរបស់ខ្ញុំបានឆ្លងកាត់មន្ទីរពិសោធន៍ និងមានការចុះបញ្ជីត្រឹមត្រូវ។ សព្វថ្ងៃ ផលិតផលនាងខ្ញុំបានដាក់លក់នៅទីផ្សារក្នុងខេត្តសៀមរាប និងមានឈ្មួញយកទៅលក់នៅកន្លែងដាក់លក់តាមបណ្ដាខេត្ត និងតាមភោជនីយដ្ឋាននានា។ ទន្ទឹមនឹងនេះ សិប្បកម្មនាងខ្ញុំ កំពុងធ្វើការជាមួយផ្សារទំនើប អុីអនម៉ល និងផ្សារទំនើបជីប ម៉ុង ដើម្បីស្វែងរកឱកាសដាក់លក់ផលិតផលរបស់ខ្ញុំនៅក្នុងផ្សារទំនើបទាំងនេះ។ នាងខ្ញុំសង្ឃឹមមុតមាំថាផលិតផលរបស់នាងខ្ញុំ នឹងមានវត្តមានឆាប់ៗនៅផ្សារទំនើបទាំងនេះ នៅដើមឆ្នាំ២០២៦។ លើសពីនេះ នាងខ្ញុំរំពឹងថា ២ឆ្នាំ ខាងមុខទៀត ផលិតផលស្ពតឡៃហ្វូត នឹងមានលក់ជាផ្លូវការលើឆាកអន្ដរជាតិ៕

អាននិងទាញយកជា PDF: ជួបជាមួយម្ចាស់សិប្បកម្មកែច្នៃត្រីខ្នាតតូច ប៉ុន្តែមានក្តីស្រមៃធំ

 

វគ្គបណ្តុះបណ្តាលសមត្ថភាពលើការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណ ដោយ CGIF ដល់ CGCC

នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តលើការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណកម្ពុជា មូលនិធិធានាឥណទាន និងជំរុញការវិនិយោគ (CGIF) បានចែករំលែកចំណេះដឹងតាមរយៈវគ្គបណ្តុះបណ្តាលកសាងសមត្ថភាព និងការចែករំលែកបទពិសោធជាលើកដំបូង ដល់គណៈគ្រប់គ្រង និងបុគ្គលិកប្រមាណ២០រូបរបស់ CGCC នៅការិយាល័យរបស់ CGCC។

តាមរយៈវគ្គបណ្ដុះបណ្ដាល​ CGIF បានចែករំលែកអំពីដំណើរការធានាឥណទានរបស់ CGIF និងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យឥណទានសាជីវកម្ម សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ការចែករំលែកចំណេះដឹងនេះ គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និង CGIF ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងពីរ ក្នុងការជំរុញការអភិវឌ្ឍទីផ្សារមូលបត្រនៅក្នុងតំបន់ទាំងមូល។

CGCC ចូលរួមក្នុងកម្មវិធី Climate Venture Scaler: Pipeline Development and Capital Facilitation

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោក ណូ លីដា អគ្គនាយក CGCC បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពី “ការជំរុញសកម្មភាពអាកាសធាតុតាមរយៈការអភិវឌ្ឍ និងការចូលរួមរបស់វិស័យឯកជននៅកម្ពុជា” ដែលធ្វើឡើងក្នុងផ្នែកមួយនៃកម្មវិធី Climate Venture Scaler: Pipeline Development and Capital Facilitation ក្រោម Climate Finance Network ដែលរៀបចំដោយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ក្នុងភាពជាដៃគូជាមួយ Impact Investment Exchange (IIX) ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ស៊ុយអែត និងន័រវែស។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុអាកាសធាតុរបស់កម្ពុជា ដោយលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ការកៀរគរដើមទុន និងការគាំទ្រលើដំណោះស្រាយអាកាសធាតុ។

លោកណូ លីដា ក៏បានចែករំលែកពីតួនាទីរបស់ CGCC សំដៅលើយន្តការធានាឥណទាន និងការចែករំលែកហានិភ័យជាមួយស្ថាប័នផ្ដល់កម្ចី ដោយអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម អាចទទួលបានហិរញ្ញប្បទាន ដើម្បីវិនិយោគ លើគំនិតផ្តួចផ្តើមទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបញ្ចេញកាបូន ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។ កិច្ចពិភាក្សានេះ បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់កិច្ចសហការដ៏រឹងមាំ រវាងរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា ដើម្បីបង្កើតលំហូរដ៏រឹងមាំ និងបន្តឱកាសវិនិយោគដែលផ្តោតលើអាកាសធាតុ និងជំរុញការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចមួយដែលមានភាពធន់ និងបរិយាបន្នកាន់តែប្រសើរ។

 

កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា (EPIC) វគ្គទី៧

នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារ ABA បានសហការរៀបចំកម្មវិធី EPIC វគ្គទី៧​ ស្តីអំពី «ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម» ក្រោមវត្តមានកិត្តិយសពីសំណាក់ លោក រស់ វិសិទ្ធ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង, លោកស្រី ជុន សុថានី ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្មនៃ CGCC, លោកស្រី ម៉ក់ ដាវី នាយករងឥណទានអាជីវកម្មខ្នាតមធ្យមនៃធនាគារ ABA និងសិក្ខាកាមដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ៥០រូប ព្រមទាំង បុគ្គលិកនៃស្ថាប័នទាំងបី សរុបប្រមាណ ៧០រូប។​

ជាផ្នែកមួយនៃរបៀបវារៈនៃកម្មវិធី EPIC 7 សិក្ខាកាម និងអ្នកចូលរួមបានទទួលការចែករំលែក តាមរយៈបទបង្ហាញស្តីពី “យន្តការធានាឥណទាន ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ សហគ្រាសធុនតូច និងមធ្យម” ដោយ លោក សែ គឹមវាសនា បុគ្គលិកជំនាញជាន់ខ្ពស់ផ្នែកទីផ្សារ និងទំនាក់ទំនងនៃ CGCC  និងបទបង្ហាញស្តីពី “នីតិវិធីនៃការវាយតម្លៃឥណទាន និងផលិតផលឥណទានដែលមានការធានា សម្រាប់អាជីវកម្ម” ដោយ លោក សឿន សុបាល ប្រធានសាខាខេត្តបាត់ដំបង នៃធនាគារ ABA។

លើសពីនេះ សិក្ខាកាមក៏បានស្វែងយល់អំពីប្រធានបទបណ្តុះបណ្តាលគោល ស្តីអំពី «ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម» ដែលចែករំលែកដោយ លោកស្រី ជុន សុថានី។ ជាលទ្ធផលសិក្ខាកាម និងអ្នកចូលរួមបានយល់ដឹងកាន់តែច្បាស់ពីបញ្ហាប្រឈមពិតប្រាកដ ដែលពួកគេបានកំពុងជួបប្រទះក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរយ៉ាងលឿននៃផ្នែកឌីជីថល និងបានណែនាំអំពីឧបករណ៍ឌីជីថលជាក់ស្តែងដើម្បីកែលម្អប្រតិបត្តិការ ការធ្វើទីផ្សារ និងការចូលរួមរបស់អតិថិជន។ អ្នកចូលរួមក៏ទទួលបានការយល់ដឹងពីអត្ថប្រយោជន៍ក្នុងការកំណត់ដំណោះស្រាយសមស្រប និងយន្តការគាំទ្រ ក៏ដូចជាយុទ្ធសាស្ត្រសំខាន់ៗដើម្បីបង្កើនឱកាសរបស់ពួកគេក្នុងការទទួលបានហិរញ្ញប្បទាន និងការប្រើប្រាស់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាពដើម្បីពង្រឹងអាជីវកម្មរបស់ពួកគេ។

ការកសាងសមត្ថភាពសហគ្រិន គឺជាការងារអាទិភាពមួយរបស់ CGCC ក្នុងបេសកកម្មបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលនឹងនាំមកនូវប្រធានបទពាក់ព័ន្ធការប្រតិ​បត្តិ និងគ្រប់គ្រងអាជីវកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕

 

ដំណើរទស្សនកិច្ចទៅកាន់វិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានមោទនភាពក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់ក្នុងខេត្តមណ្ឌលគិរី  ដែលដឹកនាំដោយលោក ណូ លីដា អគ្គនាយក CGCC រួមជាមួយគណៈគ្រប់គ្រង និងបុគ្គលិក CGCC ទាំងអស់ និងបាននាំយកសម្ភារៈសិក្សាមួយចំនួន ដើម្បីគាំទ្រ និងសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សប្រចាំវិទ្យាល័យដោយផ្ទាល់។ ដំណើរទស្សនកិច្ចនេះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកនាយកសាសា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រហែល ២៤០នាក់។

ដំណើរទស្សនកិច្ចដ៏មានអត្ថន័យទៅកាន់វិទ្យាល័យដែលមានទីតាំងនៅតំបន់ភូមិភាគឦសានរបស់ប្រទេសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមដោយផ្ទាល់ជាមួយសិស្សានុសិស្សប្រចាំថ្នាក់ទី១២ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ជីវិត និងការណែនាំជាក់ស្តែង។ តាមរយៈការពិភាក្សាដ៏រស់រវើក CGCC មានគោលបំណងជំរុញសិស្សានុសិស្សទាំងអស់ឱ្យជ្រើសរើសមុខវិជ្ជាសិក្សារបស់ពួកគេដោយឈ្លាសវៃ កំណត់គោលដៅឱ្យច្បាស់លាស់ និងរៀបចំខ្លួនដោយមានទំនុកចិត្ត សម្រាប់ការសិក្សានាពេលអនាគតរបស់ពួកគេនៅកម្រិតសាកលវិទ្យាល័យ។

ក្នុងនាមជាស្ថាប័នធានាឥណទានតែមួយគត់របស់កម្ពុជា CGCC នៅតែប្តេជ្ញាចិត្តមិនត្រឹមតែពង្រឹងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេស។

 

សិក្ខាសាលាបច្ចេកទេសបិទបញ្ចប់គម្រោង CAPFish-Capture (លទ្ធផលទី២) ស្តីពី ការជំរុញសមត្ថភាពប្រកួតប្រជែង ដើម្បីកំណើនអាជីវកម្មក្នុងវិស័យជលផលកាន់តែប្រសើរឡើងនៅកម្ពុជា

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក ណូ លីដា អគ្គនាយក CGCC និងលោកស្រី សាន សុខរីណា ប្រធានជាន់ខ្ពស់ទទួលបន្ទុកការិយាល័យ អភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការរបស់​ CGCC បានចូលរួមក្នុងសិក្ខាសាលាបច្ចេកទេសបិទបញ្ចប់គម្រោង CAPFish-Capture (លទ្ធផលទី២) ក្រោមប្រធានបទ “ការជំរុញសមត្ថភាពប្រកួតប្រជែង ដើម្បីកំណើនអាជីវកម្មក្នុងវិស័យជលផលកាន់តែប្រសើរឡើងនៅកម្ពុជា” ដែលរៀបរៀបចំឡើងដោយអង្គការ UNIDO សហការជាមួយរដ្ឋបាលជលផល (FiA) និងសហភាពអឺរ៉ុប ក្រោមការអញ្ជើញជាអធិបតីភាពដោយ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីអ្នកបង្កើតគោលនយោបាយ ដៃគូអភិវឌ្ឍន៍ និងអ្នកតំណាងផ្នែកឯកជនរួមគ្នាជាច្រើន ក្នុងគោលបំណងពិនិត្យមើលសមិទ្ធផលគម្រោង ចែករំលែកមេរៀន និងស្វែងយល់ពីយុទ្ធសាស្ត្រសម្រាប់កំណើនវិស័យឯកជនប្រកបដោយនិរន្តរភាពក្នុងវិស័យជលផលរបស់កម្ពុជា។

នាឱកាសនោះដែរ លោក ណូ លីដា ក៏បានចូលរួមជាវាគ្មិនកិត្តិយសលើកិច្ចពិភាក្សាទី១ ក្រោមប្រធានបទ៖ “ការគាំទ្រផ្នែកសុវត្ថិភាពម្ហូបអាហារ និងសហហិរញ្ញប្បទានដើម្បីជំរុញការប្រកួតប្រជែងរបស់វិស័យឯកជន” រួមជាមួយនឹងតំណាងមកពីរដ្ឋបាលជលផល តំណាងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម អ្នកជំនាញអន្តរជាតិផ្នែកអភិវឌ្ឍវិស័យឯកជន  ដែលផ្តោតលើការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានខ្សែសង្វាក់តម្លៃ ការអនុលោមតាមសុវត្ថិភាពចំណីអាហារ និងការប្រកួតប្រជែង ដើម្បីពង្រឹងលទ្ធភាពទទួលបានទីផ្សារសម្រាប់ផលិតផលជលផលកម្ពុជា។

ជាមួយគ្នានេះលោកស្រី សាន សុខរីណា ក៏បានចូលរួមជាវាគ្មិនកិត្តិយសលើកិច្ចពិភាក្សាទី២ ក្រោមប្រធានបទ៖ “ការគាំទ្រផ្នែកសេវាកម្មអភិវឌ្ឍអាជីវកម្ម និងការចូលរួមរបស់សមាគមនក្នុងការអភិវឌ្ឍវិស័យឯកជនដើម្បីជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងចីរភាព” ដែលផ្ដោតទៅលើការយល់ដឹងអំពីសារៈសំខាន់របស់ផែនការអាជីវកម្មសម្រាប់សហគ្រាសជលផលនៅកម្ពុជាក្នុងការទទួលបានហិរញ្ញប្បទានដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្មជលផលប្រកបដោយនិរន្តរភាព។

សិក្ខាសាលាបានបញ្ចប់ដោយមានការទទួលស្គាល់ពីអ្នករួមចំណែកសំខាន់ៗ និងអ្នកដឹកនាំនៃការផ្លាស់ប្តូរ ដែលបានគាំទ្រការកែលម្អខ្សែសង្វាក់តម្លៃ និងកំណើនអាជីវកម្មរួមបញ្ចូល។ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សានេះ CGCC បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការជំរុញភាពច្នៃប្រឌិត ភាពជាដៃគូ និងភាពប្រកួតប្រជែងក្នុងខ្សែសង្វាក់តម្លៃជលផលរបស់កម្ពុជា។