CGCC visits PFIs provincial branches in kampong Speu, Preah Sihanouk, and Kampot, to Enhance Collaboration on the Credit Guarantee

កិច្ចពិភាក្សាស្វែងយល់ និងពង្រឹងកិច្ចសហការលើការធានាឥណទានរវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សាខាខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និង កំពត

កាលពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយ លោក ណូ លីដា អគ្គនាយករង បានជួបពិភាក្សាស្វែងយល់អំពីការអនុវត្តគម្រោងធានាឥណទាន និងផ្សព្វផ្សាយបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC ដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួនរបស់ CGCC នៅខេត្តកំពង់ស្ពឺ រួមមាន ធនាគារកាណាឌីយ៉ា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ​​, នៅខេត្តព្រះសីហនុ រួមមាន ធនាគារ ABA គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ធនាគារស្ថាបនា ធនាគារកាណាឌីយ៉ា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ និងធនាគារអេស៊ីលីដា , និងនៅខេត្តកំពតរួមមាន ធនាគារ ABA ធនាគារអេស៊ីលីដា គ្រឹះស្ថានហិរញ្ញវត្ថុអេអឹមខេ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី។

កិច្ចពិភាក្សាជាមួយ PFIs របស់ CGCC នៅខេត្តទាំងបី ដែលជាខេត្តមានសក្តានុពលវិស័យទេសចរណ៍ គឺជាឱកាសមួយដ៏ពិសេសសម្រាប់ទាំង CGCC និង PFIs ស្វែងយល់អំពីភាពចាំបាច់នៃការធានាឥណទាន និងឱកាសដែល PFIs អាចបង្កើនការផ្តល់កម្ចីជូនទៅដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានតម្រូវការកម្ចីតែខ្វះទ្រព្យបញ្ចាំ ជាពិសេសដើម្បីផ្សព្វផ្សាយអំពីគម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទានសម្រាប់វិស័យទេសចរណ៍របស់ CGCC ដែលទើបនឹងដាក់ចេញនាពេលថ្មីៗនេះផងដែរ។

តាមរយៈកិច្ចពិភាក្សាដោយផ្ទាល់ជាមួយ PFIs របស់ CGCC នៅបណ្តាខេត្តទាំងបីនេះ CGCC បានស្វែងយល់អំពីស្ថានភាពនៃការអនុវត្តគម្រោងធានាឥណទាន នៅតាមបណ្តាខេត្ត រួមទាំងមតិយោបល់ដ៏មានសារៈសំខាន់នានាទៅលើគម្រោងធានាឥណទានរបស់ CGCC។ CGCC និង PFIs នឹងបន្តបង្កើនការសហការលើការផ្តល់កម្ចីដែលមានការធានាជូនដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានតម្រូវការកម្ចីសម្រាប់អភិវឌ្ឍអាជីវកម្ម តែប្រឈមនឹងបញ្ហាខ្វះទ្រព្យបញ្ចាំ។