CGCC

CGCC ចូលរួមបេសកកម្មទៅកាន់ទីស្នាក់ការកណ្តាលអង្គការ UNIDO នៅប្រទេសអូទ្រីស

ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៥ លោក ណូ លីដា អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា(CGCC) ត្រូវបានអញ្ជើញឱ្យទៅចូលរួមក្នុងបេសកកម្ម ទៅកាន់ទីស្នាក់ការកណ្ដាល នៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម(UNIDO) នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស។

គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺ (១) ដើម្បីបង្ហាញជូនក្រុមការងារពាក់ព័ន្ធ នៅទីស្នាក់ការកណ្តាលនៃអង្គការ UNIDO អំពីវឌ្ឍនភាព និងបញ្ហាប្រឈម និងមេរៀន នៃការអនុវត្តកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (Investment Support Facility – ISF) នៃគម្រោងអភិវឌ្ឍន៍វិស័យជលផល (CAPFISH-Capture) ដែល CGCC ជាស្ថាប័នគ្រប់គ្រងមូលធិនិ ISF និង (២) ដើម្បីបង្កើនការយល់ដឹងរបស់ CGCC អំពីនីតិវិធីពាក់ព័ន្ធរបស់ UNIDO ក្នុងការបង្កើនប្រសិទ្ធភាពនៃការការគ្រប់គ្រងមូលនិធិ ISF របស់ CGCC។

តាមរយៈដំណើរទស្សនកិច្ចនេះ លោក ណូ លីដា បានជួបប្រជុំពិភាក្សាជាមួយក្រុមការងារពាក់ព័ន្ធ នៅទីស្នាក់ការកណ្តាលនៃអង្គការ UNIDO រួមមាន៖ Islamic Finance Taskforce, Procurement and Finance Division, Agirculture Division និង Innovative Finance Division ជាដើម ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម, ដំណោះស្រាយ ដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្មវិធី ISF, និងឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនាពេលអនាគត។

កម្មវិធី ISF គឺជាគំរូ​ហិរញ្ញវត្ថុថ្មីមួយរបស់គម្រោង CAPFISH-Capture ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការ UNIDO និងរដ្ឋបាលជលផល (FiA) ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រង និងចាត់ចែងមូលនិធិដោយ CGCC។  CGCC ក៏បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផល (PFGS) ដើម្បីផ្តល់ការធានាឥណទាន ដល់កម្ចីដែលនៅក្រោមកម្មវិធី​ ISF នេះ។ ជាលទ្ធផល គិតមកដល់ដំណាច់ខែមីនា ឆ្នាំ២០២៥ ក្រោមគម្រោង​នេះ CGCC បានអនុម័តការធានាឥណទានដល់សហគ្រាសសរុបចំនួន ១២ គិតជាទំហំកម្ចីស្មើនឹងប្រមាណជិត ៣០ម៉ឺនដុល្លារ៕

កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា (EPIC) វគ្គទី៤

នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅខេត្តកំពង់ចាម សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ចាម បានសហការរៀបចំកម្មវិធី EPIC វគ្គទី៤​ ស្តីអំពី “ការរៀបចំផែនការអាជីវកម្មសម្រាប់កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម” ក្រោមអធិបតីភាព លោក ពូន រុន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ចាម និងវត្តមានជាកិត្តិយសរបស់លោក ណូ លីដា អគ្គនាយក CGCC និងមានការចូលរួមពីសិក្ខាកាមដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមជាពិសេសប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តកំពង់ចាម និងបណ្តាខេត្តនានា សរុបប្រមាណ៧៥រូប ក្នុងនោះស្រ្តីមាន ២៨រូប។

តាមរយៈកម្មវិធី EPIC 4 សិក្ខាកាមបានស្វែងយល់អំពីប្រធានបទបណ្តុះបណ្តាលគោលស្តីអំពី “ការរៀបចំផែនការអាជីវកម្មសម្រាប់កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម”     ដែលចែករំលែក ដោយ លោកស្រី ចៅ លន់មូលីការ នាយិកាប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន Cambodian Standard Development & Supply Co., Ltd. និងជាក្រុមប្រឹក្សាភិបាលទទួលបន្ទុកគណៈកម្មការលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)។ ក្រោយពីបានសិក្សាស្វែងយល់លើប្រធានបទបណ្តុះបណ្តាល សិក្ខាកាមទាំងអស់ក៏បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងផ្ទាល់ខ្លួន ពីគ្នាទៅវិញទៅមក តាមរយៈវេទិកាពិភាក្សាជាក្រុមទៅលើការបង្កើតផែនការអាជីវកម្មតែមួយទំព័រ (Business Plan Model Lean Canvas) ដែលជាឱកាសសម្រាប់សិក្ខាកាមក្នុងការអនុវត្តផ្ទាល់ និងទទួលបានយោបល់កែលម្អនានាពីគ្រូបង្គោល និងវាគ្មិនកិត្តិយសនៅក្នុងកម្មវិធីផងដែរ។

បន្ថែមពីនេះ សិក្ខាកាមក៏ទទួលបានស្វែងយល់អំពី “យន្តការធានាឥណទាន ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់   សហគ្រាសធុនតូច និងមធ្យម”  តាមរយៈបទបង្ហាញដោយ លោក យុន ផន  ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្មនៃ CGCC ដែលក្នុងនោះក៏មាននូវការចែករំលែកអំពីគម្រោងធានាឥណទានសម្រាប់អភិវឌ្ឍសេវាសាធារណៈ សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ដែលជាគម្រោងធានាឥណទានគ្រោងនឹងដាក់ចេញក្នុងពេលឆាប់ៗ ដើម្បីគាំទ្រដល់ប្រតិបត្តិករទឹកស្អាតឯកជន។

ស្របជាមួយនឹងយន្តការធានាឥណទានរបស់ CGCC លោក លោក តាំង ហុកឡេង នាយកឥណទាន អាជីវកម្មខ្នាតតូច និង មធ្យម នៃធនាគារ មេយប៊ែង ខេមបូឌា ក៏បានចែករំលែកអំពី “ “នីតិវិធីនៃការវាយតម្លៃឥណទាន និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម” និងក៏បានគូសបញ្ជាក់អំពីដំណោះស្រាយហិរញ្ញវត្ថុដែលធនាគារមេយប៊ែង អាចផ្តល់ជូនដល់ប្រតិបត្តិករទឹកស្អាតឯកជនផងដែរ។

ការកសាងសមត្ថភាពសហគ្រិន គឺជាការងារអាទិភាពមួយរបស់ CGCC ក្នុងបេសកកម្មបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែល នឹងនាំមកនូវប្រធានបទពាក់ព័ន្ធការប្រតិ​បត្តិនិងគ្រប់គ្រងអាជីវកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ/គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទាន សម្រាប់វិស័យជលផលក្រោយប្រមូលផល រវាង CGCC និងធនាគារ FTB

នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា(CGCC) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានសហការរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី គម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផល ក្រោមវត្តមានរបស់ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃ  CGCC,  ធនាគារ FTB, និងតំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)  ក្នុងគោលបំណងប្រកាសជាផ្លូវការ នូវការពង្រីកកិច្ចសហការបន្ថែមរវាងស្ថាប័នទាំងពីរ លើការផ្តល់កម្ចីដែលមានការធានាពី CGCC តាមរយៈធនាគារ FTB ដល់សហគ្រាស ដែលស្ថិតនៅក្នុងវិស័យជលផលក្រោយប្រមូលផល និងអ្នកផ្គត់ផ្គង់ដែលពាក់ព័ន្ធ។

គម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផលរបស់ CGCC ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឥណទានដែលមានការធានាជូនដល់ក្រុមហ៊ុន/អាជីវកម្ម ឬសហគ្រាសដែលស្ថិតនៅក្នុងវិស័យជលផលក្រោយប្រមូលផល ក្រោមកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដែលជាគំរូ​ហិរញ្ញវត្ថុថ្មីមួយរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការ UNIDO និងរដ្ឋបាលជលផល  ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រងមូលនិធិដោយ CGCC។ សហគ្រាសដែលស្ថិតនៅក្នុងវិស័យជលផលក្រោយប្រមូលផល អាចដាក់ពាក្យស្នើសុំការគាំទ្រពីគម្រោង ISF លើជំនួយបច្ចេកទេស ដើម្បីកែលម្អប្រតិបត្តិការអាជីវកម្ម ការលើកកម្ពស់ការអនុវត្តសុវត្ថិភាពម្ហូបអាហារ និងកញ្ចប់មូលនិធិរបស់គម្រោងគាំទ្រជាសម្ភារបរិក្ខារ ដើម្បីជំរុញនវានុវត្តន៍ និងបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលប្រតិបត្តិការអាជីវកម្ម ព្រមទាំងឥណទានអាជីវកម្មដែលមានការធានាពី CGCC តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI) របស់ CGCC រួមមានធនាគារ FTB ដែលបានចុះកិច្ចព្រមព្រៀងលើគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលនេះជាមួយ CGCC។

លោក ណូ លីដា អគ្គនាយក CGCC បានមានប្រសាសន៍ឲ្យដឹងថា ៖ “CGCC មានសេចក្តីរីករាយដែលធនាគារ FTB ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមថ្មីមួយបន្ថែមទៀត ដើម្បីអនុវត្តកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) របស់ CGCC។ ការចូលរួមរបស់ធនាគារ FTB នឹងធ្វើឱ្យការអនុវត្តកម្មវិធី ISF កាន់តែមានប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការរបស់សហគ្រាសក្នុងវិស័យជលផលក្រោយប្រមូលផល ក្នុងការទទួលបានការគាំទ្រហិរញ្ញវត្ថុ និងកម្ចីមានការធានា​ ដែលចាំបាច់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង ផលិតភាព និងស្តង់ដារអាជីវកម្មរបស់សហគ្រាស ដែលមានសក្តានុពលក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា។”

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិនៃធនាគារ FTB បានមានប្រសាសន៍ឲ្យដឹងថា ៖ “ស្ថាប័នយើងទាំងពីរ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើន ពង្រីកកិច្ចសហការរួមគ្នា និងរំពឹងថា អាចជួយជំរុញនវានុវត្តន៍ បង្កើនប្រសិទ្ធភាព ប្រសិទ្ធផលប្រតិបត្តិការអាជីវកម្មដល់ក្រុមហ៊ុន ឬសហគ្រាស ដែលស្ថិតនៅក្នុងវិស័យជលផលក្រោយប្រមូលផល សម្រាប់អ្នកផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ កិច្ចព្រមព្រៀងនេះបានឆ្លុះបញ្ចាំងពីការចូលរួមដ៏សកម្ម និងការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អរវាងធនាគារ FTB ជាមួយ CGCC ចាប់តាំងពីឆ្នាំ ២០២១ ជាមួយការរំពឹងទទួលបានជោគជ័យ និងការរក្សាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងស្ថាប័នទាំងពីរ។”

តាមរយៈកិច្ចព្រមព្រៀងលើគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផលនេះ CGCC និងធនាគារ FTB ប្តេជ្ញាចូលរួមចំណែកគាំទ្រសហគ្រាសស្ថិតក្នុងខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផល សំដៅបង្កើនផលិតភាព ការអនុវត្តសុវត្ថិភាពម្ហូបអាហារ លើកកម្ពស់គុណភាពផលិតផលជលផល ដើម្បីឈានចូលទីផ្សារថ្មីរួមទាំង ទីផ្សារអន្តរជាតិ កែលម្អប្រតិបត្តិការអាជីវកម្មឱ្យមានប្រសិទ្ធផល និរន្តរភាព និងបរិយាបន្ន។

សហគ្រាសជលផលក្រោយប្រមូលផលដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យស្នើសុំកញ្ចប់ហិរញ្ញគាំទ្រការវិនិយោគ (ISF) ឥឡូវនេះ! ផ្អែកតាមថវិកាមានកំណត់ ដាក់ពាក្យស្នើសុំមុន មានឱកាសទទួលបានមុន។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីISF និងដំណើរការដាក់ពាក្យស្នើសុំ សូមចូលទៅកាន់៖ https://www.cgcc.com.kh/en/post-harvest-fishery-guarantee-scheme/

សារអេឡិចត្រូនិក៖ [email protected]

អំពីធនាគារ FTB ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ ១៩៧៩ ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ និងសេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។ គិតត្រឹមឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ ២,២៨ ពាន់លានដុល្លារអាមេរិក ឥណទានសរុបចំនួន ១,៣៤ ពាន់លានដុល្លារ និងប្រាក់បញ្ញើសរុបជាង ១,៩៣ ពាន់លានដុល្លារ។ ធនាគារ FTB នឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចង្ខុវិស័យរយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អំពី CGCCCGCC គឺជាសហគ្រាសសាធារណៈ ដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២០ ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ CGCC មានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៥ CGCC បានអនុម័តការធានាឥណទានជូនដល់ ៣.៩៧៩ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ២៧៤,១៤ លានដុល្លារ៕

 

ឱកាសសម្រាប់​សហគ្រាសកែច្នៃ​ត្រី​​ កម្មវិធី ISF ផ្ដល់ហិរញ្ញប្បទាន​អាជីវកម្ម​

ភ្នំពេញ៖ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) និង​គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល (CAPFISH-Capture) បាន​ប្រារឰ​នូវ​វឌ្ឍនភាព​ដ៏​សំខាន់​មួយ​ក្នុង​ការពង្រឹង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​អភិវឌ្ឍ​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម (MSMEs) ក្នុង​វិស័យ​ជលផល​ក្រោយ​ប្រមូល​ផល​នៅ​កម្ពុជា។

ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥ ​លើ​កិច្ចព្រមព្រៀង​គាំទ្រ​សហគ្រាស​កែច្នៃ​ផល​ផលិតផល​ជលផល​ចំនួន ១១ ត្រូវបាន​រៀបចំឡើង​ក្រោម​កម្មវិធី​ហិរញ្ញវត្ថុ​គាំទ្រ​ការវិនិយោគ (ISF)​ ដែល​ទទួល​បាន​ទុន​ហិរញ្ញវត្ថុប្រមាណ​​ ៣២​ម៉ឺន​ដុល្លារ​។​

​កម្មវិធី ISF គឺជា​គំរូ​ហិរញ្ញវត្ថុ​ថ្មី​មួយ​របស់​គម្រោង CAPFISH-Capture ក្រោម​ការគាំទ្រ​ថវិកា​ពី​សហភាព​អឺរ៉ុប (EU) អនុវត្ត​ដោយ​អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) និង​រដ្ឋបាល​ជលផល (FiA) ហើយ​កម្មវិធី​នេះ​ត្រូវបាន​គ្រប់គ្រង​និង​ចាត់ចែង​មូលនិធិ​ដោយ CGCC​។

​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មានរួម បាន​ឱ្យដឹងថា​៖ ​«កម្មវិធី ISF មាន​ទម្រង់​ជា​ហិរញ្ញវត្ថុ​បដិភាគ កៀរគរ​ការវិនិយោគ​សរុប​ប្រមាណ ២,៥០​លាន ដុល្លារ​អាមេរិក»។

ការ​វិនិយោគ​នោះ​មាន​កញ្ចប់​មូលនិធិ​គម្រោង​គាំទ្រ​ជា​សម្ភារ​បរិក្ខារ​ចំនួន ១​លាន ដុល្លារ​អាមេរិក (៤០% នៃ​ការវិនិយោគ​សរុប​) ប្រាក់កម្ចី​អាជីវកម្ម​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​របស់ CGCC ជាមួយនឹង​ការធានា​ឥណទាន​ពី CGCC  ចំនួន ១,២៥​លាន​ដុល្លារ​អាមេរិក (៥០%)  និង​សហ​វិនិយោគ​ផ្ទាល់​ពី​សហគ្រាស​ចំនួន ២៥០.០០០ ដុល្លារ​អាមេរិក (១០%)​។​

​សេចក្ដីប្រកាស​រួម បាន​បន្ដថា​៖ «​ចាប់តាំងពី​ការដាក់ឱ្យ​ដំណើការ​នៅ​ចុងឆ្នាំ​២០២៤ រហូតមកដល់​បច្ចុប្បន្ន​នេះ កម្មវិធី ISF បាននិងកំពុង​គាំទ្រ​សហគ្រាស​ជុំ​ដំបូង​ចំនួន ១១ និង​សហគ្រាស​ជាច្រើន​ទៀត​ស្ថិតក្នុង​ដំណើរការ​ជ្រើសរើស​នៃ​កម្មវិធី»​។

ជាមួយ​កញ្ចប់​ហិរញ្ញប្បទាន​ដំបូង​របស់​គម្រោង​ចំនួន ៣២ម៉ឺន​ដុល្លារ​អាមេរិក បាន​ទាក់ទាញ​ទុនវិនិយោគ​បន្ថែម​ជា​ប្រាក់កម្ចី​មានការ​ធានា​ចំនួន ៣៤ម៉ឺន​ដុល្លារ​អាមេរិក ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​របស់ CGCC ចំនួន ២ ស្ថាប័ន គឺ​ធនាគារ​អេស៊ីលីដា និង​ធនាគារ​មេ​យ​ប៊ែ​ង រួមជាមួយ​សហ​វិនិយោគ​ពី​សហគ្រាស​ផ្ទាល់​ចំនួន ៥៨ម៉ឺន​ដុល្លារ​អាមេរិក​។

​កម្មវិធី ISF ផ្តោត​ការគាំទ្រ​ជា​ចម្បង​ដល់​សហគ្រាស​ជលផល​ក្រោយ​ប្រមូល​ផល​ដែល​ចង់​បង្កើន​ប្រតិបត្តិការ​អាជីវកម្ម និង​ពង្រីក     ទីផ្សារ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​។ កម្មវិធី​ផ្តល់​ភាព​អង់អាច និង​ការយកចិត្តទុកដាក់​ដ​ល់​អាជីវកម្ម​ដែល​ដឹកនាំ​ដោយ​ស្ត្រី  យុវជន និង​ជន​មាន​ពិការភាព​។​

​តាមរយៈ​គំរូ​ហិរញ្ញវត្ថុ​ថ្មី​នៃ​កម្មវិធី ISF នេះ គម្រោង CAPFISH-Capture និង CGCC នឹង​បន្ដ​គាំទ្រ​សហគ្រាស​ស្ថិតក្នុង​ខ្សែ​ច្រវាក់​តម្លៃ​ជលផល​ក្រោយ​ប្រមូល​ផល ក្នុងការ​អនុវត្ត​សុវត្ថិភាព​ម្ហូបអាហារ និង​ស្តង់ដារ​ទីផ្សារ​។

កញ្ចប់​គាំទ្រ​បច្ចេកទេស​ដែល​ឆ្លើយតប​ពេញលេញ​ទៅនឹង​តម្រូវការ​ជាក់លាក់​របស់​សហគ្រាស រួមមាន​ការបង្កើត​ផែនការអាជីវកម្ម ការផ្សារភ្ជាប់​ទីផ្សារ ការបំពេញ​បាន​តា​មល​ក្ខ​ខណ្ឌ​តម្រូវ​ផ្នែក​សុវត្ថិភាព​ម្ហូបអាហារ បរិស្ថាន និង​សង្គម​ជាដើម​។​

​សហគ្រាស​ជលផល​ក្រោយ​ប្រមូល​ផល​ដែលមាន​ចំណាប់អារម្មណ៍ សូម​ដាក់ពាក្យ​ឥឡូវនេះ​! ផ្អែក​តាម​ថវិកា​មានកំណត់ ដាក់ពាក្យ​ស្នើសុំ​មុន មានឱកាស​ទទួលបាន​មុន​៕

Credit to: ភ្នំពេញ ប៉ុស្តិ៍, ចេញផ្សាយនាថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥

 

CGCC គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម និងគម្រោង CAPFISH-Capture គាំទ្រថវិកាដោយសហភាពអឺរ៉ុប រួមគ្នាជំរុញកំណើនការវិនិយោគក្នុងអនុវិស័យជលផលតាមរយៈកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF)

រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានប្រារព្ធនូវវឌ្ឍនភាពដ៏សំខាន់មួយក្នុងការពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា។ ពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងគាំទ្រសហគ្រាសកែច្នៃផលផលិតផលជលផលចំនួន ១១ ត្រូវបានរៀបចំឡើងក្រោមកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF)។​

កម្មវិធី ISF គឺជាគំរូ​ហិរញ្ញវត្ថុថ្មីមួយរបស់គម្រោង CAPFISH-Capture ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងរដ្ឋបាលជលផល (FiA) ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រងនិងចាត់ចែងមូលនិធិដោយ CGCC។ កម្មវិធី ISF មានទម្រង់ជាហិរញ្ញវត្ថុបដិភាគ កៀរគរការវិនិយោគសរុបប្រមាណ ២,៥០លាន ដុល្លារអាមេរិក រួមមានកញ្ចប់មូលនិធិគម្រោងគាំទ្រជាសម្ភារបរិក្ខារចំនួន ១លានដុល្លារអាមេរិក (៤០% នៃការវិនិយោគសរុប) ប្រាក់កម្ចីអាជីវកម្មពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ជាមួយនឹងការធានាឥណទានពី CGCC ចំនួន ១,២៥លានដុល្លារអាមេរិក (៥០%)  និងសហវិនិយោគផ្ទាល់ពីសហគ្រាសចំនួន ២៥០.០០០ ដុល្លារអាមេរិក (១០%)។

ចាប់តាំងពីការដាក់ឱ្យដំណើការនៅចុងឆ្នាំ២០២៤​ រហូតមកដល់បច្ចុប្បន្ននេះ កម្មវិធី ISF បាននិងកំពុងគាំទ្រសហគ្រាសជុំដំបូងចំនួន ១១ និងសហគ្រាសជាច្រើនទៀតស្ថិតក្នុងដំណើរការជ្រើសរើសនៃកម្មវិធី។ ជាមួយកញ្ចប់ហិរញ្ញប្បទានដំបូងរបស់គម្រោងចំនួន ៣២០.០០០ ដុល្លារអាមេរិក បានទាក់ទាញទុនវិនិយោគបន្ថែមជាប្រាក់កម្ចីមានការធានាចំនួន ៣៤០.០០០ ដុល្លារអាមេរិក ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ចំនួន ២ស្ថាប័ន គឺធនាគារអេស៊ីលីដា និងធនាគារមេយប៊ែង រួមជាមួយសហវិនិយោគពីសហគ្រាសផ្ទាល់ចំនួន ៥៨០.០០០ ដុល្លារអាមេរិក។​

កម្មវិធី ISF ផ្តោតការគាំទ្រជាចម្បងដល់សហគ្រាសជលផលក្រោយប្រមូលផលដែលចង់បង្កើនប្រតិបត្តិការអាជីវកម្ម និងពង្រីក​ទីផ្សារទាំងក្នុង និងក្រៅស្រុក។ កម្មវិធីផ្តល់ភាពអង់អាច និងការយកចិត្តទុកដាក់ដល់អាជីវកម្មដែលដឹកនាំដោយស្ត្រី យុវជន និងជនមានពិការភាព។

តាមរយៈគំរូ​ហិរញ្ញវត្ថុថ្មីនៃកម្មវិធី ISF នេះ គម្រោង CAPFISH-Capture និង CGCC ប្តេជ្ញាចិត្តគាំទ្រសហគ្រាសស្ថិតក្នុងខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផល ក្នុងការអនុវត្តសុវត្ថិភាពម្ហូបអាហារ និងស្តង់ដារទីផ្សារ។ កញ្ចប់គាំទ្របច្ចេកទេសដែលឆ្លើយតបពេញលេញទៅនឹងតម្រូវការជាក់លាក់របស់សហគ្រាស រួមមានការបង្កើតផែនការអាជីវកម្ម ការផ្សារភ្ជាប់ទីផ្សារ ការបំពេញបានតាមលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពម្ហូបអាហារ បរិស្ថាន និងសង្គមជាដើម។

សហគ្រាសជលផលក្រោយប្រមូលផលដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យឥឡូវនេះ! ផ្អែកតាមថវិកាមានកំណត់ ដាក់ពាក្យស្នើសុំមុន មានឱកាសទទួលបានមុន។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី ISF និងដំណើរការដាក់ពាក្យស្នើសុំ សូមចូលទៅកាន់៖ https://www.cgcc.com.kh/en/post-harvest-fishery-guarantee-scheme/

សារអេឡិចត្រូនិក៖ [email protected]

Photo credit: @UNIDO_CAPFISH-Capture_Sovannarith NUTH
photo credit: @UNIDO_CAPFISH-Capture_Sovannarith NUTH
Photo credit: @UNIDO_CAPFISH-Capture_Sovannarith NUTH

CGCC គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម និងគម្រោង CAPFISH-Capture គាំទ្រថវិកាដោយសហភាពអឺរ៉ុប រួមគ្នាជំរុញកំណើនការវិនិយោគក្នុងអនុវិស័យជលផលតាមរយៈកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF)

ទាញយកសេចក្តីប្រកាសព័ត៌មាន

 

 

ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

ក្តីស្រម៉ៃរបស់ខ្ញុំ គឺចង់វិនិយោគលើអាជីវកម្មដែលអាចជួយដល់សុខុមាលភាពរបស់មនុស្ស ដោយសារតែមនុស្សអាចរស់នៅបានដោយសារសុខភាព និងស្មារតីល្អ។ នេះហើយជាមូលហេតុចម្បងដែលជំរុញចិត្តរបស់ខ្ញុំ និងភរិយារបស់ខ្ញុំ ឱ្យបង្កើតអាជីវកម្មចំនួន២ឡើងមក គឺក្រុមហ៊ុន អេឌីខេរ៉ាយស៍ (អង្ករដីខ្មែរ) និងមុនីគ្លីនិក។ សម្រាប់ក្រុមហ៊ុនអង្ករដីខ្មែរ ខ្ញុំបានផ្តួចផ្តើមបង្កើតឡើងមកដោយជឿជាក់ថា អង្ករគឺជាប្រភពអាហារចម្បងរបស់មនុស្ស ដោយសារតែចំនួនប្រជាជនមានការកើនឡើងរៀងរាល់ថ្ងៃ តែផ្ទៃដីដាំដុះកសិកម្ម បែរជាកាន់តែថមថយទៅ រីឯមុនីគ្លីនិកគឺត្រូវបានបង្កើតឡើងជាមួយនឹងភរិយារបស់ខ្ញុំ ក្នុងចក្ខុវិស័យផ្តល់នូវការថែទាំនិងព្យាបាលសុខភាព តាមរយៈសេវាសុខាភិបាលដែលមានតម្លៃសមរម្យ ប្រកបដោយគុណភាពស្តង់ដារ។

តាមរយៈបទពិសោធន៍នៃការបំពេញការងារនៅក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយក្នុងប្រទេសកម្ពុជា ខ្ញុំបានសិក្សារៀនសូត្រ និងបានចុះឃើញផ្ទាល់ពីស្ថានភាពរបស់ប្រជាកសិករដាំដុះស្រូវនៅតាមជនបទ ទើបខ្ញុំសម្រេចចិត្តចាប់ផ្តើមបង្កើតដេប៉ូលក់អង្ករក្នុងស្រុកឈ្មោះថា អង្ករដីខ្មែរ និងបានពង្រីកវិសាលភាព នៅឆ្នាំ២០២១ ក្លាយជាក្រុមហ៊ុនអេឌីខេរ៉ាយស៍ ដែលជាក្រុមហ៊ុនផលិតអង្ករមានគុណភាពខ្ពស់ គោរពតាមស្តង់ដារសុវត្ថិភាពចំណីអាហារ និងផ្តល់ឱ្យកសិករនូវទីផ្សារដែលមាននិរន្តរភាព និងបង្កើនប្រាក់ចំណូលតាមរយៈការចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវមកកាន់ក្រុមហ៊ុនរបស់ខ្ញុំ។ រីឯមុនីគ្លីនិក គឺជាគ្លីនិកព្យាបាល និងថែទាំសុខភាព ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ តាមរយៈការចាប់ដៃជាមួយភរិយារបស់ខ្ញុំ ឈរលើឆន្ទៈក្នុងការប្តេជ្ញាផ្តល់នូវសេវាសុខភាពជូនដល់ប្រជាជនខ្មែរ ប្រកបដោយគុណភាព និងតម្លៃសមរម្យ ជាពិសេសទៅលើការព្យាបាលជំងឺទឹកនោមផ្អែម និងការត្រួតពិនិត្យសុខភាពជាប្រចាំក្នុងការការពារជំងឺធ្ងន់ធ្ងរនានា។

ពិតណាស់ គោលការណ៍នៃការប្រកបអាជីវកម្ម យើងតែងតែចង់អភិវឌ្ឍនិងពង្រីកឱ្យកាន់តែធំ។ មិនខុសពីអាជីវកម្មគ្លីនិករបស់ខ្ញុំនេះទេ ដែលនៅពេលដល់ដំណាក់កាលត្រូវពង្រីកអាជីវកម្ម យើងមានតម្រូវការទិញសម្ភារបរិក្ខារទំនើបៗ ដើម្បីបង្កើនស្តង់ដាររបស់គ្លីនិក។ ការសម្រេចចិត្តស្នើកម្ចីពីគ្រឹះស្ថានធនាគារ គឺជាមធ្យោបាយតែមួយគត់ដែលខ្ញុំជឿជាក់ថា អាចបំពេញនូវក្តីស្រម៉ៃរបស់ខ្ញុំនិងភរិយារបស់ខ្ញុំ ឱ្យកើតជារូបរាងបាន។ ប៉ុន្តែខ្ញុំមិនមានទ្រព្យធានាជាប្លង់ដី ឬប្លង់ផ្ទះ ក្នុងការតម្កល់នៅធនាគារនោះទេ តែបញ្ហាប្រឈមនេះត្រូវបានដោះស្រាយ តាមរយៈការធានាឥណទានរបស់ CGCC ដែលបានសម្រួលឱ្យខ្ញុំទទួលបានកម្ចីពីធនាគារព្រីនស៍ សម្រាប់ការទិញសម្ភារបរិក្ខារគ្លីនិក។

ការទទួលបានការធានាពី CGCC លើកម្ចីរបស់ខ្ញុំនេះ វាមិនមែនជារឿងចៃដន្យនោះទេ តែជាការទទួលបានតាមរយៈការចូលរួមកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅកាត់ថា EPIC វគ្គទី១ នៃឆ្នាំ២០២៤ កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ដែលធ្វើឱ្យខ្ញុំបានស្គាល់ពី CGCC និងស្គាល់ពីធនាគារដៃគូដែលអាចផ្តល់កម្ចីដល់អាជីវកម្មដែលមានសក្តានុពល ជាមួយនឹងផែនការអាជីវកម្មច្បាស់លាស់ ហើយអាចដោះស្រាយនឹងបញ្ហាប្រឈមខ្វះទ្រព្យធានា។ ក្រោយពីទទួលបានកម្ចីរួច ខ្ញុំបានយកទៅទិញសម្ភារបរិក្ខារពេទ្យបន្ថែមសម្រាប់ដាក់នៅអគារគ្លីនិកដែលបាននិងកំពុងសាងសង់បន្ថែម ស្របនឹងគោលដៅរបស់កម្ចី ផែនការអាជីវកម្ម និងផែនការវិនិយោគច្បាស់លាស់របស់ខ្ញុំ។ បន្ថែមពីលើនេះ ខ្ញុំក៏មានគម្រោងក្នុងការស្នើកម្ចីបន្ថែមសម្រាប់ជាទុនបង្វិលក្នុងការទិញស្រូវពីកសិករ ដើម្បីបង្កើនការផលិតអង្កររបស់ក្រុមហ៊ុនអង្ករដីខ្មែររបស់ខ្ញុំនាពេលអនាគតផងដែរ។

ក្នុងនាមជាម្ចាស់អាជីវកម្មមួយរូប ខ្ញុំយល់ថា ការស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុពិតជាមានសារៈសំខាន់ណាស់ ព្រោះអាចធ្វើឱ្យយើងគិតគូរបានល្អិតល្អន់លើការវិនិយោគបានគ្រប់ជ្រុងជ្រោយ ជាក់ស្តែងលើការទិញទ្រព្យ (Asset) ដើម្បីបង្កើនចំណូល ជាជាងការទិញទ្រព្យសកម្មដែលមិនអាចបម្លែងជាចំណូលបាន។ មួយវិញទៀត បើយើងចេះមានចំណេះដឹងហិរញ្ញវត្ថុ វាក៏អាចជួយឱ្យយើងចេះគ្រប់គ្រងធនធានមនុស្សដូចជា ការគិតគូរលើចំនួនបុគ្គលិក ប្រាក់ខែ ការលើកទឹកចិត្ត អត្ថប្រយោជន៍នានាផងដែរ៕

អាននិងទាញយកជា PDF: ជួបជាមួយម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC

 

ស្វែងយល់អំពីការធានាឥណទាន – កិច្ចសម្ភាសន៍ជាមួយមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ធនាគារ ព្រីនស៍

១. តើធនាគារ ព្រីនស៍ យល់ឃើញដូចម្តេច ចំពោះគម្រោងធានាឥណទាន? ហេតុអ្វីបានជា ព្រីនស៍ ចូលរួមជាដៃគូជាមួយ CGCC?

នៅធនាគារ ព្រីនស៍ យើងមានចក្ខុវិស័យច្បាស់លាស់ក្នុងការជួយអតិថិជនរបស់យើងឱ្យសម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាពតាមរយៈការគាំទ្រពេញលេញ និងជម្រើសផ្តល់ប្រាក់កម្ចីដែលមានភាពបត់បែន។ ភាពជាដៃគូយុទ្ធសាស្រ្តរវាងធនាគារ ព្រីនស៍ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ជាកាតាលីករជួយធ្វើឱ្យធនាគារ ព្រីនស៍ ខិតកាន់តែជិតដល់ការសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនថែមទៀត ក្នុងការផ្តល់លទ្ធភាពដល់សហគ្រិនឱ្យទទួលបានហិរញ្ញប្បទានកាន់តែប្រសើរជាងមុនសម្រាប់គាំទ្រប្រតិបត្តិការពង្រីកអាជីវកម្ម និងភាពរីកចម្រើនរបស់ពួកគាត់ប្រកបដោយសុខដុមរមនា។ ជាមួយនឹងគម្រោងធានាឥណទាន យើងជឿជាក់យ៉ាងមុតមាំថា ការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់យើង គឺលើសពីការរំពឹងទុករបស់អតិថិជន។

២. តើគម្រោងធានាឥណទានបានផ្តល់អត្ថប្រយោជន៍ដូចម្តេចខ្លះចំពោះធនាគារ ព្រីនស៍ និងអតិថិជន?

ជាមួយនឹងលទ្ធភាពនៃគម្រោងការធានាឥណទាន ធនាគារ ព្រីនស៍ និងអតិថិជនរបស់យើង ទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ជាពិសេសទាក់ទងនឹងកម្រិតហានិភ័យសម្រាប់ធនាគារ និងកម្រិតហិរញ្ញប្បទានធំជាងមុនសម្រាប់អតិថិជន ដើម្បីបំពេញតម្រូវការអាជីវកម្មរបស់ពួកគាត់ដោយមិនគិតពីលទ្ធភាពនៃទ្រព្យធានារបស់ពួកគាត់ឡើយ។

៣. តើកន្លងមក ធនាគារ ព្រីនស៍ បានប្រើប្រាស់ការធានាឥណទានដើម្បីផ្តល់កម្ចីប្រភេទណាខ្លះ ជូនដល់អតិថិជន?

ចាប់តាំងពីការចាប់ផ្តើមនៃភាពជាដៃគូជាមួយ CGCC មក ធនាគារ ព្រីនស៍ បានប្រើប្រាស់នូវប្រភេទឥណទានជូនអតិថិជនដូចខាងក្រោម៖

  • ឥណទានអាជីវកម្មមានកាលកំណត់
  • ឥណទានវិបារូបន៍
  • សេវាហិរញ្ញប្បទានពាណិជ្ជកម្ម

៤. តើម្ចាស់អាជីវកម្ម គួររៀបចំខ្លួនយ៉ាងដូចម្តេច ដើម្បីទទួលបានកម្ចីដែលមានការធានាពី ធនាគារ ព្រីនស៍?

ដើម្បីទទួលបានប្រាក់កម្ចីពីធនាគារ ព្រីនស៍ អតិថិជនគួរតែយកចិត្តទុកដាក់ក្នុងការរៀបចំផែនការអាជីវកម្មរបស់ពួកគាត់ និងកំណត់តម្រូវការហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ការរីកចម្រើនប្រកបដោយចីរភាព។ បន្ទាប់មក ពួកគាត់អាចពិគ្រោះជាមួយអ្នកជំនាញផ្តល់ប្រាក់កម្ចីនៅសាខាណាមួយរបស់ធនាគារ ព្រីនស៍ ដែលនៅជិតពួកគាត់បំផុតសម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងដែលគាត់អាចស្នើបាន។ នៅពេលដែលពួកគាត់បានពិភាក្សា និងសម្រេចចិត្តលើគម្រោងណាមួយហើយ ពួកគាត់អាចដាក់សំណើមកកាន់ធនាគារ ព្រីនស៍ ដើម្បីយើងខ្ញុំចាប់ផ្តើមដំណើរការសិក្សាវាយតម្លៃ និងអនុម័តសំណើឥណទាននោះតាមគោលការណ៍របស់ធនាគារ។ សំណើនេះ នឹងត្រូវបានពិនិត្យឡើងវិញដោយ CGCC សម្រាប់ការអនុម័តចុងក្រោយលើគម្រោងធានា និងកម្រិតឥណទានដែលបានស្នើសុំ ឬធនាគារ ព្រីនស៍ ស្នើសុំចុះកិច្ចធានាឥណទានដែលបានអនុម័តរួចដោយគណៈកម្មការផ្ទៃក្នុងរបស់ធនាគារ ជាមួយសាជីវកម្មធានាឥណទានកម្ពុជា។

៥. តើធនាគារ ព្រីនស៍ មានយុទ្ធសាស្រ្ត ឬផែនការដូចម្តេច ដើម្បីបន្តបង្កើនការបញ្ចេញកម្ចីដែលមានការធានាក្នុងឆ្នាំ២០២៤ នេះ ក៏ដូចជាឆ្នាំបន្ទាប់?

ឆ្នាំ២០២៤ នៅតែជាឆ្នាំដ៏លំបាកសម្រាប់អ្នកគ្រប់គ្នា ប៉ុន្តែធនាគារ ព្រីនស៍ ក៏នៅតែបន្តបើកការផ្តល់ឥណទានដល់អតិថិជនរបស់យើង ហើយយើងបានបន្តផ្សព្វផ្សាយនៅលើបណ្តាញផ្សព្វផ្សាយសង្គម គេហទំព័ររបស់ធនាគារ ព្រីនស៍ និងភ្នាក់ងារសារព័ត៌មាន អំពីគម្រោងធានាឥណទានដើម្បីជួយពួកគាត់ ប្រសិនបើពួកគាត់មិនមានទ្រព្យធានាគ្រប់គ្រាន់សម្រាប់កម្ចី។ យើងនឹងនៅតែបន្តនូវបេសកកម្មរបស់យើងប្រកបដោយការប្តេជ្ញាខ្ពស់ ក្នុងភាពជាដៃគូជាមួយ CGCC ដើម្បីផ្តល់ឥណទានជូនអតិថិជនរបស់យើង តាមរយៈការប្រើប្រាស់គម្រោងកិច្ចធានាឥណទានដែល CGCC មានស្រាប់ និងគម្រោងកិច្ចធានាឥណទានថ្មី ដែលស័ក្តិសមប្រសិនបើមានសម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ។

អាននិងទាញយកជា PDF: ស្វែងយល់អំពីការធានាឥណទាន – កិច្ចសម្ភាសន៍ជាមួយមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ធនាគារ ព្រីនស៍

 

CMA និង CGCC រួមគ្នាលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ការប្រកាសពីភាពជាដៃគូនេះ ធ្វើឡើង នៅក្នុងក្នុង សន្និបាតស្តីពី«ការធ្វើនវានុវត្តន៍យន្តការធានាឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង» កាលពីថ្ងៃទី២៤ ខែមករា។

យោងតាមសេចក្តីប្រកាសព័ត័មានរួម របស់ CMA និង CGCC កិច្ចសហប្រតិបត្តិការនេះ មានរយៈពេល៣ឆ្នាំ និងមានគោលបំណងជំរុញដល់ការអភិវឌ្ឍគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (BFIs) និងគាំទ្រសហគ្រាសធុនមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) តាមរយៈការអភិវឌ្ឍសមត្ថភាព សេវាហិរញ្ញវត្ថុឌីជីថល និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
តាមរយៈ  MOUនេះ ស្ថាប័នទាំងពីរ ប្តេជ្ញាដូច្នេះ៖  «CMA និង CGCC នឹងធ្វើការរួមគ្នា ដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាព MSMEs BFIs និងភាគីពាក់ព័ន្ធនានា ដោយរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងធ្វើការសិក្សាស្រាវជ្រាវនានា ក្នុងគោលដៅលើកកំពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំរុញសេវា ហិញ្ញវត្ថុឌីជីថល និងការគាំទ្រគំនិតផ្តួចផ្តើមវិស័យបៃតងនៅកម្ពុជា។»។
ស្ថាប័នទាំងពីរប្តេជ្ញាចិត្ត ប្រើប្រាស់ធនធានដែល ខ្លួនមាន ដើម្បីធានាឱ្យបាន នូវការអនុវត្តប្រកបដោយជោគជ័យ នូវគំនិតផ្តួចផ្តើម ផ្សេងៗក្នុងគោលបំណងជំរុញការរួមចំណែក របស់វិស័យហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
លោក ហួត អៀងតុង តំណាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា «កិច្ចសហ ប្រតិបត្តិការនេះ គឺជាជំហ៊ានដ៏សំខាន់មួយក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។
លោក ហួត អៀងតុង បន្តថា៖«តាមរយៈការរួមបញ្ចូលគ្នាទាំងធនធាន និងជំនាញ យើងអាចបង្កើតនូវប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ ដែលគាំទ្រការលូតលាស់ នៃអាជីវកម្មធុនមីក្រូ តូច និងមធ្យម (MSMEs) ព្រមទាំងចូលរួមក្នុងការអភិវឌ្ឍនៅ ប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព។»
ក្នុងពិធីនោះដែរ លោក ណូ លីដា អគ្គនាយក CGCC បានមានប្រសាសន៍ថាអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នា របស់ CGCC និង CMA ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពនៅកម្ពុជា។
លោក ណូ លីដា បន្ថែមថា៖ «CGCC មានសេចក្តីសោមនស្សក្នុងការ សហការជាមួយ CMA ដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញ វត្ថុកាន់តែប្រសើរឡើង។ CGCC និង CMA ក៏ដូចជាសមាជិករបស់ CMA នឹងមានឱកាសជាច្រើន ក្នុងការប្រើប្រាស់ការធានាឥណទាន ដើម្បីបង្កើនការផ្តល់ប្រាក់កម្ចីចាំបាច់ដល់អាជីវកម្ម ដែលមិនមានលទ្ធ ភាពទទួលបានសេវាហិរញ្ញវត្ថុនៅទូទាំងប្រទេស។ »៕

សេចក្តីប្រកាសព័ត៌មាន CMA និង CGCC បង្កើតភាពជាដៃគូយុទ្ធសាស្ត្រដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុ

 

ទាញយកសេចក្តីប្រកាសព័ត៌មាន