CGCC

CGCC ចូលរួមសិក្ខាសាលាថ្នាក់ជាតិលើកទី៧ ស្តីពី “សហគ្រិនស្ត្រីក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ៖ ពង្រីកលាកានុវត្តភាពសហគ្រិនស្ត្រីក្នុងសេដ្ឋកិច្ចបៃតង”

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការនៃ CGCC បានចូលរួម ជាវាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលាថ្នាក់ជាតិលើកទី៧ ស្តីពី “សហគ្រិនស្ត្រីក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ៖ ពង្រីកលាកានុវត្តភាពសហគ្រិនស្ត្រីក្នុងសេដ្ឋកិច្ចបៃតង” ដែលរៀបចំដោយ ក្រសួងកិច្ចការនារី និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អមការចូលរួមដោយថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួងស្ថាប័នពាក់ព័ន្ធ សមាគមសហគ្រិនស្រ្តី វិស័យឯកជន អង្គការដៃគូជាតិនិងអន្តរជាតិ មន្ទីរកិច្ចការនារីខេត្តទាំង២៥ រាជធានីខេត្ត-ក្រុង និងមជ្ឍមណ្ឌលអភិវឌ្ឍន៍ស្រ្តីទាំង១៤ ប្រមាណ ២៥០នាក់ និងចូលរួមតាមប្រព័ន្ធអនឡាញប្រមាណ ១៥០នាក់។

សិក្ខាសាលាថ្នាក់ជាតិនេះ រៀបចំក្នុងគោលបំណងពង្រឹងយន្តការវិធានការ និងការគាំទ្រស្រ្តីសហគ្រិន ជាពិសេសលើកកម្ពស់ចំណេះដឹងរបស់ស្រ្តីសហគ្រិនពាក់ព័ន្ធនឹងកម្មវិធីគាំទ្រនានា របស់រាជរដ្ឋាភិបាល អង្គការដៃគូ និងវិស័យឯកជន ក្នុងការអភិវឌ្ឍអាជីវកម្មស្របតាមនិន្នាការបច្ចុប្បន្ន ប្រកបដោយនវានុវត្តន៍ ជាពិសេសឆ្លើយតបនឹងសេដ្ឋកិច្ចបៃតង។

តាមរយៈសិក្ខាសាលាថ្នាក់ជាតិនេះ លោកស្រី លឹម ចាន់ធីតា ក្នុងនាមជាវាគ្មិនមួយរូប ក្នុងកិច្ចពិភាក្សាអំពី “ការវិនិយោគឧស្សាហកម្មបៃតងដែលឆ្លើយតបនឹងយេនឌ័រ” ដោយលោកស្រីបានចែករំលែកអំពីយន្តការធានាឥណទានរបស់ CGCC ដើម្បីគាំទ្រដល់លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រិនស្រ្ដីក្នុងវិស័យបៃតង និងការលើកកម្ពស់សហគ្រិនស្រ្តី សំដៅលើការបង្កើនបរិយាបន្នហិរញ្ញវត្ថុ ពង្រើកអាជីវកម្ម និងចូលរួមផ្តល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសផងដែរ។

CGCC គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម និងគម្រោង CAPFISH-Capture គាំទ្រថវិកាដោយសហភាពអឺរ៉ុប រួមគ្នាជំរុញកំណើនការវិនិយោគក្នុងអនុវិស័យជលផលតាមរយៈកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF)

រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានប្រារព្ធនូវវឌ្ឍនភាពដ៏សំខាន់មួយក្នុងការពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា។ ពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងគាំទ្រសហគ្រាសកែច្នៃផលផលិតផលជលផលចំនួន ១១ ត្រូវបានរៀបចំឡើងក្រោមកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF)។​

កម្មវិធី ISF គឺជាគំរូ​ហិរញ្ញវត្ថុថ្មីមួយរបស់គម្រោង CAPFISH-Capture ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងរដ្ឋបាលជលផល (FiA) ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រងនិងចាត់ចែងមូលនិធិដោយ CGCC។ កម្មវិធី ISF មានទម្រង់ជាហិរញ្ញវត្ថុបដិភាគ កៀរគរការវិនិយោគសរុបប្រមាណ ២,៥០លាន ដុល្លារអាមេរិក រួមមានកញ្ចប់មូលនិធិគម្រោងគាំទ្រជាសម្ភារបរិក្ខារចំនួន ១លានដុល្លារអាមេរិក (៤០% នៃការវិនិយោគសរុប) ប្រាក់កម្ចីអាជីវកម្មពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ជាមួយនឹងការធានាឥណទានពី CGCC ចំនួន ១,២៥លានដុល្លារអាមេរិក (៥០%)  និងសហវិនិយោគផ្ទាល់ពីសហគ្រាសចំនួន ២៥០.០០០ ដុល្លារអាមេរិក (១០%)។

ចាប់តាំងពីការដាក់ឱ្យដំណើការនៅចុងឆ្នាំ២០២៤​ រហូតមកដល់បច្ចុប្បន្ននេះ កម្មវិធី ISF បាននិងកំពុងគាំទ្រសហគ្រាសជុំដំបូងចំនួន ១១ និងសហគ្រាសជាច្រើនទៀតស្ថិតក្នុងដំណើរការជ្រើសរើសនៃកម្មវិធី។ ជាមួយកញ្ចប់ហិរញ្ញប្បទានដំបូងរបស់គម្រោងចំនួន ៣២០.០០០ ដុល្លារអាមេរិក បានទាក់ទាញទុនវិនិយោគបន្ថែមជាប្រាក់កម្ចីមានការធានាចំនួន ៣៤០.០០០ ដុល្លារអាមេរិក ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ចំនួន ២ស្ថាប័ន គឺធនាគារអេស៊ីលីដា និងធនាគារមេយប៊ែង រួមជាមួយសហវិនិយោគពីសហគ្រាសផ្ទាល់ចំនួន ៥៨០.០០០ ដុល្លារអាមេរិក។​

កម្មវិធី ISF ផ្តោតការគាំទ្រជាចម្បងដល់សហគ្រាសជលផលក្រោយប្រមូលផលដែលចង់បង្កើនប្រតិបត្តិការអាជីវកម្ម និងពង្រីក​ទីផ្សារទាំងក្នុង និងក្រៅស្រុក។ កម្មវិធីផ្តល់ភាពអង់អាច និងការយកចិត្តទុកដាក់ដល់អាជីវកម្មដែលដឹកនាំដោយស្ត្រី យុវជន និងជនមានពិការភាព។

តាមរយៈគំរូ​ហិរញ្ញវត្ថុថ្មីនៃកម្មវិធី ISF នេះ គម្រោង CAPFISH-Capture និង CGCC ប្តេជ្ញាចិត្តគាំទ្រសហគ្រាសស្ថិតក្នុងខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផល ក្នុងការអនុវត្តសុវត្ថិភាពម្ហូបអាហារ និងស្តង់ដារទីផ្សារ។ កញ្ចប់គាំទ្របច្ចេកទេសដែលឆ្លើយតបពេញលេញទៅនឹងតម្រូវការជាក់លាក់របស់សហគ្រាស រួមមានការបង្កើតផែនការអាជីវកម្ម ការផ្សារភ្ជាប់ទីផ្សារ ការបំពេញបានតាមលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពម្ហូបអាហារ បរិស្ថាន និងសង្គមជាដើម។

សហគ្រាសជលផលក្រោយប្រមូលផលដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យឥឡូវនេះ! ផ្អែកតាមថវិកាមានកំណត់ ដាក់ពាក្យស្នើសុំមុន មានឱកាសទទួលបានមុន។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី ISF និងដំណើរការដាក់ពាក្យស្នើសុំ សូមចូលទៅកាន់៖ https://www.cgcc.com.kh/en/post-harvest-fishery-guarantee-scheme/

សារអេឡិចត្រូនិក៖ [email protected]

Photo credit: @UNIDO_CAPFISH-Capture_Sovannarith NUTH
photo credit: @UNIDO_CAPFISH-Capture_Sovannarith NUTH
Photo credit: @UNIDO_CAPFISH-Capture_Sovannarith NUTH

CGCC ចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន»

នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអគារខ្មែរថាមស៍ រាជធានីភ្នំពេញ លោកស្រី កឹម ចាន់ថាវី អនុប្រធានការិយាល័យផ្នែកទំនាក់ទំនង និង លោក សែ គឹមវាសនា បុគ្គលិកជំនាញជាន់ខ្ពស់ផ្នែកទីផ្សារ និងទំនាក់ទំនង នៃសាជីវកម្មធានាឥណទានកម្ពុជា ​(CGCC) បានចូលរួមចែករំលែកអំពីយន្តការធានាឥណទាន នៅក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន» ដល់សហគ្រាសធុនតូច និងមធ្យម ដែលរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC), ក្រុមហ៊ុន មេគង្គអ៊ិនគ្លូស៊ីវ វេនឈ័រ (MiV) និងគាំទ្រថវិការបដិភាគដោយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។

វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC និងការប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួមដោយលោកឧកញ៉ាប្រធានផងដែរ ទៅកាន់ម្ចាស់សហគ្រាស ចំនួន២៥នាក់​ ដែលបានចូលរួមផងដែរ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោកស្រី កឹម ចាន់ថាវី ក៏បានធ្វើបទបង្ហាញស្ដីពី “បរិយាបន្នហិរញ្ញប្បទាន” ដោយលោកស្រីបានចែករំលែកអំពីយន្តការធានាឥណទានរបស់ CGCC ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលនេះក៏មានការចូលរួមសហការដោយ CGCC, ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និងធនាគារ កាណាឌីយ៉ា។ កម្មវិធីនេះមានគោលបំណងដើម្បីផ្តល់ការបណ្តុះបណ្តាលចំណេះដឹង ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីលទ្ធភាពដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម និងប្រើប្រាស់ឥណទាននេះត្រឹមត្រូវតាមគោលបំណង ចំគោលដៅដែលជំរុញឱ្យសហគ្រាស ធុនតូច និងមធ្យម (SMEs) នៅកម្ពុជា មានការរីកចម្រើន និរន្តរភាព និងចីរភាពក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

CGCC ចូលរួមចែករំលែកអំពីហិរញ្ញប្បទានបៃតង និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ពង្រឹងការអនុវត្តឧស្សាហកម្មបៃតងដែលឆ្លើយតបនឹងយេនឌ័រអោយកាន់តែប្រសើរឡើង” នៅឯខេត្តកំពត

នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅឯខេត្តកំពត លោកស្រី ពិន ម៉ានីកា ប្រធានការិយាល័យផ្នែកទីផ្សារ និងអភិវឌ្ឍអាជីវកម្មរបស់ CGCC បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ពង្រឹងការអនុវត្តឧស្សាហកម្មបៃតង ដែលឆ្លើយតបនឹងយេនឌ័រឱ្យកាន់តែប្រសើរឡើង” នៅថ្នាក់ជាតិ ដែលជាគម្រោងសហការរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងក្រសួងកិច្ចការនារី (MoWA) និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) និងក្រោមការគាំទ្រពី ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចរបស់សហពន្ធ័អាល្លឺម៉ង់ (BMZ)  ក្នុងគោលបំណង ពង្រឹងការចូលរួម និងសមត្ថភាពពីក្រសួងស្ថាប័នពាក់ពន្ធ័ ក្នុងការរៀបចំ និងអនុវត្តគោលនយោបាយសេដ្ឋកិច្ចបៃតង និងឧស្សាហកម្មបៃតងដែលឆ្លើយតបនឹងយេនឌ័រ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោកស្រី ពិន ម៉ានីកា បានចែករំលែកក្នុងនាមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងវគ្គទី៥ ដែលផ្តោតលើ ការវិនិយោគសំខាន់ៗនៅក្នុងឧស្សាហកម្មបៃតងដែលឆ្លើយតបនឹងយេនឌ័រ  ដោយលោកស្រីបានចែករំលែកអំពីយន្តការធានាឥណទានរបស់ CGCC ដើម្បីគាំទ្រដល់ហិរញ្ញប្បទានបៃតង និងបរិយាបន្នហិរញ្ញវត្ថុ។

សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះបានទទួលនូវជំនាញសំខាន់ៗ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចបៃតងដែលប្រកាន់យកយេនឌ័រ និងជំរុញការផ្លាស់ប្តូរចំណេះដឹង។ CGCC ក៏​មាន​មោទនភាព​ផងដែរ ដែលបាន​ចូលរួមចែករំលែកនូវសារៈសំខាន់នៃយន្តការធានាឥណទាន សម្រាប់ការចូលរួមអភិវឌ្ឍគោលនយោបាយសេដ្ឋកិច្ចបៃតង និងឧស្សាហកម្មបៃតងដ៏មានសារៈសំខាន់ ដើម្បីការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព៕

 

សេចក្តីប្រកាសព័ត៌មាន សន្និបាតប្រចាំឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមប្រធានបទ “ការធ្វើនវានុវត្តន៍យន្តការធានាឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង”

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា បានសហការរៀបចំសន្និបាតប្រចាំឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ស្តីពី ការធ្វើនវានុវត្តន៍យន្តការធានាឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ 

សន្និបាតប្រចាំឆ្នាំរបស់ CGCC ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃយន្តការធានាឥណទានរបស់រាជរដ្ឋាភិបាល, សម្ពោធ​​ដាក់ឱ្យដំណើរការគម្រោងធានាឥណទានសាធារណៈថ្មីៗ និងជាវេទិកាចែករំលែកមេរៀន និងបទពិសោធន៍នៃការធ្វើនវានុវត្តន៍យន្តការធានាឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង ឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ការគាំទ្របរិយាន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា។ សន្និបាតនេះ មានអ្នកចូលរួមដែលជាតំណាងមកពីស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ សមាគមអាជីវកម្ម និងស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ ១៥០រូប។  

តាមរយៈសន្និបាតនេះ ឯកឧត្តម រស់ សីលវ៉ា បានដាក់ឱ្យសម្ពោធជាផ្លូវការ “គម្រោងធានាឥណទានបោះដុំ” របស់ CGCC ដើម្បីផ្តល់ការធានាលើកម្ចីអាជីវកម្មដែលមានស្រាប់ របស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ក្នុងគោលបំណងចែករំលែកហានិភ័យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម និងកាត់បន្ថយកម្រិតថ្លឹងហានិភ័យនៃអ៊ិចស្ពូស៊ើដែលមានការធានាដោយ CGCC។ យោងលើប្រកាសស្តីពីហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៩​ ខែមិថុនា ឆ្នាំ២០២៣ អ៊ិចស្ពូស៊ើចារឹកជាប្រាក់រៀល ឬរូបិយបណ្ណដែលមានការធានាច្បាស់លាស់ និងឥតលក្ខខណ្ឌដោយរាជរដ្ឋាភិបាលកម្ពុជា រាប់បញ្ចូលទាំងការធានាដោយគម្រោងធានាឥណទានដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានថ្លឹងហានិភ័យសូន្យភាគរយ។

 

ជាមួយគ្នានេះ ឯកឧត្តម រស់ សីលវ៉ា ក៏បានផ្តល់លិខិតកោតសរសើររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ ចំនួន៥ រួមមាន ធនាគារ ព្រីនស៍, ធនាគារ ស្ថាបនា, ធនាគារ កាណាឌីយ៉ា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី, និងធនាគារ វឌ្ឍនៈអាស៊ី ចំកាត់, ដែលបានបញ្ចេញកម្ចីមានការធានាបានច្រើនជាងគេក្នុងឆ្នាំ ២០២៤ និងលិខិតកោតសរសើរពិសេស ជូនដល់ ធនាគារ ហ្វីលីព  ដែលរក្សាបាននូវគុណភាពកម្ចីមានការធានាបានល្អជាងគេ គិតត្រឹមបំណាច់ឆ្នាំ២០២៤។ 

 

ឯកឧត្តម រស់ សីលវ៉ា បានលើកឡើងថា៖ “ការធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ គឺជាគោលដៅយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដោយផ្តោតអាទិភាពលើការបង្កើនហិរញ្ញប្បទានចីរភាពនិងបៃតង ដើម្បីបង្កើនលំហូរហិរញ្ញវត្ថុឆ្ពោះទៅរកការវិនិយោគបៃតង និងសេដ្ឋកិច្ចបៃតង និងជំរុញការវិនិយោគសាធារណៈដែលមានភាពធន់នឹងអាកាសធាតុ និងមានការបញ្ចេញកាបូនទាប ជាដើម។ ការវិនិយោគលើការប្រែប្រួលអាកាសធាតុ មិនត្រឹមតែអាចនាំមកនូវផលចំណេញផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏អាចផ្តល់ចំណេញដល់សង្គម-សេដ្ឋកិច្ចផងដែរ។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធផ្តោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរាជរដ្ឋាភិបាល ក្នុងការពិនិត្យលទ្ធភាពបង្កើតផលិតផលហិរញ្ញវត្ថុ, រៀបចំនិងអនុវត្តគម្រោង, ព្រមទាំងការរៀបចំយន្តការគាំទ្រនានា ដើម្បីបង្កើនការផ្តល់ហិរញ្ញប្បទានបៃតងនៅកម្ពុជា។  

នៅក្នុងសន្និបាតនេះ ក៏មាននូវការប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន រវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមថ្មីចំនួន២ គឺ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និង ធនាគារ ស៊ិនហាន និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកិច្ចសហប្រតិបត្តិការសំដៅគាំទ្រដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូច និងមធ្យម​ផងដែរ។ 

 

គោលបំណងសំខាន់មួយទៀតនៃសន្និបាតប្រចាំឆ្នាំរបស់ CGCC គឺការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងការធានាឥណទាន តាមរយៈកិច្ចពិភាក្សាស្តីពី “ការធ្វើនវានុវត្តន៍យន្តការធានាឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង”  ដោយមានការចូលរួមពីវាគ្មិនកិត្តិយស រួមមាន Mr. Kittipong Buranasiri តំណាងស្ថាប័នធានាឥណទានថៃ, Ms. Lee Hyeok តំណាងមូលនិធិធានាឥណទានកូរ៉េ, Mr. Mohamed Azman Mohamed Taufik តំណាងសាជីវកម្មធានាឥណទានម៉ាឡេស៊ី, និង លោក ញឹម សូរិយា តំណាងសាជីវកម្មធានាឥណទានកម្ពុជា ក្រោមការសម្របសម្រួលពី Mr. Shakeel Ahmad អ្នកតំណាងរងប្រចាំប្រទេស របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា។ 

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានឯកត្តឥណទានចំនួន ៥គម្រោង, កិច្ចព្រមព្រៀងលើគម្រោងធានាឥណទានជាកញ្ចប់ចំនួន ១៧, គម្រោងធានាឥណទានលើការបោះផ្សាយសញ្ញាប័ណ្ណ និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់CGCC។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីប្រតិបត្តិការរយៈពេល៤ឆ្នាំ CGCC បានអនុម័តការធានាឥណទានចំនួន .១៣៩ គណនី លើកម្ចីប្រមាណ ២៥៦,៥៨ លានដុល្លារ ជូនដល់ក្រុមហ៊ុនអាជីវកម្មនៅទូទាំងប្រទេស ដែលអាជីវកម្មទាំងនោះ បានផ្តល់នូវឱកាសការងារជូនដល់កម្មករនិយោជិត ជាង ៣ម៉ឺននាក់៕

 

CGCCនិងសភាពាណិជ្ជកម្មកម្ពុជា (CCC) សហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរលើកកម្ពស់សមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុរបស់ សហគ្រាសធុនតូច និងមធ្យម” នៅឯខេត្តព្រះសីហនុ

នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរលើកកម្ពស់សមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុរបស់ សហគ្រាសធុនតូច និងមធ្យម” នៅឯខេត្តព្រះសីហនុ  ក្រោមកិច្ចសហការចូលរួមពី សភាពាណិជ្ជកម្មមណ្ឌលខេត្តព្រះសីហនុ ដែលក្នុងនោះមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយចំនួន និងបណ្តាសហគ្រិនដែលជាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម នៅក្នុងខេត្តព្រះសីហនុ ប្រមាណ ៣០រូប។

វគ្គបណ្តុះបណ្តាលនេះទទួលបានការអញ្ជើញចូលរួមជាអធិបតីពី លោកឧកញ៉ា​ តាន់ តាត់  ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តព្រះសីហនុ លោកណូ លីដា អគ្គនាយករង CGCC ​លោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍អាជីវកម្ម នៃ​ CGCC និងព្រមទាំងមានការធ្វើបទបង្ហាញពីលោកសែ គឹមវាសនា បុគ្គលិកជំនាញជាន់ខ្ពស់ផ្នែកទីផ្សារ និងទំនាក់ទំនង​ នៃ​ CGCC  និងអ្នកតំណាងនៃ ធនាគារ ABA និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ផងដែរ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សហគ្រិននៃអាជីវកម្មខ្នាតតូចនិងមធ្យម បានយល់ដឹងអំពីអត្ថប្រយោជន៍នៃការធានាឥណទាន និងជាពិសេសបានយល់ពីការត្រៀមខ្លួនទទួលបានកម្ចីរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថ យល់ដឹងពីរបៀបប្រើប្រាស់កម្ចីប្រកបដោយការទទួលខុសត្រូវ និងត្រឹមត្រូវ និងទទួលបានឱកាសអនុវត្តផ្ទាល់ និងទទួលបានមតិយោបល់កែលម្អពីគ្រូបង្គោល/អ្នកជំនាញតាមរយៈក្រុមពិភាក្សា លើប្រធានបទការត្រៀមខ្លួនដើម្បីទទួលបានកម្ចី។

CGCC ចូលរួមក្នុងកិច្ចពិភាក្សាលើ ហិរញ្ញវត្ថុសម្រាប់អាជីវកម្មធុនតូច និងមធ្យម

នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នៅការិយាល័យសហគ្រិនខ្មែរ លោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្មនៃ CGCC  បានចូលរួមជាវាគ្មិនកិត្តិយសមួយរូបក្នុងកិច្ចពិភាក្សាលើប្រធានបទ “ហិរញ្ញវត្ថុសម្រាប់អាជីវកម្មធុនតូច និងមធ្យម” ដែលត្រូវបានរៀបចំឡើងនៅក្នុងជំនួបលើកចុងក្រោយ នៃកម្មវិធី​ហិរញ្ញវត្ថុសម្រាប់អាជីវកម្ម រដូវកាលទី២ ដោយសហគ្រិនខ្មែរ។

តាមរយៈកិច្ចពិភាក្សានេះ លោក យុន ផន បានចែករំលែកអំពីយន្តការធានាឥណទាន និងអត្ថប្រយោជន៍សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការពីគ្រឹះស្ថានហិរញ្ញវត្ថុ តាមរយៈសេវាកម្ម និងផលិតផលរបស់ CGCC ដែលរួមមាន ការធានាលើកម្ចីអាជីវកម្ម ការធានាសញ្ញាប័ណ្ណ និងកម្មវិធីកសាងសមត្ថភាពសម្រាប់សហគ្រិនរបស់ CGCC ដើម្បីជួយអភិវឌ្ឍអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា។

សហគ្រិនដែលជាម្ចាស់អាជីវកម្មទាំងអស់ មិនត្រឹមតែបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការស្វែងយល់ពីការចែករំលែករបស់វាគ្មិនកិត្តិយស ទៅលើទិដ្ឋភាព និងនិន្នាការនៃហិរញ្ញប្បទានសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា​ រួមទាំងបញ្ហាប្រឈម និងដំណោះស្រាយប៉ុណ្ណោះទេ តែថែមទាំងមានឱកាសបានលើកឡើងនូវសំណួរនានាដែលពួកគាត់បាននិងកំពុងជួបប្រទះ ដើម្បីទទួលបានអនុសាសន៍ពីវាគ្មិនយកទៅកែលម្អលើប្រតិបត្តិការអាជីវកម្ម និងពង្រីកចំណេះដឹងហិរញ្ញវត្ថុ ដែលជាមូលដ្ឋានគ្រឹះក្នុងការបង្កើនលទ្ធភាពអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន សម្រាប់ការទទួលបានហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះនានា៕

 

CGCC ចូលរួមចែករំលែកអំពីហិរញ្ញប្បទានបៃតង និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ពង្រឹងការអនុវត្តឧស្សាហកម្មបៃតងដែលឆ្លើយតបនឹងយេនឌ័រអោយកាន់តែប្រសើរឡើង”

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅឯមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាពស្រ្តី លោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងកិច្ចសហប្រតិបត្តិការរបស់ CGCC បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ពង្រឹងការអនុវត្តឧស្សាហកម្មបៃតង ដែលឆ្លើយតបនឹងយេនឌ័រឱ្យកាន់តែប្រសើរឡើង” នៅថ្នាក់ជាតិ ដែលជាគម្រោងសហការរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងក្រសួងកិច្ចការនារី (MoWA) និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) និងក្រោមការគាំទ្រពី ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចរបស់សហពន្ធ័អាល្លឺម៉ង់ (BMZ)  ក្នុងគោលបំណង ពង្រឹងការចូលរួម និងសមត្ថភាពពីក្រសួងស្ថាប័នពាក់ពន្ធ័ ក្នុងការរៀបចំ និងអនុវត្តគោលនយោបាយសេដ្ឋកិច្ចបៃតង និងឧស្សាហកម្មបៃតងដែលឆ្លើយតបនឹងយេនឌ័រ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោកស្រី សាន សុខរីណា បានចែករំលែកក្នុងនាមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងវគ្គទី៥ ដែលផ្តោតលើ ការវិនិយោគសំខាន់ៗនៅក្នុងឧស្សាហកម្មបៃតងដែលឆ្លើយតបនឹងយេនឌ័រ  ដោយលោកស្រីបានចែករំលែកអំពីយន្តការធានាឥណទានរបស់ CGCC ដើម្បីគាំទ្រដល់ហិរញ្ញប្បទានបៃតង និងបរិយាបន្នហិរញ្ញវត្ថុ។

សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះបានទទួលនូវជំនាញសំខាន់ៗ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចបៃតងដែលប្រកាន់យកយេនឌ័រ និងជំរុញការផ្លាស់ប្តូរចំណេះដឹង។ CGCC ក៏​មាន​មោទនភាព​ផងដែរ ដែលបាន​ចូលរួមចែករំលែកនូវសារៈសំខាន់នៃយន្តការធានាឥណទាន សម្រាប់ការចូលរួមអភិវឌ្ឍគោលនយោបាយសេដ្ឋកិច្ចបៃតង និងឧស្សាហកម្មបៃតងដ៏មានសារៈសំខាន់ ដើម្បីការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព៕

CGCC ចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធី លុយខ្ញុំ ជីវិតខ្ញុំ របស់វិទ្យុស្រ្តីកម្ពុជា គាំទ្រដោយសមាគមធនាគារនៅកម្ពុជា

នាថ្ងៃទី១៩​ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី ពិន ម៉ានីកា ប្រធានការិយាល័យទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្មនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងកម្មវិធី លុយខ្ញុំ ជីវិតខ្ញុំ ដែលផលិតដោយ វិទ្យុស្ត្រី គាំទ្រដោយ សមាគមធនាគារនៅកម្ពុជា (ABC) ដែលប្រធានបទនៃកម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជនទាក់ទងនឹងCGCC, លក្ខខណ្ឌ និងនីតិវិធីដើម្បីទទួលបានការធានា និងជាពិសេសគឺអត្ថប្រយោជន៍​នៃយន្តការធានាឥណទានសម្រាប់អាជីវកម្ម។ 

 

តាមរយៈកម្មវិធីនេះ លោកស្រីម៉ានីកា បានចូលរួមចែករំលែកអំពីតួនាទី ផលិតផល និងសេវាកម្មរបស់ CGCC ដើម្បីបញ្ជ្រាបឱ្យសាធារណជនបានស្គាល់អំពី CGCC កាន់តែច្បាស់ និងអាចឱ្យម្ចាស់អាជីវកម្មអាចទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់សេវាធានាឥណទាន តាមរយៈការស្នើសុំកម្ចីទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុធនាគារ/មីក្រូហិរញ្ញវត្ថុ ដែលជាដៃគូរបស់ CGCC ក្នុងករណីខ្វះឬមិនមានទ្រព្យធានាគ្រប់គ្រាន់។ មិនតែប៉ុណ្ណោះ លោកស្រីក៏បានលើកយកករណីជោគជ័យ នៃសហគ្រិនស្រ្តីមួយរូប ដែលបានស្នើកម្ចីពីគ្រឹះស្ថានធនាគារដៃគូរបស់ CGCC ដែលមានការធានាពី CGCC ដែលបានជួយពង្រីកលទ្ធភាពទទួលបានកម្ចី ក្នុងការប្រើប្រាស់ចាំបាច់។ បន្ថែមពីលើនេះ លោកស្រីក៏បានចែករំលែកអំពីការចូលរួមរបស់ CGCC លើការកសាងសមត្ថភាព និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម ដែលជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពនានារបស់ CGCC។

ជាអនុសាសន៍និងសំណូមពរ ដល់សហគ្រាស និងម្ចាស់អាជីវកម្ម (SMEs) លោកស្រីបានលើកទឹកចិត្តឱ្យពួកគាត់គួរតែត្រៀមខ្លួនអោយបានល្អ ក្នុងការទទួលកម្ចីផ្លូវការ តាមរយៈការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងតាមស្តង់ដារ ដើម្បីអាចអភិវឌ្ឍខ្លួនឱ្យបានវែងឆ្ងាយទៅជាក្រុមហ៊ុនអាជីវកម្មស្តង់ដារ និងសំណូមពរដល់គ្រឹះស្ថានហិរញ្ញវត្ថុដៃគូរបស់ CGCC ឱ្យបន្តផ្សព្វផ្សាយបន្ថែមដល់បុគ្គលិក និងសាខាទាំងអស់ អំពីសេវាធានាឥណទានរបស់CGCC ដែលអាចជួយសម្រួលតម្រូវការទ្រព្យធានា និងជំរុញលទ្ធភាពទទួលបានកម្ចីផ្លូវការរបស់ SME៕

 

CGCC ចូលរួមកម្មវិធីកិច្ចសន្ទនាកាហ្វេថ្ងៃសុក្រ (Friday Coffee Talk)

នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤  លោក ណូ លីដា អគ្គនាយក CGCC និងសហការី បានចូលរួមកម្មវិធីកិច្ចសន្ទនាកាហ្វេថ្ងៃសុក្រ (Friday Coffee Talk) ដែលរៀបចំដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដោយធ្វើការជជែកពិភាក្សាទៅលើប្រធានបទស្ដីពី “ការទទួលបានមូលធនតាមរយៈសញ្ញាបណ្ណមានការធានាពី​ CGCC” ដោយមាន លោក​ ណូ លីដា ជាវាគ្មិនកិត្តិយសមួយរូប និងវាគ្មិនកិត្តិយស២រូបទៀត គឺលោក អ៊ីវ គីមសួរ អគ្គនាយកនៃក្រុមហ៊ុន APM (Cambodia) និងលោក សេង ចាន់ធឿន នាយកប្រតិបត្តិនៃ ក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប (RGS)។

ការជជែកពិភាក្សា បានផ្ដោតសំខាន់ទៅលើការត្រៀមខ្លួនបែបណាដើម្បីធ្វើឱ្យអាជីវកម្មមានស្តង់ដារ​ សារៈសំខាន់នៃការទទួលបានមូលធនតាមរយៈ​សញ្ញាបណ្ណ ការស្វែងយល់អំពីសាជីវកម្មធានាឥណទានកម្ពុជា នីតិវិធីក្នុងការទទួលបានការធានាពីសាជីវកម្មធានាឥណទានកម្ពុជា និងបញ្ហាមួយចំនួនទៀតដែលបានលើកឡើងដោយអ្នកចូលរួមដែលជាម្ចាស់អាជីវកម្ម៕