CGCC ចូលរួមសិក្ខាសាលាថ្នាក់ជាតិលើកទី៧ ស្តីពី “សហគ្រិនស្ត្រីក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ៖ ពង្រីកលាកានុវត្តភាពសហគ្រិនស្ត្រីក្នុងសេដ្ឋកិច្ចបៃតង”

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការនៃ CGCC បានចូលរួម ជាវាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលាថ្នាក់ជាតិលើកទី៧ ស្តីពី “សហគ្រិនស្ត្រីក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ៖ ពង្រីកលាកានុវត្តភាពសហគ្រិនស្ត្រីក្នុងសេដ្ឋកិច្ចបៃតង” ដែលរៀបចំដោយ ក្រសួងកិច្ចការនារី និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អមការចូលរួមដោយថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួងស្ថាប័នពាក់ព័ន្ធ សមាគមសហគ្រិនស្រ្តី វិស័យឯកជន អង្គការដៃគូជាតិនិងអន្តរជាតិ មន្ទីរកិច្ចការនារីខេត្តទាំង២៥ រាជធានីខេត្ត-ក្រុង និងមជ្ឍមណ្ឌលអភិវឌ្ឍន៍ស្រ្តីទាំង១៤ ប្រមាណ ២៥០នាក់ និងចូលរួមតាមប្រព័ន្ធអនឡាញប្រមាណ ១៥០នាក់។

សិក្ខាសាលាថ្នាក់ជាតិនេះ រៀបចំក្នុងគោលបំណងពង្រឹងយន្តការវិធានការ និងការគាំទ្រស្រ្តីសហគ្រិន ជាពិសេសលើកកម្ពស់ចំណេះដឹងរបស់ស្រ្តីសហគ្រិនពាក់ព័ន្ធនឹងកម្មវិធីគាំទ្រនានា របស់រាជរដ្ឋាភិបាល អង្គការដៃគូ និងវិស័យឯកជន ក្នុងការអភិវឌ្ឍអាជីវកម្មស្របតាមនិន្នាការបច្ចុប្បន្ន ប្រកបដោយនវានុវត្តន៍ ជាពិសេសឆ្លើយតបនឹងសេដ្ឋកិច្ចបៃតង។

តាមរយៈសិក្ខាសាលាថ្នាក់ជាតិនេះ លោកស្រី លឹម ចាន់ធីតា ក្នុងនាមជាវាគ្មិនមួយរូប ក្នុងកិច្ចពិភាក្សាអំពី “ការវិនិយោគឧស្សាហកម្មបៃតងដែលឆ្លើយតបនឹងយេនឌ័រ” ដោយលោកស្រីបានចែករំលែកអំពីយន្តការធានាឥណទានរបស់ CGCC ដើម្បីគាំទ្រដល់លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រិនស្រ្ដីក្នុងវិស័យបៃតង និងការលើកកម្ពស់សហគ្រិនស្រ្តី សំដៅលើការបង្កើនបរិយាបន្នហិរញ្ញវត្ថុ ពង្រើកអាជីវកម្ម និងចូលរួមផ្តល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសផងដែរ។