CGCC

កម្មវិធីផ្សព្វផ្សាយអំពីនីតិវិធី ដើម្បីទទួលបានការធានាឥណទានពី CGCC ដល់អាជីវកម្មក្នុងវិស័យទេសចរណ៍

នាថ្ងៃសុក្រ ទី ២៤ ខែមិថុនា ឆ្នាំ២០២២ លោក Wong Keet Loong អគ្គនាយក CGCC រួមនឹងសហការី បានចូលរួមកម្មវិធីផ្សព្វផ្សាយអំពីនីតិវិធីដើម្បីទទួលបានការធានាឥណទានពី CGCC ដល់អាជីវកម្មនៅក្នុងវិស័យទេសចរណ៍។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ ក្រសួងទេសចរណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ សមាគម ទីភ្នាក់ងារ និងម្ចាស់អាជីវកម្មនានា នៅក្នុងវិស័យទេសចរណ៍។

Dissemination Workshop on Access to Credit Guarantee for Businesses in Tourism Sector

Dissemination Workshop on Access to Credit Guarantee for Businesses in Tourism Sector

លោក ណូ លីដា អគ្គនាយករង CGCC បានធ្វើបទបង្ហាញអំពីគម្រោងធានាឥណទាន និងយន្តការធានាឥណទាន របស់ CGCC ដើម្បីចែករំលែកជូនដល់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក៏ដូចជា ម្ចាស់អាជីវកម្ម នៅក្នុងវិស័យទេសចរណ៍ ឱ្យបានជ្រាបអំពីការទទួលបានកម្ចីដែលមានការធានាពី CGCC ជាពិសេសកម្ចីដែលខ្វះទ្រព្យបញ្ចាំ សម្រាប់ការស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍កម្ពុជា។

គួរបញ្ជាក់ផងដែរថា កន្លងមក CGCC ក៏បានដាក់ចេញនូវគម្រោងធានាឥណទានចំនួន៣រួចមកហើយ ដើម្បីចូលរួមគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម និងខ្នាតធំ ព្រមទាំងសហគ្រិនស្រ្តី ដែលមានតម្រូវការកម្ចី ប៉ុន្តែប្រឈមនឹងបញ្ហាខ្វះទ្រព្យបញ្ចាំ តាមរយៈការចាប់ដៃគូជាមួយធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីចូលរួមជំរុញបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូចនិងមធ្យម។

Dissemination Workshop on Access to Credit Guarantee for Businesses in Tourism Sector

Click here to read about: CGCC shares tips to access to guaranteed loans for Women Entrepreneurs

CGCC គឺជា​យន្តការ​ក្នុង​ការស្តារ និង​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍​ឡើងវិញ

ប្រតិបត្តិករ​ទេសចរណ៍​ត្រូវបំពេញ​នីតិវិធី និង​លក្ខខណ្ឌ​មួយចំនួន ​ដើម្បី​ទទួលបាន​លិខិតបញ្ជាក់​ទ្រព្យបញ្ចាំ​ពី CGCC ដែល​អាច​យកទៅ​ប្រើប្រាស់​ក្នុងការ​ទទួល​បាន​ឥណទាន​ពី​គម្រោង​សហហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ទេសចរ​នៅ​កម្ពុជា​។

នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ពី​ «​នីតិវិធី និង​លក្ខខណ្ឌ​ ដើម្បី​ទទួលបាន​លិខិត​បញ្ជាក់​ទ្រព្យ​បញ្ចាំ​ពី​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​»​ កាលពី​ថ្ងៃទី​ ២៤ ខែមិថុនា លោក សុង តុងហាប់ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​បាន​ថ្លែងថា នីតិវិធី និង​លក្ខខណ្ឌ​ ដើម្បី​ទទួល​បាន​លិខិតបញ្ជាក់​ទ្រព្យ​បញ្ចាំ​ពី​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា គឺជា​យន្តការ​បន្ថែម​ក្នុងការ​គាំទ្រ​គម្រោង​សហហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ទេសចរ​ដែល​ត្រូវបាន​រដ្ឋាភិបាល​ដាក់​ឱ្យ​អនុវត្ត​កាលពី​ថ្ងៃទី​​១៧ ខែឧសភា​។

លោក តុងហាប់ បន្តថា កម្មវិធី​ធានា​ឥណទាន​បាន​ដាក់​ឱ្យ​ដំណើរការ​ចាប់ពី​ថ្ងៃទី​ ២២ ខែកញ្ញា ឆ្នាំ​ ២០២១ តាមរយៈ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (Credit Guarantee Corporation of Cambodia-CGCC) ដើម្បី​ផ្តល់​ការធានា​ឥណទាន​ទៅលើ​កម្ចី​ដែល​ផ្តល់​ឱ្យ​អាជីវកម្ម ដើម្បី​ចែករំលែក​នូវ​ហានិភ័យ​ជាមួយ​ស្ថាប័ន​កម្ចី និង​បង្កើន​បរិយាប័ន្ន​ហិរញ្ញវត្ថុ ដោយ​ទទួល​បាន​ដើមទុន​ដំបូង​សមមូល​នឹង​ទឹកប្រាក់ ២០០ ​លាន​ដុល្លារ​ពី​រាជរដ្ឋាភិបាល​។

លោក ណូ លីដា អគ្គនាយករង​នៃ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បាន​ថ្លែងថា អាជីវកម្ម​ទេសចរណ៍​ត្រូវ​បំពេញ​នូវ​គុណវុឌ្ឍិ​មួយចំនួន​ដូចជា អាជីវកម្ម​ដែលមាន​ម្ចាស់​ភាគហ៊ុន​សញ្ជាតិ​ខ្មែរ (​កាន់កាប់​ភាគហ៊ុន​លើសពី ​៥០​ ភាគរយ​, អាជីវកម្ម​បាន​ចុះបញ្ជី​ជាមួយ​អាជ្ញាធរ​ពន្ធ ឬ​មិនបាន​ចុះបញ្ជី​ត្រូវតែ​ចុះបញ្ជី បន្ទាប់ពី​ទទួល​បាន​ការធានា​ឥណទាន និង​អាជីវកម្ម​ដែលមាន​លទ្ធភាព​សង​ត្រឡប់​វិញ​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​បាន​ប្រាប់ថា នីតិវិធី និង​លក្ខខណ្ឌ ដែល​ក្រសួង​ទេសចរណ៍ និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បាន​ដាក់​ចេញ​នេះ ពិតជា​មាន​ភាពទាក់ទាញ​ខ្លាំង​ សម្រាប់​ប្រតិបត្តិករ​ទេសចរណ៍​ទាំងអស់ ប៉ុន្តែ​នៅមាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ប្រតិបត្តិករ​បាន​ជួបប្រទះ​នៅពេល​ស្នើសុំ​កម្ចី​៕

(អត្ថបទពីកាសែតភ្នំពេញប៉ុស្តិ៍ ចុះផ្សាយថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២)

CGCC ចែករំលែកពីមគ្គុទេសក៏ នៃលទ្ធភាពទទួលបានកម្ចីដែលមានការធានា ដល់សហគ្រិនស្រ្តី

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចូលរួមជាវាគ្មិនកិត្តិយសមួយរូបនៅក្នុងវេទិកាសហគ្រិនស្ត្រីស្តីពី “លទ្ធភាពទទួលបានហិរញ្ញប្បទាន និងទីផ្សារក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់ស្រ្តី” ដែលលោកបានចែករំលែកអំពីកិច្ចចូលរួមរបស់ CGCC លើការគាំទ្រដល់ការទទួលបានកម្ចី និងបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រិនស្រ្តី ជាពិសេសលើកម្ចីដែលខ្វះទ្រព្យធានា។

នៅក្នុងវេទិកាពិភាក្សាស្តីពី  “ការចែករំលែកពីមគ្គុទេសក៏នៃលទ្ធភាពទទួលបានហិរញ្ញប្បទានដល់សហគ្រិនស្រ្តីវ័យក្មេង” លោកអគ្គនាយកបានគូសបញ្ជាក់អំពីភាពចាំបាច់នៃការធានាឥណទាន ដែលដើរតួជាផ្នែកមួយនៃទ្រព្យបញ្ចាំ ដើម្បីអាចសម្រួលឱ្យអាជីវកម្ម ជាពិសេសអាជីវកម្មដែលគ្រប់គ្រងដោយស្រ្តី បានទទួលកម្ចីងាយស្រួល និងច្រើនជាងមុន ពីគ្រឹះស្ថានហិរញ្ញវត្ថុដៃគូ។ យន្តការនេះគឺជាយន្តការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមពីលើកិច្ចអន្តរាគមន៍នានា ដែលផ្តល់នូវលក្ខខណ្ឌអនុគ្រោះជាច្រើន ក្នុងការជំរុញឱ្យអាជីវកម្មដែលគ្រប់គ្រងដោយស្រ្តី យមានលទ្ធភាពទទួលបានកម្ចីផ្លូវការ យកទៅប្រើប្រាស់ជាទុនបង្វិល និងពង្រីកអាជីវកម្ម ដោយយើងបានឃើញហើយថា អាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីមានចំណែករហូតដល់៦១%នៃអាជីវកម្មសរុបទូទាំងប្រទេសកម្ពុជ។

CGCC ចែករំលែកពីមគ្គុទេសក៏ នៃលទ្ធភាពទទួលបានកម្ចីដែលមានការធានា ដល់សហគ្រិនស្រ្តី
CGCC ចែករំលែកពីមគ្គុទេសក៏ នៃលទ្ធភាពទទួលបានកម្ចីដែលមានការធានា ដល់សហគ្រិនស្រ្តី

ជាមួយគ្នានេះផងដែរ បន្ថែមពីលើកិច្ចចូលរួមរបស់ស្ថាប័នពាក់ព័ន្ធ លោកអគ្គនាយកក៏បានលើកទឹកចិត្តដល់សហគ្រិនស្រ្តីឱ្យមានការរៀបចំត្រៀមខ្លួន ដើម្បីឱ្យសមស្របទៅនឹងលក្ខខណ្ឌនៃការទទួលបានហិរញ្ញប្បទានដែលមានភាពអនុគ្រោះទាំងនោះ។ ចំពោះការធានាឥណទាន ដែលដើរតួជាផ្នែកមួយនៃទ្រព្យបញ្ចាំលើកម្ចីអាជីវកម្មតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC សហគ្រិនស្រ្តីគ្រប់រូបសុទ្ធតែមានឱកាសក្នុងការទទួលបាន ដោយតោងទាមចាប់ផ្តើមពីការស្វែងរកព័ត៌មានជំនួយហិរញ្ញវត្ថុពី CGCC និងជាពិសេសពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង២៣ ដែលជាដៃគូរបស់ CGCC។

គួរបញ្ជាក់ផងដែរថា វេទិកាសហគ្រិនស្រ្តីថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយមានអ្នកចូលរួមជិត២០០នាក់ រួមមានទាំងស្រ្តី និងសហគ្រិនស្រ្តី ដែលវេទិកាមួយនេះផ្តល់នូវឱកាសដល់សហគ្រិនស្រ្តីយល់ដឹងពីវិធីសាស្រ្តទទួលបានហិរញ្ញប្បទាន ចំណេះដឹង និងព័ត៌មានហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុ និងធនធានហិរញ្ញវត្ថុផ្សេងទៀត។ CGCC ក៏បានដាក់ចេញនូវគម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី កាលពីខែមេសា ឆ្នាំ២០២២ ដើម្បីបន្ថែមការគាំទ្រ ក្នុងលក្ខខណ្ឌអនុគ្រោះ និងពិសេសៗជាច្រើនដល់សហគ្រិនស្រ្តី។ សហគ្រិនស្រ្តីអាចស្វែងរកព័ត៌មានអំពីគម្រោងនេះបានតាមរយៈដំណរភ្ជាប់នេះ៖ https://bit.ly/3LnKlFU

CGCC shares tips to access to guaranteed loans for Women Entrepreneurs

Click here to read about: Courtesy visit by CGCC to NBC to discuss expanding more support to improve financial inclusion

CGCC ផ្តល់​ការធានា​ឥណទាន​ជាង ៤០០ ដែលមាន​ទំហំ​ទឹកប្រាក់​ជាង ៤៥,៥ ​លាន​ដុល្លារ

សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ​(CGCC) បានផ្តល់​ការធានា​ឥណទាន​ដល់ ៤៤៨ ​ក្រុមហ៊ុន​អាជីវកម្ម គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែឧសភា ឆ្នាំ​ ២០២២ ដែល​គិត​ជា​ទឹកប្រាក់ ៤៥,៥​ លាន​ដុល្លារ​ក្នុងនោះ​អាជីវកម្ម​ខ្នាតតូច​ និង​មធ្យម ​(SME) ​មាន​ចំនួន ៤៣១ ​ក្រុមហ៊ុន​។ នេះ​បើតាម​ព្រឹត្តិបត្រ​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​។

ទិន្នន័យ​បង្ហាញថា ឥណទាន​ដែល​ត្រូវ​ធានា​ដោយ CGCC មាន ៤៤៨ ក្រុមហ៊ុន​អាជីវកម្ម​ដែល​ស្មើនឹង​ទឹកប្រាក់​សរុប ៤៥,៥ ​លាន​ដុល្លារ​ក្នុងនោះ​ប្រភេទ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​មាន​ចំនួន ៤៣១ និង​ខ្នាត​ធំ ១៧​។ ដោយឡែក​ក្នុងចំណោម​ ៤៤៨ ​ក្រុមហ៊ុន​អាជីវកម្ម​គឺមាន​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​ស្ត្រី ១៣៨ ​។

សេវា​ធានា​ឥណទាន​កម្ពុជា គឺ​ផ្តល់​ការធានា​ឥណទាន​លើ​កម្ចី​ដែល​ផ្តល់ឱ្យ​អាជីវកម្ម​ ដើម្បី​ចែករំលែក​ហានិភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​កម្ចី និង​បង្កើន​បរិយាប័ន្ន​ហិរញ្ញវត្ថុ​។ បច្ចុប្បន្ននេះ​ CGCC ផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​បញ្ចេញ​ដោយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ (PFIs) របស់ CGCC ទៅកាន់​អ្នកស្នើសុំ​កម្ចី ក្រោម​គម្រោង​ធានា​ឥណទាន​ដែល​បានដាក់​ចេញ​ដោយ CGCC​។

លោក ណូ លីដា អគ្គនាយករង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បាន​លើកឡើង​ថា​៖ «​ការបង្រួម​គម្លាត​តម្រូវការ និង​ការផ្គត់ផ្គង់​ឥណទាន​ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច គឺ​ដើម្បី​ចែករំលែក​ហានិភ័យ​ជាមួយនឹង​ស្ថាប័ន​ផ្តល់​កម្ចី និង​បង្កើន​បរិយាប័ន្ន​ហិរញ្ញវត្ថុ​»​។

លោក​លើកឡើង​ថា ដើម្បី​ចាប់យក​អត្ថប្រយោជន៍​ពី​ការធានា​ឥណទាន ក្រុមហ៊ុន​អាជីវកម្ម​ត្រូវ​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​ ដើម្បី​ស្នើសុំ​ទៅ PFIs ជាមុន​។

 

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ៥ ខែមិថុនា​ថា ការផ្តល់ និង​ការទទួល​បាន​នូវ​ឥណទាន​មួយ​ដែលមាន​ការធានា​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរក្សា​លំនឹង​សេដ្ឋកិច្ច​ឱ្យមាន​ដំណើរការ​ទៅមុខ​ដោយ​រលូន ជាពិសេស​ក្នុង​ដំណាក់កាល​ដ៏​លំបាក​នៃ​វិបត្តិ​បណ្តាល​មកពី​ជំងឺ​កូវីដ​ ១៩​។

លោក​បន្តថា នៅពេល​វិស័យ​ហិរញ្ញវត្ថុ​មាន​ស្ថិរភាព​ល្អ ការបញ្ចេញ​ទុនវិនិយោគ និង​ការបង្កើត​ឱកាស​ការងារ​ថ្មីៗ​ក៏មាន​ច្រើន​ដែរ​។ ម្យ៉ាងទៀត​នៅពេល​សហគ្រាស​ធុន​តូច និង​មធ្យម មាន​ទុន​គ្រប់គ្រាន់​វា​ក៏​ជួយ​ឱ្យ​ដំណើរការ​ផលិតកម្ម​មាន​កាន់តែ​ច្រើន​ និង​ជួយ​កាត់បន្ថយ​ការនាំចូល​ពី​បរទេស និង​បង្កើន​ការនាំចេញ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការផ្តល់​ការធានា​ឥណទាន​បាន​ជួយ​ទាំង​ស្ថាប័ន​ផ្តល់​កម្ចី និង​អ្នកទទួល​កម្ចី​ (​ម្ចាស់​អាជីវកម្ម​) ឱ្យ​មាន​ទំនុកចិត្ត​រៀងៗ​ខ្លួន ព្រោះ​មុននឹង​ហ៊ាន​ធានា CGCC តែងតែ​មាន​លក្ខខណ្ឌ​ និង​ធ្វើការ​សិក្សា​ទៅលើ​ប្រភេទ​អាជីវកម្ម ឬ​ផលរបរ​របស់​អ្នកស្នើ​ឱ្យបាន​ច្បាស់​ជាមុនសិន​»​។

កាលពី​ខែកញ្ញា ឆ្នាំ​ ២០២១ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បាន​ដាក់ឱ្យ​ដំណើរការ គម្រោង​ធានា​ឥណទាន​សម្រាប់​សហហិរញ្ញប្បទាន ​(CFGS) ដែល​ត្រូវបាន​បង្កើតឡើង​ជាពិសេស​សម្រាប់​កម្ចី​ដែល​បញ្ចេញ​ក្រោម គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​ជំហាន​ទី​ ២ (SCFS II) របស់​ធនាគារ​សហគ្រាស​ធុន​-​តូច និង​មធ្យម​កម្ពុជា​៕

អត្ថបទដកស្រង់ពី៖ ភ្នំពេញប៉ុស្តិ៍ ចុះផ្សាយថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២

Click here to read about: CGCC recommends ways to Access to Guaranteed Loans

ជំនួបសម្តែងការគួរសមរបស់ CGCC និងពិភាក្សាការងារ ជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ

ថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២ លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានដឹកនាំសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវបណ្ឌិត ជា​ សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា (NBC) រួមជាមួយនឹងសហការី នៅឯទីស្តីការ NBC។

លោកអគ្គនាយក CGCC បានសម្តែងក្តីសោមនស្ស ចំពោះការស្វាគមន៍របស់លោកជំទាវបណ្ឌិត និងបានជម្រាបជូនលោកជំទាវបណ្ឌិតអំពីវឌ្ឍនភាពការងាររបស់ CGCC ក្នុងការផ្តល់ការធានាឥណទាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងជំរុញបរិយាបន្នហិរញ្ញវត្ថុ។

Courtesy visit by CGCC to NBC to discuss on Expanding more Support to Improve Financial Inclusion

លោកជំទាវបណ្ឌិត បានកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ CGCC និងបានបង្ហាញការគាំទ្រដល់បេសកកម្មរបស់ CGCC ក្នុងការផ្តល់ការធានាឥណទានលើកម្ចី ដែលបញ្ចេញដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដល់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសធុនតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំ។

ជំនួបរវាង CGCC និង NBC នាថ្ងៃនេះ គឺជាឱកាសមួយសម្រាប់ CGCC ក្នុងការឈ្វងយល់កាន់តែច្បាស់អំពីកិច្ចការងាររបស់ NBC និងពិភាក្សាអំពីកិច្ចសហការគ្នារវាង NBC គ្រឹះស្ថានហិរញ្ញវត្ថុ និង CGCC ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងហិរញ្ញវត្ថុ ក្នុងចំណោមសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅកម្ពុជា។

Click here to read about: CGCC visits Canadia Bank at Kampong Chhnang Branch enhance collaboration on the Credit Guarantee

ជំនួបរវាង CGCC និងធនាគារកាណាឌីយ៉ា សាខាខេត្តកំពង់ឆ្នាំង ពិភាក្សាពង្រឹងការអនុវត្តកិច្ចសហការនៃការធានាឥណទាន

នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះជួបពិភាក្សាការងារដោយផ្ទាល់ជាមួយថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ធនាគារកាណាឌីយ៉ា សាខាខេត្តកំពង់ឆ្នាំង ដើម្បីពង្រឹងកិច្ចសហការ និងផ្សព្វផ្សាយអំពីគម្រោងធានាឥណទានរបស់ CGCC។

បន្ថែមពីលើការចែករំលែកអំពីគម្រោងធានាឥណទាន និងអត្ថប្រយោជន៍ដែលទទួលបានសម្រាប់ធនាគារ និងអតិថិជនដែលជាម្ចាស់អាជីវកម្ម ជំនួបនេះក៏មានការចែករំលែកនូវបទពិសោធន៍ពីសំណាក់ខាងធនាគារកាណាឌីយ៉ា សាខាខេត្តកំពង់ឆ្នាំងកន្លងមកផងដែរ ដែលជាឱកាសមួយក្នុងការបន្ថែមនូវការស្វែងយល់ទៅវិញទៅមក រវាងCGCC និងខាងធនាគារ ទៅលើភាពចាំបាច់នៃការធានាឥណទាន និងកាន់តែធ្វើឱ្យកិច្ចសហការមានភាពប្រសើរនិងរលូនឡើង។

ធនាគារកាណាឌីយ៉ា គឺជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមដែលបានចុះហត្ថលេខាជាផ្លូវការដំបូងគេមួយរបស់ CGCC និងក៏ជាដៃគូសហការយ៉ាងសកម្មក្នុងការផ្តល់កម្ចីក្រោមការធានាពី CGCC ជូនដល់ម្ចាស់អាជីវកម្ម ទាំងខ្នាតតូចនិងមធ្យម និងខ្នាតធំ សម្រាប់យកទៅប្រើប្រាស់ជាទុនបង្វិល ឬពង្រីកអាជីវកម្មរបស់ខ្លួន។

CGCC visits Canadia Bank at Kampong Chhnang

CGCC, BITC និង ធនាគារកាណាឌីយ៉ា បានសហការចុះទស្សនកិច្ចកសិដ្ឋានចិញ្ចឹមជ្រូកក្រោមគម្រោងបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ ដែលមានសក្តានុពលក្នុងការទទួលបានកម្ចីដែលមានការធានាពី CGCC

នាថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារសាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយធនាគារកាណាឌីយ៉ា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC និងក្រោមការសម្របសម្រួលរបស់ក្រុមការងារមជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័នខ្នាតធំ (BTIC) បានចុះទស្សនកិច្ច នៅឯកសិដ្ឋានចិញ្ចឹមជ្រូកសាច់មួយកន្លែង ដែលមានសក្តានុពលក្នុងការទទួលបានកម្ចីដែលមានការធានាពី CGCC នៅឯស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​។

កសិដ្ឋាននេះបានប្រើប្រាស់បច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ ដែលជាអាងស្តុកកាកសំណល់បម្លែងទៅជាថាមពលអគ្គិសនី ក្រោមគម្រោង “កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយជំរុញការវិនិយោគលើជីវឧស្ម័នខ្នាតធំ” ដែលអនុវត្តដោយ BTIC និងគាំទ្រដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)

Commercial Biogas Technologies Project

គួរបញ្ជាក់ផងដែរថា កាលពីខែមករា ឆ្នាំ២០២២ កន្លងទៅ  CGCC  បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការក្នុងគោលបំណងជំរុញការវិនិយោគលើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំនៅកម្ពុជា ជាមួយ  BTIC ដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)។ ទស្សនកិច្ចនៅឯទីតាំងដែលកំពុងអនុវត្តផ្ទាល់នេះ ពិតជាបានផ្តល់ឱ្យ CGCC និងដៃគូ ទទួលបាននូវឱកាសស្វែងយល់កាន់តែច្បាស់អំពីភាពចាំបាច់នៃការគាំទ្រដល់ការបង្កើនលទ្ធភាពទទួលបានធនធានហិរញ្ញវត្ថុសម្រាប់ការវិនិយោគលើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំរបស់ វិនិយោគិន ឬអ្នកអនុវត្តស្រាវជ្រាវនិងផ្សព្វផ្សាយ ដើម្បីជំរុញឱ្យវិស័យចិញ្ចឹមសត្វ ងាកមកប្រើប្រាស់បច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំកាន់តែច្រើននិងមានសក្តានុពលខ្ពស់ ក្នុងការបំប្លែងកាកសំណល់ទៅជាថាមពលអគ្គិសនី ក៏ដូចជាការអនុលោមតាមប្រព័ន្ធជីវសុវត្ថិភាព អនាម័យ និងការការពារបរិស្ថាន (ដូចជាការទប់ស្កាត់ការបំភាយក្លិន និងការបំពុលទឹក)។

Commercial Biogas Technologies Project Commercial Biogas Technologies Project

Click here to read about: CGCC participates in the discussion on “SMEs and FinTech Joining Hands to Promote Economic Recovery

សាជីវកម្មធានាឥណទានកម្ពុជា បង្ហាញពីការត្រៀមខ្លួន ដើម្បីទទួលបាននូវឥណទានដែលមានការធានា

(អត្ថបទចុះផ្សាយលើសារព័ត៌មានថ្មីៗ៖ សាជីវកម្មធានាឥណទានកម្ពុជា បង្ហាញពីការត្រៀមខ្លួន ដើម្បីទទួលបាននូវឥណទានដែលមានការធានា) 

សេវាធានាឥណទាន ត្រូវបានប្រើប្រាស់ក្នុងគោលដៅគាំទ្រក្រុមហ៊ុនអាជីវកម្ម ជាពិសេស អាជីវកម្មខ្នាតតូច និងមធ្យម ឱ្យទទួលបានហិរញ្ញប្បទានផ្លូវការ។ បច្ចុប្បន្ន សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ផ្តល់ការធានាឥណទាន លើកម្ចីដែលបញ្ចេញដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (ហៅថាកាត់ថា PFIs) របស់ CGCC ទៅកាន់អ្នកស្នើសុំកម្ចី ក្រោមគម្រោងធានាឥណទានដែលបានដាក់ចេញដោយ CGCC។ ដូច្នេះ ដើម្បីចាប់យកអត្ថប្រយោជន៍ពីការធានាឥណទាន ក្រុមហ៊ុនអាជីវកម្មត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីស្នើសុំកម្ចីទៅកាន់ PFIs ជាមុនសិន។ ការស្វែងយល់អំពីលក្ខណៈវិនិច្ឆ័យដែល PFIs ប្រើប្រាស់ដើម្បីវាយតម្លៃលើសំណើសុំឥណទាន អាចជួយឱ្យក្រុមហ៊ុនអាជីវកម្មត្រៀមខ្លួនបានល្អប្រសើរជាមុន ក្នុងការទទួលបានកម្ចីដែលមានការធានាពី CGCC។

សាជីវកម្មធានាឥណទានកម្ពុជា បង្ហាញពីការត្រៀមខ្លួន ដើម្បីទទួលបាននូវឥណទានដែលមានការធានា

លក្ខខណ្ឌ (CONDITION)

Access to guaranteed loan with 5Cs of credit

មុនពេលអនុម័តកម្ចី ធនាគារត្រូវតែដឹងច្បាស់អំពីគោលបំណងនៃកម្ចី និងទំហំកម្ចីដែលសមស្របទៅនឹងគោលបំណងនៃកម្ចីនោះ។ តើក្រុមហ៊ុនអាជីវកម្មអាចបញ្ជាក់ជូនធនាគារ អំពីគោលបំណងនៃកម្ចី និងទំហំកម្ចីដោយរបៀបណា? ផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុ ដែលមានភាពជឿទុកចិត្តបាន គឺជាមូលដ្ឋានដ៏សំខាន់ដែលអាចឱ្យធនាគារវាយតម្លៃលើទំហំកម្ចីដែលត្រូវការ និងគោលបំណងនៃកម្ចីរបស់អ្នកខ្ចីបាន។ ពិតណាស់ ផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ មិនត្រឹមតែអាចជួយក្រុមហ៊ុនអាជីវកម្មឱ្យស្នើសុំកម្ចីបានងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយក្រុមហ៊ុនអាជីវកម្មវាយតម្លៃលើស្ថានភាពអាជីវកម្មរបស់ខ្លួន ដើម្បីរៀបចំផែនការ​សម្រាប់ភាពជោគជ័យនៃអាជីវកម្មនាពេលអនាគតផងដែរ។ ផែនការអាជីវកម្ម និងរបាយការណ៏ហិរញ្ញវត្ថុ អាចជួយកំណត់ទំហំកម្ចី​ និងលទ្ធភាពនៃការសងត្រឡប់ ឱ្យកាន់តែមានភាពសុក្រិត។​ ការកំណត់ទំហំកម្ចីឱ្យបានត្រឹមត្រូវ ពិតជាសំខាន់។ ការទទួលបានកម្ចីច្រើនហួស ធ្វើឱ្យអ្នកខ្ចីខាតបង់ការប្រាក់ ថ្លៃរដ្ឋបាល ថ្លៃពិន័យក្នុងការសងមុនកាលកំណត់ និងថ្លៃសេវាផ្សេងៗទៀត។ ផ្ទុយទៅវិញ ការទទួលបានកម្ចីមិនបានគ្រប់គ្រាន់រាំងស្ទះដល់ការរីកចម្រើនរបស់ក្រុមហ៊ុនអាជីវកម្មឱ្យអស់សក្តានុពល។ កត្តា “លក្ខខណ្ឌ (Condition)” គឺជាលក្ខណៈវិនិច្ឆ័យមួយ ក្នុងចំណោមលក្ខណៈវិនិច្ឆ័យទាំង៥ ដែលធនាគារប្រើប្រាស់ក្នុងការវាយតម្លៃសំណើសុំកម្ចី។

ទ្រព្យបញ្ចាំ​ (COLLATERAL)

Access to guaranteed loan with 5Cs of credit

នៅពេលកត្តា “លក្ខខណ្ឌ” ត្រូវបានបំពេញ​ ធនាគារក៏មានលក្ខខណ្ឌតម្រូវឱ្យក្រុមហ៊ុនអាជីវកម្មមាន “ទ្រព្យបញ្ចាំ” ដើម្បីការពារធនាគារពីការខាតបង់ ក្នុងករណីក្រុមហ៊ុនអាជីវកម្មមិនអាចសងត្រឡប់បាន។ ជាទូទៅ ធនាគារអាចផ្តល់កម្ចីទំហំត្រឹមប្រមាណ ៧០% នៃតម្លៃទ្រព្យបញ្ចាំ។ តម្រូវការទ្រព្យបញ្ចាំ បានក្លាយឧបសគ្គចម្បងមួយ សម្រាប់ក្រុមហ៊ុនអាជីវកម្មក្នុងការទទួលបានកម្ចីពីធនាគារ។ យោងលើសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ៦៦% នៃអាជីវកម្មខ្នាតតូច និងមធ្យម ដែលបានស្នើសុំកម្ចីទៅកាន់ធនាគារ ត្រូវបានបដិសេធ ដោយសារមូលហេតុខ្វះទ្រព្យបញ្ចាំ។​ CGCC ត្រូវបានបង្កើតឡើង ដើម្បីចូលរួមដោះស្រាយបញ្ហានេះ​។ CGCC​ ផ្តល់ការធានាឥណទានដែលដើរតួជំនួសឱ្យទ្រព្យបញ្ចាំរបស់ក្រុមហ៊ុនអាជីវកម្ម ទៅកាន់ធនាគារ។ នៅពេលមានការធានាពី CGCC ធនាគារអាចវាយតម្លៃសំណើសុំខ្ចីពីក្រុមហ៊ុនអាជីវកម្ម ដោយចាត់ទុកការធានាឥណទានរបស់ CGCC ជាទ្រព្យបញ្ចាំរបស់ក្រុមហ៊ុនអាជីវកម្ម។ ការអនុវត្តនេះ អាចកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំ​ សម្រាប់ក្រុមហ៊ុនអាជីវកម្មនៅពេលស្នើសុំកម្ចី។

សមត្ថភាព (CAPACITY)

Access to guaranteed loan with 5Cs of creditសមត្ថភាពសងត្រឡប់ គឺជាតម្រូវការជាមូលដ្ឋាន របស់ធនាគារក្នុងការអនុម័តកម្ចី។ ការបំពេញបាននូវកត្តា “លក្ខខណ្ឌ” និង “ទ្រព្យបញ្ចាំ” ខាងលើ មិនទាន់គ្រប់គ្រាន់ដើម្បីឱ្យធនាគារអនុម័តកម្ចី ហើយ CGCC ក៏មិនទាន់អាចផ្តល់ការធានាឥណទានជូននៅឡើយទេ ប្រសិនបើអ្នកខ្ចីមិនអាចបញ្ជាក់បានអំពីសមត្ថភាពគ្រប់គ្រាន់ក្នុងការសងត្រឡប់កម្ចីនោះវិញ។​ តើក្រុមហ៊ុនអាជីវកម្មអាចបញ្ជាក់អំពីសមត្ថភាពសងបានយ៉ាងដូចម្តេច? ជាថ្មីម្តងទៀត ផែនការអាជីវកម្ម និងរបាយការណ៏ហិរញ្ញវត្ថុ​ដែលអាចជឿទុកចិត្តបាន គឺជាភស្តុតាងដ៏ល្អ។ របាយការណ៏ហិរញ្ញវត្ថុ អាចបង្ហាញពីទ្រព្យសកម្ម បំណុល ដើមទុន ចំណូល និងលំហូរសាច់ប្រាក់ របស់ក្រុមហ៊ុនអាជីវកម្ម ដែលព័ត៌មានទាំងនេះ​ គឺជាភស្តុតាងដែលអាចជឿទុកចិត្តបាន ក្នុងការវាយតម្លៃអំពីសមត្ថភាពសងរបស់ក្រុមហ៊ុនអាជីវកម្ម។ ចំណែកឯ ផែនការអាជីវកម្ម អាចបង្ហាញពីសកម្មភាពអាជីវកម្ម និងចំណូលនាពេលអនាគត​ ដែលអាចត្រូវបានប្រើប្រាស់ដើម្បីបញ្ជាក់អំពីសមត្ថភាពសងត្រឡប់ផងដែរ។

ដើមទុន (CAPITAL)

Access to guaranteed loan with 5Cs of credit

នៅពេលផ្តល់កម្ចីអាជីវកម្ម ធនាគារតែងតែចង់ដឹងអំពីចំនួនដើមទុនដែលអ្នកខ្ចី​ បានដាក់វិនិយោគក្នុងក្រុមហ៊ុន។ កត្តា “ដើមទុន” មានសារៈសំខាន់ ព្រោះទំហំដើមទុនរបស់អ្នកខ្ចី បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អ្នកខ្ចីចំពោះក្រុមហ៊ុនអាជីវកម្មនោះ។ តើអ្នកខ្ចីអាចបញ្ជាក់ជូនធនាគារអំពីកត្តាដើមទុនដោយវិធីណា? របាយការណ៏​ហិរញ្ញវត្ថុដែលមានលក្ខណៈស្តង់ដា អាចបញ្ជាក់អំពីទំហំដើមទុនរបស់ម្ចាស់ក្រុមហ៊ុនក្នុងក្រុមហ៊ុនអាជីវកម្មនោះ។ ឯកសារផ្លូវការមួយចំនួនទៀត ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូ និងការចុះបញ្ជីក្រុមហ៊ុន គឺជាភស្តុតាងដែលអាចជឿទុកចិត្តបាន ដើម្បីបញ្ជាក់អំពីទំហំវិនិយោគរបស់អ្នកខ្ចី​ ទៅក្នុងក្រុមហ៊ុនអាជីវកម្ម។ ជាធម្មតា ធនាគារមានភាពលំបាកក្នុងការវាយតម្លៃក្រុមហ៊ុនដែលមិនបានចុះបញ្ជី ដោយសារតែកង្វះឯកសារដែលអាចជឿទុកចិត្តបាន ដើម្បីវាយតម្លៃសំណើសុំខ្ចី។ នេះជាមូលហេតុនៃការជំរុញ និងការលើកទឹកចិត្ត ឱ្យក្រុមហ៊នអាជីវកម្ម គួរចុះបញ្ចីឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានហិរញ្ញប្បទាន។

ចរិតលក្ខណៈ (CHARACTER)

Access to guaranteed loan with 5Cs of credit

កត្តាមួយទៀតដែលបញ្ជាក់ពីលទ្ធភាពសងត្រឡប់ គឺចរិតលក្ខណៈរបស់អ្នកខ្ចី។ ជាការកត់សម្គាល់ ធនាគារពិនិត្យមើលប្រវតិ្តឥណទានរបស់អ្នកខ្ចី​ ដូចជា ប្រវត្តិនៃការសងត្រឡប់ ចំនួនកម្ចី និងទំហំកម្ចីដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ជាដើម ដើម្បីវាយតម្លៃអំពីភាពជឿទុកចិត្តបានរបស់អ្នកខ្ចី។ បច្ចុប្បន្ន ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) កត់ត្រា និងផ្តល់នូវរបាយការណ៏កម្ចីឥណទានរបស់បុគ្គល និងអាជីវកម្ម ដែលអាចគាំទ្រដល់ធនាគារ ក្នុងការវាយតម្លៃអំពីចរិតលក្ខណៈរបស់អ្នកខ្ចី។ យ៉ាងណាក៏ដោយ ក្នុងករណីមានប្រវត្តិឥណទានមិនល្អ អ្នកខ្ចីត្រូវតែពង្រឹងគុណភាពនៃកត្តាផ្សេងៗដូចបានរៀបរាប់ខាងលើ ដើម្បីគួបផ្សំនឹងកត្តាចរិតលក្ខណៈ។ ជាក់ស្តែង ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ក្រុមហ៊ុនអាជីវកម្មជាច្រើនជួបប្រទះនូវបញ្ហាប្រឈម ដែលនាំឱ្យការសងត្រឡប់កម្ចីមានភាពយឺតយ៉ាវ ឬមិនអាចសងត្រឡប់កម្ចីទាំងស្រុងតែម្តង ដែលកត្តានេះជះឥទ្ធិពលអវិជ្ជមាន ដល់កត្តាចរិតលក្ខណៈ និងកត្តាដើមទុនរបស់ក្រុមហ៊ុនអាជីវកម្ម។ ក្នុងករណីនេះ ដើម្បីទទួលបានកម្ចី អ្នកខ្ចីត្រូវ បង្ហាញផែនការអាជីវកម្មដែលសក្តានុពល និងមានភាពច្បាស់លាស់ និងអាចប្រើប្រាស់សេវាធានាឥណទានរបស់ CGCC ដើម្បីបង្កើនគុណភាពនៃកត្តាទ្រព្យបញ្ចាំ។

 

ដូចបានរៀបរាប់ពីខាងលើលក្ខណៈវិនិច្ឆ័យទំាងប្រាំ (5Cs) ដែលរួមមាន លក្ខខណ្ឌ (Condition) ទ្រព្យបញ្ចាំ (Collateral) សមត្ថភាព (Capacity) ដើមទុន (Capital) និងចរិតលក្ខណៈ (Character) គឺជាកត្តាសំខាន់ ដែលធនាគារជាទូទៅប្រើប្រាស់ជាមូលដ្ឋានក្នុងការវាយតម្លៃអ្នកខ្ចី មុននឹងអនុម័តកម្ចីណាមួយ។ ដូច្នេះ ការពង្រឹងគុណភាពលក្ខណៈវិនិច្ឆ័យទំាងប្រាំ (5Cs) អាចជួយឱ្យអ្នកខ្ចីមានឱកាសខ្ពស់ជាងមុន ក្នុងការទទួលបានកម្ចីពីធនាគារ។ ក្នុងនោះ របាយការណ៍ហិរញ្ញវត្ថុ និងផែនការអាជីវកម្ម​ដែលមានភាពជឿទុកចិត្តបាន អាចត្រូវបានប្រើប្រាស់ សម្រាប់ការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យទំាងប្រាំ ខណៈសេវាធានាឥណទាន អាចជួយបង្កើនគុណភាពនៃកត្តាទ្រព្យបញ្ចាំរបស់ក្រុមហ៊ុនអាជីវកម្ម៕

(ដកស្រង់ពីអត្ថបទដើមជាភាសាអង់គ្លេសនៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំត្រីមាស លេខទី២ របស់សាជីវកម្មធានាឥណទានកម្ពុជា៖ ព្រឹត្តិបត្រព័ត៌មានលេខទី២ (ខែមករា-មីនា ឆ្នាំ២០២២)

សាជីវកម្មធានាឥណទានកម្ពុជា ចូលរួមក្នុងកិច្ចពិភាក្សា “ការរួបរួមគ្នារវាងសហគ្រាសធុនតូចនិងមធ្យម និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច”

នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ លោក ណូ លីដា អគ្គនាយករងសាជីវកម្មធានាឥណទានកម្ពុជា បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងវេទិកាពិភាក្សាលើប្រធានបទស្តីពី “ការរួបរួមគ្នារវាងសហគ្រាសធុនតូចនិងមធ្យម និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច” ដែលត្រូវបានរៀបចំឡើងនៅក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់​រវាងធនាគារកម្ពុជាអាស៊ី និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា លើគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២។  

នៅក្នុងវេទិកាពិភាក្សានៃកម្មវិធីនេះ ក៏មានការចូលរួមពីលោកប្រធាននាយកប្រតិបត្តិការ នៃធនាគារ កម្ពុជា អាស៊ី  នាយកផ្នែកឥណទានរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងនាយកប្រតិបត្តិក្រុមហ៊ុន Bankograph ផងដែរ។ 

SMEs and FinTech Joining Hands to Promote Economic Recovery

លោក ណូ លីដា បានចូលរួមចែករំលែកអំពីសារៈសំខាន់នៃការបង្រួមគម្លាតតម្រូវការ និងការផ្គត់ផ្គង់ឥណទាន ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច និងបេសកកម្មរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្នុងការផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ដែល​ផ្តល់​ឱ្យ​អាជីវកម្ម​ ​ដើម្បី​ចែករំលែក​ហា​និ​ភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​ក​ម្ចី ​និង​បង្កើន​បរិយាប​ន្ន​ហិរញ្ញវត្ថុ។ ទន្ទឹមនេះ លោកក៏បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនអាជីវកម្ម ក្នុងការទទួលបានកម្ចីដែលមានការធានាពី CGCC ផងដែរ 

គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ សាជីវកម្មធានាឥណទានកម្ពុជា បានដាក់ឱ្យដំណើរការ គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) ដែលត្រូវបានបង្កើតឡើងជាពិសេស សម្រាប់កម្ចី ដែលបញ្ចេញក្រោម គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ (SCFS II) របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ គម្រោងនេះ ជួយគាំទ្រគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់សាជីវកម្មធានាឥណទានកម្ពុជា ក្នុងការផ្តល់កម្ចីដែលខ្វះទ្រព្យបញ្ចាំ ទៅកាន់សហគ្រាសខ្នាតតូច និងមធ្យម។  

SMEs and FinTech Joining Hands to Promote Economic Recovery SMEs and FinTech Joining Hands to Promote Economic Recovery

Know about: CGCC and Access to Finance for Women Entrepreneurs

សេចក្តីជូនដំណឹងស្តីពី ការផ្លាស់ប្តូរទីតាំងអគារការិយាល័យថ្មីនៃសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.)

សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ស្ថាប័នទាំងអស់ ព្រមទាំងបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) និងសាធារណជន មេត្តាជ្រាបថា៖ សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) នឹងផ្លាស់ប្តូរទីតាំងទៅអគារការិយាល័យថ្មី ដែលស្ថិតនៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី១៩ អគារ S ផ្លូវ OCIC កែង ផ្លូវ អូរវែង ភូមិគៀនឃ្លាំង, សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នេះតទៅ។

អាស្រ័យហេតុនេះ សូមស្ថាប័នទាំងអស់ ព្រមទាំងបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន។

ផែនទីទីតាំងអគារការិយាល័យថ្មីរបស់ស.ធ.ក.៖ https://goo.gl/maps/GG1sR2gDWK6DEUXo6

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ ០២៣ ៧២២ ១២៣ ឬអ៊ីម៉េល [email protected]

Announcement-CGCC's New Office Relocation