ជំនួបសម្តែងការគួរសមរបស់ CGCC និងពិភាក្សាការងារ ជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ
ខែមិថុនា 7, 2022ព្រឹត្តិការណ៍ និងសកម្មភាព
ថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២ លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានដឹកនាំសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា (NBC) រួមជាមួយនឹងសហការី នៅឯទីស្តីការ NBC។
លោកអគ្គនាយក CGCC បានសម្តែងក្តីសោមនស្ស ចំពោះការស្វាគមន៍របស់លោកជំទាវបណ្ឌិត និងបានជម្រាបជូនលោកជំទាវបណ្ឌិតអំពីវឌ្ឍនភាពការងាររបស់ CGCC ក្នុងការផ្តល់ការធានាឥណទាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងជំរុញបរិយាបន្នហិរញ្ញវត្ថុ។
លោកជំទាវបណ្ឌិត បានកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ CGCC និងបានបង្ហាញការគាំទ្រដល់បេសកកម្មរបស់ CGCC ក្នុងការផ្តល់ការធានាឥណទានលើកម្ចី ដែលបញ្ចេញដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដល់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសធុនតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំ។
ជំនួបរវាង CGCC និង NBC នាថ្ងៃនេះ គឺជាឱកាសមួយសម្រាប់ CGCC ក្នុងការឈ្វងយល់កាន់តែច្បាស់អំពីកិច្ចការងាររបស់ NBC និងពិភាក្សាអំពីកិច្ចសហការគ្នារវាង NBC គ្រឹះស្ថានហិរញ្ញវត្ថុ និង CGCC ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងហិរញ្ញវត្ថុ ក្នុងចំណោមសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅកម្ពុជា។
Click here to read about: CGCC visits Canadia Bank at Kampong Chhnang Branch enhance collaboration on the Credit Guarantee