

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងក្រុមហ៊ុន Credit Guarantee Sole Company Limited (LCGC) កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើនការអភិវឌ្ឍសេវាកម្មធានាឥណទាន និងការរីកចម្រើនដ៏រឹងមាំរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសទាំងពីរ។
អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាដោយលោក ណូ លីដា អគ្គនាយកនៃ CGCC និងលោក វង់ គីតលួង (Wong Keet Loong) អគ្គនាយកនៃ LCGC ព្រមទាំងមានតំណាងជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មឡាវ, ក្រសួងហិរញ្ញវត្ថុ, ធនាគារជាតិនៃសាធារណរដ្ឋប្រជាមានិតឡាវ ចូលរួមជាសាក្សី សរុបចំនួន ៣០ នាក់ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា។
ថ្លែងក្នុងពិធីចុះហត្ថលេខា លោក លីដា បានមានប្រសាសន៍ថា “អនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និង LCGC នឹងនាំមកនូវអត្ថប្រយោជន៍ទៅវិញទៅមកតាមរយៈកិច្ចសហការក្នុងការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការកែលម្អប្រតិបត្តិការ”។
លោកបានបន្ថែមថា “វាបង្ហាញពីការចាប់ផ្តើមនៃភាពជាដៃគូដ៏យូរអង្វែង និងមានឥទ្ធិពលរវាងស្ថាប័នទាំងពីររបស់យើង។ នវានុវត្តន៍មិនត្រូវបានកំណត់ដោយភាពចាស់ទុំរបស់គ្រឹះស្ថាននោះទេ។ ទោះបីជា CGCC បានចាប់ផ្តើមប្រតិបត្តិការមុន LCGC ក៏ដោយ ក៏អាចមានផ្នែកដែល LCGC អនុវត្តបានល្អជាង ហើយយើងស្វាគមន៍ឱកាសទាំងនោះដើម្បីរៀន និងកែលម្អជាមួយគ្នា”។
ក្នុងឱកាសថ្លែងសុន្ទរកថា លោក Wong បានមានប្រសាសន៍ថា “យើងមានកិត្តិយសដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះជាមួយ CGCC នៅថ្ងៃនេះ ដោយបង្កើតកិច្ចសហការជាយុទ្ធសាស្ត្រសម្រាប់ LCGC។ CGCC មានមូលដ្ឋានគ្រឹះរឹងមាំ និងមានភាពចាស់ទុំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ទៅជាគ្រឹះស្ថានធានាឥណទានគំរូមួយនៅក្នុងតំបន់”។
អគ្គនាយក LCGC បានកត់សម្គាល់ថា ភាពជាដៃគូនេះនឹងគាំទ្រដល់ការអភិវឌ្ឍរបស់ LCGC ក្នុងការកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ MSMEs នៅក្នុងប្រទេសឡាវ។
លោកបានបន្តថា “អនុស្សរណៈនៃការយោគយល់គ្នានេះបង្កើតក្របខ័ណ្ឌដែលមានរចនាសម្ព័ន្ធសម្រាប់កិច្ចសហការជាបន្តបន្ទាប់រវាង CGCC និង LCGC ក្នុងការអភិវឌ្ឍ និងការអនុវត្តគម្រោងធានាឥណទាន ដើម្បីគាំទ្រ MSMEs ក៏ដូចជាក្នុងការផ្លាស់ប្តូរចំណេះដឹងលើចំណាត់ថ្នាក់បៃតង (green taxonomy) និងគម្រោងធានាហិរញ្ញប្បទានអាកាសធាតុ/បៃតង”។
លោកបានបន្ថែមថា “ក្នុងនាមជាគ្រឹះស្ថានធានាឥណទានដែលបង្កើតឡើងដោយរដ្ឋាភិបាល និងគ្រប់គ្រងដោយរដ្ឋ អង្គភាពទាំងពីរចែករំលែកអាណត្តិរួមមួយដើម្បីបន្ធូរបន្ថយការរឹតបន្តឹងហិរញ្ញប្បទានសម្រាប់ MSMEs ដែលជាវិស័យមួយដែលបម្រើជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់”។
Credit to: Khmer Times, Published on 14 May 2026
លោកស្រី ឡ សេងលាភ សព្វថ្ងៃជាប្រធានក្រុមហ៊ុនកិនស្រូវ សេកមាស និងជាស្ថាបនិកក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍។ លោកស្រី បានបន្ដវេនមុខរបរកិនស្រូវពីលោកឪពុករបស់លោកស្រី ចាប់តាំងពីឆ្នាំ១៩៩៤ មក ដែលជាអាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារ។ ដោយសង្កេតឃើញពីសក្ដានុពល, តម្រូវការទីផ្សារ, និងក្ដីស្រមៃក្នុងការនាំចេញអង្ករទៅក្រៅប្រទេស លោកស្រីបានចាប់ផ្ដើមគំនិតអភិវឌ្ឍ និងពង្រីកអាជីវកម្មក្នុងឆ្នាំ២០១១។
លោកស្រីបានលើកឡើងពីប្រវត្តិនៃការចាប់ផ្តើមការនាំចេញអង្ករថា លោកស្រីធ្លាប់បានប្រើប្រាស់កម្ចីជាទុនបង្វិលប្រមូលទិញស្រូវ ដែលអាចបង្កើនចំនួនស្ដុកដែលលោកស្រីអាចលក់ចេញនូវទំហំធំជាងមុន ពោលក្នុងឆ្នាំ២០១៤ លោកស្រី បានសម្រេចក្ដីស្រមៃក្នុងការនាំចេញអង្ករជាលើកដំបូង។ សព្វថ្ងៃ ក្រុមហ៊ុនរបស់លោកស្រី បាននាំចេញអង្ករទៅកាន់អឺរ៉ុប សហរដ្ឋអាមេរិក ហើយភាគច្រើនទៅទីផ្សារប្រទេសចិន។
លោកស្រីបានឱ្យដឹងថា ការពង្រីកអាជីវកម្ម ពិតជាមានភាពលំបាក ដោយសារលោកស្រីមានដើមទុនតិច និងចំណេះដឹងអំពីស្ដង់ដាគ្រឿងម៉ាស៊ីន នៅមានកម្រិត។ ប៉ុន្ដែកត្តាទាំងនេះ ក៏មិនបានបញ្ឈប់លោកស្រីឡើយ ពោលលោកស្រីបានខិតខំចំណាយពេលសិក្សា និងប្រមូលប្រភពទុន ដើម្បីបំពាក់គ្រឿងបរិក្ខារ ស្របតាមស្ដង់ដា ទៅតាមតម្រូវការប្រតិបត្តិការអាជីវកម្មរបស់លោកស្រី។
លោកស្រី បានចែករំលែកថា៖ “ខ្ញុំពង្រីកតាមដំណាក់កាល ក្នុងមួយឆ្នាំយើងត្រូវពង្រីកផ្នែកណាខ្លះ យើងត្រូវមានគោលដៅច្បាស់លាស់ ថាក្នុងមួយឆ្នាំយើងចង់ពង្រីកអ្វីបន្ថែម ដែលអាចផលិតជាអង្ករបាន។”
ការពង្រីកអាជីវកម្មតាមរយៈតម្រូវការទុនរបស់លោកស្រី បានបន្តរហូតដល់ពេលមួយដែល លោកស្រី ទទួលបានព័ត៌មានអំពីការធានាឥណទានលើកម្ចីអាជីវកម្ម ដែលគ្មានទ្រព្យធានាពីសហព័ន្ធស្រូវអង្ករកម្ពុជា ហើយលោកស្រីក៏បានដាក់ស្នើកម្ចីជាទុនបង្វិលក្នុងការពង្រីកអាជីវកម្មមួយនេះ។ លោកស្រីបានបន្ថែមថា៖ “កម្ចីមានការធានានេះ មានសារៈប្រយោជន៍ច្រើន ដោយសារយើងមានកម្ចី (មុន) នៅធនាគារពាណិជ្ជអស់ហើយ តែបន្ទាប់ពី CGCC មិនតម្រូវឱ្យមានទ្រព្យធានា គឺយើងអាចស្នើកម្ចីមានការធានាពីខាង (ធនាគារដៃគូ) CGCC មកធ្វើជាទុនបន្ថែម។”
លោកស្រីក៏បានរំលឹកឡើងវិញដែរថា លោកស្រី បានចាប់ផ្ដើមអាជីវកម្មជាមួយលោកឪពុក ពីមានបុគ្គលិក ២រូប រហូតដល់សព្វថ្ងៃលោកស្រី មានបុគ្គលិកសរុបចំនួន ៤០រូប ហើយទិន្នផលកិនស្រូវក្នុងមួយថ្ងៃចំនួន ៥កុងតឺន័រ (២៤តោន ក្នុងមួយកុងតឺន័រ) រហូតដល់បច្ចុប្បន្ន លោកស្រីអាចផលិតបានចន្លោះពី ៨ ទៅ ១០កុងតឺន័រ។ ទន្ទឹមនឹងនេះ លោកស្រី ក៏មានលទ្ធភាពក្នុងការទទួលទិញស្រូវសើម ជាមធ្យមក្នុងមួយថ្ងៃ ប្រមាណ ៦០០តោន ផ្ទុយពីពេលមុន ដែលការប្រមូលទិញមិនដល់ ១០០តោនផង ដោយសារការហាលស្រូវត្រូវបានធ្វើឡើងតាមលក្ខណៈប្រពៃណី។
លោកស្រី បានបន្ថែមថា៖ “ពីមុន ខ្ញុំមានលទ្ធភាពត្រឹមតែទិញ (ស្រូវ) ដែលកសិករគាត់ដឹកយកមកលក់រាយ តែបន្ទាប់ពីខ្ញុំបានពង្រីកខ្លួន (អាជីវកម្ម) មក ខ្ញុំបានបំពាក់ឡសម្ងួត ទិញស្រូវដែលដឹកតាមឡាន និងក្នុងបរិមាណច្រើន។”
លោកស្រីនៅតែមានទិសដៅចង់ពង្រីក និងចូលរួមចំណែកនាំចេញអង្ករកម្ពុជាឱ្យបានកាន់តែច្រើនជាងនេះ ក្នុងគោលបំណងផ្សព្វផ្សាយផលិតផលអង្ករកម្ពុជា ជាពិសេស ជួយដល់ប្រជាកសិករដែលដាំដុះស្រូវឱ្យមានទីផ្សារអាចលក់ចេញ និងបង្កើនការនាំចេញដែលគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា។ គួរបញ្ជាក់ផងដែរថា លោកស្រី បានទទួលបណ្ណសរសើរ និងពានរង្វាន់សហគ្រាសឆ្នើម ដែលបានប្រើប្រាស់កម្ចីមានការធានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ពី CGCC នៅដើមឆ្នាំ២០២៦ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
អាននិងទាញយកជា PDF: ជួបជាមួយសហគ្រិនស្រ្ដីឆ្នើមក្នុងវិស័យស្រូវអង្ករ៖ ពីអាជីវកម្មបែបគ្រួសារ ទៅកាន់ទីផ្សារអន្ដរជាតិ
កាលពីថ្ងៃទី២២ ដល់ទី២៥ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ CGCC អមដំណើរដោយថ្នាក់ដឹកនាំ និងបុគ្គលិករបស់ CGCC និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានអញ្ជើញចូលរួមក្នុងសន្និសីទ The Asian Credit Supplementation Institution Confederation (ACSIC) លើកទី ៣៨ ក្រោមប្រធានបទ “Strengthening Global Credit Guarantee Ecosystem Through Cooperation, Innovation and Resilience” នៅទីក្រុង ម៉ុមបៃ ប្រទេសឥណ្ឌា ដែលសន្និសីទនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូចំនួនប្រមាណ ១០០រូប មកពី ២០ស្ថាប័នជុំវិញពិភពលោក។

សន្និសីទនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្កើតជាវេទិកាសម្រាប់អ្នកជំនាញមកពីគ្រប់ស្ថាប័នដែលជាសមាជិកនៃ ACSIC បានចូលរួមផ្តល់មតិយោបល់ទៅវិញទៅមក និងការប្រមូលធាតុចូល ក្នុងកិច្ចសន្ទនា
ជាសកល អំពីប្រព័ន្ធធានាឥណទាន ព្រមទាំងជាឱកាសសម្រាប់អ្នកចូលរួមគ្រប់រូបបានសិក្សាស្វែងយល់បន្ថែមអំពីការរៀបចំយន្តការនៃការផ្តល់ និងទទួលបានហិរញ្ញប្បទាន ការគ្រប់គ្រងហានិភ័យ ការប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយលក្ខណៈនវានុវត្តន៍ក្នុងការគ្រប់គ្រង និងរៀបចំប្រព័ន្ធធានាឥណទានឱ្យកាន់តែប្រសើរ។ ជាពិសេសនោះគឺជា វេទិកានៃការផ្សារភ្ជាប់គ្នារវាងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុជាច្រើនរូបមកពីបណ្តាជាប្រទេសជាសមាជិក ក្នុងការបង្កើនទំនាក់ទំនង ដើម្បីកិច្ចសហប្រតិបត្តិការអនាគតរួមគ្នា សម្រាប់ការចូលរួមពង្រឹងប្រព័ន្ធធានាឥណទានជាសកលឱ្យកាន់តែប្រសើរ។
CGCC ក្នុងនាមជាសមាជិកមួយរបស់ ACSIC មានក្តីសោមនស្សដែលបានចូលរួមនូវវេទិកាអន្តរជាតិនេះ ដើម្បីបន្តសិក្សាស្វែងយល់អំពីប្រព័ន្ធធានាឥណទានជាសកល ក្នុងគោលដៅធានាឱ្យបាននូវការបង្កើនលទ្ធភាពទទួលបាននូវហិរញ្ញប្បទាន សម្រាប់ម្ចាស់អាជីវកម្ម
ធុនមីក្រូ តូច និងមធ្យម ដើម្បីជាផ្នែកមួយនៃការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន៕

នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ CGCC បានរៀបចំកម្មវិធីចែករំលែក Special Talk ក្រោមប្រធានបទ “Recent Trends in East and Southeast Asian Economies and Implications on Financial Markets” ដោយលោក Richard Yarrow ដែលជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចមួយរូប សម្រាប់បុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ CGCC។
កម្មវិធីចែករំលែកនេះ បានផ្តល់ឱកាសដល់បុគ្គលិកគ្រប់រូបនៃ CGCC បានស្វែងយល់បន្ថែមអំពីការវិវឌ្ឍនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ព្រមទាំងជាវេទិកាមួយសម្រាប់បុគ្គលិកគ្រប់រូបបានចូលរួមផ្លាស់ប្តូរមតិយោបល់ និងការយល់ឃើញរវាងគ្នាទៅវិញទៅមក ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងដើម្បីជាធាតុចូលសម្រាប់ការបំពេញប្រតិបត្តិការការងារក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ។
CGCC សូមថ្លែងអំណរគុណលោក Richard Yarrow ដែលបានចំណាយពេលដ៏មានតម្លៃ ចូលរួមជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីចែករំលែកសម្រាប់បុគ្គលិកគ្រប់រូបរបស់ CGCC នាឱកាសនេះ។



ខេត្តសៀមរាប៖ នាងខ្ញុំឈ្មោះ គឹម សុភ័ស្ស ជាម្ចាស់សិប្បកម្មស្ពតឡៃហ្វូត។ សព្វថ្ងៃ នាងខ្ញុំផលិតត្រីងៀត ផ្អក កង្កែបបោក និងផលិតផលបន្ទាប់បន្សំកែច្នៃដូចជា ស្បែកត្រី និងឆ្អឹងត្រីបំពងជាដើម។ ពីដើមឡើយ ប្រតិបត្តិការអាជីវកម្មរបស់នាងខ្ញុំ ជាមុខរបរបែបគ្រួសារតជំនាន់ពីម្ដាយ ប៉ុន្ដែក្នុងឆ្នាំ២០១៩ នាងខ្ញុំនិងស្វាមី បានចាប់ផ្ដើមផ្ដោតលើការអភិវឌ្ឍ និងពង្រឹងស្ដង់ដាផលិតផល។ សព្វថ្ងៃនេះ សិប្បកម្មនាងខ្ញុំមានបុគ្គលិកពេញម៉ោងចំនួន ៣នាក់ និងបុគ្គលិកក្រៅម៉ោងចំនួន ២នាក់។
ការចាប់ផ្ដើមអាជីវកម្មរបស់នាងខ្ញុំ ពីដំបូងមានភាពលំបាក ដោយប្រព្រឹត្តទៅតាមលក្ខណៈប្រពៃណី ដែលបន្សល់ពីម្ដាយ។ ការផលិតរបស់ពួកខ្ញុំ មិនអាចបំពេញតម្រូវការទីផ្សារបានឡើយ ព្រោះយើងពឹងផ្អែកច្រើនលើលក្ខខណ្ឌធម្មជាតិ ហើយផលិតបានតែក្នុងរដូវប្រាំងប៉ុណ្ណោះ។ បន្ថែមពីនេះ យើងមិនមានចំណេះដឹងគ្រប់គ្រាន់ពីសុវត្ថិភាព និងស្ដង់ដាចំណីអាហារនោះទេ ព្រមទាំងខ្វះបច្ចេកវិទ្យា និងម៉ាស៊ីនទំនើបក្នុងការសម្រួលសង្វាក់ផលិតកម្មរបស់យើង។ កាលនោះបរិមាណផលិតរបស់សិប្បកម្មនាងខ្ញុំគឺមានកម្រិតតិចតួចបំផុត ហើយខ្ញុំក៏មិនមានទំនុកចិត្ត ក្នុងការទទួលការបញ្ជាទិញក្នុងបរិមាណច្រើនៗឡើយ។
ក្នុងឆ្នាំ២០២៤ ខ្ញុំទទួលបានព័ត៌មានពីគម្រោងកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ពីមិត្តភក្ដិរបស់ខ្ញុំ។ បន្ទាប់មក ខ្ញុំក៏បានខិតខំស្វែងរកព័ត៌មានបន្ថែម និងដាក់ពាក្យស្នើសុំការគាំទ្រក្រោមគម្រោងនេះ។ ជាលទ្ធផល នាងខ្ញុំទទួលបានការគាំទ្រក្នុងការពង្រឹងសមត្ថភាពកែច្នៃផលិតផលឱ្យមានស្ដង់ដា និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធនៃខ្សែសង្វាក់ផលិតកម្មរបស់ខ្ញុំ។
នៅក្នុងគម្រោងនេះ នាងខ្ញុំទទួលបានការគាំទ្រផ្នែកសម្ភារៈដូចជា ផ្ទះសម្ងួតសូឡា និងទូក្លាសេ។ ទន្ទឹមនឹងនេះ ខ្ញុំទទួលបានវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពផ្នែកផលិតកម្ម សុវត្ថិភាពចំណីអាហារ និងការបញ្ជាក់ការអនុលោមតាមលក្ខខណ្ឌតម្រូវនៃនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) សម្របសម្រួលដោយអង្គការ UNIDO។ មួយផ្នែកទៀត នាងខ្ញុំទទួលបានកម្ចីមានការធានាពី CGCC តាមរយៈធនាគារដៃគូរបស់ CGCC ក្រោមគម្រោង ISF នេះ ដើម្បីជាទុនក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ទៅតាមបទដ្ឋាន និងស្ដង់ដាអគារ សម្រាប់សិប្បកម្ម ព្រមទាំងការទិញឧបករណ៍ប្រើប្រាស់មួយចំនួនបន្ថែមទៀត។
ក្រោយពីទទួលបានការគាំទ្រពីគម្រោង និងកម្ចីមានការធានាពី CGCC ផលចំណេញនៃអាជីវកម្មរបស់ខ្ញុំ បានកើនឡើងប្រមាណ ២០%។ ជាក់ស្ដែង ពីមុននាងខ្ញុំអាចផលិតបានពីចន្លោះ ២០ ទៅ ៣០គីឡូក្រាម (ត្រីស្រស់) ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ រីឯបច្ចុប្បន្ន នាងខ្ញុំអាចផលិតបានដល់ទៅចន្លោះ ពី១០០ ទៅ១៥០គីឡូក្រាមក្នុងមួយថ្ងៃ ឬលើសពីនេះ តាមតម្រូវការបញ្ជាទិញជាក់ស្ដែង។ ជាមធ្យម ទិន្នផលត្រីងៀតស្ងួតនាងខ្ញុំអាចផលិតបានចន្លោះពី៥០ ទៅ ៧០គីឡូក្រាមក្នុងមួយថ្ងៃ ផ្ទុយពីមុនដែលនាងខ្ញុំអាចផលិតបានក្រោម ១០គីឡូក្រាមប៉ុណ្ណោះ។
នាងខ្ញុំ ពិតជាមានមោទនភាពចំពោះការរីកចម្រើនមួយនេះ ពីព្រោះវាមិនត្រឹមតែបង្កើនចំណូលសម្រាប់អាជីវកម្មរបស់នាងខ្ញុំទេ តែវាក៏បានបង្កើតការងារដល់បុគ្គលិក, បង្កើនចំណូលដល់អ្នកនេសាទ និងចិញ្ចឹមត្រី ព្រមទាំងអ្នកលក់គ្រឿងទេសផងដែរ។
បន្ថែមពីនេះ នាងខ្ញុំមានភាពជឿជាក់ចំពោះផលិតផលរបស់ខ្ញុំ ដោយសារបច្ចុប្បន្ន ត្រីងៀតរបស់ខ្ញុំបានឆ្លងកាត់មន្ទីរពិសោធន៍ និងមានការចុះបញ្ជីត្រឹមត្រូវ។ សព្វថ្ងៃ ផលិតផលនាងខ្ញុំបានដាក់លក់នៅទីផ្សារក្នុងខេត្តសៀមរាប និងមានឈ្មួញយកទៅលក់នៅកន្លែងដាក់លក់តាមបណ្ដាខេត្ត និងតាមភោជនីយដ្ឋាននានា។ ទន្ទឹមនឹងនេះ សិប្បកម្មនាងខ្ញុំ កំពុងធ្វើការជាមួយផ្សារទំនើប អុីអនម៉ល និងផ្សារទំនើបជីប ម៉ុង ដើម្បីស្វែងរកឱកាសដាក់លក់ផលិតផលរបស់ខ្ញុំនៅក្នុងផ្សារទំនើបទាំងនេះ។ នាងខ្ញុំសង្ឃឹមមុតមាំថាផលិតផលរបស់នាងខ្ញុំ នឹងមានវត្តមានឆាប់ៗនៅផ្សារទំនើបទាំងនេះ នៅដើមឆ្នាំ២០២៦។ លើសពីនេះ នាងខ្ញុំរំពឹងថា ២ឆ្នាំ ខាងមុខទៀត ផលិតផលស្ពតឡៃហ្វូត នឹងមានលក់ជាផ្លូវការលើឆាកអន្ដរជាតិ៕
អាននិងទាញយកជា PDF: ជួបជាមួយម្ចាស់សិប្បកម្មកែច្នៃត្រីខ្នាតតូច ប៉ុន្តែមានក្តីស្រមៃធំ
នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តលើការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណកម្ពុជា មូលនិធិធានាឥណទាន និងជំរុញការវិនិយោគ (CGIF) បានចែករំលែកចំណេះដឹងតាមរយៈវគ្គបណ្តុះបណ្តាលកសាងសមត្ថភាព និងការចែករំលែកបទពិសោធជាលើកដំបូង ដល់គណៈគ្រប់គ្រង និងបុគ្គលិកប្រមាណ២០រូបរបស់ CGCC នៅការិយាល័យរបស់ CGCC។

តាមរយៈវគ្គបណ្ដុះបណ្ដាល CGIF បានចែករំលែកអំពីដំណើរការធានាឥណទានរបស់ CGIF និងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យឥណទានសាជីវកម្ម សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
ការចែករំលែកចំណេះដឹងនេះ គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និង CGIF ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងពីរ ក្នុងការជំរុញការអភិវឌ្ឍទីផ្សារមូលបត្រនៅក្នុងតំបន់ទាំងមូល។


នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានសហការរៀបចំខួប៥ឆ្នាំ របស់ CGCC ក្រោមប្រធានបទ “៥ឆ្នាំ នៃការធានាឥណទានជាយុទ្ធសាស្រ្ដ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសាន់ & មូន រីវើសាយ។

ពិធីនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ និងអបអរសមិទ្ធផលសំខាន់ៗ, ការវាយតម្លៃអំពី វឌ្ឍនភាពនៃដំណើរការយន្ដការធានាឥណទាន ក្នុងរយៈពេល ៥ឆ្នាំ កន្លងមក, ការប្រគល់ពានរង្វាន់ និងបណ្ណសរសើរជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម, សហគ្រាសឆ្នើម និងបុគ្គលិកឆ្នើមរបស់ CGCC, ព្រមទាំងការប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ អំពីយន្ដការការធានាឥណទាន ក្នុងការកសាងប្រព័ន្ធហិរញ្ញវត្ថុ ប្រកបដោយបរិយាបន្ន, ភាពធន់, និងចីរភាពនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ មានអ្នកចូលរួម ដែលអញ្ជើញមកពីស្ថាប័នរដ្ឋ, ដៃគូអភិវឌ្ឍន៍ជាតិ និងអន្ដរជាតិ, ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, ក្រុមហ៊ុនមូលបត្រ, សមាគមអាជីវកម្ម, និងស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ ១៥០រូប។
នៅក្នុងពិធីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានដាក់សម្ពោធជាផ្លូវការនូវ “គម្រោងធានាឥណទានឯកត្តឥណទានពិសេស” ដែលត្រូវបានបង្កើតឡើង ដើម្បីគាំទ្រគោលនយោបាយ, យុទ្ធសាស្រ្ដ, និងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជា វិស័យស្រូវអង្ករ, ស្វាយចន្ទី, កម្មន្ដសាល, ការអភិវឌ្ឍលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ។ល។ គម្រោងនេះ អនុញ្ញាតឱ្យម្ចាស់អាជីវកម្ម អាចដាក់ពាក្យបង្ហាញចំណាប់អារម្មណ៍ មក CGCC ដោយផ្ទាល់ ក្នុងការទទួលបានការធានាឥណទានលើកម្ចីរហូតដល់ ១០ លានដុល្លារ ក្នុងមួយកម្ចី សម្រាប់ការប្រើប្រាស់ជាទុនបង្វិល និងពង្រីកអាជីវកម្ម និងអនុញ្ញាតឱ្យ CGCC ចូលរួមវាយតម្លៃលទ្ធភាពសងរបស់អ្នកខ្ចី រួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្តល់ហិរញ្ញប្បទាន។
លើសពីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានផ្ដល់ពានរង្វាន់ និងបណ្ណសរសើរ ជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើម របស់ CGCC រួមមាន៖ ធនាគារ វឌ្ឍនៈអាស៊ី (ABA), ធនាគារ មេយប៊ែង ខេមបូឌា(Maybank), និង ធនាគារស្ថាបនា (Sathapana Bank) ដែលបានបញ្ចេញកម្ចីមានការធានាច្រើនជាងគេ ក្នុងឆ្នាំ២០២៥ និងសហគ្រាសឆ្នើម ចំនួន៣ រួមមាន៖ រោងចក្រធុនតូចកិនស្រូវ សេកមាស, ក្រុមហ៊ុន បាយ័ន ហេរីធេច ហូលឌីង គ្រុប, និង ទឹកស្អាត សំណាង ឌីណា លំចង់ ដែលបានប្រើប្រាស់កម្ចីមានការធានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានប្រគល់បណ្ណសរសើរជូនបុគ្គលិកឆ្នើមរបស់ CGCC ចំនួន ១០រូប ដែលបានបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ, វិជ្ជាជីវៈ, និងបុរេសកម្ម ដើម្បីកសាង និងអភិវឌ្ឍ សាជីវកម្មធានាឥណទានកម្ពុជា នាពេលកន្លងមក។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា៖ “ការបង្កើត CGCC នេះឡើង គឺជាការគិតគូរជាយុទ្ធសាស្ត្រ ដ៏ល្អិតល្អន់ និង ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល, ក្នុងនីតិកាលទី ៦ នៃរដ្ឋសភា, ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និង ចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្រ្តី និង បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា, ក្នុងការអនុវត្តវិធានការអន្តរាគមន៍ តាមរយៈយន្តការធានាឥណទាន, សំដៅស្តារ និង ជំរុញកំណើនសេដ្ឋកិច្ច, ជាពិសេស ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល, ដោយផ្អែកលើឧត្តមានុវត្តជាអន្តរជាតិ ក៏ដូចជា ការវិវត្តនៃបរិបទសង្គម-សេដ្ឋកិច្ចជាក់ស្តែង របស់កម្ពុជា។ យន្តការធានាឥណទាន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តគោល-នយោបាយគន្លឹះនានា របស់រាជរដ្ឋាភិបាល រួមមាន៖ ទី១. ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ជាពិសេស សម្រាប់សហគ្រាសធុន តូច និង មធ្យម, តាមរយៈ ការបង្កើនលទ្ធភាពទទួលបាននូវហិរញ្ញប្បទាន; ទី២. ការពង្រឹងការអភិវឌ្ឍវិស័យឯកជន តាមរយៈ ការគាំទ្រឲ្យមានការវិនិយោគ, ការពង្រីកប្រតិបត្តិការអាជីវកម្ម, និង ការបង្កើតការងារបន្ថែម ឲ្យបាន កាន់តែច្រើន, ជាពិសេស សម្រាប់យុវជន; និង ទី៣. ការពង្រឹងភាពធន់នៃសេដ្ឋកិច្ច តាមរយៈ ការបង្កើនទំនុកចិត្តក្នុងទីផ្សារ និង ការរួមគ្នាគ្រប់គ្រងហានិភ័យ, ជាពិសេស ក្នុងអំឡុងវិបត្តិ ឬ បញ្ហាប្រឈមពីកត្តាខាងក្រៅ, ដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជា ។
CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្ដល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែក ដល់កំណើនសេដ្ឋកិច្ច។ នៅក្នុងរយៈពេល ៥ឆ្នាំ កន្លងមកនេះ CGCC បានដាក់ឱ្យដំណើរការការធានាឥណទាន ឯកត្តឥណទាន ចំនួន ៧ គម្រោង, ការធានាឥណទានជាកញ្ចប់ ចំនួន ១៧ កិច្ចព្រមព្រៀង, ការធានាលើការបោះផ្សាយសញ្ញាបណ្ណរបស់ក្រុមហ៊ុនចំនួន ១ , និងការធានាឥណទានបោះដុំចំនួន ៣
កិច្ចព្រមព្រៀង ព្រមទាំងបានដាក់ឱ្យដំណើរការកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC)។ តាមរយៈគម្រោងទាំងអស់នេះ CGCC បានអនុម័តការធានាឥណទាន ចំនួន ៩.៥៥៦ គណនី លើកម្ចី ប្រមាណ ៥២១,២៨ លានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។



credit to: ទូរទស្សន៍ជាតិកម្ពុជា ចេញផ្សាយថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦
កាលពីថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយលោក ប៊ុត វ៉ាន់នី ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាលរបស់ CGCC បានចូលរួមអមដំណើររបស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត (ក្រុមទី៦) នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងជាអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយបាននាំយកជំនួយសប្បុរសធម៌ដែលទទួលបានពីបុគ្គលិកគ្រប់ជាន់ថ្នាក់ និងថវិកាផ្ទាល់របស់ CGCC ប្រគល់ជូនប្រជាពលរដ្ឋជាជនភៀសសឹក និងគ្រួសារ ក៏ដូចជាចុះសួរសុខទុក្ខវីរៈកងទ័ពជួរមុខ និងគ្រួសារ នៅមណ្ឌលសុវត្ថិភាព ដែលកំពុងរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមព្រំដែន។

សម្ភារៈជំនួយមួយចំនួនរួមមានម្ហូបអាហារ រួមជាមួយនឹងថវិការមួយចំនួនផងដែរ ត្រូវបានផ្ដល់ជូនដោយផ្ទាល់ ក្នុងនោះភាគច្រើនរួមមានមនុស្សចាស់ ស្ត្រី និងកុមារតូចៗ ដែលជាក្រុមងាយរងគ្រោះបំផុត។ សកម្មភាពមនុស្សធម៌នេះមិនត្រឹមតែជួយកាត់បន្ថយបន្ទុកជាក់ស្តែងរបស់បងប្អូនជនរួមជាតិខ្មែរដែលជាជនភៀសសឹកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាបង្ហាញដ៏មានអត្ថន័យនៃស្មារតីសាមគ្គីរវាងប្រជាជនខ្មែរទាំងមូល។
បេសកកម្មមនុស្សធម៌នេះជាការបង្ហាញយ៉ាងច្បាស់នៃស្មារតី “ខ្មែរជួយខ្មែរ” ដែល ស្រឡាញ់សាមគ្គីភាព និងការថែរក្សាគ្នាទៅវិញទៅមក ដែលបានជ្រាបចូលក្នុងសង្គមខ្មែរតាំងពីយូរលង់ណាស់មកហើយ និងក៏ជាសេចក្ដីបញ្ជាក់ពីកាតព្វកិច្ចជាតិដ៏ជ្រាលជ្រៅក្នុងការធានាថា គ្មានបងប្អូនខ្មែរណាមួយត្រូវបានទុកចោល នៅក្នុងអំឡុងពេលដ៏លំបាកមួយនេះ ហើយក៏ជាសក្ខីភាពបញ្ជាក់ថា ប្រជាជនរួមជាតិតែងតែនៅក្បែរគ្នាជានិច្ច។

