CGCC

CGCC ចូលរួមកម្មវិធីទស្សនកិច្ចសិក្សា និងសិក្ខាសាលាស្តីពី លទ្ធផលស្រាវជ្រាវបឋម ក្រោមកម្មវិធីចែករំលែកចំណេះដឹង (Knowledge Sharing Program – KSP) ដែលរៀបចំឡើងដោយ KODIT

នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រោមកិច្ចសហប្រតិបត្តិការរវាងមូលនិធិធានាឥណទានកូរ៉េ (KODIT) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងជាផ្នែកមួយនៃបេសកកម្មការងារនៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ក្រុមការងារនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលដឹកនាំដោយលោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការ នៃ CGCC រួមជាមួយលោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការនៃ CGCC និងក្រុមការងារ CGCC ចំនួនបួនរូបផ្សេងទៀត រួមជាមួយតំណាង ១រូប មកពីអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ តំណាង ១រូប មកពី អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចូលរួមចូលរួមកម្មវិធីទស្សនកិច្ចសិក្សា និងសិក្ខាសាលាស្តីពី លទ្ធផលស្រាវជ្រាវបឋម ក្រោមកម្មវិធីចែករំលែកចំណេះដឹង (Knowledge Sharing Program – KSP) ដែលរៀបចំឡើងដោយ KODIT។

កម្មវិធីទស្សនកិច្ចសិក្សា និងសិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីចែករំលែកលទ្ធផលស្រាវជ្រាវដែលរៀបរៀងដោយអ្នកជំនាញរបស់ KODIT សហការជាមួយអ្នកប្រឹក្សាយោបល់ជំនាញរបស់កម្ពុជា ក្នុងគោលបំណងដើម្បីប្រមូលមតិយោបល់ លើទិសដៅអនាគតនៃការស្រាវជ្រាវ និងសម្របសម្រួលការពិភាក្សាស្តីពីការអភិវឌ្ឍ CGCC រួមជាមួយនឹងវគ្គសំនួរចម្លើយ ទាក់ទងនឹងប្រធានបទស្រាវជ្រាវផងដែរ៕

ដំណើរទស្សនកិច្ចសិក្សា ទៅកាន់សហគ្រាស និងតំបន់ឧស្សាហកម្ម នៅសាធារណរដ្ឋកូរ៉េ

នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ក្រុមការងារនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលដឹកនាំដោយលោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការនៃ CGCC រួមជាមួយលោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការនៃ CGCC និងសហការី CGCC ចំនួនបួនរូបផ្សេងទៀត រួមជាមួយតំណាង ១រូប មកពីអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាង ១រូប មកពី អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានធ្វើដំណើរទស្សនកិច្ចសិក្សា ទៅកាន់សហគ្រាស និងតំបន់ឧស្សាហកម្ម នៅសាធារណរដ្ឋកូរ៉េ ក្រោមការរៀបចំនិងសម្របសម្រួលដោយមូលនិធិធានាឥណទានកូរ៉េ (KODIT)។

ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវឱកាសដល់ក្រុមការងាររបស់ CGCC និងគណប្រតិភូបានសិក្សាស្វែងយល់អំពីប្រតិបត្តិការអាជីវកម្ម និងដំណើរការលំហូរផលិតកម្មរបស់សហគ្រាស និងតំបន់ឧស្សាហកម្មដែលបានជ្រើសរើសទាំងនោះ ដើម្បីទទួលបានជាបទពិសោធន៍ និងធាតុចូលសម្រាប់អភិវឌ្ឍ CGCC និងយន្តការធានាឥណទាននៅកម្ពុជា សំដៅផ្តល់នូវការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចជាតិ។

CGCC ចូលរួមកម្មវិធីបណ្តុះបណ្តាលដែលរៀបចំដោយ KODIT នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រោមកិច្ចសហប្រតិបត្តិការរវាងមូលនិធិធានាឥណទានកូរ៉េ (KODIT) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) លោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការ នៃ CGCC រួមជាមួយលោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការនៃ CGCC និងក្រុមការងារ CGCC ចំនួនបួនរូបផ្សេងទៀត រួមជាមួយតំណាង ១រូប មកពីអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ តំណាង ១រូប មកពី អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលដែលរៀបចំដោយ KODIT នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

កម្មវិធីបណ្តុះបណ្តាលនេះផ្តោតលើទិដ្ឋភាពទូទៅរបស់ KODIT ការស៊ើបអង្កេតឥណទាន ការស៊ើបអង្កេតនៅនឹងកន្លែងផ្ទាល់ ការគ្រប់គ្រងហានិភ័យសំណង ការចែករំលែកអំពីព័ត៌មានឥណទាន កម្មវិធីគាំទ្រធុរកិច្ចបង្កើតថ្មី (Startup) របស់ KODIT ប្រព័ន្ធគ្រប់គ្រងហានិភ័យ និងការអភិវឌ្ឍហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម។ កម្មវិធីបណ្តុះបណ្តាលនេះបានផ្តល់ឱកាសល្អមួយសម្រាប់ក្រុមការងារ CGCC និងអ្នកចូលរួមផ្សេងទៀតដើម្បីស្វែងយល់អំពីបទពិសោធន៍ ចំណេះដឹងថ្មីៗ និង ការអនុវត្តល្អៗ រួមនឹងយន្តការធានាឥណទានឆ្នៃប្រឌិតថ្មីៗ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការធានាឥណទានរបស់ CGCC ជាពិសេស ការបង្គើនសមត្ថភាពវិភាគឥណទានសម្រាប់ប្រតិបត្តិការធានាឥណទាន ការគ្រប់គ្រងហានិភ័យ និងបង្កើតគម្រោងឥណទានក្នុងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ៕

CGCC ចូលរួមចែករំលែកអំពីយន្តការធានាឥណទាន នៅក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន» នៅខេត្តកំពង់ស្ពឺ និងខេត្តកំពត

នាថ្ងៃទី០៥ នៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ស្ពឺ និង ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត លោកស្រី កឹម ចាន់ថាវី អនុប្រធានការិយាល័យផ្នែកទំនាក់ទំនង និងលោក សែ គឹមវាសនា បុគ្គលិកជំនាញជាន់ខ្ពស់ផ្នែកទីផ្សារ និងទំនាក់ទំនងនៃ CGCC បានចូលរួមចែករំលែកអំពីយន្តការធានាឥណទាន នៅក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន» ដល់សហគ្រាសធុនតូច និងមធ្យម ដែលរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC), ក្រុមហ៊ុន មេគង្គអ៊ិនគ្លូស៊ីវ វេនឈ័រ (MiV) និងគាំទ្រថវិការបដិភាគដោយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។

វគ្គបណ្តុះបណ្តាលនេះនៅឯខេត្តកំពង់ស្ពឺ មានការអញ្ជើញចូលរួមជាកិត្តិយសឧកញ៉ាបណ្ឌិត ឈិន កេន អនុប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង ឯកឧត្តម ចាន់ សិល្បសុជាតិ ប្រធាន FASMEC សាខាខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC  ដែលរួមជាមួយការប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួម ផងដែរ ទៅកាន់ម្ចាស់សហគ្រាស ចំនួន១០០នាក់ជាង​ ដែលបានចូលរួមផងដែរ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោកស្រី កឹម ចាន់ថាវី និងលោក សែ គឹមវាសនា ក៏បានធ្វើបទបង្ហាញស្ដីពី “បរិយាបន្នហិរញ្ញប្បទាន” ដោយលោកបានចែករំលែកអំពីយន្តការធានាឥណទានរបស់ CGCC ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលនេះក៏មានការចូលរួមសហការដោយ CGCC, ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារ កាណាឌីយ៉ា។ កម្មវិធីនេះមានគោលបំណងដើម្បីផ្តល់ការបណ្តុះបណ្តាលចំណេះដឹង ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីលទ្ធភាពដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម និងប្រើប្រាស់ឥណទាននេះត្រឹមត្រូវតាមគោលបំណង ចំគោលដៅដែលជំរុញឱ្យសហគ្រាស ធុនតូច និងមធ្យម (SMEs) នៅកម្ពុជា មានការរីកចម្រើន និរន្តរភាព និងចីរភាពក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាកម្ពុជា។

CGCC ចូលរួមជាមួយទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២៥ (Earth Hour 2025)

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ CGCC មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមជាមួយកម្មវិធី ទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២៥ (Earth Hour 2025) ដែលបុគ្គលិករបស់ CGCC ទាំងអស់បានចូលរួមតាមរយៈការបិទភ្លើងអគ្គិសនី រយៈពេលមួយម៉ោងក្នុងអំឡុងពេលម៉ោងធ្វើការ។
Earth Hour គឺជាព្រឹត្តិការណ៍ពិភពលោកប្រចាំឆ្នាំដែលរៀបចំដោយមូលនិធិសត្វព្រៃពិភពលោក World Wildlife Fund (WWF) ដែលលើកទឹកចិត្តបុគ្គល សហគមន៍ និងអាជីវកម្មនានា បិទភ្លើងរយៈពេលមួយម៉ោង ដើម្បីជានិមិត្តរូបនៃការប្តេជ្ញាចិត្តចំពោះភពផែនដី និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថាន។
 

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទាន សម្រាប់វិស័យជលផលក្រោយប្រមូលផល រវាង CGCC និងធនាគារ FTB

នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា(CGCC) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានសហការរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី គម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផល ក្រោមវត្តមានរបស់ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃ  CGCC,  ធនាគារ FTB, និងតំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)  ក្នុងគោលបំណងប្រកាសជាផ្លូវការ នូវការពង្រីកកិច្ចសហការបន្ថែមរវាងស្ថាប័នទាំងពីរ លើការផ្តល់កម្ចីដែលមានការធានាពី CGCC តាមរយៈធនាគារ FTB ដល់សហគ្រាស ដែលស្ថិតនៅក្នុងវិស័យជលផលក្រោយប្រមូលផល និងអ្នកផ្គត់ផ្គង់ដែលពាក់ព័ន្ធ។

គម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផលរបស់ CGCC ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឥណទានដែលមានការធានាជូនដល់ក្រុមហ៊ុន/អាជីវកម្ម ឬសហគ្រាសដែលស្ថិតនៅក្នុងវិស័យជលផលក្រោយប្រមូលផល ក្រោមកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដែលជាគំរូ​ហិរញ្ញវត្ថុថ្មីមួយរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការ UNIDO និងរដ្ឋបាលជលផល  ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រងមូលនិធិដោយ CGCC។ សហគ្រាសដែលស្ថិតនៅក្នុងវិស័យជលផលក្រោយប្រមូលផល អាចដាក់ពាក្យស្នើសុំការគាំទ្រពីគម្រោង ISF លើជំនួយបច្ចេកទេស ដើម្បីកែលម្អប្រតិបត្តិការអាជីវកម្ម ការលើកកម្ពស់ការអនុវត្តសុវត្ថិភាពម្ហូបអាហារ និងកញ្ចប់មូលនិធិរបស់គម្រោងគាំទ្រជាសម្ភារបរិក្ខារ ដើម្បីជំរុញនវានុវត្តន៍ និងបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលប្រតិបត្តិការអាជីវកម្ម ព្រមទាំងឥណទានអាជីវកម្មដែលមានការធានាពី CGCC តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI) របស់ CGCC រួមមានធនាគារ FTB ដែលបានចុះកិច្ចព្រមព្រៀងលើគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលនេះជាមួយ CGCC។

លោក ណូ លីដា អគ្គនាយក CGCC បានមានប្រសាសន៍ឲ្យដឹងថា ៖ “CGCC មានសេចក្តីរីករាយដែលធនាគារ FTB ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមថ្មីមួយបន្ថែមទៀត ដើម្បីអនុវត្តកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) របស់ CGCC។ ការចូលរួមរបស់ធនាគារ FTB នឹងធ្វើឱ្យការអនុវត្តកម្មវិធី ISF កាន់តែមានប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការរបស់សហគ្រាសក្នុងវិស័យជលផលក្រោយប្រមូលផល ក្នុងការទទួលបានការគាំទ្រហិរញ្ញវត្ថុ និងកម្ចីមានការធានា​ ដែលចាំបាច់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង ផលិតភាព និងស្តង់ដារអាជីវកម្មរបស់សហគ្រាស ដែលមានសក្តានុពលក្នុងវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជា។”

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិនៃធនាគារ FTB បានមានប្រសាសន៍ឲ្យដឹងថា ៖ “ស្ថាប័នយើងទាំងពីរ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើន ពង្រីកកិច្ចសហការរួមគ្នា និងរំពឹងថា អាចជួយជំរុញនវានុវត្តន៍ បង្កើនប្រសិទ្ធភាព ប្រសិទ្ធផលប្រតិបត្តិការអាជីវកម្មដល់ក្រុមហ៊ុន ឬសហគ្រាស ដែលស្ថិតនៅក្នុងវិស័យជលផលក្រោយប្រមូលផល សម្រាប់អ្នកផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ កិច្ចព្រមព្រៀងនេះបានឆ្លុះបញ្ចាំងពីការចូលរួមដ៏សកម្ម និងការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អរវាងធនាគារ FTB ជាមួយ CGCC ចាប់តាំងពីឆ្នាំ ២០២១ ជាមួយការរំពឹងទទួលបានជោគជ័យ និងការរក្សាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងស្ថាប័នទាំងពីរ។”

តាមរយៈកិច្ចព្រមព្រៀងលើគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផលនេះ CGCC និងធនាគារ FTB ប្តេជ្ញាចូលរួមចំណែកគាំទ្រសហគ្រាសស្ថិតក្នុងខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផល សំដៅបង្កើនផលិតភាព ការអនុវត្តសុវត្ថិភាពម្ហូបអាហារ លើកកម្ពស់គុណភាពផលិតផលជលផល ដើម្បីឈានចូលទីផ្សារថ្មីរួមទាំង ទីផ្សារអន្តរជាតិ កែលម្អប្រតិបត្តិការអាជីវកម្មឱ្យមានប្រសិទ្ធផល និរន្តរភាព និងបរិយាបន្ន។

សហគ្រាសជលផលក្រោយប្រមូលផលដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យស្នើសុំកញ្ចប់ហិរញ្ញគាំទ្រការវិនិយោគ (ISF) ឥឡូវនេះ! ផ្អែកតាមថវិកាមានកំណត់ ដាក់ពាក្យស្នើសុំមុន មានឱកាសទទួលបានមុន។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីISF និងដំណើរការដាក់ពាក្យស្នើសុំ សូមចូលទៅកាន់៖ https://www.cgcc.com.kh/en/post-harvest-fishery-guarantee-scheme/

សារអេឡិចត្រូនិក៖ [email protected]

អំពីធនាគារ FTB ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ ១៩៧៩ ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ និងសេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។ គិតត្រឹមឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ ២,២៨ ពាន់លានដុល្លារអាមេរិក ឥណទានសរុបចំនួន ១,៣៤ ពាន់លានដុល្លារ និងប្រាក់បញ្ញើសរុបជាង ១,៩៣ ពាន់លានដុល្លារ។ ធនាគារ FTB នឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចង្ខុវិស័យរយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អំពី CGCCCGCC គឺជាសហគ្រាសសាធារណៈ ដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២០ ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ CGCC មានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៥ CGCC បានអនុម័តការធានាឥណទានជូនដល់ ៣.៩៧៩ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ២៧៤,១៤ លានដុល្លារ៕

 

ដំណើរទស្សនកិច្ចរបស់ CGCC ទៅកាន់ទីតាំងប្រតិបត្តិករទឹកស្អាតឯកជនមួយ នៅខេត្តបាត់ដំបង

កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា​ (CGCC) ដឹកនាំដោយលោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការរបស់ CGCC និងសហការី បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ទីតាំងអាជីវកម្មរបស់ប្រតិបត្តិករទឹកស្អាតឯកជនមួយកន្លែង នៅខេត្តបាត់ដំបង។

ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចុះសិក្សាស្វែងយល់បន្ថែមអំពីប្រតិបត្តិការអាជីវកម្មរបស់ប្រតិបត្តិករទឹកស្អាតឯកជន និងស្វែងយល់ពីបញ្ហាប្រឈមរបស់ម្ចាស់អាជីវកម្មក្នុងការទទួលបានហិរញ្ញប្បទានចាំបាច់ ដើម្បីអាចផ្តល់នូវធាតុចូលបន្ថែមដល់ CGCC ក្នុងការសិក្សាអំពីលទ្ធភាពបង្កើនការគាំទ្រក្នុងការសម្រួលដល់ការទទួលបានហិរញ្ញប្បទានរបស់អាជីវកម្មក្នុងវិស័យគោលដៅមួយនេះ៕

CGCC ចូលរួមកម្មវិធីសប្បុរសធម៌ក្រោមប្រធានបទ “ផ្តល់ឈាម សង្គ្រោះជីវិត” លើកទី២ ជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម

“ការបរិច្ចាគឈាម គឺប្រៀបដូចជាការផ្ដល់ក្ដីសង្ឃឹម និងការផ្ដល់នូវជីវិតទីពីរ ដល់អ្នកដែលត្រូវការឈាមជាចាំបាច់។”
នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅឯមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បុគ្គលិក CGCC បានចូលរួមចំណែកសាជាថ្មីម្តងទៀត ជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងកម្មវិធីសប្បុរសធម៌ក្រោមប្រធានបទ “ផ្តល់ឈាម សង្គ្រោះជីវិត” លើកទី២ ក្នុងគោលបំណងបរិច្ចាគឈាមយកទៅជួយសង្គ្រោះជីវិតជនរងគ្រោះដែលត្រូវការជំនួយជាចាំបាច់៕

ដំណើរទស្សនកិច្ចរបស់ CGCC ទៅកាន់សហគ្រាសក្នុងវិស័យជលផលក្រោយប្រមូលផលនៅខេត្តបាត់ដំបង និងសៀមរាប

កាលពីថ្ងៃទី០៧ ដល់ថ្ងៃ ០៨ ខែមីនា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា​ (CGCC) ដឹកនាំដោយលោក ណូ លីដា អគ្គនាយក CGCC អមដំណើរដោយលោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការរបស់ CGCC, លោក ប៉ោង លាងអូន អ្នកសម្របសម្រួលថ្នាក់ជាតិអភិវឌ្ឍន៍វិស័យឯកជននៃអង្គការ UNIDO រួមទាំងសហការី បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់សហគ្រាសនៅក្នុងវិស័យជលផលក្រោយប្រមូលផលចំនួនពីរ នៅខេត្តបាត់ដំបង និងសៀមរាប ដែលសហគ្រាសទាំងពីរបានទទួលការគាំទ្រទុនវិនិយោគក្រោមកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដែលជាគម្រោងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា (UNIDO Cambodia) និងសហការឧបត្ថម្ភដោយសហភាពអឺរ៉ុប និងមាន CGCC ជាអ្នកគ្រប់គ្រងគម្រោងមូលនិធិគម្រោង។

គួរបញ្ជាក់ផងដែរថាដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីការអនុវត្តប្រតិបត្តិការអាជីវកម្ម និងស្វែងរកឱកាសសម្រាប់ការរីកចម្រើនរបស់សហគ្រាសក្នុងវិស័យជលផលក្រោយប្រមូលផលទាំងពីរ តាមរយៈការចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងអាជីវកម្មក្នុងកិច្ចសម្ភាសន៍របស់ម្ចាស់សហគ្រាសទាំងពីរ និងការចុះអង្កេតផ្ទាល់ពីសកម្មភាពសហគ្រាសនៅទីតាំងពីក្រុមការងារ​ CGCC និង UNIDO៕

សិក្ខាសាលាផ្សព្វផ្សាយរបស់ CGCC ស្តីពី “កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF)” នៅខេត្តសៀមរាប

នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) របស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា (UNIDO Cambodia)  បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ” ជូនដល់សហគ្រាសខ្នាតតូចនិងមធ្យម ដែលស្ថិតក្នុងវិស័យជលផលក្រោយប្រមូលផល។

សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើង ដើម្បីចែករំលែកអំពីការដាក់ពាក្យស្នើសុំសម្រាប់កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដែលជាគម្រោងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា (UNIDO Cambodia) និងសហការឧបត្ថម្ភដោយសហភាពអឺរ៉ុប និងមាន CGCC ជាអ្នកគ្រប់គ្រងគម្រោងមូលនិធិគម្រោង។ សិក្ខាសាលានេះត្រូវបានដឹកនាំដោយ លោក ណូ លីដា អគ្គនាយក CGCC លោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការរបស់ CGCC, លោក ប៉ោង លាងអូន អ្នកសម្របសម្រួលថ្នាក់ជាតិអភិវឌ្ឍន៍វិស័យឯកជននៃអង្គការ UNIDO, រួមទាំងសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងសហការីនៃរដ្ឋបាលជលផលខេត្តសៀមរាប, គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC គឺធនាគារអេស៊ីលីដា ធនាគារមេយប៊ែង និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) និងជាពិសេសបណ្តាម្ចាស់សហគ្រាសនៅក្នុងវិស័យជលផលក្រោយប្រមូលផល នៅក្នុងខេត្តសៀមរាប និងក្នុងតំបន់ ប្រមាណ៤០រូប។

សិក្ខាសាលានេះ ក៏ជាវេទិកាដើម្បីឱ្យភាគីពាក់ព័ន្ធបានឈ្វេងយល់បន្ថែមអំពីតម្រូវការរបស់ម្ចាស់អាជីវកម្មនៅក្នុងវិស័យជលផលក្រោយប្រមូលផល ក្នុងការទទួលបានកម្ចីដែលមានការធានា និងទទួលបានមូលនិធិគម្រោង ដើម្បី ឆ្លើយតបនឹងបញ្ហាខ្វះទ្រព្យធានាក្នុងទទួលបានឥណទាន និងអភិវឌ្ឍអាជីវកម្ម ៕