CGCC និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ (MAFF) និងនេសាទបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការប្រើប្រាស់សេវាធានាឥណទាន សម្រាប់ជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ (MAFF) និងនេសាទបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការប្រើប្រាស់សេវាធានាឥណទាន សម្រាប់ជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលរបស់CGCC។

MoU រវាង CGCC និង MAFF នឹងអនុញ្ញាតឱ្យភាគីទាំង២ សម្រេចបាននូវគោលដៅរួមគ្នា ក្នុងការគាំទ្រសហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគមន៍កសិកម្មទំនើប លើការអភិវឌ្ឍវិស័យកសិកម្ម និងគាំទ្រ CGCC ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ជាផលវិជ្ជមាន នៅក្នុងវិស័យកសិកម្មនៅកម្ពុជា តាមរយៈការជំរុញឱ្យមានការទទួលបានហិរញ្ញប្បទានផ្លូវការកាន់តែច្រើនជាងមុន។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍​ និងសេចក្តីសោមនស្សរីករាយចំពោះការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ឱ្យមានមូលដ្ឋានបច្ចេកទេស ផលិតតាមតម្រូវការទីផ្សារ មានគុណភាពល្អ កាត់បន្ថយថ្លៃដើមផលិត និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋលេខាធិការប្រធានក្រុមប្រឹក្សាភិបាល CGCC  ក៏បានសម្តែងនូវការសាទរចំពោះពិធីចុះហត្ថលេខានេះ ដែលពិតជាមានសារៈសំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋទាំងពីរ ក្នុងការរួមដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅកម្ពុជា (Modern Agricultural Cooperatives) តាមរយៈការបង្កើនផលិតភាព និងប្រសិទ្ធភាព នៃការផលិត ផលិតផលកសិកម្ម និងការប្រើប្រាស់យន្តការធានាឥណទានរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន របស់សហគមន៍កសិកម្មទំនើប ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

វិស័យកសិកម្មត្រូវបានចាត់ទុកថាជាវិស័យអាទិភាព ក្នុងការទទួលបានការធានាឥណទានពី CGCC តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC។ គិតត្រឹមបំណាច់ខែសីហា ឆ្នាំ២០២៤ នេះ CGCC បានផ្តល់ការធានាលើឥណទានប្រមាណជាង ២.៦០០គណនី ក្នុងទឹកប្រាក់សរុបប្រមាណ ២២៤ លានដុល្លារ។ ក្នុងនោះ ការធានាឥណទានដែលត្រូវបានផ្តល់ជូនវិស័យកសិកម្មមានចំនួន ៨៧គណនី ក្នុងទឹកប្រាក់ប្រមាណ ១៥លានដុល្លារ។