CGCC ចូលរួមក្នុងសន្និសីទបច្ចេកវិទ្យា HPE Discover Las Vegas 2026

ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ CGCC មានកិត្តិយសបានចូលរួមក្នុងសន្និសីទ HPE Discover Las Vegas 2026 ដែលជាសន្និសីទបច្ចេកវិទ្យាឈានមុខមួយក្នុងវិស័យឧស្សាហកម្មពិភពលោក ដោយមានការចូលរួមពី លោក ណូ លីដា អគ្គនាយក CGCC លោក ញឹម សូរិយា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងវិភាគអាជីវកម្ម និងលោក មួង សុខប៊ូ ប្រធាននាយកដ្ឋានសេវាកម្មព័ត៌មានវិទ្យា។

សន្និសីទនេះបានផ្តោតលើទំនាក់ទំនងគ្នារវាងបញ្ញាសិប្បនិម្មិត (AI) កុំព្យូទ័រកង់ទិច (Quantum Computing) កុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ (HPC) បណ្តាញព័ត៌មានវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខតាមប្រព័ន្ធអេឡិចត្រូនិក ដោយបានបញ្ជាក់ពីសក្តានុពលនៃការផ្លាស់ប្តូរបច្ចេកវិទ្យាទាំងនេះ នៅពេលដែលត្រូវបានផ្សារភ្ជាប់គ្នាក្នុងក្របខណ្ឌរួម ក្នុងគោលបំណងឆ្លើយតបនឹងបញ្ហាប្រឈមសំខាន់ៗនៅក្នុងវិស័យសុខាភិបាល ការពារជាតិ ហិរញ្ញវត្ថុ និងឧស្សាហកម្មផលិតកម្ម។ សន្និសីទបានចាប់ផ្តើមដោយសុន្ទរកថាពីលោក អាន់តូនីយ៉ូ ណេរី (Antonio Neri) ប្រធាននាយកប្រតិបត្តិរបស់ HPE ក្រោមប្រធានបទ “ការកសាងហេដ្ឋារចនាសម្ព័ន្ធ AI ចាប់ផ្តើមពីបណ្តាញ” (“Architecting AI Starts with Your Network”)។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា AI ត្រូវបានលើកឡើងជាប្រធានបទស្នូល ដោយបានបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងការជំរុញការសម្រេចចិត្តផ្អែកលើទិន្នន័យ ការធ្វើស្វ័យប្រវត្តិកម្ម និងការវិភាគទស្សន៍ទាយនៅក្នុងវិស័យផ្សេងៗ។ វាគ្មិនក៏បានពិភាក្សាអំពីតួនាទីកាន់តែធំរបស់ម៉ូដែលភាសាទំហំធំ (LLMs) និងប្រព័ន្ធ AI ភ្នាក់ងារ (Agentic AI) ព្រមទាំងបញ្ហាប្រឈមទាក់ទងនឹងសមត្ថភាពពង្រីក សន្តិសុខ និងតម្រូវការឱ្យមានការត្រួតពិនិត្យដោយមនុស្ស។ កិច្ចពិភាក្សាបានពង្រីកទៅដល់ការវិវត្តនៃហេដ្ឋារចនាសម្ព័ន្ធសហគ្រាស រួមទាំងការរចនាប្រព័ន្ធម៉ូឌុល (Modular System) យុទ្ធសាស្ត្រពពក Hybrid និងក្របខណ្ឌសន្តិសុខតាមប្រព័ន្ធអេឡិចត្រូនិកកម្រិតខ្ពស់ ដូចជាគំរូ Zero Trust និងប្រព័ន្ធរកឃើញភាពមិនប្រក្រតី ដែលបានបញ្ជាក់ពីសារៈសំខាន់នៃវិធីសាស្ត្រសហការគ្នា និងអភិបាលកិច្ចដ៏ត្រឹមត្រូវ ក្នុងការឆ្លើយតបនឹងភាពស្មុគ្រស្មាញនៃប្រព័ន្ធអេឡិចត្រូនិកនាពេលបច្ចុប្បន្ន។