CGCC ចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល
ខែកក្កដា 3, 2026ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នៅឯសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ CGCC មានកិត្តិយសបានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ដែលជាគំនិតផ្តួចផ្តើមគាំទ្រដោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងជំរុញការវិនិយោគលើបច្ចេកវិទ្យាប្រសិទ្ធភាពថាមពលសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។
គម្រោង EERF ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់នូវហិរញ្ញប្បទានសម្រាប់ការវិនិយោគលើបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល ក្នុងអត្រាការប្រាក់អនុគ្រោះ និង ដែលមានការធានាពីCGCC ដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ។ គម្រោងនេះនឹងត្រូវអនុវត្តដោយធនាគារ SME តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលរួមមាន ធនាគារ CIMB និង ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ។
លោកស្រី ជុន សុថានី ប្រធាននាយកដ្ឋានយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍អាជីវកម្មរបស់ CGCC បានចូលរួម ជាវាគ្មិនកិត្តិយស និងបានចែករំលែកអំពីអត្ថប្រយោជន៍ និងសារៈសំខាន់របស់គម្រោង ដែលបានដោះស្រាយនូវបញ្ហាចំបងធំៗចំនួនពីរ ដែលសហគ្រាសធុនតូច និងមធ្យម (SMEs) តែងតែជួបប្រទះសម្រាប់ការវិនិយោគលើបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល គឺអត្រាការប្រាក់ និងកង្វះនូវទ្រព្យធានា។ តាមរយៈការចូលរួមរបស់ CGCC សហគ្រាសធុនតូច និងមធ្យម (SMEs) អាចទទួលបានកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ទោះបីជាពួកគេមិនមានទ្រព្យធានា ឬ ទ្រព្យធានារបស់ពួកគេមិនគ្រប់គ្រាន់ក៏ដោយ។

CGCC បន្តប្តេជ្ញាសហការជាមួយ ធនាគារ SME ធនាគារ CIMB ធនាគារ FTB និងដៃគូពាក់ព័ន្ធនានា ដើម្បីពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ SMEs និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងប្រកបដោយចីរភាពនៅកម្ពុជា។
