CGCC ចូលរួមក្នុងកម្មវិធីផ្សារភ្ជាប់ហិរញ្ញប្បទាន និងវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុ និងការព្យាករណ៍ហិរញ្ញវត្ថុ”

កាលពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តកំពង់ធំ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានកិត្តិយសបានចូលរួមក្នុងកម្មវិធីផ្សារភ្ជាប់ហិរញ្ញប្បទាន និងវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុ និងការព្យាករហិរញ្ញវត្ថុ” ដែលរៀបចំដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងគាំទ្រដោយ សហគ្រិនខ្មែរ។

ក្នុងឱកាសនោះ លោកស្រី ជុន សុថានី ប្រធាននាយកដ្ឋានយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍អាជីវកម្ម នៃ CGCC បានចែករំលែកអំពីប្រធានបទបណ្តុះបណ្តាល “ការរៀបចំផែនការអាជីវកម្ម និងការធ្វើហិរញ្ញប្បទានជាផ្លូវការ សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs)”។ ជាឱកាសនេះដែរ លោកស្រីក៏បានចូលរួមបង្ហាញអំពីតួនាទី និងសេវាកម្មរបស់ CGCC ក្នុងការជួយសម្រួលការទទួលបានហិរញ្ញប្បទានរបស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) តាមរយៈយន្តការធានាឥណទាន ព្រមទាំងបានចែករំលែកព័ត៌មានអំពីដំណើរការស្នើសុំការធានាឥណទាន និងគម្រោងគាំទ្រនានារបស់ CGCC។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម លើការរៀបចំផែនការអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ និងការយល់ដឹងអំពីនីតិវិធីក្នុងការទទួលបានប្រភពហិរញ្ញប្បទានផ្លូវការ ដើម្បីគាំទ្រដល់ការរីកចម្រើននៃអាជីវកម្ម។

ការចូលរួមរបស់ CGCC សបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការគាំទ្រការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់សហគ្រាសក្នុងស្រុក តាមរយៈកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីជំរុញការរីកចម្រើន និងភាពប្រកួតប្រជែងរបស់ធុរកិច្ចកម្ពុជា។