សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារពាណិជ្ជ ឈីហ្វ សហការគ្នា លើគម្រោងធានាឥណទានបោះដុំ និងគម្រោង ធានាឥណទានជំរុញសេដ្ឋកិច្ច

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីគម្រោងធានាឥណទានបោះដុំក្នុងទំហំ៥លានដុល្លាអាមេរិក (Wholesale Guarantee Scheme – WGS) និងគម្រោងធានាឥណទានជំរុញសេដ្ឋកិច្ច (Economic Stimulus Guarantee Scheme – ESGS) នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យ CGCC។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ បណ្ឌិត លឹម អូន ប្រធានអគ្គនាយកប្រតិបត្តិធនាគារ ឈីហ្វ និងលោក ណូ លីដា អគ្គនាយក CGCC ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងនៃស្ថាប័នទាំងពីរ។

បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃនេះ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ជាផ្លូវការ ដែលនឹងអនុញ្ញាតឱ្យធនាគារ ឈីហ្វ ពង្រីកការបញ្ចេញឥណទានក្រោមការធានារបស់ CGCC ទៅកាន់អាជីវកម្មសក្តានុពលនៅកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលប្រឈមនឹងបញ្ហាកង្វះទ្រព្យធានាសម្រាប់ការស្នើសុំកម្ចីពីធនាគារ។

លោក ណូ លីដា អគ្គនាយក CGCC បានមានប្រសាសន៍ថា “CGCC ស្វាគមន៍នូវភាពជាដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុដែលចូលរួម (PFIs) ដូចជា ធនាគារ ឈីហ្វ Chief ដែលទទួលស្គាល់អំពីតម្លៃនៃការធានាឥណទាន និងប្រើប្រាស់ការធានាឥណទាន ប្រកបដោយបុរេសកម្ម ដើម្បីគាំទ្រដល់អាជីវកម្មដែលមានសក្តានុពល។ ជាមួយនឹងការធានារបស់ CGCC, យើងសង្ឃឹមថា ធនាគារ ឈីហ្វ នឹងអាចពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុទៅកាន់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដែលមានសក្តានុពលខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ ធនាគារ ឈីហ្វ អាចផ្តល់ប្រាក់កម្ចីជាមួយនឹងសមាមាត្រកម្ចីធៀបនឹងតម្លៃទ្រព្យបញ្ចាំ (loan-to-value) ខ្ពស់ជាងមុន, រក្សាទុនបម្រុងទាបជាងមុនសម្រាប់កម្ចីដែលមានការធានា, និងអាចផ្តល់កម្ចីជូនដល់អតិថិជនដែលមិនអាចទទួលបានកម្ចី ប្រសិនបើគ្មានការធានា។ តាមរយៈភាពជាដៃគូនេះ យើងចង់ឃើញ ធនាគារ ឈីហ្វ ពង្រីកការផ្តល់កម្ចីរបស់ខ្លួន ដោយមិនចាំបាច់ពង្រីកហានិភ័យ តាមសមាមាត្រនៃការពង្រីកកម្ចី ព្រោះ CGCC នឹងចូលរួមចែករំលែកហានិភ័យ។ CGCCប្រកាន់ភ្ជាប់ក្នុងការកែលម្អជាបន្តបន្ទាប់លើការងារអាទិភាពជាយុទ្ធសាស្ត្រចម្បង ៥៖ ដំណើរការ (Process) ភាពជាដៃគូ (Partnership) ផលិតផល (Product) មនុស្ស (People) និងគោលនយោបាយ (Policy) ដើម្បីគាំទ្រដៃគូរបស់យើង និងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ឱ្យបានកាន់តែប្រសើរ។”

បណ្ឌិត លឹម អូន ប្រធានអគ្គនាយកប្រតិបត្តិធនាគារ ឈីហ្វ បានមានប្រសាសន៍ថា “ ចំពោះធនាគារ ឈីហ្វ នេះជា ព្រឹត្តិការណ៍ដ៏សំខាន់មួយ និងជាជំហានឈានទៅមុខដ៏មានអត្តន័យ ដែលបានក្លាយជាស្ថាប័នហិរញ្ញវត្ថុចូលរួម (PFI) ជាផ្លូវការ ក្រោមកម្មវិធីធានាឥណទានរបស់ CGCC។ ភាពជាដៃគូនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម និងបុគ្គល ជាក់ស្តែងសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងបង្កើតឱកាសដ៏មានអត្ថន័យសម្រាប់អតិថិជនរបស់យើង និងចូលរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។ ចំពោះធនាគារឈីហ្វ យើងខ្ញុំបន្តប្តេជ្ញាចិត្តចំពោះការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ (Responsible Lending) ផ្តល់សេវាកម្មផ្តោតលើអតិថិជនជាចម្បង និងផ្តល់ការគាំទ្រដល់វិស័យអាទិភាព នៃសេដ្ឋកិច្ចកម្ពុជា។ តាមរយៈការចាប់ដៃគូជាមួយ CGCC យើងខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា យើងអាចរួមគ្នាពង្រឹង បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងផ្តល់ការគាំទ្រកាន់តែប្រសើរដល់អតិថិជនដែលត្រូវការជំនួយផ្នែកហិរញ្ញប្បទានយ៉ាងពិតប្រាកដ។”

តាមរយៈភាពជាដៃគូនេះ CGCC និងធនាគារ ឈីហ្វ មានទិសដៅក្នុងការគាំទ្រក្រុមហ៊ុន/អាជីវកម្មតាមរយៈគម្រោងធានាឥណទានចំនួនពីររបស់ CGCC គឺ WGS និង ESGS។ ក្រោមគម្រោង WGS, CGCC នឹងផ្តល់ការធានាលើកម្ចីអាជីវកម្មដែលមានស្រាប់របស់ធនាគារ ឈីហ្វ ដើម្បីចែករំលែកហានិភ័យជាមួយធនាគារ និងកាត់បន្ថយកម្រិតថ្លឹងហានិភ័យលើអ៊ិចស្ពូស៊ើដែលមានការធានា។ តាមរយៈ WGS ធនាគារ ឈីហ្វ នឹងអាចពង្រីកលទ្ធភាពក្នុងការផ្តល់កម្ចីរបស់ធនាគារ និងជំរុញឱ្យធនាគារអាចផ្តល់ហិរញ្ញប្បទានបន្ថែមទៅកាន់ SMEs ដែលមានសក្តានុពលកាន់តែច្រើន។ ដោយឡែក ក្រោមគម្រោង ESGS, CGCC នឹងផ្តល់ការធានាលើកម្ចីអាជីវកម្មថ្មីរបស់ធនាគារ ឈីហ្វដែលផ្តល់ដល់ក្រុមហ៊ុន/អាជីវកម្ម រួមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងក្រុមហ៊ុនធំៗ ជាមួយនឹងវិសាលភាពនៃការធានារហូតដល់ ៩០% នៃប្រាក់ដើម និងលក្ខខណ្ឌធានាអនុគ្រោះនានា។ គម្រោង WGS និង ESGS នឹងចូលរួមចំណែកគាំទ្រធនាគារ ឈីហ្វ ក្នុងការពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានសម្រាប់អាជីវកម្មដែលប្រឈមនឹងបញ្ហាកង្វះទ្រព្យធានា ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យឯកជន និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា៕

Credit to: Cambonomist, Published on 20 May 2026