CGCC, CWA, FTB និង Water.org បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការ សម្រាប់គាំទ្រវិស័យទឹកស្អាតនៅកម្ពុជា
ខែវិច្ឆិកា 1, 2025ព័ត៌មានថ្មីៗ
(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាលរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ មានការរៀបចំកម្មវិធីចុះហត្ថលេខាលើ ១៖ កិច្ចព្រមព្រៀងធានាឥណទានជាកញ្ចប់ សម្រាប់គម្រោងធានាឥណទានដើម្បីអភិវឌ្ឍសេវាសាធារណៈ សម្រាប់ប្រតិបត្តិករទឹកស្អាតកម្ពុជារវាង សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB), និង២៖ អនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង CGCC និង សមាគមអ្នកផ្គត់ផ្គង់ទឹកកម្ពុជា (CWA), និង ៣៖ MOU រវាង CGCC និងអង្គការ Water.org។
កម្មវិធីចុះហត្ថលេខាលនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនរានុវត្តន៍ និងត្រូវបានចុះហត្ថលេខាដោយ លោក ណូ លីដា អគ្គនាយក CGCC, លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិធនាគារ FTB, លោក លឹម មិញ នាយកប្រតិបត្តិ CWA, និងលោកស្រី ហ្គេ សាន់តូស នាយកតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការ Water.org ។ ពិធីចុះកិច្ចព្រមព្រៀងនេះ មានអ្នកចូលរួម សរុបប្រមាណ ៧០រូប ដែលជាប្រតិបត្តិករទឹកស្អាត, ថ្នាក់គ្រប់គ្រង, ព្រមទាំងបុគ្គលិកនៃស្ថាប័នទាំងបួននេះ។
គម្រោងធានាឥណទានដើម្បីអភិវឌ្ឍសេវាសាធារណៈ សម្រាប់ប្រតិបត្តិករទឹកស្អាតកម្ពុជា គឺជាគំនិតផ្តួចផ្តើមក្នុងការគាំទ្រប្រតិបតិ្តករទឹកស្អាតឱ្យទទួលបានហិរញ្ញប្បទានគ្រប់គ្រាន់ តាមរយៈការធានាឥណទានដែលមានលក្ខខណ្ឌអនុគ្រោះ។
លោក ណូ លីដា អគ្គនាយក CGCC បានឱ្យដឹងថា៖ «ការផ្គត់ផ្គង់ទឹកស្អាត គឺជាសេវាសាធារណៈចាំបាច់ និងត្រូវការពង្រីកបន្ថែមនៅកម្ពុជា សម្រាប់សុខុមាលភាពរបស់ប្រជាជន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ CGCC មានមោទនភាពដែលបានរៀបចំគម្រោងធានាឥណទានជាក់លាក់មួយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ដោយផ្តល់ការធានាដែលមានលក្ខខណ្ឌអនុគ្រោះ។ គម្រោងនេះ អាចដាក់ឱ្យដំណើរការទៅបាន ដោយមានការ ការសហការជាមួយដៃគូពាក់ព័ន្ធសំខាន់ៗ រួមមាន ធនាគារ FTB, សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងអង្គការ Water.org។ ស្ថាប័ននីមួយៗ នឹងចូលរួមចំណែកក្នុងការអនុវត្តគម្រោងធានាឥណទានដើម្បីអភិវឌ្ឍសេវាសាធារណៈនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេស ចូលរួមធានាថាកម្ចីមានការធានាត្រូវបានផ្តល់ជូនដល់ប្រតិបត្តិករទឹកស្អាតចំទិសដៅ ដែលមានសក្តានុពល និងមានហានិភ័យសមស្របអាចគ្រប់គ្រងបាន។ ក្នុងដំណាក់កាលដំបូងនៃគម្រោងធានាឥណទាននេះ CGCC និង FTB ប្តេជ្ញាផ្តល់កម្ចីមានការធានាសរុប ៥ លានដុល្លារអាមេរិក ជូនដល់បណ្តាប្រតិបត្តិករទឹកស្អាតនៅកម្ពុជា»។
តាមរយៈគម្រោងនេះ CGCC នឹងផ្តល់ការធានាលើកម្ចីដែលបញ្ចេញដោយធនាគារ FTB ដែលជាធនាគារដៃគូរបស់ CGCC ចាប់ពីពីឆ្នាំ២០២១ មក ជូនដល់ប្រតិបត្តិករទឹកស្អាតនៅកម្ពុជា។
លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិធនាគារ FTB បានឱ្យដឹងថា៖ «ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន និងអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងធានាឥណទានដើម្បីអភិវឌ្ឍ សេវាសាធារណៈសម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន រវាងធនាគារ FTB និង CGCC ឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងដ៏ល្អ ចាប់តាំងពីឆ្នាំ ២០២១ ដោយបានពង្រីកកិច្ចសហការជាបន្តបន្ទាប់ ជាមួយការអនុវត្តទំហំឥណទានសរុបប្រមាណជាង ១៩លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្រាប់ប្រតិបត្តិករទឹកស្អាត សរុបប្រមាណជាង ២,៣ លានដុល្លារអាមេរិក។ តាមរយៈការសហការនេះ ស្ថាប័នទាំងពីរបានព្យាយាមខិតខំ និងតែងតែស្វែងយល់បន្ថែមពីការច្នៃប្រឌិតថ្មីៗលើបញ្ហាពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងការសហការរួមគ្នាឆ្ពោះទៅរកការគ្រប់គ្រងប្រព័ន្ធទឹកស្អាត នៅប្រទេសកម្ពុជាប្រកបដោយ និរន្តរភាព»។
ដើម្បីកាត់បន្ថយហានិភ័យ និងកំណត់ប្រតិបត្តិករទឹកស្អាតឱ្យបានចំគោលដៅ CGCC និង FTB នឹងសហការគ្នាផ្តល់កម្ចីមានការធានាជូនដល់ប្រតិបត្តិករទឹកស្អាត ដែលជាសមាជិករបស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងធ្លាប់ ឬកំពុងទទួលបានជំនួយបច្ចេកទេស ឬការគាំទ្រហិរញ្ញវត្ថុពីអង្គការ Water.org ផងដែរ។
តាមរយៈនេះ លោក លឹម មិញ នាយកប្រតិបត្តិសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានលើកឡើងថា៖ «ភាពជាដៃគូនេះ គឺជាជំហានដ៏សំខាន់មួយសម្រាប់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលកំពុងខិតខំអភិវឌ្ឍ និងពង្រីកសេវាកម្មផ្គត់ផ្គង់ទឹកស្អាតឱ្យបានពេញលេញក្នុងតំបន់អាជ្ញាបណ្ណរបស់ពួកគេ។ ការចូលរួមរបស់ CWA ក្នុងគម្រោងនេះ គឺដើម្បីជំរុញឱ្យសមាជិកទទួលបានឱកាសប្រើប្រាស់ហិរញ្ញប្បទានផ្លូវការ ដែលមានភាពច្បាស់លាស់ សុវត្ថិភាព និងអាចជួយបំពេញគោលដៅជាសកលក្នុងការទទួលបានទឹកស្អាតនៅឆ្នាំ ២០៣០»។
បន្ថែមពីនេះ លោកស្រី ហ្គេ សាន់តូស នាយកតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការ Water.org បានថ្លែងថា៖ «Water.org បានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០២២ ហើយតាមរយៈការសហការយ៉ាងរឹងមាំ ពួកយើងបានជួយគាំទ្រប្រជាពលរដ្ឋជាង ២,១៩ លាននាក់ និងកៀរគរថវិកាបានជាង ២៨១ លានដុល្លារ ដល់វិស័យទឹកស្អាត និងអនាម័យ។ ទោះបីជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក៏ដោយ អត្រានៃចំនួនប្រជាជនដែលមានលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យប្រកបដោយសុវត្ថិភាពនៅតែមិនទាន់គ្រប់គ្រាន់ ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ (SDG 6) នៅប្រទេសកម្ពុជានៅឡើយទេ។ ដូច្នេះ Water.org មានសេចក្តីរីករាយក្នុងការគាំទ្រគម្រោងធានាឥណទានដើម្បីអភិវឌ្ឍសេវាសាធារណៈ សម្រាប់ប្រតិបត្តិករទឹកស្អាតនៅកម្ពុជា»។
គម្រោងធានាឥណទានដើម្បីអភិវឌ្ឍសេវាសាធារណៈ (UDGS) គឺជាគំរូហិរញ្ញវត្ថុថ្មីមួយដែលបង្កើតឡើងដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការរបស់ប្រតិបត្តិករទឹកស្អាតឯកជន ដោះស្រាយបញ្ហាប្រឈមលើទ្រព្យធានា និងការធានាឥណទានជាមួយនឹងលក្ខខណ្ឌអនុគ្រោះ។ ជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្រ្ដនេះ ភាគីទាំងបួននឹងបង្កើនកិច្ចសហប្រតិបត្ដិការក្នុងការលើកកម្ពស់ និងគាំទ្រការរីកចម្រើនរបស់អាជីវកម្មតាមរយៈការផ្ដល់ហិរញ្ញប្បទានប្រតិបត្តិការ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចគោលដៅជាសកល នៃលទ្ធភាពប្រើប្រាស់ទឹកស្អាតនៅឆ្នាំ២០៣០។
សូមជម្រាបថា CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ផលិតផល និងសេវាកម្មចម្បងរបស់ CGCC រួមមាន ការធានាកម្ចីក្នុងវិស័យធនាគារ, ការធានាសញ្ញាបណ្ណក្នុងវិស័យមូលបត្រ, និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅកាត់ថា (EPIC)។ គិតត្រឹមបំណាច់ខែកញ្ញា ឆ្នាំ២០២៥ CGCC បានអនុម័តការធានាឥណទាន ចំនួន ៧,៣២៧ គណនី លើកម្ចីអាជីវកម្ម ប្រមាណ ៤២០,២៦ លានដុល្លារ នៅទូទាំងប្រទេស។ សម្រាប់ព័ត៌មានអំពីគម្រោង UDGS សូមចូលទៅកាន់គេហទំព័រ www.cgcc.com.kh ឬទំនាក់ទំនង CGCC តាមរយៈលេខទូរស័ព្ទ៖ 023 722 123។
ធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ គឺធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ចនិងសង្គមជាតិតាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។ គិតត្រឹមឆ្នាំ២០២៥ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ ២,៣ ពាន់លានដុល្លារអាមេរិក។ ធនាគារ FTB នឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចក្ខុវិស័យរយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា គឺជាសមាគមអព្យាក្រឹត មិនស្វែងរកប្រាក់កម្រៃជាឯកជន។ សមាគមត្រូវបានបង្កើតឡើងក្រោមជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ របស់គម្រោង MSME ឧបត្ថម្ភដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១ ដោយមានស្ថាបនិកចំនួន ៣រូប និងត្រូវបានក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យចុះឈ្មោះក្នុងបញ្ជីសមាគមតាមរយៈលិខិតលេខ ១០៧៧ សជណ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១២។ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសលេខ ២៩០១ ប្រក ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចចុះឈ្មោះសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ឡើងវិញក្នុងបញ្ជីសមាគមសម្រាប់នីតិបុគ្គល នៅក្រសួងមហាផ្ទៃ។
សមាគម បង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំអ្នករួមអាជីព ឬរួមវិជ្ជាជីវៈទាំងអស់ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៥ សមាគម មានសមាជិក សរុបចំនួន ៣៤២ ក្នុងនោះសមាជិកអាជីពចំនួន ២៨៦ស្ថានីយ និងសមាជិកគាំទ្រចំនួន ៥៦ ដែលបាននឹងកំពុងប្រតិបត្តិការនៅក្នុង ២៣រាជធានី/ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។
Water.org គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញសកលមួយដែលកំពុងធ្វើការ ដើម្បីជំរុញឱ្យមានទឹកស្អាត និងអនាម័យមកកាន់ពិភពលោក និងធ្វើឱ្យវាមានសុវត្ថិភាព អាចប្រើប្រាស់បាន និងសន្សំសំចៃ។ អង្គការ Water.org បានបង្កើតឡើងដោយលោក Gary White និងលោក Matt Damon ដើម្បីជាអ្នកត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយហិរញ្ញវត្ថុដែលជំរុញដោយទីផ្សារចំពោះវិបត្តិទឹកជាសកល។ អង្គការ Water.org ជួយប្រជាជនឱ្យទទួលបានទឹកស្អាត និងអនាម័យតាមរយៈហិរញ្ញប្បទានដែលមានតម្លៃសមរម្យ ដូចជាប្រាក់កម្ចីខ្នាតតូចជាដើម។ ស្ថាប័នកំពូលរបស់អង្គការ ក៏បានសហការជាមួយអ្នកផ្តល់សេវាទឹកស្អាតផងដែរ ដែលអាចឱ្យពួកគេពង្រីកសេវាកម្មរបស់ពួកគេដើម្បីបង្កើនលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ៕


Credit to: Fresh News, ចេញផ្សាយថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥