PRESS RELEASE CGCC Launches Co-Financing Guarantee Scheme for Tourism to support the Recovery and Growth of Tourism Sector

សេចក្តីប្រកាសព័ត៌មាន សាជីវកម្មធានាឥណទានកម្ពុជា ដាក់ឱ្យដំណើរការ គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន សម្រាប់វិស័យទេសចរណ៍ ដើម្បីគាំទ្រដល់ការស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍

ដើម្បីចូលរួមគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការស្តារ និងជំរុញកំណើនក្នុងវិស័យ ទេសចរណ៍ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានកិត្តិយសដាក់ឱ្យដំណើរការនូវ “គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន សម្រាប់វិស័យទេសចរណ៍” (Co-Financing Guarantee Scheme for Tourism “CFGS-TR”) បន្ទាប់ពីទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គម្រោង CFGS-TR ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការធានាឥណទានលើកម្ចីសហហិរញ្ញប្បទាន ដែលបញ្ចេញដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (Participating Financial Institutions “PFIs”) របស់ CGCC តាមរយៈគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (Tourism Recovery Co-Financing Scheme “TRCS”) របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank)។

គម្រោង CFGS-TR របស់ CGCC និងគម្រោង TRCS របស់ SME Bank គឺជាការរួមគ្នានៃសហគ្រាសសាធារណៈទាំងពីរ ក្នុងការលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅក្នុងវិស័យទេសចរណ៍។ ខណៈដែលគម្រោង TRCS មានគោលបំណងកាត់់បន្ថយចំណាយការប្រាក់នៃឥណទានរបស់សហគ្រាសធុនតូច និងមធ្យម, CFGS-TR របស់ CGCC គឺជាគម្រោងធានាឥណទាន ដែលដើរតួជាទ្រព្យបញ្ចាំចំនួន ៨០% នៃទំហំកម្ចី ដើម្បីកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅកាន់អ្នកខ្ចី​។ គម្រោងនេះនឹងជួយឱ្យមានការបញ្ចេញឥណទានថ្មីៗនៅក្នុងវិស័យធនាគារ ទៅកាន់ក្រុមហ៊ុនអាជីវកម្ម។ ទន្ទឹមនេះ PFIs នឹងអាចផ្តល់កម្ចីច្រើនជាងមុន ធៀបនឹងតម្លៃនៃទ្រព្យបញ្ចាំ ដោយហានិភ័យក្នុងការផ្តល់ឥណទាននេះនឹងត្រូវបានចែករំលែកដោយ CGCC  រហូតដល់ ៨០%។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC សូមចូលទៅកាន់គេហទំព័ររបស់ CGCC www.cgcc.com.kh ឬទាក់ទងផ្ទាល់មកកាន់ CGCC តាមរយៈលេខទូរស័ព្ទ 023 722 123 ឬអ៊ីម៉ែល [email protected]។ សូមអរគុណ៕

 

ថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦

រាជធានីភ្នំពេញ ថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២២

សាជីវកម្មធានាឥណទានកម្ពុជា

PRESS RELEASE CGCC Launches Co-Financing Guarantee Scheme for Tourism to support the Recovery and Growth of Tourism Sector