កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា (EPIC) ឆ្នាំ២០២៦
ខែមិថុនា 30, 2026ព្រឹត្តិការណ៍ និងសកម្មភាព
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារ មេយប៊ែង បានសហការរៀបចំវគ្គតម្រង់ទិស នៃកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) ឆ្នាំ២០២៦ ក្រោមការចូលរួមជាកិត្តិយសពីសំណាក់ លោក ណូ លីដា អគ្គនាយក CGCC និងលោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេសនៃធនាគារ មេយប៊ែង (ខេមបូឌា) និងគណៈគ្រប់គ្រង និងក្រុមការងារពាក់ព័ន្ធនៃស្ថាប័នទាំង២ និងការចូលរួមពីម្ចាស់អាជីវកម្មប្រមាណ ២៥រូប នៅការិយាល័យ CGCC។


ក្នុងស្មារតីនៃកិច្ចសហការនេះ កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) ឆ្នាំ២០២៦នេះ សង្ឃឹមយ៉ាងមុតមាំ ក្នុងការបង្កើតជាវេទិកាសម្រាប់ម្ចាស់អាជីវកម្មគ្រប់រូបដែលបានចូលរួម ដើម្បីបង្កើនភាពជាសហគ្រិន លើកកម្ពស់ការយល់ដឹងពីចំណេះដឹងហិរញ្ញវត្ថុ និងការត្រៀមខ្លួនទទួលបានហិរញ្ញប្បទានដែលមានការធានា ក្នុងការពង្រឹង និងពង្រីកអាជីវកម្មប្រកបដោយប្រសិទ្ធភាព។
វគ្គតម្រង់ទិសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ចែករំលែកអំពីកម្មវិធីទាំងមូល និងស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់ម្ចាស់អាជីវកម្ម ដើម្បីកំណត់យកប្រធានបទដែលឆ្លើយតបតម្រូវការសម្រាប់វគ្គ
បណ្តុះបណ្តាលទាំង ៣វគ្គ សម្រាប់ឆ្នាំ២០២៦នេះ។ ម្ចាស់អាជីវកម្មដែលមានគុណវុឌ្ឍ នឹងត្រូវបានជ្រើសរើសចូលរួមវគ្គបណ្តុះបណ្តាលបន្ទាប់ ព្រមជាមួយនឹងការសម្របសម្រួលលើការទទួលបានកម្ចីមានការធានាពី CGCC តាមរយៈធនាគារមេយប៊ែង៊។
សូមបញ្ជាក់ជូនផងដែរថា EPIC ត្រូវបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០២៤ ដែលជាកម្មវិធីបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមរយៈពេលវែងមួយរបស់ CGCC ដែលផ្តោតលើការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព ការធានាឥណទាន និងការប្រើប្រាស់កម្ចីប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕
