កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម (BCC) ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ

នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង ធនាគារ មេយប៊ែង ខេមបូឌា​ (Maybank) បានសហការគ្នាជាលើកទី៧ ក្នុងការរៀបចំកម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម (BCC) ស្ដីអំពី «ការកសាងពាណិជ្ជសញ្ញា និងផលិតផលកម្ពុជា» ដែលមានការចូលរួមពីម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ប្រមាណ ៤០រូប ព្រមទាំងអ្នកប្រឹក្សាហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្ថាប័នទាំងពីរ។

កម្មវិធីនេះ មានគោលបំណងផ្ដល់នូវគន្លឹះ និងវិធីសាស្ត្រជាក់ស្តែង សម្រាប់ការកសាងអត្តសញ្ញាណម៉ាកដែលគួរឱ្យទុកចិត្ត និងមានការប្រកួតប្រជែង សម្រាប់ទីផ្សារស្រុក និងក្រៅស្រុក។ បន្ថែមពីនេះ ក៏មាន ការចែករំលែកពីការពង្រឹងសមត្ថភាពលើប្រតិបត្តិការអាជីវកម្ម រួមទាំងការគ្រប់គ្រង ការពង្រីកទីផ្សារ ការផលិត និងគ្រប់គ្រងលំហូរសាច់ប្រាក់ និងរបាយការណ៍ហិរញ្ញវត្ថុផងដែរ។  

ជារបៀបវារៈនៃកម្មវិធី សិក្ខាកាមបានស្វែងយល់ពីវគ្គចែករំលែក ពីវាគ្មិនកិត្តិយសកញ្ញា ដាវ សាលីន ក្រោមប្រធានបទ «មិនត្រឹមតែជាម៉ាកសញ្ញា តែជាសាច់រឿង ដែលបង្កើតអត្តសញ្ញាណឱ្យម៉ាកសញ្ញានៅកម្ពុជា» និងឯកឧត្តម លាង ឡេង អគ្គនាយកនៃក្រុមហ៊ុន លាង ឡេង ស៊ស ឯ.ក ក្រោមប្រធានបទ «ការបង្កើនគុណភាព និងសុវត្ថិភាពផលិតផលក្នុងស្រុក»។

 

ទន្ទឹមនឹងនេះ ក៏មានការចូលរួមពីវាគ្មិនកិត្តិយស កញ្ញា នួន ស្រីនាង នាយិកាផ្នែកគ្រប់គ្រង់របាយការណ៍ហិរញ្ញវត្ថុ និងតារាងតុល្យការ ដែលកញ្ញាបានចែករំលែកលើប្រធានបទ «ការកត់ត្រាបញ្ជីគណនេយ្យ និងកម្រងរបាយការណ៍ហិរញ្ញវត្ថុ» និងលោក តាំង ហុកឡេង នាយកឥណទានអាជីវកម្មខ្នាតតូច និងមធ្យម នៃធនាគារ មេយប៊ែង ខេមបូឌា បានចែករំលែកនូវប្រធានបទ «ការគាំទ្រពាណិជ្ជសញ្ញាក្នុងស្រុក តាមរយៈដំណោះស្រាយហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់ធនាគារ មេយប៊ែង»។

 

CGCC មានមោទនភាពក្នុងការចាប់ដៃគូជាមួយធនាគារ Maybank ក្នុងបេសកកម្មការជួយដល់ការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា គិតត្រឹមបំណាច់ខែកញ្ញា ឆ្នាំ២០២៥ CGCC និង Maybank បានសហការផ្ដល់កម្ចីអាជីវកម្មប្រមាណ ប្រមាណជាង ២៨ លានដុល្លាសហរដ្ឋអាមេរិក តាមរយៈគម្រោងធានាឥណទានរបស់CGCCវគ្គកសាងសមត្ថភាពនេះ ត្រូវបានរៀបចំឡើងជាលើកទី ២ ក្នុងឆ្នាំ២០២៥ ដែលក្នុងខែសីហាកន្លងមកនេះ ត្រូវបានរៀបចំនៅខេត្តបាត់ដំបង ដើម្បីចែករំលែកចំណេះដឹងអំពីការត្រៀមខ្លួនសម្រាប់ទីផ្សារ និងភាពជាដៃគូអាជីវកម្មយុទ្ធសាស្ត្រនៅក្នុងបរិបទពាណិជ្ជកម្មដែលកំពុងផ្លាស់ប្តូរ ដល់សហគ្រិននាំចេញអង្ករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលអញ្ជើញមកពីតំបន់ភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា