
CGCC ចូលរួមចែករំលែកអំពីយន្តការធានាឥណទាន នៅក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន» នៅខេត្តកំពង់ស្ពឺ និងខេត្តកំពត
ខែមេសា 11, 2025ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី០៥ នៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ស្ពឺ និង ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត លោកស្រី កឹម ចាន់ថាវី អនុប្រធានការិយាល័យផ្នែកទំនាក់ទំនង និងលោក សែ គឹមវាសនា បុគ្គលិកជំនាញជាន់ខ្ពស់ផ្នែកទីផ្សារ និងទំនាក់ទំនងនៃ CGCC បានចូលរួមចែករំលែកអំពីយន្តការធានាឥណទាន នៅក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន» ដល់សហគ្រាសធុនតូច និងមធ្យម ដែលរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC), ក្រុមហ៊ុន មេគង្គអ៊ិនគ្លូស៊ីវ វេនឈ័រ (MiV) និងគាំទ្រថវិការបដិភាគដោយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។
វគ្គបណ្តុះបណ្តាលនេះនៅឯខេត្តកំពង់ស្ពឺ មានការអញ្ជើញចូលរួមជាកិត្តិយសឧកញ៉ាបណ្ឌិត ឈិន កេន អនុប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង ឯកឧត្តម ចាន់ សិល្បសុជាតិ ប្រធាន FASMEC សាខាខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC ដែលរួមជាមួយការប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួម ផងដែរ ទៅកាន់ម្ចាស់សហគ្រាស ចំនួន១០០នាក់ជាង ដែលបានចូលរួមផងដែរ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោកស្រី កឹម ចាន់ថាវី និងលោក សែ គឹមវាសនា ក៏បានធ្វើបទបង្ហាញស្ដីពី “បរិយាបន្នហិរញ្ញប្បទាន” ដោយលោកបានចែករំលែកអំពីយន្តការធានាឥណទានរបស់ CGCC ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលនេះក៏មានការចូលរួមសហការដោយ CGCC, ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារ កាណាឌីយ៉ា។ កម្មវិធីនេះមានគោលបំណងដើម្បីផ្តល់ការបណ្តុះបណ្តាលចំណេះដឹង ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីលទ្ធភាពដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម និងប្រើប្រាស់ឥណទាននេះត្រឹមត្រូវតាមគោលបំណង ចំគោលដៅដែលជំរុញឱ្យសហគ្រាស ធុនតូច និងមធ្យម (SMEs) នៅកម្ពុជា មានការរីកចម្រើន និរន្តរភាព និងចីរភាពក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាកម្ពុជា។