ដំណើរទស្សនកិច្ចរបស់ CGCC ទៅកាន់សហគ្រាសក្នុងវិស័យជលផលក្រោយប្រមូលផលនៅខេត្តបាត់ដំបង និងសៀមរាប

កាលពីថ្ងៃទី០៧ ដល់ថ្ងៃ ០៨ ខែមីនា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា​ (CGCC) ដឹកនាំដោយលោក ណូ លីដា អគ្គនាយក CGCC អមដំណើរដោយលោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការរបស់ CGCC, លោក ប៉ោង លាងអូន អ្នកសម្របសម្រួលថ្នាក់ជាតិអភិវឌ្ឍន៍វិស័យឯកជននៃអង្គការ UNIDO រួមទាំងសហការី បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់សហគ្រាសនៅក្នុងវិស័យជលផលក្រោយប្រមូលផលចំនួនពីរ នៅខេត្តបាត់ដំបង និងសៀមរាប ដែលសហគ្រាសទាំងពីរបានទទួលការគាំទ្រទុនវិនិយោគក្រោមកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដែលជាគម្រោងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា (UNIDO Cambodia) និងសហការឧបត្ថម្ភដោយសហភាពអឺរ៉ុប និងមាន CGCC ជាអ្នកគ្រប់គ្រងគម្រោងមូលនិធិគម្រោង។

គួរបញ្ជាក់ផងដែរថាដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីការអនុវត្តប្រតិបត្តិការអាជីវកម្ម និងស្វែងរកឱកាសសម្រាប់ការរីកចម្រើនរបស់សហគ្រាសក្នុងវិស័យជលផលក្រោយប្រមូលផលទាំងពីរ តាមរយៈការចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងអាជីវកម្មក្នុងកិច្ចសម្ភាសន៍របស់ម្ចាស់សហគ្រាសទាំងពីរ និងការចុះអង្កេតផ្ទាល់ពីសកម្មភាពសហគ្រាសនៅទីតាំងពីក្រុមការងារ​ CGCC និង UNIDO៕