
សិក្ខាសាលាផ្សព្វផ្សាយរបស់ CGCC ស្តីពី “កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF)” នៅខេត្តបាត់ដំបង
ខែមីនា 12, 2025ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារក្លាស់ស៊ី ខេត្តបាត់ដំបង សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) របស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា (UNIDO Cambodia) បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ” ជូនដល់សហគ្រាសខ្នាតតូចនិងមធ្យម ដែលស្ថិតក្នុងវិស័យជលផលក្រោយប្រមូលផល។
សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើង ដើម្បីចែករំលែកអំពីការដាក់ពាក្យស្នើសុំសម្រាប់កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដែលជាគម្រោងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា (UNIDO Cambodia) និងសហការឧបត្ថម្ភដោយសហភាពអឺរ៉ុប និងមាន CGCC ជាអ្នកគ្រប់គ្រងគម្រោងមូលនិធិគម្រោង។សិក្ខាសាលានេះត្រូវបានដឹកនាំដោយលោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការរបស់ CGCC, លោក ប៉ោង លាងអូន អ្នកសម្របសម្រួលថ្នាក់ជាតិអភិវឌ្ឍន៍វិស័យឯកជននៃអង្គការ UNIDO, រួមទាំងសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងសហការីនៃរដ្ឋបាលជលផលខេត្តបាត់ដំបង, គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC គឺធនាគារអេស៊ីលីដា ធនាគារមេយប៊ែង និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) និងជាពិសេសបណ្តាម្ចាស់សហគ្រាសនៅក្នុងវិស័យជលផលក្រោយប្រមូលផល នៅក្នុងខេត្តបាត់ដំបង និងក្នុងតំបន់ ប្រមាណ៤០រូប។
សិក្ខាសាលានេះ ក៏ជាវេទិកាដើម្បីឱ្យភាគីពាក់ព័ន្ធបានឈ្វេងយល់បន្ថែមអំពីតម្រូវការរបស់ម្ចាស់អាជីវកម្មនៅក្នុងវិស័យជលផលក្រោយប្រមូលផល ក្នុងការទទួលបានកម្ចីដែលមានការធានា និងទទួលបានមូលនិធិគម្រោង ដើម្បី ឆ្លើយតបនឹងបញ្ហាខ្វះទ្រព្យធានាក្នុងទទួលបានឥណទាន និងអភិវឌ្ឍអាជីវកម្ម ៕