CGCC បានចូលរួមចែករំលែកអំពីយន្តការធានាឥណទាន នៅក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន»

នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្វាយរៀង លោកស្រី កឹម ចាន់ថាវី អនុប្រធានការិយាល័យផ្នែកទំនាក់ទំនង និងលោក សែ គឹមវាសនា បុគ្គលិកជំនាញជាន់ខ្ពស់ផ្នែកទីផ្សារ និងទំនាក់ទំនងនៃ CGCC ​បានចូលរួមចែករំលែកអំពីយន្តការធានាឥណទាន នៅក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន» ដល់សហគ្រាសធុនតូច និងមធ្យម ដែលរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC), ក្រុមហ៊ុន មេគង្គអ៊ិនគ្លូស៊ីវ វេនឈ័រ (MiV) និងគាំទ្រថវិការបដិភាគដោយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។

វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមជាកិត្តិយសលោក ទឹម វ៉ាន់នឿន ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាខេត្តស្វាយរៀង (FASMEC) តំណាងឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC និងការប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួមដោយលោកប្រធានផងដែរ ទៅកាន់ម្ចាស់សហគ្រាស ចំនួន២៥នាក់​ ដែលបានចូលរួមផងដែរ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោក សែ គឹមវាសនា ក៏បានធ្វើបទបង្ហាញស្ដីពី “បរិយាបន្នហិរញ្ញប្បទាន” ដោយលោកបានចែករំលែកអំពីយន្តការធានាឥណទានរបស់ CGCC ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលនេះក៏មានការចូលរួមសហការដោយ CGCC, ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារ កាណាឌីយ៉ា។ កម្មវិធីនេះមានគោលបំណងដើម្បីផ្តល់ការបណ្តុះបណ្តាលចំណេះដឹង ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីលទ្ធភាពដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម និងប្រើប្រាស់ឥណទាននេះត្រឹមត្រូវតាមគោលបំណង ចំគោលដៅដែលជំរុញឱ្យសហគ្រាស ធុនតូច និងមធ្យម (SMEs) នៅកម្ពុជា មានការរីកចម្រើន និរន្តរភាព និងចីរភាពក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាកម្ពុជា។