CGCC សហការចូលរួម និងអបអរសាទរ ក្នុងកម្មវិធីសម្ពោធគម្រោងកម្មវិធីបណ្តុះបណ្តាលស្តីពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម»

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍អាជីវកម្ម នៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC)  អមដំណើរដោយក្រុមការងារ បានសហការចូលរួម និងអបអរសាទរ ក្នុងកម្មវិធីសម្ពោធគម្រោង កម្មវិធីបណ្តុះបណ្តាល ស្តីពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម» ដែលត្រូវបានរៀបចំឡើងដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា (FASMEC), ក្រុមហ៊ុន មេគង្គអ៊ិនគ្លូស៊ីវ វេនឈ័រ (MiV) និងគាំទ្រថវិការបដិភាគដោយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។

លោក យុន ផន បានបង្ហាញចំណាប់អារម្មណ៍ថា “សហគ្រាស ធុនតូច និងមធ្យម នៅកម្ពុជា (SMEs) ពិតជាដើរតួរយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យមាននិរន្ត៍ភាព និងចីរភាព។ ជាមួយគ្នានេះផងដែរ CGCC បានប្តេជ្ញាចិត្តក្នុងការចូលរួមអនុវត្តនូវគម្រោងនេះ ឱ្យបានដំណើរការទៅមុខដោយរលូនតាមរយៈការផ្តល់ការគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញនេះ និងការផ្តល់ការធានាឥណទានដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូ ក៍ដូចជាកិច្ចសហប្រតិបត្តិការ ជាមួយសមាគម និងស្ថាប័នដៃគូនានា ដើម្បីជំរុញវឌ្ឍនភាពរបស់សហគ្រិន និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ មួយវិញលទ្ធផលជោគជ័យនៃការអនុវត្តគម្រោងនេះក៏អាចជួយឱ្យ CGCC មានភាពងាយស្រួលក្នុងការវាយតម្លៃហានិភ័យរបស់អតិថិជន និងអាចផ្កល់ការធានាឥណទានក្នុងទ្រង់ទ្រាយទូលំទូលាយជាងមុន និងសេវាកម្មរហ័សទាន់តម្រូវការរបស់អតិថិជន។

គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់ការបណ្តុះបណ្តាល ចំណេះដឹង ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីលទ្ធភាពដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម និងប្រើប្រាស់ឥណទាននេះត្រឹមត្រូវតាមគោលបំណង ចំគោលដៅដែលជំរុញឱ្យសហគ្រាស ធុនតូច និងមធ្យម (SMEs) នៅកម្ពុជា មាននិរន្តរភាព និងចីរភាពដែលចូលរួចចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។