CGCC និងធនាគារប្រ៊ីដ ចុះកិច្ចព្រមព្រៀងលើការធានាឥណទាន ដើម្បីគាំទ្រដល់អាជីវកម្មឱ្យទទួលបានកម្ចីមានការធានា

(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារប្រ៊ីដ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសកិច្ចសហការជាផ្លូវការ ដែលធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីសម្រួលដល់លទ្ធភាពទទួលបានកម្ចីចាំបាច់ សម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម (MSMEs) ក៏ដូចជាសហគ្រាសខ្នាតធំផងដែរ។

កិច្ចសហការរវាង CGCC ដែលជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងធនាគារប្រ៊ីដ ដែលជាធនាគារពាណិជ្ជមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រដល់ MSMEs ក្នុងស្រុកនេះ នឹងបង្កើនឱកាសដល់ធនាគារប្រ៊ីដ ឱ្យមានទំនុកចិត្តបញ្ចេញកម្ចីដែលមានការធានាពី CGCCដល់ក្រុមហ៊ុនអាជីវកម្មដែលមានសក្តានុពល ប៉ុន្តែខ្វះទ្រព្យធានាដើម្បីដាក់តម្កល់នៅពេលស្នើសុំកម្ចីពីធនាគារ។

លោក Wong Keet Loong អគ្គនាយក CGCC មានប្រសាសន៍ថា៖ «ភាពជាដៃគូជាមួយធនាគារប្រ៊ីដនេះ នឹងបើកផ្លូវថ្មីមួយទៀតដល់យើងក្នុងការគាំទ្រដល់ SMEs របស់ធនាគារក្នុងការទទួលបានកម្ចី នៅពេលដែលពួកគេប្រឈមនឹងបញ្ហាខ្វះទ្រព្យធានា។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់យើងនឹងវាយតម្លៃលើលទ្ធភាពរបស់ SMEs សម្រាប់កម្ចីមានការធានា ដោយសារតែ PFIs ដឹងពីតម្រូវការហិរញ្ញវត្ថុ និងលទ្ធភាពបង់សងរបស់អតិថិជនរបស់ពួកគេ។ ការធានាឥណទានរបស់ពួកយើងមានសារៈសំខាន់ ក្នុងការធានានូវការបន្តផ្តល់នូវឥណទាន នៅក្នុងទីផ្សារ ដើម្បីគាំទ្រកំណើនសកម្មភាពសេដ្ឋកិច្ច»

លោក Richard Liew នាយកប្រតិបត្តិ ធនាគារប្រ៊ីដ មានប្រសាសន៍ថា៖ «សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនទំហំផលិតផលក្នុងស្រុកសរុប ក៏ដូចជាការផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាជាច្រើន។ ទោះជាយ៉ាងណាក៏ដោយអាជីវកម្មមួយចំនួនតែងតែជួបប្រទះបញ្ហាប្រឈមលើលទ្ធភាពទទួលបានសេវាឥណទាន (កម្ចី) ដើម្បីគាំទ្រដល់ការពង្រីកអាជីវកម្មរបស់ពួកគាត់។ ហើយដែលកិច្ចសហការវាងធនាគារប្រ៊ីដ និង CGCC នឹងចូលមក ចូលរួមចំណែកដោះស្រាយលើបញ្ហាមួយនេះ។ តាមរយៈកិច្ចព្រមព្រៀងនេះ យើងសង្ឃឹមថានឹងផ្តល់ឱ្យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) នូវលទ្ធភាពទទួលបានកម្ចីសម្រាប់អាជីវកម្មកាន់តែងាយស្រួល តាមរយៈការធានាឥណទានរបស់ CGCC ដែលនឹងជួយកាត់បន្ថយហានិភ័យនៃការបាត់បង់របស់កម្ចី និងសម្រួលឱ្យធនាគារប្រ៊ីដអាចផ្តល់នូវភាពប្រកួតប្រជែងនៃកម្ចីកាន់តែខ្ពស់ជាងមុន ដែលនឹងបង្កើនដល់លទ្ធភាពទទួលបានកម្ចីសម្រាប់ MSMEs»

តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារប្រ៊ីដ បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយក្នុងចំណោម PFIs សរុប២៨ស្ថាប័ន របស់ CGCC ក្នុងការប្តេជ្ញាចិត្តគាំទ្រដល់អាជីវកម្មក្នុងស្រុក ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ MSMEs។ CGCC និងធនាគារប្រ៊ីដ ជឿជាក់ថា កិច្ចសហការនេះនឹងអាចចូលរួមជួយដោះស្រាយបញ្ហាគម្លាតហិរញ្ញវត្ថុរបស់ MSMEs ជាច្រើននៅក្នុងប្រទេសកម្ពុជា និងរួមចំណែកដល់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

Credit to: Fresh News Plus, Published on 07 February 2024