CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធានាឥណទាន ដើម្បីគាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
ខែតុលា 2, 2023ព្រឹត្តិការណ៍ និងសកម្មភាព
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន។ ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងជាផ្លូវការនៅការិយាល័យរបស់ CGCC ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC ឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង លោក Suwat Techawatanawana, អគ្គនាយកប្រតិបត្តិរងធនាគារកសិកនប្រទេសថៃ។
លោក Wong Keet Loong អគ្គនាយក CGCC បានមានប្រសាសន៍ថា៖ “យើងមានកិត្តិយសខ្លាំងណាស់ដែលបានចាប់ជាដៃគូជាមួយធនាគារឈានមុខគេនៅក្នុងព្រះរាជាណាចក្រថៃ ក្នុងការផ្តល់ការធានាឥណទានដើម្បីគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម នៅកម្ពុជា។ សាខាធនាគារកសិកននៅទីនេះ នាំយកបទពិសោធន៍ពីប្រទេសថៃ ដែលវិស័យធនាគារនៅទីនោះមានការអភិវឌ្ឍខ្លាំង ក្នុងការផ្តល់កម្ចីដែលមានការធានា។ តាមរយៈបទពិសោធន៍ទាំងនេះ យើងសង្ឃឹមថាធនាគារកសិកននៅកម្ពុជានឹងពង្រីកការផ្តល់ហិរញ្ញប្បទានដែលមានការធានា ជូនដល់ម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
លោកក៏បានបន្តទៀតថា៖ “កិច្ចសហការនេះក៏នឹងបើកឱកាសសម្រាប់ CGCC ដើម្បីស្វែងយល់បន្ថែមពីការធានាឥណទានឆ្លងព្រំដែន រវាងធុរកិច្ចក្នុងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា។ នៅចុងឆ្នាំនេះ យើងក៏មានគម្រោងសិក្សា និងសហការជាមួយសាជីវកម្មធានាឥណទានប្រទេសថៃ ដែលមានបទពិសោធន៍ជាង៣០ឆ្នាំផងដែរ។”
លោក រិទ្ធិវុទ្ធ វឌ្ឍនាឆៃ ប្រធានចាត់ការទូទៅនៃសាខាធនាគារកសិកន (ភ្នំពេញ) បានមានប្រសាសន៍ឱ្យដឹងដែរថា៖ “ប្រទេសកម្ពុជាគឺជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រការពង្រីកខ្លួនរបស់ធនាគារកសិកន ប្រចាំតំបន់ ។ គំនិតផ្តួចផ្តើមនេះស្របតាមផែនការអាជីវកម្មរបស់យើងសម្រាប់ប៉ុន្មានឆ្នាំខាងមុខ ដែលក្នុងនោះយើងមានគោលបំណងបង្កើនបទពិសោធន៍របស់យើងក្នុងការគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងប្រទេសថៃ និងទាញយកគំរូស្រដៀងគ្នានេះ ដើម្បីបម្រើដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ភាពជាដៃគូជាមួយ CGCC នឹងក្លាយជាកត្តាជំរុញដ៏សំខាន់សម្រាប់យើងក្នុងការពង្រីកវិសាលភាពទៅកាន់សហគ្រិនឱ្យបានកាន់តែច្រើនជាងមុន ស្របពេលជាមួយការបង្កើនសមត្ថភាពសេវាកម្មរបស់យើងផងដែរ។ លើសពីនេះ ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”។”
CGCC ផ្តោតលើការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម តាមរយៈបេសកកម្មចម្បងនៃការផ្តល់ការធានាលើកម្ចីអាជីវកម្មដែលផ្តល់ឱ្យតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដល់ MSMEs។ ស្របជាមួយគ្នានេះ សាខាធនាគារ កសិកន (ភ្នំពេញ) គឺជាសាខារបស់ ធនាគារ កសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយរបស់ព្រះរាជាណាចក្រថៃ ដែលក៏មានគោលបំណងជួយគាំទ្រដល់អាជីវកម្មក្នុងស្រុករបស់កម្ពុជា តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ និងដំណោះស្រាយយ៉ាងទូលំទូលាយដល់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនផងដែរ។
ជាមួយនឹងវត្តមានដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា សាខារបស់ធនាគារ កសិកន (ភ្នំពេញ) ឥឡូវនេះបានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយក្នុងចំណោម PFIs សរុប២៧ស្ថាប័ន របស់ CGCC ក្នុងការប្តេជ្ញាចិត្តគាំទ្រដល់អាជីវកម្មក្នុងស្រុក ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ MSMEs។ CGCC និងសាខាធនាគារ កសិកន (ភ្នំពេញ) ជឿជាក់ថា កិច្ចសហការនេះនឹងជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ MSMEs ជាច្រើននៅក្នុងប្រទេសកម្ពុជា និងរួមចំណែកដល់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
អំពី CGCC
CGCC គឺជាសាជីវកម្មធានាឥណទានតែមួយគត់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាសហគ្រាសសាធារណៈ ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ CGCC គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេស។
អំពីសាខាធនាគារកសិកន (ភ្នំពេញ)
សាខាធនាគារ កសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) ទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០១៦ ជាមួយនឹងដើមទុនចុះបញ្ជីដំបូង៥០លានដុល្លារសហរដ្ឋអាមេរិក ហើយត្រូវបានបង្កើនដល់៨០លានដុល្លារសហរដ្ឋអាមេរិក គិតត្រឹមឆ្នាំ២០២៣នេះ។
ក្នុងនាមជាសមាហរណកម្មរបស់ធនាគារកសិកន សាខានៅកម្ពុជានេះមានគោលបំណងផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត ដល់អាជីវកម្មទាំងក្នុងស្រុក និងបរទេសនៅក្នុងប្រទេសកម្ពុជា។ ដោយធនាគារកសិកមានវត្តមានសាខានៅក្នុងប្រទេសចិន ឥណ្ឌូនេស៊ី វៀតណាម ឡាវ និងថៃ សាខានៅកម្ពុជានេះ ក៏ផ្តោតលើការតភ្ជាប់អតិថិជនពីទូទាំងតំបន់ទាំងនោះផងដែរ៕