Press Release - Prakas on Credit Risk for Capital Adequacy Ratios in Deposit-Taking Banks and Financial Institutions of National Bank of Cambodia

សេចក្តីប្រកាសព័ត៌មាន ប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ របស់ធនាគារជាតិនៃកម្ពុជា

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានកិត្តិយសសូមជម្រាបជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC  ឱ្យបានជ្រាបថា នាថ្ងៃទី២៩​ មិថុនា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យអនុវត្ត ប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។​ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារជាតិនៃកម្ពុជា នាថ្ងៃដដែល ប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើនេះ មានគោលបំណងដាក់ចេញនូវវិធានការនៃការថ្លឹងហានិភ័យឥណទានយ៉ាងទូលំទូលាយ ដែលការថ្លឹងនេះ មានកម្រិតខុសៗគ្នាផ្អែកលើ ប្រភេទឥណទាន អ្នកខ្ចី ឬសមភាគី និងឆ្លុះបង្ហាញពីកម្រិតហានិភ័យដែលគ្រឹះស្ថានអាចប្រឈមជាក់ស្តែង សំដៅពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងហានិភ័យ។

​សេចក្តីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ក៏បានលើកឡើងផងដែរ ពីការដាក់វិធានការប្រុងប្រយ័ត្ន និងថ្លឹងថ្លែង និងគិតគូរយ៉ាងម៉ត់ចត់ដល់ការជំរុញការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអនុវត្តគោលនយោបាយពាក់ព័ន្ធ ដែលក្នុងនោះក៏មាន ការយកចិត្តទុកដាក់ពិសេសចំពោះ ការគាំទ្រដល់យន្តការធានាឥណទានដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដូចជា សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដោយការថ្លឹងហានិភ័យសូន្យភាគរយចំពោះចំណែកឥណទានដែលត្រូវបានធានា ដើម្បីសម្រួលឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម ទទួលបានប្រភពទុនកាន់តែច្រើនជាងមុន

គួរបញ្ជាក់ផងដែរថា សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ ដែល​ផ្តល់​ឱ្យ​អាជីវកម្ម​ ​ដើម្បី​ចែករំលែក​ហា​និ​ភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​ក​ម្ចី ​និង​បង្កើន​បរិយាប​ន្ន​ហិរញ្ញវត្ថុ៕

 ថ្ងៃចន្ទ ១រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧

រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣

ទាញយក​ប្រកាស