CGCC ចូលរួមលើកកម្ពស់សហគ្រិនស្រ្តី នៅក្នុងសិក្ខាសាលាស្តីពី “សហគ្រិនស្រ្តី ក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម”
ខែកុម្ភៈ 28, 2023ព្រឹត្តិការណ៍ និងសកម្មភាព
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Wong Keet Loong អគ្គនាយក CGCC បានចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងកិច្ចពិភាក្សាស្តីពី “វិធានការ និងកម្មវិធីក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់ និងអភិវឌ្ឍសហគ្រិនភាពស្រ្តី” នៅក្នុងសិក្ខាសាលាស្តីពី “សហគ្រិនស្រ្តី ក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម៖ ពង្រីកកាលានុវត្តភាពសហគ្រិនស្រ្តី ក្នុងបរិបទសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល” ក្រោមការរៀបចំដោយក្រសួងកិច្ចការនារី និងមានអ្នកចូលរួមជាង១០០នាក់ មកពីស្ថាប័នក្រសួងនិងមន្ទីរកិច្ចការនារីខេត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីជំរុញការយកចិត្តទុកដាក់របស់សហគ្រិនស្រ្តី ក្នុងការអភិវឌ្ឍអាជីវកម្ម ស្របតាមយុគសម័យឌីជីថល និងពិនិត្យលើយន្តការនានា របស់ស្ថាប័នពាក់ព័ន្ធ ក្នុងការគាំទ្រសហគ្រិនស្រ្តីឱ្យកាន់តែមានប្រសិទ្ធិភាព។
នៅក្នុងកិច្ចពិភាក្សា លោកអគ្គនាយក CGCC បានចូលរួមចែករំលែកពីគម្រោងធានាឥណទានរបស់ CGCC ក្នុងការគាំទ្រជាពិសេសដល់សហគ្រិនស្រ្តី ក៏ដូចជាវឌ្ឍនភាពនៃការធានាឥណទានចំពោះសហគ្រិនស្រ្តីដែលមានការកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងនោះផងដែរ លោកអគ្គនាយក ក៏បានគូសបញ្ជាក់ពីយន្តការគាំទ្របន្ថែមរបស់ CGCC ក្នុងការបង្កើនការធានាឥណទាន ក៏ដូចជាគាំទ្រដល់ការទទួលបានហិរញ្ញប្បទានចំពោះសហគ្រិនស្រ្តី ឆ្លើយតបទៅនឹងតម្រូវការទុន និងចំណេះដឹងជំនាញផ្សេងៗ ជាពិសេសលើជំនាញឌីជីថល ដើម្បីអភិវឌ្ឍអាជីវកម្ម តាមរយៈវគ្គបណ្តុះបណ្តាលដែលបាននិងកំពុង ក៏ដូចជាគ្រោងសហការបន្ថែមជាមួយគ្រឹះស្ថានធនាគារ/មីក្រូហិរញ្ញវត្ថុដៃគូ៕