CGCC’s CSR Event – Donating Water Treatment System to Koh Sdach High School

កម្មវិធីប្រគល់អំណោយម៉ាស៊ីនផលិតទឹកស្អាត របស់សាជីវកម្មធានាឥណទានកម្ពុជា ជូនទៅវិទ្យាល័យកោះស្ដេច

សាជីវកម្មធានាឥណទានកម្ពុជា CGCC មានសេចក្ដីសោមនស្សរីករាយដែលបាននាំយកអំណោយម៉ាស៊ីនផលិតទឹកស្អាត ជូនទៅវិទ្យាល័យកោះស្ដេច ខេត្តកោះកុង នាថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ ក្រោមការដឹកនាំរបស់ លោក Wong Keet Long អគ្គនាយក CGCC និងក្រោមអធិបតីចូលរួមពី លោក សាយ ហេង មេឃុំកោះស្ដេច លោក រ៉ូវ រតនៈសម្បត្តិ ប្រធានគណៈកម្មការគ្រប់គ្រងសាលា លោក ភោគ ហឿន នាយកវិទ្យាល័យកោះស្ដេច និងក្រោមវត្តមានសិស្សានុសិស្សវិទ្យាល័យកោះស្ដេច និងអាណាព្យាបាលសិស្សានុសិស្សផងដែរ ប្រមាណ ២០០នាក់។

ការចូលរួមឧបត្ថម្ភប្រព័ន្ធចម្រោះទឹកស្អាត របស់ CGCC នេះនឹងអាចសម្រួលឲ្យសិស្សានុសិស្ស និងសហគមន៍នៃកោះស្ដេចទាំងមូលមានទឹកស្អាតប្រើប្រាស់ ដោយកាត់បន្ថយការប្រើប្រាស់ដបទឹកផ្លាស្ទិចនៅលើកោះស្ដេច។ ប្រព័ន្ធចម្រោះទឹកស្អាតនេះអាចផ្តល់ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់កោះទាំងមូល ថែមទាំងជួយសម្រួលដល់ផ្នែកហិរញ្ញវត្ថុ និងសុខមាលភាពរបស់ប្រជាជននៃកោះស្ដេចទាំងមូលផងដែរ។

តាមរយៈកម្មវិធីប្រគល់ម៉ាស៊ីនផលិតទឹកស្អាតនៅលើកោះស្តេចនេះ ក្រុមការងារ CGCC ដែលដឹកនាំដោយលោក ណូ លីដា អគ្គនាយករង CGCC នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏បានជួបសម្តែងការគួរសម ជាមួយលោកមេឃុំកោះស្តេច និងលោកនាយកវិទ្យាល័យកោះស្តេច ព្រមទាំងបានចូលរួមជាមួយនឹងសិស្សានុសិស្សនៃវិទ្យាល័យកោះស្តេច ក្នុងការប្រមូលកាកសំណល់និងផ្លាស្ទិចនៅលើកោះ ដើម្បីរួមចំណែកថែរក្សាបរិស្ថាននៃកោះស្ដេចផងដែរ។

CGCC សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសម្របសម្រួលយ៉ាងកក់ក្តៅពីសំណាក់រដ្ឋបាល និងប្រជាពលរដ្ឋនៃកោះស្ដេច មកកាន់ក្រុមការងារ CGCC ក្នុងការសម្រេចបេសកកម្មការងារសង្គមមួយនេះ ប្រកបដោយផ្លែផ្កា។