យន្តការធានាឥណទាន និងអត្ថប្រយោជន៍សម្រាប់ធនាគារ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនអាជីវកម្ម

ទាញយកអត្ថបទទាំងស្រុងជា PDF: Give Non-Collateral a chance! 

នៅកម្ពុជា កង្វះទ្រព្យបញ្ចាំ គឺជាបញ្ហាប្រឈមចម្បងរបស់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានកម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតសាជីវកម្មធានាឥណទានកម្ពុជា (Credit Guarantee Corporation of Cambodia – CGCC) ដើម្បីចូលរួមដោះស្រាយបញ្ហានេះ។ វត្តមានរបស់ CGCC នឹងចូលរួមគាំទ្រដល់ការស្នើសុំកម្ចី ដែលគ្មានទ្រព្យបញ្ចាំគ្រប់គ្រាន់។ យ៉ាងណាក៏ដោយ ដើម្បីទាញយកអត្ថប្រយោជន៍ពីយន្តការធានាឥណទាន ទាមទារការចូលរួមពីភាគីពាក់ព័ន្ធ និងការយល់ដឹងអំពីដំណើរការនៃការធានាឥណទានរបស់ CGCC។

CGCC ផ្តល់ការធានាឥណទាន ដើម្បីចែករំលែកហានិភ័យជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លើកម្ចីដែលផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្ម។ មានន័យថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចទាមទារសំណងពី CGCC ក្នុងករណីកម្ចីដែលមានការធានា ត្រូវបានបាត់បង់។ ជាទូទៅ ការធានាឥណទានលើកម្ចីមាន ២ប្រភេទ៖ ទី១ គឺការធានាលើឯកត្តឥណទាន ដែលការធានាត្រូវបានផ្តល់លើកម្ចីនីមួយៗ និង ទី២ គឺការធានាលើបណ្តុំឥណទាន ដែលការធានាត្រូវបានផ្តល់ជាកញ្ចប់លើឥណទានច្រើនរួមគ្នា។ ដោយសារ CGCC មិនមែនជាស្ថាប័នផ្តល់កម្ចីដោយផ្ទាល់ ដូច្នេះ បច្ចុប្បន្ន CGCC ត្រូវសហការជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាដៃគូ ដើម្បីផ្តល់កម្ចីដែលមានការធានា ជូនទៅក្រុមហ៊ុនអាជីវកម្ម ដែលស្នើសុំកម្ចី។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងមានដើមទុនគ្រប់គ្រាន់ CGCC ត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ការធានាឥណទានលើកម្ចីរបស់គ្រប់ក្រុមហ៊ុនអាជីវកម្មដែលមានម្ចាស់ជាសញ្ជាតិកម្ពុជា ទូទាំងប្រទេស។

 

អត្ថប្រយោជន៍នៃការធានាឥណទានសម្រាប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ជាធម្មតា នៅពេលផ្តល់កម្ចី ធនាគារតែងតែការពារហានិភ័យ តាមរយៈការតម្រូវឱ្យមានទ្រព្យបញ្ចាំពីក្រុមហ៊ុនអាជីវកម្ម។ ករណីក្រុមហ៊ុនអាជីវកម្មមិនអាចសងត្រឡប់បាន ធនាគារនឹងរឹបអូសយកទ្រព្យបញ្ចាំ។ តម្រូវការទ្រព្យបញ្ចាំ កាន់តែមានភាពតឹងតែងជាងមុន នៅពេលផ្តល់កម្ចី ក្នុងអំឡុងពេលសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់ ឧទាហរណ៍ ក្នុងអំឡុងពេលវិបត្តិជម្ងឺកូវីដ-១៩ ព្រោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនប្រឈមនឹងហានិភ័យខ្ពស់ជាងមុន ហើយធនាគារកាន់តែបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាងមុន។ ករណីមិនមានគោលនយោបាយអន្តរាគមន៍ពីរាជរដ្ឋាភិបាល តម្រូវការ និងការផ្គត់ផ្គង់ឥណទាន នឹងមានគម្លាតកាន់តែធំ។ ជាមួយវត្តមានរបស់ CGCC ធនាគារអាចការពារហានិភ័យ តាមរយៈប្រើប្រាស់យន្តការធានាឥណទានរបស់ CGCC ជំនួសទ្រព្យបញ្ចាំ។ បច្ចុប្បន្ន CGCC ផ្តល់ការធានាឥណទានរហូតដល់ ៨០% នៃប្រាក់ដើម មានន័យថា ករណីកម្ចីដែលមានការធានាត្រូវបានបាត់បង់ ធនាគារអាចបាត់បង់ប្រាក់ដើមត្រឹម ២០%។ ក្នុងន័យនេះ ការធានាឥណទានគាំទ្រធនាគារឱ្យរក្សាភាពប្រកួតប្រជែង ដោយធនាគារអាចបង្កើនការផ្តល់កម្ចីច្រើនជាងមុន និងពង្រីកវិសាលភាពអតិថិជនកាន់តែទូលំទូលាយ ទៅកាន់អតិថិជនដែលខ្វះទ្រព្យបញ្ចាំ ដែលពីមុនធនាគារមិនហ៊ានផ្តល់កម្ចីជូន។

 

អត្ថប្រយោជន៍នៃការធានាឥណទានសម្រាប់ក្រុមហ៊ុនអាជីវកម្ម

ការធានាឥណទាន អាចបង្កើនលទ្ធភាពទទួលបានកម្ចីរបស់ក្រុមហ៊ុនអាជីវកម្ម។ CGCC ផ្តល់ការធានាឥណទានដែលដើរតួជំនួសទ្រព្យបញ្ចាំរបស់ក្រុមហ៊ុនអាជីវកម្ម។ ពិតណាស់ CGCC មិនអាចផ្តល់អត្ថប្រយោជន៍ជូនដល់គ្រប់ក្រុមហ៊ុនអាជីវកម្មទាំងអស់បាននោះទេ។ ចំពោះក្រុមហ៊ុនអាជីវកម្មដែលមានទ្រព្យបញ្ចាំ និងមានលទ្ធភាពសងត្រឡប់គ្រប់គ្រាន់ ការធានាឥណទានអាចមិនមានភាពចាំបាច់សម្រាប់ក្រុមហ៊ុនអាជីវកម្មប្រភេទនេះទេ ព្រោះធនាគារមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ ផ្តល់កម្ចីដល់ក្រុមហ៊ុនអាជីវកម្មប្រភេទនេះ ដោយមិនចាំបាច់មានការធានាពី CGCC។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនជាច្រើនមានសក្តានុពលអាជីវកម្ម និងលទ្ធភាពសងត្រឡប់ ប៉ុន្តែមិនមានទ្រព្យបញ្ចាំគ្រប់គ្រាន់ ដើម្បីស្នើសុំកម្ចី។ ជាធម្មតា ក្រុមហ៊ុនអាជីវកម្ម មិនអាចដាក់ទ្រព្យបញ្ចាំសម្រាប់រាល់កម្ចីដែលត្រូវការនោះទេ ព្រោះទ្រព្យបញ្ចាំ ជាពិសេស ទ្រព្យបញ្ចាំជាអចលនទ្រព្យ របស់ក្រុមហ៊ុនអាជីវកម្មមានកំណត់។ បញ្ហានេះជាការខាតបង់យ៉ាងធំធេងរបស់ក្រុមហ៊ុនអាជីវកម្ម និងសេដ្ឋកិច្ចទាំងមូល ព្រោះក្រុមហ៊ុនជាច្រើនដែលមានសក្តានុពលទាំងនោះ មិនអាចទទួលបានហិរញ្ញប្បទានគ្រប់គ្រាន់ ដើម្បីពង្រីកអាជីវកម្ម បង្កើនប្រាក់ចំណូល​ បង្កើនការងារ និងផលិតផលិតផល និងសេវាបន្ថែម ដែលអាចគាំទ្រដល់កំណើនសេដ្ឋកិច្ច ឱ្យអស់ពីលទ្ធភាពបាន។​ នៅពេល CGCC ផ្តល់ការធានាឥណទានដល់ធនាគារ ក្រុមហ៊ុនអាជីវកម្មអាចទទួលបានកម្ចីងាយស្រួលជាមុន និងច្រើនជាងមុន ពីធនាគារ ដោយសារធនាគារអាចទទួលយកហានិភ័យខ្ពស់ជាងមុន ផ្តល់កម្ចីច្រើនជាងមុន ដោយតម្រូវការទ្រព្យបញ្ចាំទាបជាងមុន។

យន្តការធានាឥណទាន ត្រូវបានប្រើប្រាស់ជាឧបករណ៍គោលនយោបាយ ដោយប្រទេសជាច្រើនទូទាំំងពិភពលោក ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងជំរុញការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យម។ នៅកម្ពុជា​ ជាលើកទី១ ហើយដែលសាជីវកម្មធានាឥណទាន ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការធានាឥណទាន។ យោងឯកសាររបស់ធនាគារពិភពលោក “យន្តការធានាឥណទាន គឺជាឧបករណ៍គោលនយោបាយអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម។ ជាងពាក់កណ្តាល នៃប្រទេសទាំងអស់លើពិភពលោកកំពុងប្រើប្រាស់យន្តការធានាឥណទាន ដើម្បីគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។” យ៉ាងណាក៏ដោយ ទន្ទឹមនឹងមានគម្រោងធានាឥណទានជាច្រើនទទួលបានជោគជ័យ ក៏មានគម្រោងធានាឥណទានមួយចំនួនទទួលបរាជ័យផងដែរ។

ដើម្បីទទួលបានជោគជ័យ CGCC ត្រូវបន្តពង្រឹងគណនេយ្យភាព ប្រសិទ្ធភាព តម្លាភាព និងអនុលោមតាមការអនុវត្តជាស្តង់ដា រួមមាន ស្តង់ដារបស់ធនាគារពិភពលោកសម្រាប់គម្រោងធានាឥណទានសាធារណៈ ដើម្បីទទួលបានទំនុកចិត្ត និងការគាំទ្រពីភាគីពាក់ព័ន្ធ។ ក្នុងដំណាក់កាលដំបូងនេះ ក៏ទាមទារឱ្យមានការយល់ច្បាស់អំពីយន្តការធានាឥណទានពីភាគីពាក់ព័ន្ធ និងការចូលរួមសហការក្នុងការប្រើប្រាស់យន្តការធានាឥណទានឱ្យចំទិសដៅ និងមានប្រសិទ្ធភាពពីធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសធុនតូច និងមធ្យម៕