កិច្ចប្រជុំគណៈកម្មការវិនិយោគនៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ លើកទី៧

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំកិច្ចប្រជុំគណៈកម្មការវិនិយោលើកទី៧ ដែលជាកិច្ចប្រជុំលើកចុងក្រោយនៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (Value Chain Investment Support Facility – ISF) នៅឯសណ្ឋាគារខាព្រីភ្នំពេញ និងតាមរយៈប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះមានការដឹកនាំដោយលោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល និងប្រធានគណៈកម្មការវិនិយោគនៃកម្មវិធី ​ISF និងមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ រួមមានការចូលរួមពីតំណាងរដ្ឋបាលជលផល (FiA) សមាគមអ្នកផលិតចំណីអាហារកម្ពុជា (CFMA), ក្រុមការងារគម្រោង UNIDO, ប្រតិភូសហភាពអឺរ៉ុប, តំណាងមក CGCC ដែលមានលោក ណូ លីដា ជាអគ្គនាយក លោកស្រី សាន សុខរីណា ជាប្រធានជាន់ខ្ពស់នៃការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការ​ រួមជាមួយក្រុមការងារ  និងស្ថាប័នហិរញ្ញវត្ថុចំនួនបីផ្សេងទៀត ដើម្បីពិនិត្យ វាយតម្លៃ និងអនុម័តលើផែនការអាជីវកម្មរបស់សហគ្រាស។

ក្នុងនោះ ក្រុមការងារ​ CGCC បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃគម្រោង ISF និង​ ផែនការអាជីវកម្មរបស់សហគ្រាស ដើម្បីឱ្យគណៈកម្មាធិការធ្វើការពិនិត្យ  វាយតម្លៃ និងអនុម័តលើផែនការអាជីវកម្មរបស់សហគ្រាសទាំងនោះ។ បន្ថែមពីលើនេះផងដែរ កិច្ចប្រជុំក៏បានផ្តោតទៅលើការវិនិយោគដែលកំពុងបន្ត មូលនិធិដែលបានប្រើប្រាស់ និងសមិទ្ធិផលរបស់សហគ្រាសដែលទទួលបានការគាំទ្រការវិនិយោគពីគម្រោង ISF កន្លងមក។ កម្មវិធី ISF គឺជាគំរូ​ហិរញ្ញវត្ថុថ្មីមួយរបស់គម្រោង CAPFISH-Capture ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការ UNIDO និងរដ្ឋបាលជលផល (FiA) ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រង និងចាត់ចែងមូលនិធិដោយ CGCC ក្រោមគម្រោងធានាឥណទានសម្រាប់វិស័យជលផលក្រោយប្រមូលផល (PFGS) ។

គិតមកដល់ដំណាច់ខែសីហា ឆ្នាំ២០២៥ CGCC បានអនុម័តការធានាឥណទានដល់សហគ្រាសសរុបចំនួន២១ ដែលបានទំហំវិនិយោគសរុបប្រមាណ ១,៨ លានដុល្លា ដែលក្នុងនោះ ជំនួយឥតសំណងមាន (Grant) មានទំហំ ៤៦៣.៥៨៤ ដុល្លារ ស្មើនឹង ២៥.៧១%, កម្ចីដែលមានការធានា (Guaranteed Loan) មានទំហំ ៥៧៩.៥០០ ដុល្លារ ស្មើនឹង ៣២.១៤% និង បដិភាគចូលរួមផ្ទាល់ពីសហគ្រាស (Equity) មានទំហំ ៧៦០.០០៦ ដុល្លារ ស្មើនឹង ៤២.១៥% ៕