កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា (EPIC) វគ្គទី៦
ខែកញ្ញា 17, 2025ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តព្រៃវែង សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រៃវែង បានសហការរៀបចំកម្មវិធី EPIC វគ្គទី៦ ស្តីអំពី “គន្លឹះក្នុងការទទួលបាន និងការប្រើប្រាស់ហិរញ្ញប្បទានផ្លូវការ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព” ក្រោមអធិបតីភាព លោក វ៉ាន់ សុភាព ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រៃវែង និងវត្តមានជាកិត្តិយសរបស់ លោក ណូ លីដា អគ្គនាយក CGCC លោក លឹម មិញ នាយកប្រតិបត្តិសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងមានការចូលរួមពីសិក្ខាកាមដែលជាម្ចាស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ម្ចាស់សិប្បកម្ម ជាពិសេសប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តព្រៃវែង និងបណ្តាខេត្តនានា សរុប ៥១រូប ព្រមទាំងបុគ្គលិករបស់ស្ថាប័ន និងមន្ទីរ សរុបប្រមាណ៧០រូប។

ជារបៀបវារៈនៃកម្មវិធី EPIC 6 សិក្ខាកាម និងអ្នកចូលរួមទទួលបានការស្វែងយល់អំពី “យន្តការធានាឥណទាន ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម” តាមរយៈបទបង្ហាញដោយ លោក អេង តុងងី ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងអនុលោមភាពនៃ CGCC ដែលក្នុងនោះក៏មាននូវការចែករំលែកអំពីគម្រោងធានាឥណទានសម្រាប់អភិវឌ្ឍសេវាសាធារណៈ (UDGS) សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ដែលជាគម្រោងធានាឥណទាន ជាមួយនឹងលក្ខខណ្ឌអនុគ្រោះ ក្នុងគោលបំណងគាំទ្រ និងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការក្នុងការគាំទ្រដល់ប្រតិបត្តិករទឹកស្អាតឯកជន។

ស្របជាមួយនឹងយន្តការធានាឥណទានរបស់ CGCC លោក ហួត សារ៉ាត់ នាយកការិយាល័យសេវាហិរញ្ញវត្ថុ សហគ្រាសខ្នាតតូច និងមធ្យម នៃធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ក៏បានចែករំលែកអំពី “នីតិវិធីនៃការវាយតម្លៃឥណទាន និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម” និងបានគូសបញ្ជាក់អំពីដំណោះស្រាយហិរញ្ញវត្ថុដែលធនាគារFTB អាចផ្តល់ជូនដល់ប្រតិបត្តិករទឹកស្អាតឯកជន និងម្ចាស់អាជីវកម្ម/សហគ្រាសផងដែរ។

បន្ថែមពីនេះ សិក្ខាកាមបានស្វែងយល់អំពីប្រធានបទបណ្តុះបណ្តាលគោលស្តីអំពី “គន្លឹះក្នុងការទទួលបាន និងការប្រើប្រាស់ហិរញ្ញប្បទានផ្លូវការ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព” ដែលចែករំលែកដោយ លោក ទិត្យ កំរង អ្នកឯកទេសផ្នែកចំណេះដឹងហិរញ្ញវត្ថុ និងជាស្ថាបនិក ក្រុមហ៊ុន ឫទ្ធិពល និងអេបកត់លុយ។ ក្រោយពីបានសិក្សាស្វែងយល់លើប្រធានបទបណ្តុះបណ្តាល សិក្ខាកាមទាំងអស់បានបែងចែកជា៤ក្រុម និងពិភាក្សាក្នុងការបង្កើតផែនការហិរញ្ញវត្ថុអាជីវកម្ម ដោយផ្អែកលើតារាងគម្រោងចំណូល ចំណាយ រយៈពេល១ឆ្នាំ។ ជាលទ្ធផលនៃការពិភាក្សា សិក្ខាកាមបានចែករំលែកអំពីគម្រោងចំណូល ចំណាយអាជីវកម្មតាមក្រុមនីមួយៗ ព្រមទាំងទទួលបានយោបល់កែលម្អពីគ្រូបង្គោលផងដែរ។

EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលនឹងនាំមកនូវប្រធានបទពាក់ព័ន្ធការប្រតិបត្តិនិងគ្រប់គ្រងអាជីវកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ/គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕
