ពិធីចុះអនុស្សរណៈនៃការយោគយល់ត្រីភាគី រវាង CGCC, SME Bank និង FASMEC ស្តីពីកិច្ចសហប្រតិបត្តិការលើការផ្តល់កម្ចីមានការធានាជូនដល់សមាជិក FASMEC

នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាល សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាត្រីភាគី ស្តីពីកិច្ចសហប្រតិបត្តិការ រវាង សាជីវកម្មធានាឥណទានកម្ពុជា​​(CGCC), ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (SME Bank) និងសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ត្រូវបានរៀបចំឡើង ក្រោមការចូលរួមជាកិត្តិយសពីសំណាក់ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC, លោក ណូ លីដា អគ្គនាយក CGCC,  លោក ជា សុភ័ក្ដ អគ្គនាយក SME​ Bank និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលរបស់ FASMEC ថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្ថាប័នទាំងបី សរុបប្រមាណ៣០រូប។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការធានាឥណទានរបស់ CGCC លើកម្ចីដែលផ្តល់ជូនដោយធនាគារ SME Bank ទៅកាន់សមាជិករបស់ FASMEC។ កិច្ចសហការនេះនឹងគាំទ្រដល់ការជួយបង្កើនលទ្ធភាពទទួលបានកម្ចីចាំបាច់របស់ក្រុមហ៊ុន/អាជីវកម្ម ជាពិសេសក្នុងវិស័យអាទិភាព ដែលជាសមាជិករបស់ FASMEC ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការខ្វះទ្រព្យធានា និងជាការបើកផ្លូវដល់កិច្ចសហការរវាងស្ថាប័នទាំងបី ក្នុងការបង្កើនសមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុដល់ SMEs ផងដែរ។

ពិធីចុះហត្ថលេខានេះ បានបញ្ចប់ជាមួយនឹងលទ្ធផលជាផ្លែផ្កា ក្នុងការគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូច និងមធ្យម ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សំដៅជំរុញឱកាសក្នុងការពង្រីកផលិតកម្មក្នុងស្រុក ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវគុណភាព ផលិតភាព និងការប្រកួតប្រជែងជាសកល៕​