ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទានចំនួន៣ រវាង សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ មេយប៊ែង
ខែកក្កដា 1, 2026ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង ធនាគារមេយប៊ែង ខេមបូឌា បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្មនៅកម្ពុជា ក្រោមកិច្ចព្រមព្រៀងចំនួន ៣ រួមមាន៖ គម្រោងធានាឥណទានឯកត្តឥណទានពិសេស (Individual Guarantee Plus – IGPlus), គម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (Rice Export Guarantee Scheme – REGS) ក្នុងទំហំ ១០ លានដុល្លារអាមេរិក និងគម្រោងធានាឥណទានបោះដុំ (Wholesale Guarantee Scheme – WGS) ក្នុងទំហំ ១០ លានដុល្លារអាមេរិក។ តាមរយៈភាពជាដៃគូនេះ CGCC នឹងផ្តល់ការធានាលើស្ទើរគ្រប់ប្រភេទនៃកម្ចីដែលបញ្ចេញដោយធនាការមេយប៊ែង រួមទាំង កម្ចីថ្មី, កម្ចីចាស់, ឬកម្ចីសម្រាប់ធ្វើបុនហិរញ្ញប្បទានជាដើម។

CGCC និងធនាគារមេយប៊ែង មានគោលបំណងលើកកម្ពស់ការប្រើប្រាស់ការធានាឥណទាន ដើម្បីគាំទ្រដល់អាជីវកម្មដែលមានសក្តានុពល ជាពិសេសអាជីវកម្មដែលប្រឈមនឹងបញ្ហាកង្វះទ្រព្យធានា ក្នុងការទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុ។ កិច្ចសហប្រតិបត្តិការនេះ ក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងពីរ ក្នុងការគាំទ្រការអភិវឌ្ឍវិស័យឯកជន ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាប្រកបដោយចីរភាព។


កិច្ចសហការនេះ នឹងអនុញ្ញាតឱ្យធនាគារ មេយប៊ែង បន្ថែមការប្រើប្រាស់យន្តការធានាឥណទានរបស់ CGCC ដើម្បីគាំទ្រដល់ក្រុមហ៊ុន/អាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាពិសេសអាជីវកម្មនៅក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវការហិរញ្ញប្បទានសម្រាប់ទុនបង្វិល និងការពង្រីកអាជីវកម្ម។
តាមរយៈ “គម្រោងធានាឥណទានឯកត្តឥណទានពិសេស (IGPlus)” អ្នកខ្ចីដែលជាម្ចាស់អាជីវកម្ម អាចដាក់ លិខិតបង្ហាញចំណាប់អារម្មណ៍ មកកាន់ CGCC ដោយផ្ទាល់ ឬដាក់ស្នើតាមរយៈធនាគារមេយប៊ែង ដើម្បីទទួលបានការធានាឥណទានរហូតដល់ ១០ លានដុល្លារអាមេរិក ក្នុងមួយកម្ចី សម្រាប់ជាទុនបង្វិល និងការពង្រីកអាជីវកម្ម។ គម្រោងនេះក៏អនុញ្ញាតឱ្យ CGCC និង ធនាគារមេយ៊បែង ធ្វើការវាយតម្លៃរួមគ្នាលើសមត្ថភាពសងត្រឡប់របស់អ្នកខ្ចីផងដែរ។ គម្រោងនេះត្រូវបានរៀបចំឡើងជាពិសេស ដើម្បីគាំទ្រគោលនយោបាយ យុទ្ធសាស្ត្រ និងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល រួមមាន វិស័យស្រូវអង្ករ ដំឡូងមី កម្មន្តសាល ការអភិវឌ្ឍលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ។
បន្ថែមពីនេះ CGCC និង ធនាគារមេយប៊ែង ក៏បានបន្តការបង្កើនការគាំទ្រដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដើម្បីជំរុញការនាំចេញអង្ករកម្ពុជា តាមរយៈ “គម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS)”។ ការចុះហត្ថលេខាលើទំហំគម្រោង១០លានដុល្លារអាមេរិកនាថ្ងៃនេះ គឺជាកិច្ចព្រមព្រៀង REGS លើកទី៤ហើយ រវាង CGCC និងធនាគារមេយប៊ែង។
លើសពីនេះ ដោយទទួលស្គាល់ពីសារៈសំខាន់នៃកម្រិតថ្លឹងហានិភ័យ ០% សម្រាប់ចំណែកឥណទានដែលមានការធានាពី CGCC នាថ្ងៃនេះធនាគារមេយប៊ែង បានចុះហត្ថលេខាលើ “គម្រោងធានាឥណទានបោះដុំ (WGS)” ក្នុងទំហំ ១០ លានដុល្លារអាមេរិក ជាមួយ CGCC។ WGS បង្កើតឡើងសម្រាប់ផ្តល់ការធានាលើកម្ចីអាជីវកម្មដែលមានស្រាប់របស់ធនាគារមេយប៊ែង ដោយCGCC ចូលរួមចែករំលែកហានិភ័យជាមួយធនាគារ ដើម្បីជំរុញឱ្យធនាគារអាចរក្សាទុនបម្រុងបន្ថែម សម្រាប់ពង្រីកការផ្តល់ឥណទានបន្ថែមរបស់ខ្លួន ដល់អាជីវកម្មដែលមានសក្តានុពល ជាពិសេសសហគ្រាសធុនតូច និងមធ្យម ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។
តាមរយៈភាពជាដៃគូនេះ CGCC និង ធនាគារមេយប៊ែង មានគោលបំណងសម្រួលដល់ការទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម ដោយធនាគារមេយប៊ែង អាចពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុ ជាមួយនឹងយន្តការចែករំលែកហានិភ័យកាន់តែប្រសើរជាងមុន។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានរំពឹងថានឹងចូលរួមចំណែកដល់កំណើនអាជីវកម្ម ការពង្រឹងទំនុកចិត្តរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម និងការគាំទ្រដល់ការអភិវឌ្ឍវិស័យអាទិភាព ព្រមទាំងភាពធន់នៃវិស័យឯកជនកម្ពុជា៕
