CGCC ចូលរួមកម្មវិធី Bilbao Bootcamp II: Scaling and Building Investible Territorial Solutions through Localization Blueprint នៅទីក្រុងទីក្រុង Bilbao ប្រទេសអេស្ប៉ាញ

តបតាមការអញ្ជើញរបស់មូលនិធិរួមអង្គការសហប្រជាជាតិសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (UN Joint SDG Fund) និងសម្ព័ន្ធ Local2030 លោក ណូ លីដា អគ្គនាយក CGCC បានអញ្ជើញចូលរួមកម្មវិធី Bilbao Bootcamp II: Scaling and Building Investible Territorial Solutions through Localization Blueprint ដែលសហការរៀបចំដោយរាជរដ្ឋាភិបាលអេស្ប៉ាញ រដ្ឋបាលប្រចាំតំបន់ Basque មូលនិធិរួម UN Joint SDG Fund និងសម្ព័ន្ធ Local2030 នៅសាកលវិទ្យាល័យ Deusto ទីក្រុង Bilbao ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

កម្មវិធីនេះមានគោលបំណងគាំទ្រប្រទេសចូលរួមថ្មីចំនួន១២ រួមទាំងកម្ពុជា ក្នុងការរៀបចំដំណោះស្រាយហិរញ្ញប្បទានគ្រប់ជ្រុងជ្រោយ សម្រាប់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ព្រមទាំងពង្រឹងប្រព័ន្ធហិរញ្ញវត្ថុ ស្ថាប័ន និងអភិបាលកិច្ច ដែលជាមូលដ្ឋានសម្រាប់និរន្តរភាពរយៈពេលវែង។ ទន្ទឹមនឹងនេះ កម្មវិធីក៏បានស្វាគមន៍ការចូលរួមពីតំបន់ដែលមានទីផ្សារហិរញ្ញវត្ថុឈានមុខ ដើម្បីជំរុញការរៀនសូត្រពីគ្នាទៅវិញទៅមក និងពង្រីកឱកាសវិនិយោគបន្ថែមទៀត។

របៀបវារៈនៃកម្មវិធីរួមមាន ការធ្វើបទបង្ហាញខ្លី (Spark Talk) កិច្ចពិភាក្សាតុមូលថ្នាក់ដឹកនាំ (Leadership Roundtable) សិក្ខាសាលាបច្ចេកទេសបែបអនុវត្តជាក់ស្តែង (Hands-on Technical Design Workshops) និងវគ្គផ្គូរផ្គងឱកាសវិនិយោគ (Investment Matchmaking Sessions)។

ក្នុងឱកាសនោះ លោក ណូ លីដា បានចូលរួមកិច្ចពិភាក្សាតុមូលថ្នាក់ដឹកនាំក្រោមប្រធានបទ «ការទាក់ទាញទុនវិនិយោគឯកជន៖ ការកាត់បន្ថយហានិភ័យ និងគំរូអាជីវកម្មប្រកបដោយនិរន្តរភាព» (Unlocking Private Capital: De-risking and Sustainable Business Models)។ កិច្ចពិភាក្សានេះបានស្វែងយល់អំពីរបៀបដែលគំនិតផ្តួចផ្តើមអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋានអាចប្រែក្លាយពីគម្រោងដែលត្រូវបានចាត់ទុកថាមានហានិភ័យ ទៅជាឱកាសវិនិយោគដែលមានសក្តានុពល តាមរយៈការរួមបញ្ចូលយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យប្រកបដោយប្រសិទ្ធភាព និងគំរូអាជីវកម្មប្រកបដោយនិរន្តរភាព។

ជាមួយគ្នានេះ កិច្ចពិភាក្សាក៏បានពិនិត្យទៅលើតួនាទីរបស់អភិបាលកិច្ច ការសម្របសម្រួលគោលនយោបាយ ប្រព័ន្ធទិន្នន័យ និងអន្តរាគមន៍នៅដំណាក់កាលដំបូង ក្នុងការកាត់បន្ថយភាពមិនច្បាស់លាស់នៃការវិនិយោគ ខណៈដែលវិធីសាស្ត្រផ្អែកលើគោលការណ៍ ESG និងគំរូភាពជាដៃគូ អាចជួយទាក់ទាញ និងរក្សាការវិនិយោគឯកជនក្នុងរយៈពេលវែង។ កិច្ចពិភាក្សានេះក៏បានគូសបញ្ជាក់ពីទំនាក់ទំនងរវាងការយល់ឃើញអំពីហានិភ័យ និងការបង្កើតតម្លៃ ដោយផ្តោតលើការបង្កើតភាពស៊ីសង្វាក់គ្នានៃផលប្រយោជន៍ ការពង្រឹងស្ថាប័នដែលមានភាពជឿទុកចិត្ត និងការអភិវឌ្ឍគំរូអាជីវកម្មដែលអាចអនុវត្តបាន ដើម្បីជំរុញការទាក់ទាញទុនវិនិយោគឯកជន និងគាំទ្រដល់ការវិនិយោគប្រកបដោយនិរន្តរភាពនៅថ្នាក់មូលដ្ឋាន។