CGCC ចូលរួមក្នុងសន្និសីទ ACSIC លើកទី ៣៨ ក្រោមប្រធានបទ “Strengthening Global Credit Guarantee Ecosystem Through Cooperation, Innovation and Resilience” នៅទីក្រុង ម៉ុមបៃ ប្រទេសឥណ្ឌា
ខែមេសា 30, 2026ព្រឹត្តិការណ៍ និងសកម្មភាព
កាលពីថ្ងៃទី២២ ដល់ទី២៥ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ CGCC អមដំណើរដោយថ្នាក់ដឹកនាំ និងបុគ្គលិករបស់ CGCC និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានអញ្ជើញចូលរួមក្នុងសន្និសីទ The Asian Credit Supplementation Institution Confederation (ACSIC) លើកទី ៣៨ ក្រោមប្រធានបទ “Strengthening Global Credit Guarantee Ecosystem Through Cooperation, Innovation and Resilience” នៅទីក្រុង ម៉ុមបៃ ប្រទេសឥណ្ឌា ដែលសន្និសីទនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូចំនួនប្រមាណ ១០០រូប មកពី ២០ស្ថាប័នជុំវិញពិភពលោក។

សន្និសីទនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្កើតជាវេទិកាសម្រាប់អ្នកជំនាញមកពីគ្រប់ស្ថាប័នដែលជាសមាជិកនៃ ACSIC បានចូលរួមផ្តល់មតិយោបល់ទៅវិញទៅមក និងការប្រមូលធាតុចូល ក្នុងកិច្ចសន្ទនា
ជាសកល អំពីប្រព័ន្ធធានាឥណទាន ព្រមទាំងជាឱកាសសម្រាប់អ្នកចូលរួមគ្រប់រូបបានសិក្សាស្វែងយល់បន្ថែមអំពីការរៀបចំយន្តការនៃការផ្តល់ និងទទួលបានហិរញ្ញប្បទាន ការគ្រប់គ្រងហានិភ័យ ការប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយលក្ខណៈនវានុវត្តន៍ក្នុងការគ្រប់គ្រង និងរៀបចំប្រព័ន្ធធានាឥណទានឱ្យកាន់តែប្រសើរ។ ជាពិសេសនោះគឺជា វេទិកានៃការផ្សារភ្ជាប់គ្នារវាងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុជាច្រើនរូបមកពីបណ្តាជាប្រទេសជាសមាជិក ក្នុងការបង្កើនទំនាក់ទំនង ដើម្បីកិច្ចសហប្រតិបត្តិការអនាគតរួមគ្នា សម្រាប់ការចូលរួមពង្រឹងប្រព័ន្ធធានាឥណទានជាសកលឱ្យកាន់តែប្រសើរ។
CGCC ក្នុងនាមជាសមាជិកមួយរបស់ ACSIC មានក្តីសោមនស្សដែលបានចូលរួមនូវវេទិកាអន្តរជាតិនេះ ដើម្បីបន្តសិក្សាស្វែងយល់អំពីប្រព័ន្ធធានាឥណទានជាសកល ក្នុងគោលដៅធានាឱ្យបាននូវការបង្កើនលទ្ធភាពទទួលបាននូវហិរញ្ញប្បទាន សម្រាប់ម្ចាស់អាជីវកម្ម
ធុនមីក្រូ តូច និងមធ្យម ដើម្បីជាផ្នែកមួយនៃការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន៕
