ជំនួបពិភាក្សារវាង CGCC ជាមួយធនាគារ FTB និង ធនាគារ ABA ក្នុងខេត្តសៀមរាប
ខែសីហា 14, 2025ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារ CGCC ដឹកនាំដោយ លោក ណូ លីដា អគ្គនាយក CGCC បានចុះជួបសម្ដែងការគួរសម និងពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសហការីនៃគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួនពីរ ក្នុងខេត្តសៀមរាប រួមមាន ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) និងធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA)។


ក្នុងជំនួបពិភាក្សានេះ លោក ណូ លីដា អគ្គនាយក CGCC បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរបស់ធនាគារ FTB និងធនាគារ ABA ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម ជាពិសេសទៅលើការចូលរួមរបស់ធនាគារទាំងពីរជាមួយ CGCC ក្នុងគម្រោងធានាឥណទានថ្មីៗ ដើម្បីគាំទ្រដល់កំណើនអាជីវកម្មរបស់ SMEs។ បន្ថែមពីនេះ លោកក៏បានចែករំលែកពីបច្ចុប្បន្នភាពនៃគម្រោងឥណទាន និងយន្តការគាំទ្ររបស់ CGCC ដែលពង្រីកលទ្ធភាពក្នុងការផ្តល់ហិរញ្ញប្បទានរបស់ PFIs និងមានលក្ខខណ្ឌប្រសើរជាងមុន។
កិច្ចពិភាក្សានេះក៏ជាឱកាសមួយដ៏ពិសេសសម្រាប់ CGCC និងសាខាខេត្តរបស់ PFIs ក្នុងការពិភាក្សាដោយបើកចំហរអំពីស្ថានភាពអាជីវកម្មនៅក្នុងតំបន់, បញ្ហាប្រឈមដែលធនាគារ និងម្ចាស់អាជីវកម្មជួបប្រទះ, និងទទួលយកអនុសាសន៍ ក៏ដូចជាសំណូមពរនានាលើកិច្ចសហប្រតិបត្តិការកន្លងមក៕
