បេសកកម្មមនុស្សធម៌របស់ CGCC ទៅកាន់គ្រួសារខ្មែរដែលកំពុងរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមព្រំដែន

កាលពីថ្ងៃ១០ ខែសីហា ឆ្នាំ២០២៥ នៅតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ, មន្ទីរពេទ្យបង្អែកឧត្តរមានជ័យ និងតំបន់សុវត្ថិភាពក្នុងខេត្តឧត្តរមានជ័យ ក្រុមការងាររបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដឹកនាំដោយលោក ណូ លីដា អគ្គនាយក CGCC បានចូលរួមអមដំណើររបស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត (ក្រុមទី៦) នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងជាអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយបាននាំយកជំនួយសប្បុរសធម៌ដែលទទួលបានពីបុគ្គលិកគ្រប់ជាន់ថ្នាក់ និងថវិកាផ្ទាល់របស់ CGCC ប្រគល់ជូនប្រជាពលរដ្ឋជាជនភៀសសឹក និងគ្រួសារ ក៏ដូចជាចុះសួរសុខទុក្ខវីរៈកងទ័ពជួរមុខ និងគ្រួសារ នៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តឧត្តរមានជ័យ ដែលកំពុងរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមព្រំដែន។

សម្ភារៈជំនួយមួយចំនួនរួមមានម្ហូបអាហារ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមជាមួយនឹងថវិការមួយចំនួនផងដែរ ត្រូវបានផ្ដល់ជូនដោយផ្ទាល់ ក្នុងនោះភាគច្រើនរួមមានមនុស្សចាស់ ស្ត្រី និងកុមារតូចៗ ដែលជាក្រុមងាយរងគ្រោះបំផុត។ សកម្មភាពមនុស្សធម៌នេះមិនត្រឹមតែជួយកាត់បន្ថយបន្ទុកជាក់ស្តែងរបស់បងប្អូនជនរួមជាតិខ្មែរដែលជាជនភាសសឹកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាបង្ហាញដ៏មានអត្ថន័យនៃស្មារតីសាមគ្គីរវាងប្រជាជនខ្មែរទាំងមូល និងស្ថាប័នពាក់ព័ន្ធនានាផងដែរ។

បេសកកម្មមនុស្សធម៌នេះជាការបង្ហាញយ៉ាងច្បាស់នៃស្មារតី ខ្មែរជួយខ្មែរ” ដែលពោរពេញដោយក្តីស្រឡាញ់ សាមគ្គីភាព និងការថែរក្សាគ្នាទៅវិញទៅមក ដែលបានជ្រាបចូលក្នុងសង្គមខ្មែរតាំងពីយូរលង់ណាស់មកហើយ និងក៏ជាសេចក្ដីបញ្ជាក់ពីកាតព្វកិច្ចជាតិដ៏ជ្រាលជ្រៅក្នុងការធានាថា គ្មានបងប្អូនខ្មែរណាមួយត្រូវបានទុកចោល នៅក្នុងអំឡុងពេលដ៏លំបាកមួយនេះ ហើយក៏ជាសក្ខីភាពបញ្ជាក់ថា ប្រជាជនរួមជាតិតែងតែនៅក្បែរគ្នាជានិច្ច។