កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម (BCC) ឆ្នាំ២០២៥ ក្នុងខេត្តបាត់ដំបង
ខែសីហា 13, 2025ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង ធនាគារ មេយប៊ែង ខេមបូឌា (Maybank) បានសហការគ្នាជាលើកទី៦ ក្នុងការរៀបចំកម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម (BCC) ឆ្នាំ២០២៥ នៅក្នុងខេត្តបាត់ដំបង ដែលមានការចូលរួមពីសហគ្រិននាំចេញអង្ករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលអញ្ជើញមកពីតំបន់ភូមិភាគពាយ័ព្យ ព្រមទាំងខេត្តដែលនៅជុំវិញសរុបប្រមាណ ៣០រូប និងអ្នកប្រឹក្សាហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្ថាប័នទាំងពីរផងដែរ។
កម្មវិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពពីសំណាក់ ឯកឧត្តម អ្នកឧកញ៉ា ភួ ពុយ ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគ្រប់គ្រងក្រុមហ៊ុន បៃតងកម្ពុជា ដែលបានផ្តល់នូវសុន្ទរកថាគន្លឹះ និងចែករំលែកអំពីសក្តានុពលនៃការនាំចេញអង្កររបស់កម្ពុជា និងការចូលរួមជាកិត្តិយសពីសំណាក់ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ដែលបានផ្តល់នូវទស្សនវិស័យទូលំទូលាយអំពីនិន្នាការបច្ចុប្បន្ន និងឱកាសនៅក្នុងឧស្សាហកម្មស្រូវអង្ករ។


ជាមួយគ្នានេះផងដែរ លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសនៃធនាគារ Maybank ក៏បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់ Maybank លើសពីការផ្តល់សេវាហិរញ្ញវត្ថុ ដោយការចូលរួមពង្រឹងសមត្ថភាព SMEs ដូចជាសហគ្រិននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវជាដើម។

លោក ណូ លីដា អគ្គនាយក CGCC បានសម្តែងនូវការកោតសរសើរចំពោះធនាគារ Maybank ដែលបានផ្តួចផ្តើម និងបន្តសហការជាមួយ CGCC ក្នុងការរៀបចំកម្មវិធី BCC ចាប់តាំងពីឆ្នាំ ២០២២ រួមទាំងលើកឡើងអំពីយន្តការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្កររបស់ CGCC សម្រាប់សហគ្រិននាំចេញអង្ករ និងសមាជិករោងម៉ាស៊ីនកិនស្រូវរបស់ CRF ដើម្បីជំរុញដល់ការនាំចេញស្រូវអង្ករកម្ពុជា។

តាមរយៈសិក្ខាសាលានេះ សហគ្រិនក្នុងវិស័យស្រូវអង្ករទទួលបានការចែករំលែកចំណេះដឹងដោយផ្ទាល់លើការរំពឹងទុក និងតម្រូវការរបស់អតិថិជន ការត្រៀមខ្លួនសម្រាប់ទីផ្សារ និងភាពជាដៃគូអាជីវកម្ម ដែលជាយុទ្ធសាស្ត្រនៅក្នុងបរិបទពាណិជ្ជកម្មដែលកំពុងផ្លាស់ប្តូរ។ គំនិតផ្តួចផ្តើមនេះ បានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នារវាងធនាគារ Maybank និង CGCC ក្នុងការផ្តល់ជូនលើសពីលទ្ធភាពទទួលបានហិរញ្ញវត្ថុ ដោយផ្តោតលើការពង្រឹងសមត្ថភាព ទំនុកចិត្ត និងការបង្កើនទំនាក់ទំនងដែលចាំបាច់ដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញភាពលូតលាស់ក្នុងអំឡុងស្ថានភាពសេដ្ឋកិច្ចសកល ដែលកំពុងបន្តមានភាពស្មុគស្មាញនាពេលបច្ចុប្បន្ននេះ។
ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៤២០ ៥៧២តោន ទៅកាន់ទីផ្សារ៦៥គោលដៅនៅទូទាំងពិភពលោក នេះបើយោងតាមរបាយការណ៍នាំចេញអង្ករបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។។ ដើម្បីចូលរួមគាំទ្រគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនការនាំចេញអង្ករឱ្យបាន១លានតោនក្នុងមួយឆ្នាំ CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដែលរួមមានធនាគារមេយប៊ែង (ខេមបូឌា) ផងដែរ បាននិងកំពុងបន្តសហការអនុវត្តគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS)។ ក្នុងនោះ CGCC បានអនុម័តការធានាលើកម្ចីសរុបទឹកប្រាក់ប្រមាណ៣៨ លានដុល្លារ គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២៥ ដើម្បីគាំទ្រផ្នែកហិរញ្ញប្បទានដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ។ ទន្ទឹមនឹងការគាំទ្រផ្នែកហិរញ្ញប្បទាន ធនាគារ មេយប៊ែង (ខេមបូឌា) និង CGCC ក៏បានសហការគ្នារៀបចំកម្មវិធី BCC ចំនួន៥លើក ចាប់តាំងពីឆ្នាំ២០២២ មកម្ល៉េះ។
