CGCC សហការរៀបចំ “សិក្ខាសាលាស្តីពីរបាយការណ៍លទ្ធផលចុងក្រោយ និងកិច្ចពិភាក្សាគោលនយោបាយជាន់ខ្ពស់ ក្រោមកម្មវិធី Knowledge Sharing Program (KSP) ឆ្នាំ ២០២៤/២០២៥”
ខែកក្កដា 1, 2025ព្រឹត្តិការណ៍ និងសកម្មភាព
នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ CGCC បានសហការរៀបចំ “សិក្ខាសាលាស្តីពីរបាយការណ៍លទ្ធផលចុងក្រោយ និងកិច្ចពិភាក្សាគោលនយោបាយជាន់ខ្ពស់ ក្រោមកម្មវិធី Knowledge Sharing Program (KSP) ឆ្នាំ ២០២៤/២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម Koh Seung Beom ប្រធានក្រុមប្រឹក្សាផ្នែកអប់រំហិរញ្ញវត្ថុ (Financial Education Council – FEC) នៃសាធារណរដ្ឋកូរ៉េ រួមទាំងវត្តមានគណប្រតិភូរបស់វិទ្យាស្ថានអភិវឌ្ឍន៍នៃសាធារណរដ្ឋកូរ៉េ (KDI), មូលនិធិធានាឥណទាននៃសាធារណៈរដ្ឋកូរ៉េ (Korean Credit Guarantee Fund-KODIT) ថ្នាក់ដឹកនាំ និងបុគ្គលិក CGCC តំណាងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) និងដៃគូអភិវឌ្ឍន៍សរុបប្រមាណជាង៥០រូប។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ CGCC និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយជូនដល់សាធារណជន និងដៃគូសហការរបស់ CGCC អំពីវឌ្ឍនភាព និងផែនការសកម្មភាពរបស់ CGCC ក៏ដូចជា ពីរបាយការណ៍លទ្ធផលចុងក្រោយ និងកិច្ចពិភាក្សាគោលនយោបាយជាន់ខ្ពស់ ក្រោមកម្មវិធី Knowledge Sharing Program (KSP) ឆ្នាំ២០២៤/២០២៥នេះ។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៤ កន្លងទៅ CGCC ត្រូវបានជ្រើសរើសជាស្ថាប័នមួយរបស់ព្រះរាជាណាចក្រកម្ពុជាដើម្បីអនុវត្តគម្រោង KSP ឆ្នាំ ២០២៤/២០២៥ បន្ទាប់ពីមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយស្ថាប័ន និងប្រទេសជាច្រើនក្នុងពិភពលោក ដែលបានដាក់ស្នើសុំគម្រោងនេះ ជូនទៅរដ្ឋាភិបាលរបស់សាធារណរដ្ឋកូរ៉េ។ គម្រោង KSP បាននិងកំពុងផ្តោតទៅលើ (១) ការបង្កើនសមត្ថភាពវិភាគឥណទានសម្រាប់ប្រតិបត្តិការធានាឥណទាន (២) ការគ្រប់គ្រងហានិភ័យ និង (៣) ការបង្កើតគម្រោងធានាឥណទាន ដើម្បីគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕
