ស្វែងយល់ពីហានិភ័យការជ្រើសរើស និងហានិភ័យចិត្តសាស្ត្រ
ខែសីហា 30, 2023ស្វែងយល់ពីការធានាឥណទាន
ហានិភ័យការជ្រើសរើស (Adverse Selection) និងហានិភ័យចិត្តសាស្ត្រ (Moral Hazard) កើតឡើងដោយសារអសមភាពនៃព័ត៌មាន (Asymmetry Information) ដែលអាចនាំឱ្យមានភាពបរាជ័យនៃទីផ្សារ។ អសមភាពនៃព័ត៌មាន គឺជាស្ថានភាពដែលភាគីនានា ក្នុងប្រតិបត្តិការណាមួយ មិនមានព័ត៌មានស្មើគ្នា ដើម្បីអនុវត្តប្រតិបត្តិការនោះដោយយុតិ្តធម៌ និងស្មើភាពគ្នា។ ឧទាហរណ៍ ក្នុងការទិញឡានមួយទឹក អ្នកទិញ មិនដឹងអំពីចំណុចខ្វះខាតនៃឡាននោះ គ្រប់ជ្រុងជ្រោយ ដូចម្ចាស់ឡានដែលជាអ្នកលក់នោះទេ។ ដូច្នេះ អ្នកលក់អាចកំណត់តម្លៃបានត្រឹមត្រូវជាង ខណៈអ្នកទិញមិនមានព័ត៌មានស្មើគ្នា ដើម្បីចរចារតម្លៃឱ្យមកនៅកម្រិតមួយ ដែលឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដរបស់ឡាននោះទេ។ ក្នុងស្ថានភាពនេះ អសមភាពនៃព័ត៌មានអាចបណ្តាលឱ្យមានភាពបរាជ័យនៃទីផ្សារ ដោយសារមិនមានការទិញ-លក់ ព្រោះអ្នកទិញគិតថា គ្រប់តម្លៃឡានដែលអ្នកលក់ព្រមលក់ នឹងផ្តល់ផលប្រយោជន៍ដល់អ្នកលក់ច្រើនជាង។ អសមភាពនៃព័ត៌មាន គឺជាទ្រឹស្តីដែលត្រូវបានបង្កើតដោយសេដ្ឋវិទូ ដែលបានឈ្នះរង្វាន់ណូប៊ែល George Akerlof ក្នុងឆ្នាំ១៩៧០។
អសមភាពនៃព័ត៌មាន អាចកើតឡើងនៅក្នុងប្រតិបត្តិការច្រើនប្រភេទ។ នៅក្នុងប្រតិបត្តិការធនាគារ អ្នកខ្ចីជាទូទៅមានព័ត៌មានច្បាស់លាស់អំពីលទ្ធភាពសងរបស់ខ្លួន ជាងធនាគារដែលផ្តល់កម្ចី ដែលធ្វើឱ្យមានការលំបាកសម្រាប់ធនាគារក្នុងការកំណត់តម្លៃកម្ចី (អត្រាការប្រាក់) ដែលឆ្លុះបញ្ចាំងពិតប្រាកដពីស្ថានភាពរបស់អ្នកខ្ចី។ ដោយឡែក នៅក្នុងប្រតិបត្តិការធានាឥណទាន អសមភាពនៃព័ត៌មាន កើតឡើងនៅពេលស្ថាប័នផ្តល់កម្ចី ដែលស្នើសុំការធានាលើកម្ចីដឹងព័ត៌មានអំពីកម្ចី និងអ្នកខ្ចី ច្រើនជាងស្ថាប័នដែលផ្តល់ការធានាលើកម្ចី។ អសមភាពនៃព័ត៌មាន អាចបណ្តាលឱ្យមានបញ្ហាពីរគឺ៖ ហានិភ័យការជ្រើសរើស និងហានិភ័យចិត្តសាស្ត្រ។
នៅពេលមានអសមភាពនៃព័ត៌មាន ធនាគារមិនអាចបែងចែករវាងអ្នកខ្ចីល្អ និងអ្នកខ្ចីមិនល្អនោះទេ។ ដោយសារប្រឈមនឹងហានិភ័យនេះ ធនាគារអាចនឹងកំណត់ការប្រាក់មួយ ដែលខ្ពស់ពេកសម្រាប់អ្នកខ្ចីល្អ។ អ្នកខ្ចីល្អនឹងចាកចេញពីទីផ្សារ នៅសល់តែអ្នកខ្ចីមិនល្អដែលស្វែងរកស្នើសុំកម្ចី។ ករណីនេះ ហៅថាហានិភ័យការជ្រើសរើស។ ដូច្នេះ វិធីសាស្ត្រមួយដើម្បីបង្កើនប្រសិទ្ធភាពទីផ្សារឥណទាន គឺបង្រួមភាពខុសគ្នានៃការដឹងព័ត៌មានពីគ្នា រវាងអ្នកខ្ចី និងអ្នកផ្តល់កម្ចី។ ហេតុនេះហើយ ទើបធនាគារតែងតែទាមទារព័ត៌មានទាំងអស់ពីអ្នកខ្ចីតាមដែលអាចធ្វើបាន មុនពេលផ្តល់កម្ចី ដើម្បីចៀសវាងហានិភ័យការជ្រើសរើស។ ព័ត៌មានគ្រប់គ្រាន់់ ជឿទុកចិត្តបាន និងទាន់ពេលវេលាអំពីអ្នកខ្ចី អាចជួយធនាគារ ឱ្យដឹងពីស្ថានភាពពិតប្រាកដរបស់អ្នកខ្ចី ដើម្បីកំណត់លក្ខខណ្ឌកម្ចី ដែលផ្តល់អត្ថប្រយោជន៍ឱ្យភាគីទាំងពីរ។ ដូចគ្នាដែរ ហានិភ័យការជ្រើសរើស នៅក្នុងប្រតិបត្តិការធានាឥណទាន គឺជាហានិភ័យដែលស្ថាប័នផ្តល់កម្ចី ដែលដឹងព័ត៌មានពីអ្នកខ្ចី ជ្រើសយកតែកម្ចីមិនល្អសម្រាប់ស្នើសុំការធានាពីស្ថាប័នផ្តល់ការធានាឥណទាន។
អានបន្ត៖ ស្វែងយល់ពីហានិភ័យការជ្រើសរើស និងហានិភ័យចិត្តសាស្ត្រ